ការ​អាន​និង​ការ​បោះពុម្ភ​កើន​ឡើង​តែ​កង្វះ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា

អ្នក​ចូល​រួម​ម្នាក់ កំពុង​អាន​សៀវភៅ​នៅ​ស្តង់​សៀវភៅ​មួយ​ក្នុង​«​ពិព័រណ៌​សៀវភៅ​នៅ​កម្ពុជា​ លើកទី៤​» នៅឯ​បណ្ណាល័យ​ជាតិ​ ​នៅ​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា/ VOA)​

ដោយ​យោង​តាម​មាត្រា​៦៤​នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ​ និង​សិទ្ធិ​ប្រហាក់​ប្រហែល​​ ការ​រំលោភ​លើ​សិទ្ធិ​អ្នក​និពន្ធ​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​​ចន្លោះ​ពី​ ៥​លាន​រៀល​ ទៅ​២៥​លាន​រៀល​ និង/​ឬ​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦​ខែ​ទៅ​១២​ខែ។

ចំនួន​គ្រឹះ​ស្ថាន​បោះពុម្ភ​ផ្សាយ​សៀវភៅ​និង​ការ​អាន​សៀវភៅ​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​ការ​កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់​ ក៏ប៉ុន្តែការ​ការពារ​ផ្នែក​កម្មសិទ្ធិ​បញ្ញា​មាន​ភាព​ធូរ​រលុង​នៅ​ឡើយ។​

កម្មសិទ្ធិ​បញ្ញា​សំដៅ​ដល់​ប្រភេទ​នៃ​ទ្រព្យ​សម្បត្តិ​ដែល​ផ្តើម​ចេញ​ពី​ការ​បង្កើត​ដោយ​គំនិត​របស់​មនុស្ស។​ ការ​ការពារ​ស្នាដៃរបស់​អ្នក​សរសេរ​សៀវភៅ​ ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មសិទ្ធិ​បញ្ញា​ ​ត្រូវ​បាន​គេ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ប្រទេស​ដែលអភិវឌ្ឍន៍។

ក៏ប៉ុន្តែ​ ​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា​នេះ​ ​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា​ ​ដោយ​សារ​តែ​វា​ជាប្រធាន​បទ​ថ្មី​ថ្មោង​នៅ​ឡើយ​សម្រាប់​កម្ពុជា​ ​ហើយអាជីវករ​ ​នឹង​អ្នក​អាន​មួយ​ចំនួន​ធំ​នៅ​មិនទាន់យល់​ច្បាស់​ពី​ច្បាប់​និង​ការ​គោរព​កម្មសិទ្ធិ​បញ្ញារបស់​អ្នកនិពន្ធ​នៅ​ឡើយ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹងរបស់​លោក​ គឹម​ ចាន់ណា​នាយក​គ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅ MindBook។​

«តាម​ធម្មតា ​យើង​នៅ​ថ្មី​ថ្មោង​ខាង​កម្មសិទ្ធិ​បញ្ញា​នេះ ​ចឹង​ទៅ​សង្គម​យើង​និង​ប្រជាជន​យើង​ភាគ​ច្រើន​គាត់​យល់​ដឹង​ពី​រឿង​នេះ​តិច​តួច។ ​សព្វថ្ងៃ​យើង​ឃើញ​នៅ​មាន​ភាព​ធូររលុង​ច្រើន​ដែរ។ យើង​មិន​ទាន់​មាន​ការ​បំផុស​ស្មារតី​ឲ្យ​បាន​ច្រើន​នៅ​ឡើយ​ទេ»។​

ក៏ប៉ុន្តែ​លោក​ ឆាយ​ សុផល​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ និង​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់​មួយ​រូប​ផង​នោះ​ ​ពុំ​សូវ​បារម្ភ​ជុំ​វិញ​ការ​លួច​ចម្លង​ស្នាដៃ​នោះ​ទេ។​ ​លោក​ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ ​ទាំង​អ្នក​លក់​ ​និង​អ្នក​ទិញ​សៀវភៅ​ចង់​បាន​សៀវភៅ​ច្បាប់​ដើម​ជាជាង​ច្បាប់​ចម្លង។​ ​មួយ​វិញ​ទៀត​ ​តម្លៃ​បោះពុម្ព​នា​ពេល​ចុង​ក្រោយ​នេះ ​មាន​ការ​ប្រកួត​ប្រជែង​គ្នា ​ដែល​នាំឲ្យ​តម្លៃ​សៀវ​ភៅ​ច្បាប់ដើម​ ​និង​ច្បាប់​ចម្លង​មិន​សូវ​ខុសគ្នា​ច្រើន​នោះ​ទេ​។​

