ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ​អធិរាជ​សំឡេង​​មាស​ស៊ីន ស៊ីសាមុត​ទទួល​បាន​ការ​អបអរសាទរ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០១៥ បានចូលរួមក្នុងសន្និសីទព័ត៌មានមួយស្តីពីការប្រគំតន្ត្រីសប្បុរសធម៌នាពេលខាងមុខ ក្រោមប្រធានបទ “ពេលវេលាដែលត្រូវតបស្នង - វិភាគទានចំពោះអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត”។ (រូបថតពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០១៥ បានចូលរួមក្នុងសន្និសីទព័ត៌មានមួយស្តីពីការប្រគំតន្ត្រីសប្បុរសធម៌នាពេលខាងមុខ ក្រោមប្រធានបទ “ពេលវេលាដែលត្រូវតបស្នង - វិភាគទានចំពោះអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត”។ (រូបថតពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)

ដើម្បី​ជា​ការ​តប​ស្នង​ដល់​ស្នាដៃ​សិល្បៈ ​ចម្រៀង​​ និង​តន្ត្រី​របស់​តារា​ចម្រៀង​ដ៏​មាន​ទេពកោសល្យ​រូបនេះ​ ការ​ប្រគុំ​តន្ត្រី​សប្បុរស​ធម៌​ដើ​ម្បី​រៃ​អង្គាស​ប្រាក់​ជូន​ក្រុម​គ្រួសារ​របស់​លោក​​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ខែ​វិចិ្ឆកា​ខាង​មុខ​នេះ។​

ជាង​៤០​ឆ្នាំ​នៃ​ការ​បាត់​បង់​ជីវិត​របស់​អធិរាជ​សំឡេង​មាស​ស៊ីន ស៊ីសាមុត​ ​ អ្នក​សិល្បៈ​ខ្មែរ​ជាន់មុន​ និង​បច្ចុប្បន្ន ​រួម​ទាំង​អ្នក​នយោបាយ​ខ្មែរនៅ​តែ​ចង​ចាំ​មិន​ភ្លេច​ស្នាដៃ​របស់​លោក។ ​ដើម្បី​ជា​ការ​តប​ស្នង​ដល់​ស្នាដៃ​សិល្បៈ ​ចម្រៀង និង​តន្ត្រី​របស់​តារា​ចម្រៀង​ដ៏​មាន​ទេពកោសល្យ​រូបនេះ​ ការ​ប្រគុំ​តន្ត្រី​សប្បុរស​ធម៌​ដើ​ម្បី​រៃ​អង្គាស​ប្រាក់​ជូន​ក្រុម​គ្រួសារ​របស់​លោកនឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ខែ​វិចិ្ឆកា​ខាង​មុខ​នេះ។​

ជាច្រើន​ទស​វត្សន៍​កន្លង​មក​ អ្នក​សិល្បៈខ្មែរ​ជំនាន់​មុន​ និង​ជំនាន់​បច្ចុប្បន្ន​ នៅតែ​កោត​សរសើរ​សំនៀង​មាស​របស់​លោក​ស៊ីន ស៊ីសាមុត​ ​ដែល​បាន​ឃ្លាត​ពី​ទឹក​ដី​កម្ពុជា​គ្មាន​ថ្ងៃ​វិល​វិញ ​ដោយ​សារ​ក្រុម​កុម្មុយនីស្ត​ខោអាវ​ខ្មៅ​ជ្រុល​និយម​ខ្មែរក្រហម។​

អ្នក​សិល្បៈ​ខ្មែរ​និយាយ​ថា​ ថ្វី​ដ្បិតតែ​លោក​ស៊ីន សាមុត​បាន​លាចាក​លោក​ក៏ដោយ​ តែ​សំឡេង​របស់លោក​មិន​ទាន់​សាប​រលាប​ពី​អ្នក​ចូលចិត្ត​តន្ត្រី​ និង​ចម្រៀងនៅ​ក្នុង​សម័យ​រាជាណាចក្រ​កម្ពុជា​ទី​ពីរ​នេះ​ទេ។​ ពួក​គេ​បញ្ជាក់​យ៉ាង​ដូច្នេះ​ នៅ​ពេល​ដែល​ពួក​គេបាន​ជួប​ជុំ​នៅ​ក្នុង​ពិធី​ប្រកាស​ការ​ប្រគុំ​តន្ត្រី​សប្បុរស​ធម៌​មាន​ឈ្មោះ​ថា​«ពេល​វេលា​ដែល​ត្រូវ​តប​ស្នង៖ ​វិភាគទាន​ចំពោះ​អធិរាជ​សំឡេងមាស​ ស៊ីន ស៊ីសាមុត»​ ដើ​ម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​ក្រុម​គ្រួសារ​លោក​ស៊ីន ស៊ីសាមុត​ ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​

