ភ្នំពេញ —
ព្រះសង្ឃមួយអង្គត្រូវបានបណ្តេញពីវត្តបទុមវតី្ត ក្រុងភ្នំពេញទាំងយប់ ដោយសារការចូលរួមពិធីជួបជុំដ៏ធំមួយរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ។ ប៉ុន្តែក្រោយមកព្រះតេជព្រះគុណត្រូវអនុញ្ញាតឲ្យបន្តគង់នៅក្នុងវត្តវិញ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន។
គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានធ្វើពិធីជួបជុំមហាជនមួយកាលពីរសៀលថ្ងៃច័ន្ទនៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួមយ៉ាងតិចជាង១ម៉ឺននាក់ដែលភាគច្រើនជាអ្នកបោះឆ្នោត ហើយព្រះតេជព្រះគុណវឿង សំណាង ដែលជានិស្សិតផ្នែករដ្ឋបាលនៃពុទ្ធិកៈសកលវិទ្យាល័យសីហនុរាជ្យ និងជានិស្សិតនៅសកលវិទ្យាល័យបញ្ញាសាស្ត្រ និងសព្វថ្ងៃគង់នៅវត្តបទុមវត្តីក៏បានចូលរួមក្នុងពិធីជួបជុំនេះដែរ។
លុះប៉ុន្មានម៉ោងក្រោយពីត្រឡប់មកពីចូលរួមក្នុងពិធីជួបជុំនេះ ព្រះតេជព្រះគុណត្រូវបណ្តេញចេញពីវត្តដោយគ្រូសូត្រស្តាំវត្តនៃវត្តនេះព្រះនាមឃឹម សន ដែលជាព្រះមេគុណសង្ឃ រាជធានីភ្នំពេញ។
ព្រះតេជព្រះគុណវឿង សំណាងមានសង្ឃដីកាថា ព្រះអង្គត្រូវភា្នក់ងារក្នុងវត្តតាមដាននិងបានថតរូបរបស់ព្រះអង្គដែលមានវត្តមានក្នុងចំណោមក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយព្រះអង្គត្រូវបណ្តេញចេញដោយសំអាងថា ព្រះអង្គចូលរួមសកម្មភាពនយោបាយ។
ប៉ុន្តែលុះព្រឹកថ្ងៃអង្គារនេះ ព្រះតេជព្រះគុណគ្រូសូត្រស្តាំឃឹម សនបានអនុញ្ញាតឲ្យព្រះតេជព្រះគុណវឿង សំណាងបន្តគង់នៅក្នុងវត្តបទុមវត្តីឡើងវិញ ប៉ុន្តែព្រះតេជព្រះគុណមិនត្រូវចូលរួមក្នុងសកម្មភាពនយោបាយណាមួយជាមួយគណបក្សប្រឆាំងតទៅទៀត។ នេះបើតាមសង្ឃដីការបស់ព្រះតេជព្រះគុណវឿង សំណាង។
«ព្រះមេគុណបានហៅអាត្មាទៅចរចាទាក់ទងនឹងអភិសម្មាចារ្យ ព្រះវិន័យ និងច្បាប់វត្ត។ ដល់ពេលអញ្ចឹងបានឱ្យអាត្មាចុះលក្ខន្តិកៈសម្របសម្រួលគ្នា ហាមមិនឱ្យអាត្មាចូលរួមក្នុងទីលានប្រជាធិបតេយ្យ និងបាតុកម្មទៀតទេ។ បើសិនជានៅតែចូលរួមក្នុងទីលានប្រជាធិបតេយ្យ ឬសកម្មភាពនយោបាយអ្វីផ្សេង ត្រូវទទួលខុសត្រូវដោយខ្លួនឯង និងចេញពីវត្ត មិនចាំបាច់អ្នកណាដេញទេ។ នេះគឺជាលក្ខខណ្ឌដែលអាត្មាទទួលយល់ព្រមពីវត្ត»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីព្រះតេជព្រះគុណឃឹម សន ដែលជាអ្នកសម្រេចបណ្តេញព្រះសង្ឃ វឿង សំណាងចេញពីវត្ត តែមិនអាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃនេះ ដោយទូរស័ព្ទរបស់ព្រះអង្គបានបិទភ្លាម បន្ទាប់ពីអ្នកយកព័ត៌មានវីអូអេខេមរភាសាបានណែនាំខ្លួន។
ទោះជាបែបនេះក្តី និស្សិតម្នាក់ទៀត ដែលស្នាក់នៅវត្តជាមួយព្រះតេជព្រះគុណ វឿង សំណាង ហើយដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុននេះប្រហែល២សប្តាហ៍ ប្រធានកុដិនៅវត្តបទុមវត្តីបានកោះប្រជុំសង្ឃក្នុងវត្តហើយបានដាក់បម្រាមការចូលរួមបាតុកម្ម ឬសកម្មភាពនយោបាយណាមួយទេ ប៉ុន្តែបម្រាមនេះមិនបានបញ្ជាក់ពីផលវិបាកនៃការចូលរួមនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិបានថ្កោលទោសការបណ្តេញព្រះសង្ឃចេញពីវត្តនេះថា ជាទង្វើខុសច្បាប់ និងវិន័យព្រះពុទ្ធសាសនា និងជាទង្វើរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ។
លោកហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងថា ការអនុញ្ញាតឲ្យព្រះតេជព្រះគុណវឿង សំណាងគង់នៅវត្តបទុមវត្តីឡើងវិញនេះកើតមានឡើងក្រោយពីមានការសម្របសម្រួល អន្តរាគមន៍និងប្រតិកម្មពីអង្គការសង្គមស៊ីវិល។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការបណ្តេញចេញនិងដាក់លក្ខខណ្ឌនេះជាអំពើល្មើសច្បាប់។
«បើដាក់លក្ខខណ្ឌអញ្ចឹង ទាល់តែដាក់លក្ខខណ្ឌសម្តេចទេព វង្ស កុំឱ្យគាត់មានសង្ឃដីកាតែផ្តេសតែផ្តាស គាំទ្រគណបក្សមួយផ្កាប់មុខអញ្ចឹង និងប្រើពាក្យអសុរសផង។ ទីពីរ បើគ្រាន់តែរឿងចូលរួមបាតុកម្មអហិង្សា និងស្របច្បាប់ប៉ុណ្ណឹងគ្មានអ្វីខុសទេ។ បុគ្គលណាក៏មានសិទ្ធិចូលរួមដែរ រួមទាំងព្រះសង្ឃផង»។
រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាចែងថា ពលរដ្ឋគ្រប់រូប រួមទាំងព្រះសង្ឃផង មានសិទ្ធិសេរីភាពលើជំនឿសាសនា និងសិទ្ធិនយោបាយ៕