នៅពេលដែលអាចារ្យហិណ្ឌូធ្វើពិធីសាសនា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបើកសម្ពោធវិហារហិណ្ឌូដ៏ធំមួយកាលពីថ្ងៃទី ២២ ខែមករាកន្លងទៅនេះដើម្បីជាការថ្វាយព្រះកិត្តិយសដល់ព្រះរាម ដែលជាព្រះជាទីគោរពសក្ការៈបំផុតមួយអង្គរបស់សាសនាហិណ្ឌូ។ ព្រះវិហារនេះត្រូវបានសាងសង់ឡើងក្នុងទីក្រុង Ayodhya នៅភាគខាងជើងប្រទេសឥណ្ឌា។
វិហារដែលសង់ឡើងពីថ្មភក់ពណ៌ផ្កាឈូកនិងមានក្បាច់រចនាដ៏ស្រស់ស្អាតនេះស្ថិតនៅលើទីតាំងនៃវិហារអ៊ិស្លាមសម័យ Mughal សតវត្សរ៍ទី១៦ ដែលត្រូវបានបំផ្លាញដោយហ្វូងមនុស្សកាន់សាសនាហិណ្ឌូកាលពី ៣ ទសវត្សរ៍មុន។
បន្ទាប់ពីរូបចម្លាក់ព្រះរាមដែលសង់ពីថ្មពណ៌ខ្មៅត្រូវបានបើកបង្ហាញមក លោក Modi បានប្រាប់ក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ថា៖ «ព្រះរាមរបស់យើងបានយាងមកដល់ហើយ។ ការលះបង់និងការអត់ធ្មត់រាប់សតវត្សរ៍កន្លងមកបានធ្វើឱ្យយើងសម្រេចបំណងហើយ»។ លោក Modi បានបន្ថែមថា៖ «ករណីនេះបាននាំមកនូវថ្ងៃថ្មីសម្រាប់យុគសម័យថ្មីមួយ»។
ពិធីសម្ពោធវិហារ Ram Mandir ដែលតុបតែងដោយផ្កាលាតសន្ធឹងលើផ្ទៃដីជាង ៣ ហិកតានេះគឺជាការបំពេញតាមការសន្យារបស់គណបក្ស Bharatiya Janata របស់លោក Modi ដែលបានដឹកនាំចលនាមួយអស់រយៈពេលមួយទសវត្សរ៍ឱ្យមានការសាងសង់វិហារនេះនៅលើទីតាំងនៃវិហារអ៊ិស្លាម សម័យ Mughal នោះ។ អ្នកកាន់សាសនាហិណ្ឌូជឿថាវិហារអ៊ិស្លាមសម័យ Mughal នេះត្រូវបានសាងសង់ឡើងនៅលើទីតាំងរបស់វិហារបុរាណចាស់ទ្រុឌទ្រោមដែលត្រូវបានគេសម្គាល់ថាជាកន្លែងកំណើតរបស់ព្រះរាម។
ក៏ប៉ុន្តែសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមជាច្រើន វិហារហិណ្ឌូថ្មីនេះគឺជាការរំឭកដល់ការបំផ្លិចបំផ្លាញវិហារអ៊ិស្លាមនោះ។
នៅខែធ្នូ ឆ្នាំ ១៩៩២ ក្រុមសកម្មជនហិណ្ឌូស្តាំនិយមដ៏ច្រើនសន្ធឹកសន្ធាប់បានប្រើញញួរ ពូថៅ និងដៃទទេ ដើម្បីវាយកម្ទេចវិហារអ៊ិស្លាមនោះ។ ករណីនេះបានបង្កឱ្យមានកុបកម្មសាសនានៅទូទាំងប្រទេសឥណ្ឌា ដែលបានធ្វើឱ្យមនុស្សជិត ២.០០០ នាក់ស្លាប់។ វាជាអំពើហិង្សាសហគមន៍ដ៏អាក្រក់បំផុតដែលបានកើតឡើងនៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីប្រទេសនេះបានទទួលឯករាជ្យមក។
ព្រឹត្តិការណ៍សាសនានេះគឺជាការបង្ហាញឱ្យឃើញអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនិងថ្នាក់ជាតិមួយនៅក្នុងប្រទេសដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ។