អ្នកស្រី​ ឌី សាវ៉េត​ សិល្បៈ​ការិនី​ល្បី​ល្បាញ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ នៅ​ក្នុង​ទសវត្ស​១៩៦០ ​និង​បន្ត​មក​ដល់​សព្វថ្ងៃ​នេះ​ ថ្លែង​នៅ​ក្នុង​ពិធី​ ដែល​បាន​រៀបចំ​ឡើង​នៅ​ឯ​ក្រសួង​ពាណិជ្ជ​កម្មកាល​ពីថ្ងៃ​ពុធកន្លង​មក​នោះ​ថា៖

«លោក​ស៊ីន ស៊ីសាមុត​ យើង​ទុក​គាត់​ជារៀម​ច្បង​សំឡេង​មាស​ ហើយ​ដែល​មហាជន​ជំនាន់​មុន​ចូល​ចិត្ត​គាត់​ណាស់​ ខ្ញុំ​ជាដើម។​ ​ខ្ញុំហ្នឹង​គឺ​ថា​ រើស​តែ​បទ​គាត់​យក​មក​ច្រៀង​ទេ។​ ខ្ញុំ​ស្រី​មែន​ តែ​ខ្ញុំ​ច្រៀង​បទ​ប្រុស។​ ហេតុអ្វី?​ ពី​ព្រោះ​និពន្ធ​គឺ​ថា​ មាន​ន័យ​ខ្លឹម​សារ​ យ៉ាង​ល្អ​ ដែល​ខ្ញុំ​ចូល​ចិត្ត​ ហើយ​បទ​ចម្រៀង ទំនុក​ ទំនុក​ភ្លេង​គឺ​ល្អ។ ​អញ្ចឹង​ខ្ញុំដក់​អារម្មណ៍​តាំង​ពីខ្ញុំ​នៅ​ក្មេង​ រហូត​ដល់​ឥឡូវ​ ហើយ​កម្ម​វិធី​នេះ​គឺ​ជា​កម្ម​វិធី​ដែល​រំឭក​វិញ្ញាណ​ក្ខន្ធ​របស់​គាត់​ដែល​ស្លាប់​យ៉ាង​អាណោច​អាធម​ មិនមែន​ជា​ ជា​ជំងឺ​ទេ​គឺ​ស្លាប់​ដោយអាណោច​អធម​ ព្រៃ​ផ្សៃ»។​

អ្នក​ស្រី ​ឌី សាវ៉េត​ ដែល​នឹង​ចូល​រួម​សម្តែង​ក្នុង​ការ​ប្រគុំ​តន្ត្រី​នេះដែរ​ បាន​បន្ត​ថា​ ពេល​នេះ​គឺ​ជាពេល​ដែល​ត្រូវ​រំឭក​ដល់​ស្នាដៃ​របស់​លោក​ ស៊ីន ស៊ីសាមុត​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សម័យ​ប៉ុល ពត។​

«អញ្ចឹង​យើង​ត្រូវ​រំឭក​គុណ​គាត់​ ហើយ​និង​រំឭក​អនុស្សាវរីយ៍​ពីដើម​ដែល​គាត់​បាន​សាង​ចម្រៀងយ៉ាង​ច្រើន​ទុក​បន្សល់​ដល់ពេល​នេះ​ ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ដឹង​ថា​ តើ​ជំនាន់​មុន​យ៉ាង​ម៉េច?​ ឥឡូវ​ប្រៀប​ធៀប​ឥឡូវ​និងជំនាន់​នេះ​យ៉ាង​ម៉េច?​ ​ ហើយ​ខ្ញុំ​រំភើប​ណាស់​ ពីព្រោះ​ជាលើក​ទី​មួយ​ដែល​ខ្ញុំ​ចូល​រួម»។​