«តាម​ពិត​វា​ ក៏​ជា​ចំណែក​គួរ​ឲ្យ​បារម្ភ​មួយ​ខ្លះ​ដែរ​កន្លង​មក ទាក់ទង​នឹង​ការ​លួច​ចម្លង ​លក់​នៅ​តាម​ទីផ្សារ​ ​និង​បណ្ណាគារ​។​ ក៏ប៉ុន្តែ​ ចរន្ត​ចុង​ក្រោយ​នេះ ​ទាំង​អ្នក​លក់​សៀវភៅ​គាត់​មិន​ចង់​មាន​បញ្ហា​ ហើយ​គាត់​ចង់​លក់​សៀវភៅ​ណា​ដែល​ជា​សៀវភៅ​ច្បាប់​ដើម។​ ​ម្យ៉ាង​ទៀត​ ​អ្នក​ទិញ​សៀវភៅ​ ​គាត់​ចេះ​ស្រឡាញ់​សៀវភៅ​ដូច្នេះ​គាត់​ចង់​ទិញ​សៀវភៅ​ណា​ ជា​សៀវភៅ​ដើម។​ ​ដូច្នេះ​ កម្មសិទ្ធិ​បញ្ញា​ ក្នុង​ការ​ចម្លង​សៀវភៅ​លក់​ ខ្ញុំ​មិនសូវ​បារម្ភ​ទេ»។​

លោក​ ឆាយ សុផល​ គូស​បញ្ជាក់​ថា​ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ការ​អាន​សៀវភៅ​របស់​យុវជន​មាន​ការ​កើន​ឡើង​មួយ​កម្រិត។​ ​នេះ​ ​ក៏​ដោយសារ​តែ​ ​យុវជន​ចាប់​ផ្តើម​ចូល​រួម​ក្នុង​ការងារ​សង្គម​ ​និង​នយោបាយ​ច្រើន​ជាង​មុន​ ​ដែល​ធ្វើឲ្យ​ពួក​គេ​កាន់​តែ​ចង់​ចេះ​ចង់​ដឹង​ ​និង​ចាប់​ផ្តើម​អាន។​ ​ហើយ​ការ​អាន​របស់​យុវជន​នេះ​ ក៏​រួម​ចំណែក​ជំរុញ​ទឹកចិត្ត​អ្នក​និពន្ធ​ឲ្យ​សរសេរ​សៀវភៅ​កាន់​តែ​ច្រើន​ដែរ​។

កាល​ពី​ចុង​សប្តាហ៍​មុន​ ​បណ្ណាល័យ​ជាតិ​កម្ពុជា​ បាន​រៀបចំ​ «​ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​ លើក​ទី​៤​»​ មួយ​ដើម្បី​លើក​ទឹក​ចិត្តការ​សរសេរ​សៀវភៅ​នៅ​កម្ពុជា​ ​ក៏​ដូចជា​ផ្តល់​ជា​ទីផ្សារ​លក់​សៀវភៅ​ដល់​អ្នក​បោះ​ពុម្ភ​ផ្សាយ។​

«ពិព័រណ៍​សៀវភៅ»​ ​រយៈ​ពេល​៣ថ្ងៃ​នេះ​ ​បាន​ទាក់ទាញ​អ្នក​ចូលរួម​បាន​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​រួម​ទាំង​មន្រ្តី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដូចជា​ ​លោក​ស្រី​ ភឿង ​សកុណា​ ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ ​លោក ​ហង់​ ជួន​ណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​លោកលោក​ ឱម ​យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ លោក​ ខៀវ កាញ៉ារីទ្ធ​ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ ​និង​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​គឺ​លោក ​ហ៊ុន ម៉ានី ​ផង​ដែរ។​

