ជន​បរទេស​ជាង​១០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ​តាម​រយៈ​ពាក្យ​បណ្តឹង​មក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​

រូបឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​របស់​តៃវ៉ាន់​នេះ បង្ហាញ​ប៉ូលិស​តៃវ៉ាន់​អមដំណើរ​ជន​ពីរ​រូប​ដែល​សង្ស័យ​ថា​​ជាប់​ទាក់ទង​នឹង​ករណី​ឆបោក​តាម​បច្ចេកវិទ្យា ​ឬ​ហៅ​ថា ​Scam នៅ​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា​ គិត​ចាប់​ពី​ថ្ងៃ​ទី​២២​ ដល់ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០២២​ អាជ្ញាធរ​បាន​ជួយ​សង្រ្គោះ​ជន​បរទេស​ជាង​១០០​នាក់ ​ដែល​ជា​ជន​រង​គ្រោះ​នៃការ​បង្ខាំង​ទុក​ និង​ការ​ជួញ​ដូរ ​តាម​រយៈ​ការ​ដាក់​ពាក្យ​បណ្តឹង​មក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។​

លោក​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មាន​ករណី​ចំនួន​៤០ ដែល​បាន​ប្តឹង​តាម​រយៈទំព័រ​ហ្វេសប៊ុក​របស់​លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ហើយ​ករណី​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​បាន​និង​កំពុង​ចាត់​វិធានការ។ ​លោក​បន្ត​ថា​ ជន​រង​គ្រោះ​ទាំង​នោះ​មាន​ចម្រុះ​ជនជាតិ​សាសន៍​ ​ដូច​ជា​ជន​ជាតិ​អាមេរិក​២​នាក់ ​ឥណ្ឌូណេស៊ី​១​នាក់​ ជនជាតិ​ចិន​៣៨​នាក់ ​ម៉ាឡេស៊ី​៥៣​នាក់ ​វៀតណាម​៥​នាក់ ​ចិន​តៃវ៉ាន់​៣នាក់ ​និង​ខ្មែរ​ចំនួន​១​នាក់។ ​

អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ទៀត​ថា ​ជន​បរទេស​ទាំង​នោះ​មក​កាន់​ប្រទេស​កម្ពុជា​តាម​រយៈ​បណ្តាញ​ដែល​មាន​នៅ​ក្រៅ​ប្រទេស ​និង​ក្នុង​ប្រទេស ​ដោយ​ការ​សន្យា​ថា ​នឹង​ផ្តល់ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ​ប៉ុន្តែ​ជាក់​ស្តែង​មិន​បាន​ចំណូល​ខ្ពស់​ឡើយ។ ​អ្នក​ខ្លះ​ចូល​មក​កម្ពុជា​ដោយ​មាន​លិខិត​ឆ្លង​ដែន ​ចំណែកអ្នក​ផ្សេង​ទៀត​មិន​មាន​ឡើយ។

បើ​តាម​លោក​ ខៀវ សុភ័គ​ ពេល​មក​ដល់​កម្ពុជា​ ជន​បរទេស​ទាំង​នោះ​លេង​ល្បែង​អស់​លុយ​ពី​ខ្លួន​ ក៏​ជំពាក់​ថៅ​កែ​រហូត​ដល់​អត់​មាន​លុយ​សង​ ដែល​នាំ​ឱ្យ​ថៅកែ​បង្ខំ​ពួក​គេ​ឱ្យ​ធ្វើ​ការ​ដោយ​បាត់បង់​សេរីភាព​ដើរ​ហើរ។​

លោក ​ខៀវ សុភ័គ​ ថ្លែង​ថា៖​ «មេការ​ដក​លិខិត​ឆ្លង​ដែន​ទុក​ទៅ​ដើម្បី​ធ្វើ​ការ​កាត់​សង​ទៅ ​ហើយ​មិន​ឱ្យ​ចេញ​ទៅ​ណា។ ​ហ្នឹង​បាត់​បង់​សេរី​ភាព​មួយ​ហើយ។ ​អា​នេះ​ជា​ការ​ជួញ​ដូរ»។​