រីឯ​នាង​ម៉េង កែវ​ពេជ្ជតា​ អ្នក​ចម្រៀងល្បី​ល្បាញ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ ក៏​បាន​សម្តែងក្តី​ស្រឡាញ់​ចំពោះ​ស្នាដៃ​របស់​លោក​ស៊ីន ស៊ីសាមុត​ និង​អ្នក​ចម្រៀងល្បី​ល្បាញផ្សេងទៀត​កាល​ពី​អតីត​កាលដែរ។​ នាងនិយាយ​ថា៖​

«ទោះ​បី​មាន​ការ​វាយ​លុក​នូវ​បទ​ចម្រៀងថ្មីៗ​ ក៏​បទ​ចម្រៀងរបស់​អធិរាជ​សំឡេង​ រាជនី​សំឡេងយើង​មិន​អាច​សាប​សូន្យ​បាន​ទេ។​ ​ បង​និយាយ​ក៏​បង​ព្រឺ​សម្បុរ​ដែរ​ ពីព្រោះ​អ្ហេ ពួក​គាត់​មាន​ទេពកោសល្យពិត​ប្រាកដ។​ ទេព​កោសល្យ​ពិត​ប្រាកដ​ហ្នឹង​គឺ​មិន​អាច​លុប​បាន​ហ្មង​ ព្រោះ​សំឡេង​គាត់​មាន​វិញ្ញាណ​មាន​ព្រលឹង។​ ​ អញ្ចឹង​បាន​បង​និយាយ​ថា​ ការ​ផលិត​បទ​ចម្រៀង​ ​ ​ បើ​យើង​គ្រាន់​តែ​ធ្វើ​ទៅ​តាម​បរិមាណ​នៃ​ការ​ត្រូវ​ការ​ វាមិន​អាច​ប្រកប​ដោយ​គុណ​ភាព​ទេ។​ ហើយ​វាក៏​នឹង​ឆាប់​សាប​សូន្យ​ទៅ​វិញ​ ប៉ុន្តែ​បើសិន​វា​កើត​ចេញ​ពី​អារម្មណ៍​ពិត​ ពី​សំឡេងពិត​ សមត្ថ​ភាព​ពិត​ ដោយ​គ្មាន​ការ​កែ​ច្នៃ​គឺ​របស់​នោះ​នៅ​តែ​រក្សាបាន​នៅ​ក្នុង​បេះ​ដូង​នៅ​ក្នុង​ខួរ​ក្បាល​ នៅ​ក្នុង​ដួងចិត្ត​ របស់​គេ​ជា​រៀង​រហូត​គ្មាន​សាប​សូន្យទេ»។​

នាង​ម៉េង កែវពេជ្ជតា​បញ្ជាក់​បន្ថែម​ថា​ នាង​បាន​ស្ម័គ្រ​ចិត្តចូល​រួម​សម្តែងក្នុង​ការ​ប្រគុំ​តន្ត្រី​នោះ​ដែរ​ ដោយ​សារ​មនសិការ​នៃ​ការ​ពេញចិត្ត​កេរ្តិ៍​ដំណែល​ស្នា​ដៃ​សិល្បៈ​ បទភ្លេង​ និង​ចម្រៀង​របស់​អតីត​អ្នក​ចម្រៀងខ្មែរមុន​សម័យ​ខ្មែរក្រហម។​

«ទីមួយ​ជាការ​អញ្ជើញ​ ទី​ពីរ​ជា​មនសិការ​របស់​ខ្ញុំ ​ដែល​ខ្ញុំចង់​ឃើញ​ ការ​ឧបត្ថម្ភគាំទ្រ​ហ្នឹង​យូរហើយ។​ អញ្ចឹង​ទៅ​បង​ ក៏​គ្រាន់​តែ​ខាង​ក្រសួង​គាត់​ធ្វើ​ការ​អញ្ជើញ​ បង​រីក​រាយ​នឹង​ចូល​រួម​ភ្លាម»។​