ក្នុងចំណោមមនុស្សជាង ៧.០០០ នាក់ដែលបានមើលឃើញពិធីសម្ពោធដែលចាក់ផ្សាយតាមផ្ទាំងសំពត់សដ៏ធំនៅខាងក្រៅវិហារនេះនៅក្នុងទីក្រុងតូចមួយ គេក៏ឃើញមានវត្តមានអ្នកនយោបាយកំពូលៗ មហាសេដ្ឋី និងតារាភាពយន្តបូលីវូដ (Bollywood) ផងដែរ។ ឧទ្ធម្ភាគចក្ររបស់ទ័ពអាកាសឥណ្ឌាបានបាចផ្កាលើវិហារនោះ។ រដ្ឋាភិបាលឥណ្ឌាបានប្រកាសឱ្យមានការឈប់សម្រាកកន្លះថ្ងៃ។
នៅក្នុងទីក្រុង Ayodhya អ្នកកាន់សាសនាហិណ្ឌូបានវាយស្គរនិងរាំគ្រាដែលគេចាក់ចម្រៀងសាសនាតាមឧបករណ៍បំពងសំឡេង។ រីឯនៅតាមទីក្រុង ទីប្រជុំជន និងភូមិនានាវិញ ដែលភាពរំភើបសប្បាយរីករាយបានកើតមានឡើងអស់ជាច្រើនសប្តាហ៍មកហើយ មនុស្សជាច្រើនបានអុជចង្កៀងលើដីដើម្បីបំភ្លឺនៅពេលដែលពួកគេធ្វើតាមការអំពាវនាវរបស់លោក Modi ឱ្យមានការប្រារព្ធពិធីនេះដូចទៅនឹងការប្រារព្ធពិធីបុណ្យហិណ្ឌូ Diwali ដ៏ធំបំផុតដូច្នេះដែរ។
ទង់ពណ៌លឿងទុំដែលមានរូបព្រះរាមត្រូវបានគេដោតនៅខាងក្រៅផ្ទះនិងហាងជាច្រើន។ មនុស្សរាប់លាននាក់បានមើលការផ្សាយអំពីពិធីនេះតាមកញ្ចក់ទូរទស្សន៍នៅតាមផ្ទះរបស់ពួកគេ។
ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏មេដឹកនាំសាសនាហិណ្ឌូមួយចំនួនបានបដិសេធមិនចូលរួមនៅក្នុងពិធីសម្ពោធនេះ ដោយនិយាយថាការធ្វើពិធីសាសនានៅក្នុងវិហារនេះគឺជាការប្រឆាំងនឹងសាសនាហិណ្ឌូ ដោយសារតែផ្នែកខ្លះនៃវិហារនេះនៅមិនទាន់បានសង់រួចរាល់នៅឡើយ។
គណបក្សប្រឆាំងភាគច្រើនក៏មិនបានចូលខ្លួនពាក់ព័ន្ធនឹងការសម្ពោធវិហារនេះដែរ ដោយបានចោទលោកនាយករដ្ឋមន្ត្រី Modi ថាបានប្រើប្រាស់ពិធីសម្ពោធវិហារនេះដើម្បីកេងចំណេញផ្នែកនយោបាយ។ មេដឹកនាំគណបក្ស Congress លោក Rahul Gandhi បានហៅការសម្ភោធនេះថាជា«រឿងនយោបាយទាំងស្រុងរបស់លោក Narendra Modi»។
នៅមុនការឧទ្ទិសវិហារនេះ លោក Modi បានចាប់ផ្ដើមធ្វើពិធីឱ្យខ្លួនមានភាពស្អាតបរិសុទ្ធតាមបែបសាសនាហិណ្ឌូរយៈពេល ១១ ថ្ងៃ ដែលរួមមានការតមអាហារនិងការធ្វើទស្សនកិច្ចទៅកាន់វិហារហិណ្ឌូនានានៅទូទាំងប្រទេសផងដែរ។ លោកបានធ្វើជាអធិបតីនៅក្នុងពិធីសាសនានេះ។
អ្នករិះគន់នានាបានចោទលោក Modi ថាបានធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងសាសនានិងរដ្ឋនៅក្នុងប្រទេសមួយដែលគោរពតាមរដ្ឋធម្មនុញ្ញបែបអាណាចក្រ។
