មេឃុំមួយចំនួនក្នុងខេត្តយ៉ាងតិចចំនួន៣ គឺខេត្តកំពត កំពង់ស្ពឺ និងកំពង់ធំ បានចាប់ផ្តើមចេញលិខិតនិរាករណ៍ជាបន្តបន្ទាប់ទៅលើដីដែលត្រូវបានបញ្ជាក់លិខិតស្នាមកាលពីកន្លងទៅ ក្រោមមូលហេតុជាប់ពាក់ព័ន្ធនឹងដីក្នុងតំបន់អភិរក្សរបស់ក្រសួងបរិស្ថាន។ នេះបើយោងតាមលិខិតនិរាករណ៍មួយចំនួនដែលវីអូអេទទួលបាន។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១មេឃុំបឹងទូក ក្នុងស្រុកទឹកឈូ ខេត្តកំពត អ្នកស្រីមូល សុខុម បានចេញលិខិតបដិសេធមួយ ដោយ «សូមធ្វើមោឃភាពលើការចុះហត្ថលេខា»ទៅលើឯកសារលិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតពាក្យស្នើសុំប្រើប្រាស់ដីធ្លី លិខិតលក់ទិញ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ។
អ្នកស្រីបញ្ជាក់មូលហេតុថា៖ «នាងខ្ញុំពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើន ឃើញតែពួកគាត់អាស្រ័យផលជាក់ស្តែង»។
នៅក្នុងស្រុកទឹកឈូដដែល មេឃុំព្រែកត្នោត លោក គង់ ប៊ុនរា ក៏បានបដិសេធដូចគ្នាចំពោះការផ្តល់លិខិតស្នាមក្នុងតំបន់ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សចម្រុះនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ។ ចំណែកមេឃុំកោះតូច ក្នុងស្រុកទឹកឈូ លោក ឈូក ថូ ក៏បានចេញលិខិតបដិសេធដូចគ្នាដែរ។
នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំវិញ មេឃុំកកោះ លោក ភេម ធន ក៏បានចេញលិខិតនិរាករណ៍ហត្ថលេខា ដោយលើកឡើងពីភូមិសាស្រ្តដីសហគមន៍ត្រប់ញក ដែលស្ថិតក្នុងភូមិសាលាសន្ទុក ឃុំកកោះ។
លោកមេឃុំបញ្ជាក់ថា៖ «ដីនោះនៅតែជាដីរបស់រដ្ឋ មិនអាចឲ្យអ្នកណាមករំលោភបំពានចាប់យកធ្វើជាកម្មសិទ្ធិបានឡើយ»។
ចំណែកក្នុងខេត្តកំពង់ស្ពឺវិញ មេឃុំត្រពាំងជោ ក្នុងស្រុកឱរ៉ាល់លោក ទេព ណែម ក៏បានចេញលិខិតបដិសេធលើដីប្រមាណ២.១០០ហិកតា ក្នុងភូមិសំរោង ភូមិក្បាលដំរី និងភូមិក្រវៀក នៃឃុំត្រពាំងជោ របស់ឈ្មោះ លី សុខងីម ដោយបញ្ជាក់ថា «មិនទទួលស្គាល់ និងទទួលខុសត្រូវ» ចាប់ពីពេលធ្វើលិខិតបដិសេធនេះតទៅ។
ជាមួយគ្នានេះដែរ មេឃុំត្រែងត្រយឹងក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺអ្នកស្រី កែវ សុផាត ក៏បានចេញលិខិតបដិសេធមួយចុះថ្ងៃទី២៨ ខែឧសភាដោយធ្វើមោឃភាពលើការចុះហត្ថលេខារបស់អ្នកស្រីលើឯកសារលិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងលិខិតស្នាមផ្សេងៗនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោនិងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។
អ្នកស្រីបញ្ជាក់មូលហេតុថា៖ «នាងខ្ញុំពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើនឃើញតែពួកគាត់អាស្រ័យផលជាក់ស្តែង»។
ចំណាត់ការជាបន្តបន្ទាប់របស់មេឃុំធ្វើឡើងក្រោយមានលិខិតស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយសង្កេតឃើញមេឃុំបានបោះត្រាទទួលស្គាល់ដីដែលបានទិញដូរក្នុងតំបន់អភិរក្ស។ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកសាយ សំអាល់ បានស្នើឲ្យអភិបាលខេត្តទាំងអស់ធ្វើអន្តរាគមន៍ឲ្យលុបចោលរាល់លិខិតស្នាមទាំងឡាយណាដែលបញ្ជាក់លើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិនិងក្នុងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលវីអូអេទទួលបាន។
នៅក្នុងលិខិតនោះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្នើសុំអន្តរាគមន៍ចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់និងមោឃភាពនូវរាល់ការចុះហត្ថលេខាឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលិខិតទិញលក់ដីរដ្ឋនិងការបញ្ជាក់លើប្លង់បង្ហាញទីតាំងជាអាទិ៍ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិនិងក្នុងរបៀងអភិរក្សជីវៈចម្រុះ។
លោក ទេព ណែម មេឃុំត្រពាំងជោ ដែលបាននិរាករណ៍លិខិតស្នាមលើដីរបស់បុគ្គលម្នាក់ជាង២ពាន់ហិកតា បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាកន្លងទៅ លោកបានឯកភាពលើលិខិតស្នាមជាការទទួលស្គាល់ ដោយសារអ្នកភូមិខ្លះបានសម្រេចលក់ដី ដើម្បីជីវភាពគ្រួសារ។ លោកបញ្ជាក់ថាបើទោះមានការទទួលស្គាល់ត្រឹមថ្នាក់ឃុំ ប៉ុន្តែម្ចាស់ដីត្រូវបញ្ជាក់ការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធបន្ថែមទៀត មុននឹងអភិវឌ្ឍដីធ្លី ដោយសារតំបន់នោះនៅក្បែរតំបន់អភិរក្សសត្វព្រៃភ្នំឱរ៉ាល់។
លោកបញ្ជាក់ថា៖ «អាហ្នឹងបើតាមការយល់ ខ្ញុំវាខុសបាត់ទៅហើយ បើគិតពីផ្លូវច្បាប់។ តែអាហ្នឹងការយោគយល់ដល់ប្រជាពលរដ្ឋដែលគាត់លក់តិចតួចអីហ្នឹង។ ហើយការលក់នេះ ក៏យើងមិនមែនថាលក់ដីរបស់រដ្ឋដែរ។ គ្រាន់តែថាបើចង់ធ្វើឲ្យស្របច្បាប់ អាហ្នឹងឲ្យអ្នកទិញទៅសុំច្បាប់ក្រសួងថែមទៀត ដើម្បីឲ្យមានច្បាប់ច្បាស់លាស់ ចាំអភិវឌ្ឍទៅ វាអត់អីទេ»។
លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត និងជាអ្នកនាំពាក្យរបស់សាលាខេត្តមួយរូប មានប្រសាសន៍ថារដ្ឋបាលខេត្តបានណែនាំទៅថ្នាក់ក្រោម ស្រុកក្រុងឃុំសង្កាត់ ឲ្យធ្វើនិរាករណ៍លិខិតស្នាមណាដែលជាប់ពាក់ព័ន្ធនឹងដីរដ្ឋ។ លោកមិនមានទិន្នន័យថាតើដីទំហំប៉ុន្មានហិកតា និងប៉ុន្មានកន្លែង ដែលត្រូវបានធ្វើនិរាករណ៍នោះទេ ប៉ុន្តែលោកបញ្ជាក់ថាដីនោះមាននៅក្នុងស្រុកទឹកឈូ និងស្រុកឈូកជាដើម។
ទោះជាយ៉ាងណា លោកបញ្ជាក់ថាមិនមានចំណាត់ការលើមេឃុំដែលបានចុះហត្ថលេខាលើឯកសារទាំងនោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ដូចអត់មានអី ត្រូវមានវិធានការទៅលើគាត់ទេ។ ទីមួយគាត់មោឃភាពហត្ថលេខាទៅលើអ្វីដែលគាត់បានចុះហត្ថលេខាហើយពាក់ព័ន្ធនឹងដីធ្លីនៅក្នុងឧទ្យានជាតិ»។
លោកបន្ថែមថាប្រជាពលរដ្ឋបានទៅទិញដីរដ្ឋ គឺខុសច្បាប់រួចទៅហើយ ដូច្នេះលោកថាអាជ្ញាធរមិនមានអ្វីជាដំណោះស្រាយសម្រាប់ពួកគេនោះទេ។
លោកបន្ថែមថា៖ «ការបដិសេធឬមួយការបាត់បង់ ការដកហូតដីហ្នឹងមកជាសម្បត្តិរដ្ឋវិញ អាហ្នឹងគឺជារឿងមួយស្របច្បាប់ យើងអត់មានអីទៅធ្វើអីជូនគាត់ទេ។ គាត់ទិញលក់ អត់មានឲ្យយើងដឹងផង»។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាការចេញលិខិតបដិសេធនេះបង្ហាញភាពមិនទទួលខុសត្រូវរបស់អាជ្ញាធរឃុំដែលជាតំណាងឲ្យប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត។
លោកថ្លែងថា៖ «ហើយស្រាប់តែពេលឥឡូវគេមកបដិសេធអញ្ចឹង អញ្ចឹងមានន័យថាគាត់ពុំមានការទទួលខុសត្រូវ ហើយមានន័យថាគាត់ហ្នឹងក្លាយជាអ្នកបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ។ គាត់មិនទទួលខុសត្រូវក្នុងតួនាទីរបស់គាត់ក្នុងក្រុមប្រឹក្សាឃុំសង្កាត់»។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានធ្លាប់បានប្រាប់វីអូអេកាលពីដើមខែកក្កដាថាក្រសួងបរិស្ថានបានស្នើឲ្យអភិបាលខេត្តទាំងអស់ណែនាំដល់រដ្ឋបាលឃុំឲ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លិខិតផ្ទេរសិទ្ធិនានា៕