ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ធ្លាប់​នៅក្នុង​ជំរំ​កម្ពុជា​ ក្លាយជា​អ្នក​ប្រដាល់​នៅ​សហរដ្ឋ​អាមេរិក

បដាប្រកាសពីការប្រកួតផ្លូវការមួយរវាង​​លោក ធឿ រ៉ាយាំង​ និងកីឡាករ Marshall Shermer។​​ (រូបថតផ្តល់ឲ្យដោយ​​ USAA)

ជនជាតិ​ដើម​ភាគតិច ​ម៉ុងតាញ៉ា ​ម្នាក់​ដែល​ធ្លាប់​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម ដោយសារ​​ការ​ធ្វើទុក្ខបុក​ម្នេញ​ផ្សេងៗ​ ហើយ​មក​រស់នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​របស់​អង្គការសហ​ប្រជាជាតិ​ UNHCR​ ​នៅភាគ​ឦសាន្ត​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០០២ បានក្លាយ​ជាអ្នក​ប្រដាល់​ជើងឯក​ម្នាក់​ក្នុងសហរដ្ឋ​អាមេរិក។

និយាយ​ភាសា​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​របស់​ខ្លួន​ពីរ​ឬបី​ឃ្លា​ជាមួយ ​VOA ​នៅ​កន្លែង​មួយ​ដែល​លោកធ្លាប់​ហ្វឹកហាត់ ​នៅក្នុង​ទីក្រុង​ Wilmington ​រដ្ឋ ​North Carolina​ លោក ធឿ រ៉ាយាំង ​(Theo Rlayang) ​អាយុ ​២៤ ​ឆ្នាំ ​ដែល​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម មក​នៅ​ជំរំ​ជនភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​នៅ​ភាគ​ឦសាន្ត​ប្រទេស​កម្ពុជា​ក្នុង​វ័យ​កុមារភាព​ជាមួយ​គ្រួសារ​របស់​លោក​នោះ ​បាន​បង្ហាញ​ពី​មហិច្ឆតា​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព ​ដែល​ទទួល​បាន​ជើង​ឯក​អ្នក​ប្រដាល់​កម្រិត​កំពូល​ហៅថា​ Ultimate Fighting ​Championship ​(UFC) ​នៅក្នុង​សហរដ្ឋ​អាមេរិក។

លោក ធឿ រ៉ាយាំង​ បានមក​ដល់​សហរដ្ឋ​អាមេរិក​តាមរយៈ​ជំរំ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ក្នុងឆ្នាំ ​២០០២ ​បន្ទាប់​ពីបាន​គេច​ខ្លួន​ពីការ​ធ្វើទុក្ខ​បុកម្នេញ​យ៉ាង​ខ្លាំង​នៅ វៀតណាម។​ ក្រៅពី​ចូលរៀន​នៅ​មហាវិទ្យាល័យ ​លោក ធឿ រ៉ាយាំង ​បាន​ចាប់ផ្តើម​អាជីព​ជាអ្នក​ប្រដាល់​ចម្រុះ ​ហៅថា ​Mixed Martial Arts ​(MMA)។​

បច្ចុប្បន្ន​នេះ​ លោក ធឿ រ៉ាយាំង​ គឺជា​អ្នកប្រដាល់​ក្នុង​កម្រិត​ដំបូង​ម្នាក់​ដែល​មិនទាន់​ក្លាយជា​អ្នក​ប្រដាល់​អាជីព​នៅ​ឡើយ​ទេ ​ទោះជា​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​ជាមួយ​គូប្រកួត​ដល់​ទៅ ៥​លើក​ និង​ចាញ់​មួយ​លើក​នៅក្នុង​ការ​ប្រកួត​លើក​ទី១​ក្តី។

លោក​បាន​និយាយ​ថា៖ «ផែនការ​របស់ខ្ញុំ​ គឺខ្ញុំ​ចង់ក្លាយ​ជាជើង​ឯក​អ្នក​ប្រដាល់​ខ្ពស់​បំផុត ​អ្នក​ដឹងទេ​ថា​ ខ្ញុំចង់​ឈាន​ទៅដល់​កម្រិត​ដូចជា ​UFC ​ឬដូចជា​ទទួល​បានខ្សែ​ក្រវ៉ាត់​ទាំងអស់ ​(សើច) ​ហើយ​ទទួល​បានជើង​ឯក​ទាំងអស់​ ព្រោះ​ខ្ញុំ​មិន​ដែល​បានទៅ​ដល់​ UFC ​ជើង​ឯក ​UFC ​អាស៊ី​នៅ​ឡើយ​ទេ»។