អ្នកវិភាគនយោបាយលោក Rasheed Kidwai បាននិយាយថា៖ «វិហារនេះត្រូវបានលើកតម្កើងដោយលោក Modi ថាជាចំណុចខ្ពស់មួយនៅក្នុងប្រវត្តិសាស្ត្រអរិយធម៌របស់ប្រទេសឥណ្ឌា។ គណបក្ស Bharatiya Janata បានបង្ហាញដោយគ្មានលាក់លៀមថា ក្ដីបារម្ភខាងសាសនារបស់សហគមន៍អ្នកកាន់សាសនាហិណ្ឌូភាគច្រើនគឺស្ថិតនៅលើរបៀបវារៈនយោបាយរបស់គណបក្សនេះ»។
នៅទសវត្សរ៍ ១៩៩០ យុទ្ធនាការសាងសង់វិហារហិណ្ឌូនេះបានជំរុញឱ្យមានទស្សនៈជាតិនិយមហិណ្ឌូ ហើយបាននាំឱ្យគណបក្ស Bharatiya Janata ដែលមុនពេលនោះគ្រាន់តែជាគណបក្សនយោបាយបន្ទាប់បន្សំមួយប៉ុណ្ណោះ ក្លាយទៅជាកម្លាំងនយោបាយមួយដ៏មានឥទ្ធិពល។
អ្នកកាន់សាសនាហិណ្ឌូជាច្រើនមានអារម្មណ៍រំជើបរំជួលនៅពេលដែលវិហារដែលមានតម្លៃ ២១៧ លានដុល្លារនេះបានបើកសម្ពោធ។ មនុស្សជាច្រើនបាននិយាយថា ការឃើញរូបចម្លាក់ថ្មខ្មៅកម្ពស់ ១ ម៉ែត្រ ៣០ សង់ទីម៉ែត្ររបស់ព្រះរាមដែលដាក់បង្ហាញនៅក្នុងវិហារនេះគឺជារឿងដ៏រំជួលចិត្ត។ លោក Nitin Kumar បាននិយាយនៅក្នុងទីក្រុងញូវដែលីថា៖ «ខ្ញុំពិតជាសប្បាយចិត្ត។ វាគឺជារឿងជំនឿសម្រាប់ខ្ញុំ»។
វិហារដ៏ប្រណិតដែលស្ថិតនៅលើផ្ទៃដី ២៨ ហិកតានេះបានសាងសង់ឡើងនៅលើទីតាំងសាសនាមួយដែលជាទីតាំងបង្កឱ្យមានជម្លោះដ៏ជូរចត់បំផុតមួយរវាងអ្នកកាន់សាសនាហិណ្ឌូនិងអ្នកកាន់សាសនាអ៊ិស្លាម។ អ្នកកាន់សាសនាអ៊ិស្លាមគឺជាក្រុមអ្នកកាន់សាសនាភាគតិចធំបំផុតនៅឥណ្ឌា។
លោក Asaduddin Owaisi ដែលជាប្រធានគណបក្ស All India Majlis-e-Ittehadul Muslimeen ដែលជាគណបក្សប្រកាន់យកសាសនាអ៊ិស្លាម និងជាសមាជិករដ្ឋសភា បាននិយាយកាលពីថ្ងៃទី ២០ ខែមករាថា៖ «វាមានលក្ខណៈជាប្រព័ន្ធយ៉ាងខ្លាំង។ វិហារ Babri Masjid របស់អ្នកកាន់សាសនាអ៊ិស្លាមនៅឥណ្ឌាត្រូវបានគេបំផ្លាញចោល។ ប្រសិនបើវិហារនេះមិនត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំ ១៩៩២ នោះទេ យើងនឹងមិនជួបប្រទះសភាពដូចសព្វថ្ងៃនេះឡើយ»។
បន្ទាប់ពីការតស៊ូតាមផ្លូវច្បាប់នៅតុលាការអស់រយៈពេលជាច្រើនទស្សវត្សរ៍ពាក់ព័ន្ធនឹងកម្មសិទ្ធិលើទីតាំងនោះរវាងក្រុមអ្នកកាន់សាសនាហិណ្ឌូនិងក្រុមអ្នកកាន់សាសនាអ៊ិស្លាមមក តុលាការកំពូលឥណ្ឌាបានផ្តល់កម្មសិទ្ធទីតាំងនោះដល់ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅឆ្នាំ ២០១៩ ទោះបីជាតុលាការនេះបានហៅការបំផ្លាញវិហារអ៊ិស្លាមនោះថាជា «ការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ» ក៏ដោយ។ មួយឆ្នាំក្រោយមក លោក Modi បានចាក់គ្រឹះសាងសង់វិហារនោះ។