កាល​ពី​ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០២២ ​លោក​ ស ខេង​ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រៀម​ចុះ​ពិនិត្យ​អគារ​នានា​នៅ​ទូទាំង​ប្រទេស ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​បរទេស​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​បច្ចេកវិទ្យា ​ឬ​ហៅ​ថា​ Scam។​

អ្នកស្រី​ ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​អ្នកស្រី​មិន​ទាន់​មាន​ទិន្នន័យ​សរុប​នៃ​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​សង្រ្គោះ​នៅ​ឡើយ​ទេ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​ក្តាប់​មិន​បាន​ជុំ​ដោយ​សារ​ខ្ញុំ​ត្រូវ​ចេញ​ធ្វើ​ទៅ​ទស្សន​កិច្ច​នៅ​វៀតណាម»។​
កាល​ពី​សប្តាហ៍​មុន ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ ចាប់តាំង​ពី​ដើម​ខែ​មករា​រហូត​ដល់​ចុង​ខែ​សីហា ​ឆ្នាំ​ ២០២២ ​នេះ ​អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជន​បរទេស ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ ជា​ជន​រង​គ្រោះ​នៃ​អំពើ​ជួញ​ដូរ ​និង​រត់​ពន្ធ​មនុស្ស​ជាង​ ៩០០​នាក់។ ​

លោក ​ជុំ សុន្ទរី ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា​ ក្នុង​រយៈ​ពេល​៦​ខែ​ចុង​ក្រោយ​នេះ ​ស្ថានទូត​បរទេស​មួយ​ចំនួន​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជួយ​សង្រ្គោះ​ពលរដ្ឋ​របស់​ខ្លួន ​ដែល​ត្រូវ​បាន​អះ​អាង​ថា ​រង​គ្រោះ​ដោយ​សារ​ការ​បង្ខាំង​ និង​បង្ខំ​ឱ្យ​ធ្វើការ​នៅ​កម្ពុជា​ ក្នុង​នោះ​មាន​ពលរដ្ឋ​បង់ក្លាដែស ​ឥណ្ឌា​ ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​ម៉ុងហ្គោលី ​នេប៉ាល់ ​ ប៉ាគីស្ថាន ​ហ្វីលីពីន ​និង​ថៃ។ ​

លោក​បន្ថែម​ថា​ ក្រសួង​ការ​បរទេស​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ដើម្បី​លើក​កម្ពស់​យន្តការ​ទទួល​បណ្តឹង ​សំណើ​សុំ​អន្តរាគមន៍ ​និង​ចាត់​ការ​ពាក្យ​បណ្តឹង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ជា​ជន​សង្ស័យ​ថា ​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស។​

ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក នី សុខា ​ប្រាប់​វីអូអេ​ថា ​លោក​សាទរ​ចំពោះ​ចំណាត់​ការ​របស់រដ្ឋាភិបាល​ ខណៈ​កម្ពុជា​ពិត​ជា​ក្លាយ​ជា​កន្លែង​ប្រព្រឹត្ត​ជួញ​ដូរ​មនុស្ស​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អាជ្ញាធរ​រក​ឃើញ។​ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ខ្លាំងៗ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​អំពើ​ជួញ​ដូរ​ បើ​ទោះ​ជា​ពួក​គេ​មាន​ខ្នង​ធំ​ក៏​ដោយ។​ លោក​បញ្ជាក់​ថា​ ចំណាត់​ការ​នេះ​តម្រូវ​ឱ្យ​មានប្រតិបត្តិ​ការ​ទៀង​ទាត់​ មិន​ធ្វើ​តែ​មួយ​ថ្ងៃ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ដោយ​មិន​ថា​ អ្នក​នោះ​ជា​អ្នក​មាន​ ឬ​អ្នក​មាន​បក្ស​ពួក​ ឬក៏​មាន​ខ្សែ​ប៉ុណ្ណា​ទេ ​យើង​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើៗ​គ្នា​ទៅ​លើ​គ្រប់​ករណី​ទាំង​អស់​ ដោយ​មិន​មាន​ការ​លើក​លែង»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​កន្លង​ទៅ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព​ ​ធ្វើ​ទារុណ​កម្ម​ និង​ជំរិត​ទារ​ប្រាក់​ជា​ដើម៕