លោក​បាន​បន្ថែម​ទៀត​ពី​មូលហេតុ​នៃ​មហិច្ឆតា​របស់​លោក​ប្រាប់ ​VOA​ បន្ថែម​ថា៖

«ដោយសារ​តែ​ អ្នក​ប្រដាល់​ដទៃទៀត ​ដូចជា​អ្នក​ប្រដាល់​អាស៊ី ​ពួកគេ​មិន​ទាន់​ទទួល​ជោគជ័យ​នៅក្នុង​ UFC ​ទេ ​ពីព្រោះ​ពួកគេ​ផ្តោត​លើ​វិធីសាស្ត្រ​បែប​បូរាណ មួយ​បែប​ ហើយ​អ្នក​ដឹងថា​ ពួកគេ​មក​ប្រកួត​ទីនេះ ​ពួកគេ​មិនបាន​ជោគជ័យ​ច្រើន​ទេ។ ប៉ុន្ដែ​ខ្ញុំចង់​ប្រកួត ​ហើយ​បង្ហាញ​ថា​ខ្ញុំពិត​ជា​អាចធ្វើ​បាន»។

អ្នក​ប្រដាល់​វ័យ​ក្មេង​រូបនេះ ​បាន​និយាយ​ថា ​លោក​ចង់​បាន​ខ្សែក្រវ៉ាត់​ផ្សេងៗ​គ្នា​ ដែល​មាន​ទម្ងន់​ខុសៗគ្នា។​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​មកនេះ ​លោក ធឿ រ៉ាយាំង​ ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​ចំនួន​ពីរពី​ការ​ប្រកួត​សម្រាប់​ទម្ងន់​ ១៤៥ផោន​ឬ ​៦៥​គីឡូក្រាម​ និង ១៥៥ ផោន ​ឬ ​៧០ ​គីឡូក្រាម។ ​ពានរង្វាន់​ជើងឯក​ទាំងនោះ​ គឺទទួល​បាន​ពីការ​ប្រកួត​នៅរដ្ឋ ​North Carolina ​ដែល​កីឡាករ​រូបនេះ​រស់នៅ​ ហើយ​ពាន​រង្វាន់​មួយ​ទៀត​បាន​មក​ពីរដ្ឋ Virginia ។ ​លោក​បានរៀបរាប់​ថា លោក​បាន​ផ្តួល​គូប្រកួត​ជាមួយ​នឹង​យុទ្ធសាស្រ្ត​ជាច្រើន។

«ខ្ញុំគិតថា​ អ្នកត្រូវ​តែ​មានការ​យល់ដឹង​ជ្រៅជ្រះ ​គេ​មិន​ត្រូវ​ផ្តោតទៅ​លើ​វិធី​តែមួយ ​ហើយ​នោះគឺ​ជាវិធី​មិន​ត្រឹមត្រូវ​ទេ។ ​ការប្រើ​វិធី​តែមួយ​នឹង​មិនអាច​ទទួល​បាន​ជោគជ័យ​ទេ។​ អ្នក​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​អ្វីៗ​ដែល​ទាក់ទង​នឹង​បញ្ហា​ដូចជា​ភាពអត់​ទ្រាំ​ និងការ​វាយ​សម្រុក ​ប៉ុន្តែ​សម្រាប់ខ្ញុំ ខ្ញុំ​ប្រយុទ្ធ​យ៉ាង​មោះមុត ​ដូចជា​ការ​បង្កើន​ល្បឿន​ផ្តួល​ដៃគួ​ ពេល​ខ្ញុំទាត់​ ដែល​ពេលនោះ​ខ្ញុំ​មាន​បំណង​បំបាក់​ដៃគូ​តែម្តង»។

កីឡាករ​ធឿ រ៉ាយាំង ​បាន​បន្តថា ​លោក​តែង​ប្រើ​វិធី​ទាត់​ជើង ​វាយ​ចំណុច​ខ្សោយ​នៅ​លើ រាង្គកាយ ​និង​លើ​មុខ​គូប្រកួត​ ពេល​ដែល​គូប្រកួត​ធ្លាក់​ដៃ​ការពារ ​ជាមួយ​នឹង​វិធី​សាស្ត្រ ផ្សេងទៀត​ដែល​គូប្រកួត​មិនអាច​ទាយ​ទុក​ជាមុន ​ក្នុងពេល​បម្លាស់​ទីចុះ​ឡើង​យ៉ាង រហ័ស​រហួន​ ដើម្បី​រក​ប្រឡោះ​ផ្តួល​ដៃគូ​នោះ។

