ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជាង​១០០​នាក់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ក្រោយ​តុលាការ​ព្យួរ​អស់​៥​ឆ្នាំ

រូបឯកសារ៖ បុរសម្នាក់ឈរមុខរបងដែលមានបិទស្លាកសម្គាល់គណបក្សសង្គ្រោះជាតិ ដែលគណបក្ស​នេះ​ត្រូវបានតុលាការកំពូលរំលាយ នៅជាយរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧។

ក្រុម​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ បន្ទាប់​ពី​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ដោយ​តុលាការ​កំពូល​រយៈ​ពេល​៥​ឆ្នាំ​បាន​បញ្ចប់ ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​នេះ។

តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​គណបក្ស​ជំទាស់​នេះ​ចំនួន​១១៨​នាក់​ ​ក្នុង​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា​ គណបក្ស​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។

អគ្គ​ព្រះ​រាជអាជ្ញា​រង​និង​ជា​អ្នក​នាំពាក្យ​តុលាការ​កំពូល លោក​ អ៊ុក គឹមសិទ្ធិ ​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សាលដីកា​របស់​តុលាការ​កំពូល​ដែល​បាន​ព្យួរ​សិទ្ធិ​នយោបាយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​នេះ។​ លោក​ថា​ អ្នក​ដែល​ត្រូវ​បញ្ចប់​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​អាច​ធ្វើ​នយោបាយ​វិញ​បាន​ចាប់​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​នេះត​ទៅ​ លើក​លែង​តែ​អ្នក​ដែល​នៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទចោទ​ ឬ​ការ​កាត់​ទោស​ណា​ដែល​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ​ប៉ុណ្ណោះ។​

បើ​តាម​លោក ​អ៊ុក គឹមសិទ្ធិ ​តុលាការ​កំពូល​មិន​មាន​ការ​ចេញ​ជា​លិខិត​ផ្លូវការ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​ការ​ព្យួរ​ទោស​នេះ​ទេ។​

លោក​ថ្លែង​ថា៖​ «ដូច​ជា​គ្មាន​លិខិត​អី​ទេ ​បើសិន​ជា​គាត់​មិន​មាន​បទល្មើស​អី ​មិន​មាន​ត្រូវ​បាន​ហាមឃាត់ ​ឬ​ក៏​មិន​មាន​ទោស​អី គាត់​អាច​យក​សាលដីកា​ហ្នឹង​ទៅ​ប្រើការ​ទៅ​តាម​អ្វី​ដែល​គាត់​អាច​ប្រើការ​បាន»។​

លោក ​សំ សុគង់ ​មេធាវី​ការពារ​ក្តី​ឱ្យ​គណបក្សសង្គ្រោះ​ជាតិ​អំឡុង​ពេល​មាន​សវនាការ​ ដែល​បាន​រំលាយគណ​បក្ស​នយោបាយ​ជំទាស់​នេះ​ ​កាល​ពី​៥​ឆ្នាំ​មុន ​ក៏​ប្រាប់ VOA​ ដែរ​ថា សាលដីកា​របស់​តុលាការ​កំពូល​ដែល​បាន​ព្យួរ​សិទ្ធិ​នយោបាយ​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ត្រូវ​បញ្ចប់​ដោយ​មិន​បាច់​មាន​ឯកសារ​ ឬ​សេចក្តី​សម្រេច​អ្វី​ផ្សេង​នោះ​ទេ។​

លោក​និយាយ​ថា៖ ​«ជា​គោល​ការណ៍​ច្បាប់​ កាល​ណា​ការ​អនុវត្ត​របស់​ជន​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ព្យួរ ​ឬ​ក៏​ដាក់​បម្រាម​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​ចប់​ថ្ងៃ​ហ្នឹង​ហើយ ​មានន័យ​ថា​ ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ ​គឺ​គាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ មិន​បាច់​មាន​ឯកសារ​ ឬ​សេចក្តី​សម្រេច​អី​ផ្សេង​ក្រៅ​ពី​សាល​ដីកា​របស់​តុលាការ​កំពូល​ទេ»។​

លោក​ សំ សុគង់ ​បន្ថែម​ថា ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់ដែល​ត្រូវ​បាន​លើក​បម្រាម ​យ៉ាង​ហោច​ណាស់មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​១២​នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់ ​និង​ការ​កាត់​ទោស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដែល​មិន​អាច​ឱ្យ​ពួកគេ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​នយោបាយ។​ ក្នុង​នោះ​មាន​ដូចជា​លោក សម រង្ស៊ី ​អ្នក​ស្រី ជូឡុង សូមួរ៉ា ​លោក ​អេង ឆៃអ៊ាង ​និង​អ្នកស្រី ​មូរ សុខហួរ​ជាដើម។​

