ក្រុមហ៊ុន​អាមេរិក​​ថា​ការ​សាកល្បង​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​​របស់​ខ្លួន​​​បាន​លទ្ធផល​ល្អ​​ពេល​​សាកល្បង​ដំណាក់​កាល​ដំបូង

  • Reuters

រូប​ភាព​បង្ហាញ​ពី​ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​និង​ម្ជុលចាក់ថ្នាំ​ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០។

ក្រុមហ៊ុន​ផលិតឱសថអាមេរិក Moderna បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩​របស់​ខ្លួន ដែល​ត្រូវ​បាន​សាកល្បង បាន​បង្កើត​ជាតិ​អង់ទីគ័រដែល​អាច«បង្ក្រាប»​ឥទ្ធិពល​វីរុស​កូរ៉ូណា​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​ការ​ព្យាបាល​សាកល្បងទ្រង់ទ្រាយ​តូច​មួយ។

លទ្ធផល​ដំបូងៗ​ពី​ការ​សិក្សានេះ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា NIH រក​ឃើញ​ថា កម្រិត​ជាតិ​អង់ទីគ័រ​ក្នុង​ឈាម​របស់អ្នក​ជំងឺ​ដែល​ត្រូវ​គេ​ចាក់វ៉ាក់សាំង​នេះប្រហាក់ប្រហែល​នឹង​កម្រិត​ជាតិ​អង់ទីគ័រ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ដែល​បាន​ជា​ស្បះស្បើយ​ពី​ជំងឺ​កូវីដ១៩​ដែរ។

ក្រុមហ៊ុនជីវបច្ចេកវិទ្យា​នេះ​និយាយ​បន្ត​ថា ​វ៉ាក់សាំង​ដែល​មាន​ឈ្មោះ​បច្ចេកទេស​ថា mRNA-1273 ក៏​ត្រូវ​បាន​គេ​រក​ឃើញជា​ទូទៅ​ថា​មាន​សុវត្ថិភាពនៅ​ក្នុង​ការ​ប្រើ​សាក​ល្បង​ដំបូងៗ។

ក្រុមហ៊ុន Moderna នេះ​នាំ​មុខ​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​សាកល​ក្នុង​ការ​ផលិត​វ៉ាក់​សាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា ហើយ​កាល​ពី​សប្តាហ៍​មុន បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរសុខាភិបាល​អាមេរិកក្នុង​ការ​ពន្លឿន​នីតិវិធី​ពិនិត្យ​ខាង​និយតកម្ម​របស់​ខ្លួន ដើម្បីអាច​ឈាន​ទៅ​ធ្វើ​ការ​សាកល្បង​ដំណាក់​កា​ល​ចុងក្រោយ​នៅ​ត្រឹម​ខែ​កក្កដា​បាន។

ដំណឹង​ល្អ​នេះ​បាន​ធ្វើ​ឲ្យ​ផ្សារ​ភាគ​ហ៊ុន​ Wall Street របស់​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទបាន​ជួញ​ដូរ​ក្នុងតម្លៃ​ខ្ពស់​ជាង​មុន​ ​ដោយ​ហ៊ុន​នៃ​ក្រុមហ៊ុន Moderna បាន​កើន​២៥%៕