លោក​ស៊ីន ស៊ីសាមុត​ ដែល​អ្នក​សិល្បៈករ ​និង​សិល្បៈការិនី​ខ្មែរ​ប្រសិទ្ធនាម​ថា​ ជា​អធិរាជសំឡេងមាស​ ​បាន​ចាប់​កំណើត​នៅថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​១៩៣២​ នៅ​ឯខេត្ត​ស្ទឹង​ត្រែង​ ភាគ​ឦសាន្តប្រទេស​កម្ពុជា។​ លោក​បាន​ចាប់​ផ្តើម​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ខ្លាំង​គឺ​ចាប់​ពីទសវត្សន៍ឆ្នាំ​១៩៥០​ ដល់​ឆ្នាំ​១៩៧០​កាល​នៅ​រស់។​

កម្មវិធីនេះ​មិន​ត្រឹម​តែ​ជា​ការ​ចងចាំ​ និង​ដឹង​គុណ​ស្នាដៃ​ដ៏​កម្រ​មាន​របស់​លោក​ស៊ីន ស៊ីសាមុតប៉ុណ្ណោះទេ​ ​គឺ​រដ្ឋាភិបាល​កម្ពុជា​បានគិត​គូរ​ទៅ​ដល់​កម្ម​សិទ្ធិ​បញ្ញា​នៃ​ស្នាដៃ​របស់​លោក​ស៊ីន ស៊ី​សាមុត​ផងដែរ ​ដោយ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ​បញ្ញា​ជូន​ក្រុម​គ្រួសារ​លោក​ស៊ីន ស៊ីសាមុត​កាល​ពីខែ​ធ្នូឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។

លោក​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​ចូល​រួមក្នុង​ការប្រកាស​ការ​រៀបចំ​ប្រគុំ​តន្ត្រីនោះ​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រកាស​ទទួល​ស្គាល់​កម្មសិទ្ធិ​បញ្ញា​នៃ​បទ​ចម្រៀង៧៣​បទ​ដែល​ជាស្នា​ដៃ​របស់​លោក​ស៊ីន ស៊ី​សាមុត​ សម្រាប់​ក្រុម​គ្រួសារ​លោក​ស៊ីន ស៊ីសាមុត​ ស្វែង​រក​ប្រាក់​ចំណូល​ពី​អ្នក​ដែល​ចង់​ចម្លង​បទ​ចម្រៀងទាំង​នេះ។ លោក​ថា​ ការ​ប្រគុំ​តន្ត្រី​នេះ​នឹង​រក​ចំណូល​បន្ថែម​ទៀត​ដល់​ក្រុម​គ្រួសារ​របស់​អធិរាជ​សំឡេងមាស​នេះ​បន្ថែម​ទៀត។​

លោក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ទៅ​កាន់​ភរិយា​លោក​ស៊ីន ស៊ីសាមុត​ និង​សិល្បៈករ ​និង​សិល្បៈ​ការិនី​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​យ៉ាង​ដូច្នេះថា៖​

«ខ្ញុំបាន​ទៅ​ដល់ផ្ទះលោក​យាយ​ ប្រាំ​ ប្រាំមួយ​ដង​ ឃើញ​មាន​ការ​លំបាក​ ក្រុម​គ្រួសារ​លោក​យាយ​លោក​តា​ស៊ីន ស៊ីសាមុត។​ ​ អញ្ចឹង​យើង​ធ្វើ​ការ​ប្រគុំ​តន្រ្តី​នេះ​ ដើម្បី​ប្រមូល​ថវិកា​មួយ​ផ្នែក​ជូន​ទៅ​ក្រុម​គ្រួសារ​អធិរាជ​សំឡេងមាស​ ក៏​មាន​មួយ​ផ្នែក​ទៀត​នោះ​ដែរ​ជូន​ទៅ​បងស្រី​របស់​អ្នក​ស្រី​រស់​ សេរីសុទ្ធា ​មួយ​ទៀត​យក​ទៅ​ជួយ​ពេទ្យ​គន្ធ​បុប្ភា​ ពេទ្យ​កុមារ​គន្ធបុប្ផា»។​

លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​បន្ថែម​ថា​ ចំណែក​ផ្សេង​ទៀត​ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​ថវិកា​នេះ​ នឹង​បាន​ទៅដល់​សមាគន​លោក​ស៊ីន ស៊ីសាមុត​ និង​សិល្បៈ​ករ​សិល្បៈការិនី​ជំនាន់​ដើម​ ដែល​កំពុងរស់​រាន​មាន​ជីវិត។​

