ជនជាតិដើមភាគតិច​នៅ​ខេត្តមណ្ឌល​គិរី​ទទូច​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់

ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំគ្នា​នៅ​​ដី​មួយកន្លែង​ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ ២០២២។ (រូបថត​ផ្តល់​ឱ្យ​ដោយ​ តាំ ប៊ុនធឿន)

ប្រជា​សហគមន៍​ជន​ជាតិ​ពូនង​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ជំរុញ​អាជ្ញាធរដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​ពួក​គេ​ជាមួយ​ឧកញ៉ា​ម្នាក់​ឈ្មោះ ​ជឹង ធានសេង ​ដែល​ទទួល​បាន​ដី​អនុបយោគ​ពី​រដ្ឋាភិបាលប្រមាណ​៣៣០​ហិកតា ​នៅ​ទីតាំង​ចំនួន​ពីរ​ផ្សេង​គ្នា។​

កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២២ ​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ដី​ទៅ​ឱ្យឧកញ៉ា​ ជឹង ធាន​សេង ​តាម​សំណើ​សុំ​ទិញ​ផ្តាច់​ដី​ចំនួន​២​ទីតាំង ​ទំហំ​សរុប​ចំនួន​៣៣៤​ហិកតា​៥អា។​ ទីតាំង​ទីមួយ​ស្ថិត​ក្នុង​ភូមិ​ពូតាំង ​សង្កាត់​រមនា ​ក្រុង​សែន​មនោរម្យ ​និង​ទីតាំង​មួយទៀត​ស្ថិត​ក្នុង​ភូមិ​ពូរ៉ាង ​ឃុំ​សែន​មនោរម្យ ​ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិរី ​ដែល​រដ្ឋាភិបាល​បញ្ជាក់​ថា​ សម្រាប់​ធ្វើ​ការ​វិនិយោគ​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។​ ប៉ុន្តែ​ការ​ផ្តល់​ដី​នេះ​ប៉ះពាល់​ដី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​រហូត​មក​ដល់​ពេល​នេះ ​ពួកគេ​កំពុង​សុំ​ឱ្យអាជ្ញាធរ​ដោះ​ស្រាយ​ជូន​ពួក​គេ។​

អ្នកស្រី ​សេង លេង ​ប្រជា​សហគមន៍​ដែល​ដី​របស់​គាត់​រង​ផល​ប៉ះ​ពាល់ ​ប្រាប់​វីអូអេ​ថា​ ក្រុម​ហ៊ុន​បាន​ចុះ​ទៅ​ដក​បង្គោលរបស់​ប្រជា​ពលរដ្ឋ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២២។​ អ្នកស្រី​ថា​ សកម្មភាព​របស់​ក្រុម​ហ៊ុន​ហួស​ព្រំដែន​ ដោយ​មាន​ការ​បំផ្លាញ​ស្វាយ​ចន្ទី​នៅ​ក្នុង​ចម្ការ​របស់​អ្នក​ស្រី។ ការណ៍​នេះ​ប៉ះ​ពាល់​ក្តី​សង្ឃឹម​របស់​ស្រី​ក្នុង​ការ​ទទួល​ផល​ពី​ស្វាយ​ចន្ទី​ដើម្បី​បាន​ប្រាក់​ចំណូល​យកទៅ​បង់​សង​បំណុល​ដែល​អ្នកស្រី​ជំពាក់​គេ។​

ស្ត្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ​ថ្លែង​ថា៖ ​«ស្វាយ​ប្រហែល​ជា​២​០០​ដើម​ ហើយ​ដាំ​ដុះ​ប្រហែល​រយៈ​ពេល​៦​ឆ្នាំ​ហើយ។ ​ស្វាយ​ឡើង​ចេញ​ផ្កា ​ចេញ​ផ្លែ​ហ្នឹង​ណា៎​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ឆ្នាំ​នេះ​បាន​ប្រមូល​ផល​ស្វាយ​ចន្ទី​ហ្នឹង​ អាច​មាន​ជីវភាព​ល្អ​ប្រសើរ​ហើយ​ មាន​លុយ​សង​ធនាគារ​ហើយ។ ​ដល់​ពេលអ៊ីចឹង​ មាន​ឯណា​ ជីវ​ភាព​កាន់តែយ៉ាប់​លើស​ដើម​ បើ​គេ​បំផ្លាញ​អស់​ហើយ»។​

អ្នក​ស្រី​បង្ហាញ​ក្តីសោក​ស្តាយ ​និង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ​ខណៈ​អ្នក​ស្រី​ក៏ដូច​ជា​អ្នក​ផ្សេង​ទៀត​រស់​នៅ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ចម្ការ​ ដោយ​ការ​ដាំ​ដំណាំ​ផ្សេងៗ។​