កីឡាករ​ដែល​មាន​មាឌ​មាំរូបនេះ​ បានប្រាប់​អំពី​រឿង​ខ្លីមួយ​ទាក់ទង​នឹងការ​ប្រកួត​លើក​ទី៤ ​ដែល​ខ្លួន​បាន​កាប់​មួយ​ដៃស្តាំ​ដើម្បី​បំបាក់​ខ្ទង់​ច្រមុះគូ​ប្រកួត​របស់​ខ្លួន ​ដែល​ធ្វើ​ឲ្យគូ ប្រកួត​ដួលស្រ៊ឹប ​តែក៏​រងរបួស​ដោយ​បាក់ម្រាម​ដៃស្តាំ​ខាងលើ​ឡើង​ផតដែរ ​នៅ​ពេល លោក​បង្ហាញ​ប្រាប់ ​VOA ។

«ខ្ញុំបាន​បំបាក់​ច្រមុះ​គូប្រកួត​ ហើយ​ដៃរបស់​ខ្ញុំក៏​បាក់ដែរ»។

កីឡាករ​នេះបាន​បន្ថែម​ថា ​ឈាម​របស់​គូប្រកួត​បាន​ហូរចេញ​ពីច្រមុះ ​ហើយ​គូប្រកួត បាន​ចាប់​អោប​ជើង​របស់លោក​ ហើយ​ពេលនោះ​លោក ធឿ រ៉ាយាំង​ បានផ្តួល​ដៃគូ​ក្នុង​ការ​ប្រយុទ្ធ​លើក​ទី៤ ​នៅ ​រដ្ឋវីជីនៀ ​ដែល​នោះ​គឺជា​ការ​យក​ពានរង្វាន់​ជើងឯក​លើក​ដំបូង។

ប៉ុន្តែ​សម្រាប់​លោក ធឿ រ៉ាយាំង ​វិញ​ លោក​អះអាង​ថា មិន​មាន​អារម្មណ៍​ឈឺ​កន្លែង​របួស​ភ្លាមៗ​នៅ​ឡើយទេ ​ថ្វីបើ​បាក់​ម្រាម​មេដៃ​ផ្នែក​ខាងលើ​មែន ​ដោយ​បាន​ពោលថា​នោះ​ដោយសារ​«ក្តីរំភើប​ពីជ័យ​ជម្នះ»​ខ្លាំង​ពេក។

លោក ធឿ រ៉ាយាំង​ កីឡាករប្រដាល់អាយុ២៤ឆ្នាំ កំពុងហ្វឹកហាត់។ (រូបថតផ្តល់ឲ្យដោយលោក ធឿ រ៉ាយាំង​)

ទោះជា​មាន​ភាព​ត្រេកអរ​នឹង​ជ័យ​ជម្នះ​ក្រោយពី​ការចាញ់​ម្តងយ៉ាង​ណា​ក្តី​ តែ​លោក​បាន​រំលឹក​ពី​អារម្មណ៍​សោកសៅ​ខ្លាំងបំផុត​សឹងតែ​អស់​សង្ឃឹម​ក្នុង​ជីវិត​ នៅពេល​លោក​បោះបង់​ចោល​ការ​សិក្សា​នៅឆ្នាំទីពីរ​នៅ​មហា​វិទ្យាល័យ​ ហើយ​ចាប់​យក​អាជីព​ជាអ្នក​ប្រដាល់ ហើយ​ត្រូវដៃ​គូផ្តួល​យ៉ាង​ដំណំ​លើក​ដំបូង​នោះ។

«ខ្ញុំគិត​ថា​ ជីវិត​របស់​ខ្ញុំចប់​ហើយ។​ ខ្ញុំគិតថា ​ពិភពលោក​នេះបាន​បញ្ចប់​សម្រាប់ខ្ញុំ​ហើយ។ ប៉ុន្តែ​បន្ទាប់​មកខ្ញុំ​ប្រឹង​ងើប​តស៊ូ​និង​រៀនសូត្រ​ពីការ​បរាជ័យ​នោះ ​ហើយ​បន្ទាប់​មក​វា​ដូចជា​មិនមែន​ជា​ទីបញ្ចប់​នៃ​ពិភព​លោក​ទេ​សម្រាប់​ជីវិត​ខ្ញុំ»។