ការ​ប្រគុំ​តន្ត្រី​សប្បុរស​ធម៌​ដើម្បី​តបស្នង​ដល់​លោក​ស៊ីន ស៊ីសាមុត​នេះនឹង​ធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃសៅរ៍ទី​១៤​វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ ពីម៉ោង​៧​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់។​ ក្រៅ​ពី​អ្នក​ស្រី​ឌី សាវ៉េត​ និង​នាង​ម៉េង កែវពេជ្ជតា​ ​សិល្បៈ​ករ​ និង​សិល្បៈ​ការិនី ​ដែល​ចូលរួម​សម្តែង ​រួម​មាន​ចៅបង្កើត​របស់​លោក​ស៊ីន សាមុត​គឺ​លោក​ស៊ីន សេដ្ឋាកុល​ និង​អ្នក​សិល្បៈល្បី​ឈ្មោះ​ដទៃ​ទៀត​ ដូច​ជា​ លោកតា​ គង់ ណៃ​ លោក​ស្រី​ហ៊ឹម ស៊ីវន​ និង​លោក​សុះ ម៉ាច​ជាដើម។​

លោក​ស៊ីន សេដ្ឋាកុល​និយាយ​ប្រាប់​វីអូអេ​ថា​ លោក​រង់​ចាំ​ការ​ប្រគុំតន្ត្រី​បែប​នេះ​រយៈ​ពេល​៤០​ឆ្នាំ​មក​ហើយ។​

«បាទ​ឃើញ​ថា​ សប្បាយ​ចិត្ត​មែន​ទែន​នៅ​ក្នុង​អារម្មណ៍​ ពី​ព្រោះ​ឃើញ​ថា​ ជាង​៤០​ឆ្នាំ​ហើយ​អត់​ទាន់​មាន​ព្រឹត្តិ​ការណ៍​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​បាទ​នោះ​ទេ»។​

ទឹក​ដម​សំនៀង​គ្មាន​ពីរ​របស់​លោក​ស៊ីន ស៊ីសាមុត​មិន​មែន​ស្ថិតនៅតែ​ក្នុង​ដួងចិត្ត​របស់​សិល្បៈករ​សិល្បៈ​ការិនី​ខ្មែរ​ចាស់​ក្មេង​នោះ​ទេ​ តែ​សំនៀង​របស់​លោក​បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​មហាជន​ទូ​ទៅ​ និង​អ្នក​នយោបាយ​ខ្មែរ​មិន​ថា ​តែ​សម័យ​មុន​ គឺសម័យ​នេះ​ផង​ដែរ។​ លោក​មិន​ត្រឹមតែច្រៀង​ជា​ភាសា​ខ្មែរ​បានពីរោះ​នោះ​ទេ​ លោក​ក៏​មាន​ទេពកោសល្យ​ក្នុង​ការ​ច្រៀង​ភាសា​បរទេស​ផងដែរ​ ដូច​ជា​ភាសា​បារាំង​ និង​សៀម​ជាដើម។

ប៉ុន្តែ​ទេព​កោសល្យ​សិល្បៈ​ចម្រៀងនិង​តន្ត្រី​របស់​លោក​ដ៏​កម្រ​រកបាន​ក្នុង​សង្គមខ្មែរ​ ត្រូវ​បាន​រលត់​រលាយ​យ៉ាង​អាថ៌​កំបាំង​ក្នុង​ដៃក្រុម​ខ្មែរក្រហម​ដែល​បាន​យក​ជីវិតលោក​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​១៩៧៦។ ​យ៉ាងណាជាជីវិត​របស់​លោកបាត់បង់​ទៅ​ហើយក្តី​ តែព្រលឹង​សំនៀង​របស់​លោក​នៅ​ដក់ក្នុង​ដួងចិត្ត​ប្រជា​ពលរដ្ឋ​ខ្មែរទាំង​ក្នុង​និង​ក្រៅ​ប្រទេសគ្រប់​សម័យ​កាល​មិន​អាច​ភ្លេច​បាន៕

XS
SM
MD
LG