រហូត​មក​ដល់​ពេល​នេះ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ទាំង​១១៨​នាក់នោះ ​មួយ​ចំនួន​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​មុន​កាល​បរិច្ឆេទ​នៃ​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​បាន​បញ្ចប់​ហើយ​ ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​និង​ខ្លះ​បាន​ផ្អាក​សកម្ម​ភាព​ធ្វើ​នយោបាយ​របស់​ខ្លួន​ ហើយ​ខ្លះ​ទៀត​បាន​សុំ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​ដើម។​

សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា ​លើក​ឡើង​ថា​ បើ​ទោះបី​ជា​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​១១៨​នាក់​ត្រូវ​បាន​បញ្ចប់​ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៅ​បន្ត​រង​ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​ដដែល។ លោក​ថា ​ បរិយាកាស​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​មិន​ទាន់​មាន​ភាព​ទូលាយ​ដូច​អំឡុង​ពេល​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ​សម្រាប់​ឱ្យ​ថ្នាក់​ដឹកនាំ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​អាច​ធ្វើ​នយោបាយ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា៖​ «ពួក​គាត់​អាច​មាន​គណបក្ស​ខ្លះ ​អាច​ជ្រក​ក្រោម​គណបក្ស​ខ្លះ ​ឧទាហរណ៍​ថា ​រូបភាព​គណបក្ស​ភ្លើង​ទៀន​ ឬក៏​គណបក្ស​មួយ​ចំនួន​ដែល​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​មូលដ្ឋាន​ដើម​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា ​មាន​មក​បង្កើត​គណបក្ស​ច្រើន។​ គាត់​អាច​ចូលរួម​តាម​ច្រក ​ឬ​ក៏​ទំនាក់​ទំនង​តាម​អ្នក​នយោបាយ​នោះ។ ប៉ុន្តែ​បើ​យើង​និយាយ​ពី​បរិយាកាស​ទូទៅ ​ឱ្យ​ទូលាយដូច​មុន​ព្រឹត្តិ​ការណ៍​បោះឆ្នោត​ឃុំ​សង្កាត់ ​[២០១៧] ​វានៅ​មាន​កម្រិត​ទាប​ មិនទាន់​បង្ហាញ​ថា​ មាន​សេរីភាព​ពេញ​លេញ​ទេ»។​

លោក ​ឯម សុវណ្ណារ៉ា ​បន្ថែម​ថា ​ថ្នាក់​ដឹកនាំ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នឹង​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន​ច្រើន​ ដូច​ថ្នាក់​ដឹកនាំ​ធំៗ ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ដោយសារ​តែ​កម្លាំង​នយោបាយ​របស់​គាត់​នៅ​បែក​ខ្ញែក​មិនទាន់​បាន​រួមគ្នា​ទេ​ ទី១។​ ទី២​ ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ ឬ​ក៏​មធ្យោបាយ​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​គាត់​នៅ​មាន​សកម្ម​ភាព​តិចតួច​ស្តួច​ស្តើង​ណាស់​ មិន​ជា​ខ្លាំង​ក្លា​ដែល​អាច​សង្ឃឹម ​ឬ​ក៏​ហៅ​ថា​ ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ទៅ​គាំទ្រ ​ឬ​ក៏​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​បាន​ច្រើន​ទេ។​ បើ​យើង​មើល​ចរន្ត​បច្ចុប្បន្ន​នេះ នៅ​មាន​តិចតួច។​ ក៏​ប៉ុន្តែ​គ្រាន់តែ​នៅ​ក្នុង​ទឹក​ចិត្ត​មួយ​ ប្រហែល​ជា​ពួក​គាត់​មាន​ភាគ​រយ​ច្រើន​ជាង​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ​ជាជាង​គាត់​បោះបង់​ចោល​សិទ្ធិ​ចូល​រួម​ការ​បោះឆ្នោត»។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការ​បោះឆ្នោត​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​គូ​ប្រកួត​ប្រជែង​ ដែល​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោយ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា។​

ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ​ឆ្នាំ​ ២០១៣ ​គណបក្ស​សង្គ្រោះ​ជាតិ​ដណ្តើម​បាន​កៅអី​តំណាងរាស្ត្រ​ចំនួន​ ៥៥​ ក្នុង​ចំណោម ​១២៣ ​អាសនៈ​ក្នុង​រដ្ឋ​សភា ​ឬ​ទទួល​បាន​សំឡេង​ឆ្នោត​ប្រមាណ ​៣ ​លាន​សំឡេង​ទល់​នឹង​សំឡេង​ឆ្នោត​ជាង​ ៣​ លាន​ ២ ​សែន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រោយ​ការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ​រដ្ឋា​ភិបាល​បាន​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នៅ​រដ្ឋសភា​និង​នៅ​តាម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​ ដែល​បាន​ចូល​រួមការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣។ ​ យ៉ាង​ណាក៏​ដោយ​ ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ រដ្ឋ​សភា​ជាតិ​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ដោយ​ឯកបក្ស​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន៕​