លោក ធឿ រ៉ាយាំង​ បានបង្ហើប​ថា​ ការចាញ់​លើក​ដំបូង​នោះ ​ដោយសារ​តែ​លោក​មិនបាន​ទទួល​ការ​ហ្វឹកហាត់​ត្រឹមត្រូវ​ គ្មាន​គ្រឹះ​ពី​ការ​ហ្វឹកហ្វឺន​ក្បាច់គុណ​ផ្សេង​ទៀត​នៅ​ឡើយ ក្នុង​ពេល​លោក​ខំប្រឹង​បង្ខំ​ចិត្ត​ចង់​បញ្ចេញ​សមត្ថភាព​ដើម្បី​សម្រេច​គោលដៅ​ខ្លាំង​ពេក។ អ្នក​ប្រដាល់​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​រូបនេះ​ បាន​សុបិន្ត​ចង់ក្លាយ​ជាអ្នក​ប្រដាល់​តាំងពី​នៅក្មេង​ ហើយ​ចង់​គេច​ឲ្យផុត​ពីការ​ត្មះតិះដៀល​ថា​ជា​ក្មេង​កំសាក។

«ពិតណាស់​ ខ្ញុំ​ចាប់ផ្តើម​ក្លាយជា​អ្នក​ប្រដាល់​សេរី​បែប​ចម្រុះ ​ពីព្រោះ​ខ្ញុំតែង​តែ​ចង់​សាក​ល្បង ​ហើយខ្ញុំ​បាន​ចាប់​អារម្មណ៍​លើ​កីឡា​ប្រដាល់​ចម្រុះ​នេះ។ ​ប៉ុន្តែ​មូលហេតុ​ចម្បង​ដែលខ្ញុំ​ចាប់ផ្តើម​នោះ ​គឺខ្ញុំ​ចង់​ល្បង​ខ្លួនឯង​ ព្រោះខ្ញុំ​តែងតែ​ចង់​។ ដោយសារថា​នៅ​ពេល​មាន​បញ្ហា​ផ្ទាល់ខ្លួន​ជាច្រើន​កាលពី​ខ្ញុំ​នៅក្មេង ​ខ្ញុំដូច​ជា​បាន​ឃើញខ្លួន​ខ្ញុំ​ទន់​ខ្សោយ»។

កីឡាករ ​ធឿ រ៉ាយាំង ​ដែល​ប្រកបមុខ​របរ​ក្នុង​ហាង​ក្រចក​ ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹម ជីវិត​បាន​បន្ថែមថា​ លោក​ក៏ចង់​ក្លាយ​ជាកីឡាករ ​«បោក​ចំបាប់» ​ដ៏ល្បី​បំផុត​និងអ្នក​ប្រដាល់​ក្បាច់​គុណ​ផ្សេងៗ​ទៀតដែរ​ ដែល​ជា​គ្រឹះ​នៃ​កីឡា​ប្រដាល់ ​ក្រោយពេល​បាន​រៀន​សូត្រ​ច្រើន​ពីការ​ប្រយុទ្ធ​ដែលលោក​បាន​បរាជ័យ​នោះ។​ លោក ធឿ រ៉ាយាំង​ ត្រូវគេ​ដឹងថា​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ទទួល​បាន​ការ​ហ្វឹកហ្វឺន​រាងកាយ​ និងផ្លូវ​ចិត្ត​ជាមួយ​នឹង​គ្រូ​បង្វឹក​ដ៏ល្បីល្បាញ​ គឺលោក​ John Salter​ កីឡាករ​បោក​ចំបាប់​ជើងឯក​ថ្នាក់​ជាតិ។​

លោក Peter Maguire និងលោក ធឿ រ៉ាយាំង​ កំពុងហាត់ក្បាច់គុណបោកចំបាប់ជាមួយគ្នា នៅកន្លែងហ្វឹកហាត់មួយ ស្ថិតក្នុងទីក្រុង Wilmington រដ្ឋ North Carolina។ (រូបថតផ្តល់ឲ្យដោយលោក Peter Maguire)

លោក ​ភីធឺ ម៉ខ្វៃអ័រ (​Peter Maguire) ​គឺជាអ្នក​ដែល​បាន​ណែនាំ​ក្បាច់​គុណ​បែប​បោក​ចំបាប់ «​ជឺជិតស៊ូ»​ហៅថា ​Gracie Jiu Jitsu ​មកកាន់​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​ ១៩៩៤ ដំបូង​គេ ​ហើយ​បាន​បង្រៀន​នៅទីនោះ​រហូត​ដល់ឆ្នាំ​ ២០០៥។​ លោក​បាន​ហ្វឹក​ហាត់ ដល់​កម្រិត​ខ្សែ​ក្រវ៉ាត់ខ្មៅ​នៅក្នុង​ក្បាច់គុណ ​Jeet Kune Do ​និងខ្សែ​ក្រវ៉ាត់​ពណ៌​ត្នោត នៅ​ក្នុង​ក្បាច់គុណ ​Gracie Jiu Jitsu ។​