អ្នកស្រី​បន្ថែម​ថា៖ «ហើយ​ខ្ញុំ​តាំង​ពី​គេ​កាប់​បំផ្លាញ​ដំណាំ​ហ្នឹង​មក ​គឺ​ថា ​អស់​ទឹក​ចិត្ត​ធ្វើ​ស្រែ​ចម្ការ​ហ្មង។ ​ខ្លាច​តែ​ពេល​ថ្ងៃ​ក្រោយ ​ប្រជា​ពល​រដ្ឋធ្វើ​ដំណាំ​ដាំដុះ​មក​ គេ​មក​បំផ្លាញ​ទៀត ​ដល់​ពេល​អ៊ីចឹង ​ប្រជា​ពល​រដ្ឋអស់​ទឹក​ចិត្ត​នឹង​ធ្វើ​ស្រែ​ចម្ការ។​ ហើយ​បើ​មិន​ធ្វើ​ស្រែ​ចម្ការ​ ឱ្យ​ប្រជា​ពល​រដ្ឋ​សង្ឃឹម​អី?»​
អ្នក​ស្រី​ទទូចឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ជួយ​ធ្វើ​អន្តរាគ​មន៍​លើ​ករណី​នេះ​ ជា​ពិសេស​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​

ពលរដ្ឋ​ម្នាក់​ទៀត ​លោក ​ជើស ម្លើង​ អាយុ​៦០​ឆ្នាំ​ ប្រាប់​វីអូអេ​ថា​ លោក​បាន​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​ទសវត្សរ៍​១៩៨០​មក។​ បុរស​វ័យ​៦០​ឆ្នាំ​រូប​នេះ​អះអាង​ថា ​លោក​មិន​ចង់​ឱ្យ​មាន​ការ​រំលោភ​បំពាន​ណាមួយ​ឡើយ​ និង​ថា​ ចង់​ឱ្យ​រក្សា​ដី​នៅ​ស្ថាន​ភាព​ដើម​ ដោយ​ហេតុ​ថា ​ដីនោះ​ជា​កន្លែង​វប្បធម៌​របស់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។​

លោក​ថ្លែង​ថា៖​ «អាហ្នឹង​វា​ប៉ះពាល់​ដូច​ថា​ ដី​អារក្ស​ អ្នក​តា ​ដី​ចម្ការ​វិល​ជុំ ​ដី​ឃ្វាល​គោក្របី ​អ៊ីចឹង​ណា៎។ ​ហើយ​យើង​ធ្វើ​ចម្ការ​ធ្វើ​អី​ទៅ​វា​អត់​មាន​ផ្លូវ​ ជាន់​កន្លែង​ណា​ក៏​ដី​គេៗ។​ យូរៗ​ទៅ​ គេ​ដាក់​របង​ទៅ ​យើង​មិន​ប៉ះពាល់?»​

លោក​បន្ត​ថា​ ដី​ទាំង​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​ឧកញ៉ា​ ជឹង ធានសេង​ ដាក់​របង​ព័ទ្ធ​ ចាប់​ពី​ថ្ងៃទី​១៧ ​ខែ​សីហា ​ដល់​ទី​២៥ ​ខែ​សីហា​ ឆ្នាំ​២០២២។ ​ទោះ​ជា​យ៉ាង​ណា​ លោក​ថា ​មក​ទល់​ពេល​នេះ ​ប្រជាពល​រដ្ឋ​បាន​ដក​ចេញ​វិញ​អស់​ហើយ ​ ប៉ុន្តែ​ទំនាស់​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​របស់​ឧកញ៉ា ជឹង ធានសេង ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា​ ប៉ុន្តែ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ ​រហូត​មក​ដល់​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ។​
លោក ​ជាក់ ម៉េងហ៊ាង​ អភិ​បាលរង​ខេត្ត​មណ្ឌល​គិរី ​និង​ជា​អ្នក​នាំ​ពាក្យ ​ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​បាន​សិក្សា​ និង​ពិនិត្យ​ពី​ផល​ប៉ះពាល់​រួច​រាល់​ហើយមុន​ធ្វើ​អនុ​បយោគ​ទៅ​ឱ្យ​ឯកជន។​