អ្នកវិភាគនានាបាននិយាយថា គណបក្ស Bharatiya Janata និងក្រុមអ្នកកាន់សាសនាហិណ្ឌូស្តាំនិយមបានលើកឡើងពីការសាងសង់វិហារនេះថាជាពេលនៃការលេចឡើងរបស់សាសនាហិណ្ឌូ បន្ទាប់ពីត្រូវបានគ្របដណ្តប់ជាច្រើនសតវត្សរ៍ដោយឥទ្ធិពលរបស់សាសនាអ៊ិស្លាមនិងអាណានិគមមក។
លោក Nilanjan Mukhopadhyay ដែលជាអ្នកនិពន្ធនិងជាអ្នកវិភាគនយោបាយ បាននិយាយថា៖ «បន្ទាប់ពីបានតតាំងគ្នានិងតស៊ូអស់រាប់ទសវត្សរ៍មក នេះគឺជាពិធីដ៏ជោគជ័យមួយដែលមានលោក Modi ជាអធិបតី»។ លោក Mukhopadhay បានហៅវិហារនេះថាជានិមិត្តរូបនៃ «នយោបាយនៃការសងសឹកនិងជ័យជម្នះ»។
ចំណាប់អារម្មណ៍ទៅលើវិហារថ្មីដ៏ធំនេះនៅមុនការបោះឆ្នោតជាតិដែលគេរំពឹងថានឹងចាប់ផ្តើមនៅខែមេសាខាងមុខទំនងជាផ្តល់សន្ទុះដល់យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្ស Bharatiya Janata។
លោក Modi បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤ ដោយបានសន្យាធ្វើការអភិវឌ្ឍ ក៏ប៉ុន្តែលោកក៏បានជំរុញនូវអ្វីដែលអ្នកអត្ថាធិប្បាយមួយចំនួនហៅថារបៀបវារៈ «ដំបូងបែបសាសនាហិណ្ឌូ» ក្នុងអំឡុងពេលកាន់តំណែងរយៈពេលពីរអាណត្តិរបស់លោកផងដែរ។
អ្នកវិភាគនយោបាយលោក Sandeep Shastri បានថ្លែងថា៖ «ការពិតដែលថាលោក Modi បានកាន់អំណាចអស់រយៈពេល ១០ ឆ្នាំមកហើយនោះអាចនាំឱ្យការគាំទ្រលោកមានការធ្លាក់ចុះ។ ក៏ប៉ុន្តែ បញ្ហានោះអាចត្រូវប៉ះប៉ូវវិញឬស្តារឡើងវិញដោយការសម្ពោធវិហារនោះ ជាពិសេសនៅភាគខាងជើងប្រទេសឥណ្ឌា ដែលគណបក្សនេះមានគ្រឹះគាំទ្រយ៉ាងខ្លាំង»។
អ្នករិះគន់បានចោទសួរថាតើការចូលរួមរបស់នាយករដ្ឋមន្ត្រីនៅក្នុងពិធីសាសនាមួយបានធ្វើឱ្យខូចដល់គោលសីលធម៌ពហុវប្បធម៌ដែលជាគ្រឹះបង្កើតប្រទេសឥណ្ឌាដែរឬទេ?
លោក Mukhopadhyay បាននិយាយថា៖ «គណបក្ស Bharatiya Janata បានបញ្ជាក់ថា នេះជាពេលនៃការស្តារជាតិឡើងវិញ។ ក៏ប៉ុន្តែ ការស្តារឡើងវិញនេះនឹងមានលក្ខណៈពិសេសខុសប្លែកពីគេដោយមិនឆ្លុះបញ្ចាំងអំពីភាពពហុនិយមនៃសង្គមឥណ្ឌានិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌាចំពោះរឿងនេះនៅពេលដែលប្រទេសនេះបានក្លាយជាប្រទេសឯករាជ្យ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់