លោក​ថ្លែងប្រាប់​ VOA ថា​ លោក​មានការ​ចាប់ចិត្ត​ចំពោះ​កីឡាករ​ផ្នែក​ប្រដាល់​លោក ​ធឿ រ៉ាយាំង ​ជា​ជនជាតិ​ដើមភាគ​តិច​ម៉ុងតាញ៉ា ​មកពី​តំបន់​ភ្នំខ្ពង់រាប​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ ហើយ​លោក​បានជួយ​កីឡាករ​រូប​នេះ ជាមួយ​នឹងការ​ហ្វឹកហ្វឺន​នៅកន្លែង​ដែល​កីឡាករ​នេះ​ត្រូវការ។​ លោក​និយាយ​ថា​ កីឡា​ប្រដាល់​ ធឿ រ៉ាយាំង​ ជាអ្នក​ប្រដាល់​មាន​ទេពកោសស្យ​បែប​ធម្មជាតិ​ដែល​ជា​រឿង​មួួយ​មិនគួរ​ភ្ញាក់ផ្អើល​នោះ​ទេ។

«ដោយសារ​ម៉ុងតាញ៉ា​ គឺជាអ្នក​ប្រយុទ្ធ​ដ៏អស្ចារ្យ​បំផុត​នៅក្នុង​សង្គ្រាម​វៀតណាម​ហើយ ដូច្នេះ​ខ្ញុំបាន​សម្រេច​ចិត្ត​ជួយគាត់​រក​គ្រូហ្វឹកហាត់​ដែលមាន​លក្ខណៈ​ពិសេសៗ​បន្ថែម ដើម្បីជួយ​គាត់នៅ​ផ្នែកដែល​គាត់ខ្វះ​ខាត​នៅក្នុង​ការប្រកួត​កីឡា​ប្រដាល់»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖

«ធឿ រ៉ាយាំង ​ស្ថិត​នៅក្នុង​ផ្នែក​ដំបូង​នៃអាជីព​របស់​លោក​នៅឡើយ​ ប៉ុន្តែ​កីឡាករ​នេះ​បាន​ហ្វឹកហាត់​ជាមួយ​អ្នកប្រដាល់​លំដាប់​ពិភពលោក​ដ៏អស្ចារ្យ​មួយចំនួន​ នៅក្នុង​ទីក្រុង Wilmington ​រដ្ឋ ​North Carolina ​ជាពិសេស​គឺលោក​ John Salter​ នៃក្លឹប ​Salty Dog Jiu Jitsu ​ហើយ​លោក​ ចន​ គឺជា​គ្រូបង្វឹក​ដែលនឹង​នាំកីឡាករ​នេះទៅ​កម្រិត​បន្ទាប់។ ​ខ្ញុំមាន​ការ​ស្ងើច​សរសើរ​ចំពោះ​វិន័យ​ ការតស៊ូ និងការ​ប្តេជ្ញា​ចិត្ត​របស់​ធឿ រ៉ាយាំង ​ចំពោះ​ការ​បណ្តុះ​បណ្តាល​និងការ​ប្រយុទ្ធ​របស់​គាត់»។

លោក ​ធឿ រ៉ាយាំង ​បាន​និយាយ​ថា​ នៅពេល​ដែល​លោកប្រយុទ្ធគ្នា​ លោក​នឹងរក្សា​តុល្យភាព​កម្លាំង​ និង​សកម្មភាព ​ហើយនិង​ធ្វើឱ្យ​ខ្លួន​ដំណើរការ​ដូច​ជា​ម៉ាស៊ីន​ ដែល​អាច​មាន​ចលនា​បន្ត​រហូត​ពេញមួយ​ថ្ងៃ​ដោយ​មិន​ចេះ​អស់កម្លាំង។​ លោក ធឿ រ៉ាយាំង​ គឺស្ថិត​ក្នុង​គម្រោង​កម្មវិធី​ប្រកួត​ជាមួយ​នឹងដៃគូ​ដ៏ខ្លាំង​មួយ​ទៀត​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ទី ​៦ ​ខែមេសា​ឆ្នាំ ​២០១៩​ នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត ​Ted Constant Convocation ​Center ​នៅក្នុង​ទីក្រុង ​Norfolk ​រដ្ឋ ​Virginia ។