លោក​ថ្លែង​ថា៖​ «ករណី​នេះ​យើង​មាន​អនុ​បយោគ​ មាន​ន័យ​ថា ​គេ​សិក្សា​គ្រប់​គ្រាន់​ថា​ មិន​មាន​អី​នៅ​ក្នុង​ហ្នឹង​ទេ​ បាន​រាជរ​ដ្ឋាភិបាល​សម្រេច​ផ្ទេរ​ដី​ហ្នឹង​ទៅ​ឱ្យ​ឯកជន»។​

ឧកញ៉ា​ ជឹង ធានសេង​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្អូន​ប្រុស​របស់​អ្នកស្រី ​ជឹង សុភាព​ ហៅ​យាយ​ភូ​ ដែល​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ និង​ត្រូវ​ជា​ភរិយា​របស់​លោក ​ឡាវ ម៉េង​ឃីន​ សមាជិ​ក​ព្រឹទ្ធ​សភា​ម្នាក់​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​មួយ ​ចុះ​ថ្ងៃទី​២២​ ខែ​សីហា ​ឆ្នាំ​២០២២ ​ រដ្ឋាភិបាល​បាន​ធ្វើ​អនុ​បយោគ​សម្បត្តិ​ឯក​ជន​របស់​រដ្ឋ​នូវ​ផ្ទៃដី​ចម្ការ​ស្រល់​រដ្ឋ​ទំហំ​៧៩​ហិកតា​ ៥អា​ ស្ថិត​នៅ​ក្នុង​ភូមិ​ពូតាំង​ សង្កាត់​រមនា ​ក្រុង​សែន​មនោរម្យ​ និង​ផ្ទៃ​ដី​ទំហំ​២៥៥​ហិកតា ​នៅ​ក្នុង​ភូមិ​ពូរ៉ាង ​ឃុំ​សែន​មនោរម្យ ​ស្រុក​អូររាំង ​ខេត្ត​មណ្ឌល​គិរី។​ សេចក្តី​ជូន​ដំណឹងនោះបញ្ជាក់​ថា​ រដ្ឋាភិបាល​លក់​ផ្តាច់​ទីតាំង​នេះ​ជូន​ឧកញ៉ា​ជឹង ធានសេង ​ក្នុង​តម្លៃ​២០០០​ដុល្លារ​ក្នុង​មួយ​ហិកតា ​សរុប​ចំនួន​១៥៨១០០​ដុល្លារ​អាមេរិក។​
ចំណែក​ដី​ក្នុង​ភូមិ​ពូរ៉ាង​វិញ ​ រដ្ឋាភិបាល​លក់​ក្នុង​តម្លៃ​១៥០០​ដុល្លារ​ក្នុង​មួយ​ហិកតា​ស្មើ​នឹង​តម្លៃ​សរុប​៣៨២៥០០​ដុល្លារ​អាមេរិក។​

អ្នក​សម្រប​សម្រួល​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌល​គិរី ​លោក​ ប៉ូរ៉េ កាំពី​ ប្រាប់​វីអូអេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​បាន​ចុះ​ទៅ​កាន់​ទីតាំង​ដី​នោះ ​ដោយ​ផ្ទាល់​ ហើយ​ឃើញ​ថា ​វា​ជា​កន្លែង​ដែល​ប្រជា​ពល​រដ្ឋ​ប្រកប​របរ​ធ្វើ​កសិកម្ម។ ​លោក​បន្ត​ថា ​វា​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពល​រដ្ឋ ​នៅ​ពេល​ដែល​រដ្ឋា​ភិបាល​លក់​ដី​តំបន់​នោះ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​ឃើញ​ថា ​តំបន់​ហ្នឹង​ប៉ះ​ពាល់​ច្រើនមែន​ទែន​ ដោយ​សារ​តែ​ពួក​គាត់​ពឹង​ផ្អែក​ទៅ​លើ​ចម្ការ​ហ្នឹង»។​

លោក​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​ឆ្វៀលដី​ទៅ​ឱ្យ​ប្រជា​ពល​រដ្ឋ​ហើយ​ដាក់​បញ្ចូល​ដី​តំបន់​នោះ​ជា​សម្បត្តិ​សមូហ​ភាព។​

បន្ថែម​ពីនេះ ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អះ​អាង​ថា​ តម្លៃ​ដី​ដែល​រដ្ឋា​ភិបាល​លក់​គឺមិន​សម​ស្រប​ទៅ​នឹង​តម្លៃ​ទីផ្សារ​ឡើយ ​ ខណៈ​តម្លៃទី​ផ្សារ​បច្ចុប្បន្ន​អាច​នៅ​ចន្លោះ​ពី​៥០០០ ​ទៅ​៦០០០​ដុល្លារ ​ក្នុង​មួយ​ហិកតា៕