អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រតិកម្មនឹងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលផ្តល់ពានរង្វាន់សិទ្ធិមនុស្សឱ្យ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ដោយលើកឡើងថា វាជាសារជំរុញផ្តល់កម្លាំងដល់ក្រុមដែលត្រៀមខ្លួនកេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈ ជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរដែលកំពុងជាប់ឃុំក្រោយការដឹកនាំធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅថ្ងៃទី២ ខែកុម្ភៈ ហើយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះហៅជ័យលាភីនេះថា ជាបុគ្គលល្មើសច្បាប់នៅកម្ពុជា ហើយថា៖ «ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា ពានរង្វាន់ គឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនា និងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការ រើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបន្តថា ចំណាត់ការផ្លូវច្បាប់ចំពោះកញ្ញា ឈឹម ស៊ីថរមិនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាមមិនឱ្យចាកចេញពីដែនដីកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សេចក្តីប្រកាសនេះបន្ថែមថា៖ «ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ ជាមួយភស្តុតាងរឹងមាំដើម្បីដោះបន្ទុកនៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ»។
អ្នកនាង Stephanie Arzate អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាសុំមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែប្រាប់ឱ្យទៅមើលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីការផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ។
បន្ទាប់ពីកញ្ញាឈឹម ស៊ីថរទទួលបានពានរង្វាន់នេះ ក្រុមសង្គមស៊ីវិលដែលការពារសិទ្ធិមនុស្សសាទរចំពោះការទទួលបានពានរង្វាន់នេះ និងថា ជាការស័ក្តិសមទៅនឹងការលះបង់របស់កញ្ញា។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនកញ្ញាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកញ្ញាបានត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ។ តុលាការបានចោទកញ្ញាពីបទរំលោភលើលក្ខខណ្ឌនៃការបានស្ថិតនៅក្រៅឃុំ ប៉ុន្តែក្រុមសិទ្ធិមនុស្សលើកឡើងថា ទាំងកញ្ញាឈឹម ស៊ីថរ និងមេធាវីរបស់កញ្ញា មិនបានទទួលការជូនដំណឹងពីតុលាការអំពីលក្ខខណ្ឌបម្រាមលើការធ្វើដំណើរចេញក្រៅប្រទេសនោះទេ៕