លោក ធឿ រ៉ាយាំង ​បាន​រត់គេច​ពី​វៀតណាម​ដើម្បីរស់​នៅក្នុង​ជំរំរបស់​អង្គការ​ UNHCR ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ​នៅឆ្នាំ ​២០០២ ​នៅពេល​ដែល​អាជ្ញាធរ​ប្រទេស​វៀតណាម​ធ្វើទុក្ខ​បុកម្នេញ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​លើ​សេរីភាព​សាសនា​ ការរំលោភ​ដីធ្លី ​និង​បញ្ហា​សិទ្ធិមនុស្ស​ជាដើម។

«ពួកគេ​បាន​ចាត់ទុក​យើងជា​សត្រូវ​អស់មួយ​ជីវិត​ ពីព្រោះ​យើង​បាន​ជួយ​ជនជាតិ​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម ​ក៏ដូចជា​កងកម្លាំង​ពិសេស​បាន​ហ្វឹកហ្វឺន​ម៉ុងតាញ៉ា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កុម្មុយនិស្ត ​ដូច្នេះ​ហើយ​ពួកគេ​ចាត់ទុក​យើងជា​សត្រូវ​ក្បត់​ជាតិ»។

លោក ធឿ រ៉ាយាំង​ បង្ហាញខ្សែក្រវ៉ាត់ដែលលោកបានឈ្នះពីការប្រកួតប្រដាល់ទម្ងន់ ១៤៥ផោន។ (រូបថតផ្តល់ឲ្យដោយលោក ធឿ រ៉ាយាំង​)

លោក ធឿ រ៉ាយាំង​ បាន​ថ្លែង​បន្តអំពី​ដំណើរ​មកកាន់​ប្រទេស​អាមេរិក​ និង​ការ​ចាប់ផ្តើម​ជីវិត​ថ្មី​ថា៖

«ដូច្នេះ​រឿង​ដែលខ្ញុំ​បានមក​ដល់​អាមេរិក ​គឺថា​ឪពុក​របស់ខ្ញុំ​បាន​ដាស់ខ្ញុំ​ឡើង​នៅ​ពាក់​កណ្តាល​យប់ ​ហើយ​បន្ទាប់​មក​គាត់​បាន​អៀវខ្ញុំ​នៅលើ​ខ្នងរបស់​គាត់ ​ហើយគាត់​បានជួប​មនុស្ស​មួយក្រុម។​ ពេលនោះ​មានតែ​ខ្ញុំ និង​ឪពុក​របស់​ខ្ញុំទេ។ ​សមាជិក​គ្រួសារ​របស់​ខ្ញុំ​ដទៃ​ទៀត​មិនបាន​ទៅ​ជាមួយ​ខ្ញុំទេ។ ​ដូច្នេះ​ម្តាយ​ និងបង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​ទាំងអស់​នៅក្នុង​ផ្ទះ​កំពុង​ដេក​លក់។​ ដូច្នេះ​យើង​បាន​ទៅព្រៃ ហើយ​បាន​ជួប​មនុស្ស​មួយ​ក្រុម​ដែល​មាន​គម្រោង​ទៅ​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​ខ្ញុំមិន​ដឹងថា​ មានអ្វី​កើត​ឡើង​នោះ​ទេ​ ខ្ញុំគ្រាន់​តែ​ដើរតាម​ឪពុក​ខ្ញុំ ព្រោះ​ខ្ញុំ​នៅក្មេងទើប​មាន​អាយុ ​៧​ ឆ្នាំ»។

លោក ធឿ រ៉ាយាំង ​បាន​និយាយ​ថា ការ​ធ្វើដំណើរ​គ្រួសារ​របស់ខ្លួន​គេច​ចេញ​ពី​វៀតណាម​ទៅ​សហរដ្ឋ​អាមេរិក​តាមរយៈ​ប្រទេស​កម្ពុជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ​ឧបសគ្គ​ជាមួយ​នឹង​យោធា​ប្រដាប់​អាវុធ​ល្បាត​តាម​ព្រំដែន​ មាន​រថក្រោះ​ និង​រថយន្ត​យោធា​វៀតណាម បាន​បើក​និង​ដើរ​ល្បាត​នៅតាម​បណ្តោយ​ព្រំដែន​ ដែល​ជនជាតិ​ដើមភាគ​តិច​ប្រឈម នៅពេល​ភៀសខ្លួន​ ហើយ​ពេលខ្លះ​ក៏​ឮ​ការបាញ់​កាំភ្លើង​រះ​មក​លើ​ក្រុម​ម៉ុងតាញ៉ា ​ដែល​ភៀសខ្លួន​ទាំង​ការ​ភ័យខ្លាច​នោះ​ផងដែរ។