លោកស្រី​ ខ្លូត ​វិបុល្លា​ នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា​ បញ្ជាក់​ប្រាប់​ VOAថានា​ពេល​បច្ចុប្បន្ន​នេះ ការ​បោះពុម្ភ​សៀវភៅ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដល់​ជាង​២ម៉ឺន​ចំណង​ជើងនៃ​សៀវភៅ ​និង​មាន​ស្ថាប័ន​បោះ​ពុម្ភ​ផ្សាយ​ប្រមាណ​ជិត​៦០០​ស្ថាប័ន។​ ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោកស្រី​លើក​ឡើង​ថា​ ​ជា​រឿយៗ​អ្នក​សរសេរ​សៀវភៅ​បាន​រអ៊ូរទាំ​អំពី​ការ​លួច​ចម្លង​ស្នាដៃ​ដាក់​លក់​តាម​ទីផ្សារ​ភ្លាមៗ​ បន្ទាប់​ពី​ស្នាដៃ​ដើម​បាន​ចេញ​ផ្សាយ។​

សម្រាប់​លោកស្រី​ផ្ទាល់​មើល​ឃើញ​ថា​ ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​ បើ​ទោះ​ជា​កម្ពុជា​មាន​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ ​និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌​យ៉ាង​ណា​ក្តី។

«សូម្បី​តែ​បណ្ណាល័យ​ជាតិ​យើង​បោះពុម្ភ​សៀវភៅ​ចេញ​ហើយ​ ក៏​មាន​អ្នក​ចម្លង​ដែរ។​ អញ្ចឹ​កម្មសិទ្ធិ​បញ្ញា​យើង​នឹង មិនទាន់​មាន​ការ​ការពារ​ល្អ​សម្រាប់​អ្នក​បោះពុម្ភ​ផ្សាយ​ទេ»។

លោកស្រី ​ខ្លូត ​វិបុល្លា ​បាន​ពន្យល់​ថា​ ម្ចាស់​ស្នាដៃ​និពន្ធ​សៀវភៅ​គប្បី​ចុះ​ឈ្មោះ​យក​លេខ​កូដ​សម្គាល់​សៀវភៅ​ពី​បណ្ណាល័យ​ជាតិ​ ​និង​ចុះ​ឈ្មោះ​សិទ្ធិ​អ្នក​និពន្ធ​នៅ​ក្រសួង​វប្បធម៌ ​ដែល​អាច​ជា​តឹក​តាងសំខាន់​បង្ហាញ​ពី​កម្មសិទ្ធិ​ស្រប​ច្បាប់។​

យ៉ាង​ណា​ក៏​ លោក ជិន បញ្ញាវ័ន្ត​ ដែល​ជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ និង​ជា​អ្នក​ចូលរួម​ការ​តាំង​ពិព័រណ៍​សៀវភៅ​មួយ​រូប​ផង​នោះ ចាប់​អារម្មណ៍​ឃើញ​ថា​សៀវភៅ​ដែល​និពន្ធ​ថ្មី​នៅ​មាន​តិច​តួច​នៅ​ឡើយ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ​ ហើយ​រូប​លោក​ផ្ទាល់ចូល​ចិត្ត​ទិញ​សៀវភៅ​ដែល​ជាម្ចាស់​ស្នាដៃ​ដើម​ ជាជាង​សៀវភៅ​ចម្លង ឬ​សៀវភៅ​ប្រែ​សម្រួល។​

«ការ​រៀបចំ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​សៀវភៅ​នេះ​បាន​ជួយ​លើក​កម្ពស់​ទាំង​ការ​អាន ទាំង​ការ​សរសេរ។ ខ្ញុំ​រក​មើល​ស្នាដៃ​ណា​ដែល​ដាក់​ថា​ និពន្ធ​ផ្ទាល់​តែ​ម្តង​មិន​មែន​ដាក់​ថា​បក​ប្រែ ​ប្រែសម្រួល ​ឬ​រៀបរៀង​ទេ ព្រោះ​ខ្ញុំ​ចង់​លើក​កម្ពស់​ស្នាដៃ​អ្នក​និពន្ធ​ជាទូទៅ​»។​

ដោយ​យោង​តាម​មាត្រា​៦៤​នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នក​និពន្ធ​ និង​សិទ្ធិ​ប្រហាក់​ប្រហែល ការ​រំលោភ​លើ​សិទ្ធិ​អ្នក​និពន្ធ​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់ចន្លោះ​ពី​ ៥​លាន​រៀល​ ទៅ​២៥​លាន​រៀល​ និង/​ឬ​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦​ខែ​ទៅ​១២​ខែ៕