«ដោយសារថា​ ប្រសិន​បើយើង​ត្រូវគេ​ចាប់បាន ​យើងត្រូវ​គេ​សម្លាប់»។

លោក ធឿ រ៉ាយាំង​ បាន​បន្ថែម​ថា​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ខ្លះ​ត្រូវបាន​គេរាយ​ការណ៍​ថា បាន​រង​ការធ្វើ​ទារុណកម្ម ​ចាប់​ដាក់​ពន្ធនាគារ​និង​ធ្វើបាប​តាម​វិធី​ឃោរឃៅ​ផ្សេងៗ​ នៅ​ពេលដែល​វិលត្រឡប់​ទៅ​ទឹកដី​វៀតណាម​វិញ។

លោក ធឿ រ៉ាយាំង ​ដែលមាន​ដើមកំណើត​ក្នុងគ្រួសារ​កសិករ​ម៉ុងតាញ៉ា​នេះ បាន​និយាយ​ពី​រឿង​រ៉ាវមួយ​ផ្សេងទៀត​ថា ម្តាយ​មីង​របស់​លោក​ដែលមាន​ទារក ​ហើយ​យំ​ ក្នុងពេល​គេចខ្លួន មក​កាន់​កម្ពុជា ​ត្រូវបាន​បង្ខំ​ឱ្យ​ត្រឡប់​ទៅភូមិ​វិញ​ ដោយ​ខ្លាច​សំឡេង​ទារក​យំឮ​ដល់​កងទ័ព ​ហើយ​ចាប់​ពួកគេ​ទាំងអស់​គ្នា​ធ្វើបាប​ ឬមាន​គ្រោះថ្នាក់​ដល់​ជីវិត។

លោក ធឿ រ៉ាយាំង ​ក៏បាន​អះអាង​ថា លោក​ត្រូវបាន​ទុកចោល​នៅក្នុង​ជំរំ​ បន្ទាប់​ពីការ​មក​ដល់​ជំរំ​នោះ ខណៈ​ដែល​ឪពុក​របស់​ខ្លួន​ត្រឡប់​ទៅផ្ទះវិញ​ដើម្បីនាំ​សមាជិក​ទាំងអស់​នៃ​គ្រួសារ​មក​ជំរំជន​ភៀស​ខ្លួន​នៅកម្ពុជា​ ដែលគេ​ឃើញ​មាន​ជនជាតិ​ដើម​ភាគតិច​ក្មេង ​ចាស់​ ប្រុស ស្រី ​ជាច្រើន​កំពុង​រស់​នៅ។

ឪពុកម្តាយ​របស់​លោក ធឿ រ៉ាយាំង​ និង​សមាជិក​គ្រួសារ​ដែល​នៅ​សេសសល់​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ ហ្គ្រីន្សបូរ៉ូ ​រដ្ឋ​ North Carolina ​បន្ទាប់ពី​បាន​ភៀសខ្លួន​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​អាជ្ញាធរ​វៀតណាម​នៅតំបន់​ភ្នំ​ភាគ​កណ្តាល ប្រទេស​វៀតណាម។

លោក​បាន​លើក​ឡើង​ថា៖ «ជនជាតិ​ដើមភាគ​តិច​របស់​យើង​ជាច្រើន​ចង់រស់​នៅ​ដោយ​សន្តិភាព។ ​ដំបូង​យើង​មិន​បាន​យកចិត្ត​ទុកដាក់​ចំពោះរឿង​នយោបាយ​ទាំងអស់​នោះ​ទេ។ ​យើង​គ្រាន់តែ​មិនចង់​ឱ្យ​គេជិះជាន់​ ហើយ​អាចធ្វើ​កិច្ចការ​ជារឿង​ផ្ទាល់ខ្លួន​របស់​យើង។ ​ប៉ុន្តែ​វាពិតជា​លំបាក​ណាស់ ​នៅពេល​ឃើញ​គេមក​ជិះជាន់​ គាបសង្កត់​ក្នុង​សហគមន៍​របស់​យើង​ពេលខ្លះ ហើយ​យក​របស់​របរ​និងដីធ្លី​និង​ទ្រព្យ​សម្បត្តិ​របស់​យើង ​និង​ប្រព្រឹត្ត​អយុត្តិធម៌​មក​លើ​យើង​នោះ»។

លោក ធឿ រ៉ាយាំង ​បាន​និយាយ​បន្ថែម​ទៀតថា​ ពួកគេ​បង្ខំឲ្យ​ជនជាតិ​ដើម​ភាគតិច​មិន​ឲ្យ​ធ្វើ​អ្វីៗ​តាម​ប្រពៃណី​ចាស់​បូរាណ​របស់​ពួកគេ​ តែ​ត្រូវ​ធ្វើតាម​បញ្ជា​របស់​អាជ្ញាធរ​ទាក់ទង​នឹង​វប្បធម៌ សាសនា​ជាដើម​នោះ។

យ៉ាងណាក្តី​ នៅតាម​ផ្លូវមក​កាន់​សហរដ្ឋ​អាមេរិក ​លោក ធឿ រ៉ាយាំង ​បានរៀប​រាប់ថា​វាជា​រឿង​រំភើប​និងភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​ ក្នុងការ​ឃើញ​ពិភព​ខាងក្រៅ​ដែល​មិន​ធ្លាប់ឃើញ​និង​យល់ដឹង​ពីមុន។

លោក​បាន​ប្រាប់​ VOA ថា៖ «ដំបូង​ខ្ញុំឃើញ​ភាព​អស្ចារ្យ​ខ្លាំងណាស់​ ព្រោះខ្ញុំ​មិនដែល​ឃើញ​អគារ​ធំៗ​មាន​ភ្លើងភ្លឺ​ចញ្ចែង​ចញ្ចាច​ ​និង​រថយន្ត​មានភ្លើង​ច្រើនទេ ​ព្រោះយើង​នៅលើ​យន្តហោះខ្ញុំពិត​ជា​ចាប់​អារម្មណ៍ ​ដែល​បាន​ជិះយន្ដហោះ​ដែលខ្ញុំ​មិនធ្លាប់​ដឹង​ថា មាន​យន្តហោះ​និង​របស់​របរ​ទំនើប​ផ្សេងៗ​នោះទេ​ ព្រោះថា​យើង​រស់នៅ​លើភ្នំ​និងនៅ​ក្នុងព្ រៃ​ហើយ​យើង​មិនធ្លាប់​ដឹង​រឿងរ៉ាវ​ទាំងនោះ ​ដែលមាន​បច្ចេកវិទ្យា​ទំនើប​នោះទេ ​ប៉ុន្តែ​យើង​មានការ​ភ្ញាក់ផ្អើលខ្លាំង​ណាស់»។

អង្គការ​ជនភៀស​ខ្លួន​របស់​សហប្រជាជាតិ ​UNHCR ​នៅដើមឆ្នាំ ​២០០០​ បានជួយ​ដល់​ជនជាតិ​ម៉ុងតាញ៉ា​ដែល​មាន​ការព្រួយ​បារម្ភ​ពីជីវិត​របស់​ពួកគេ​ជាច្រើន ​ដែល​គេច ចេញ​ពីទឹកដី​វៀតណាម​ដើម្បី​មក​ស្នាក់​នៅជំរំ ​ក្នុង​ខេត្តមណ្ឌល​គិរី​ មុន​ពេល​ផ្តល់ជូន ឋានៈ​ជាជន​ភៀសខ្លួន​ ហើយ​អាច​ឱ្យពួក​គេ​មាន​សិទ្ធិជ្រក​កោន​និង​តាំង​ទីលំនៅ ​នៅ ក្នុង​ប្រទេស​ទី៣​ រួមទាំង​សហរដ្ឋ​អាមេរិក។​

រដ្ឋាភិបាល​កម្ពុជា​នៅពេល​នោះ​បាន​សហការគ្នា​ជាមួយ​អង្គការ​ UNHCR ​ដែរ ​តែ​អាជ្ញាធរ​កម្ពុជា​ពេលខ្លះ​បាន​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​មួយចំនួន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ ដោយចាត់​ទុកថា ​មិនមែន​ជា​ជន​ភៀសខ្លួន​ តែថា​ជា​អ្នក​ឆ្លងដែន​ខុស​ច្បាប់។​ ទង្វើនេះ ​ពេលខ្លះ​បាន​នាំ​ឲ្យមាន​ការ រិះគន់​យ៉ាងខ្លាំង​ពីក្រុម​សិទ្ធិមនុស្ស​ថា​អាជ្ញាធរ​កម្ពុជា​មិន​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ជន​ភៀស​ខ្លួន​ ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី៕