ការគៀង​យុវជន​ឲ្យ​ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត

ជាង​១ភាគបី នៃ​ប្រជាពលរដ្ឋ​ខ្មែរដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង​៩លាន​នាក់​ គឺជា​យុវជន​ដែល​មាន​អាយុ​ពី​១៨​ទៅ​៣០​ឆ្នាំ។

Your browser doesn’t support HTML5

ការគៀង​យុវជនឲ្យ​ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត


ភ្នំពេញ៖ មេដឹកនាំ​យុវជន​មួយ​រូប​និយាយ​ថា យុវជន​គួរ​តែ​ប្រើប្រាស់​អ្នក​នយោបាយ​ជា​ឧបករណ៍​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ជាជាង​បណ្តោយ​ឲ្យ​អ្នក​នយោបាយ​ប្រើប្រាស់ពួកខ្លួនដើម្បីផ្តល់​អំណាច​ដល់ពួកគេ​ទៅ​វិញ​នោះ។ លោក សុខ ពិទូរ្យ នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ ក្នុង​កម្មវិធី​សំឡេង​យុវជន​នៃ​កម្មវិធី​ហេឡូ វីអូអេ របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃច័ន្ទ ទី​៨ ខែ​កក្កដា​នេះ។

«យុវជន​មិន​គួរ​ជឿ​គណបក្ស​នយោបាយ​ណាមួយ​ផ្គាប់មុខ​នោះទេ។ ពួកគេ​ត្រូវ​សំឡឹង​មើល​គណបក្ស​នយោបាយ​ណា​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ពួកគេ​ហើយ​ហ៊ាន​សន្យា​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន»។

លោក បន្ថែម​ថា ៖

«យើង​មាន​ជម្រើស។ បើ​គណបក្ស​នយោបាយ​ណាមួយ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍ដល់​យើង​ហើយ​មិន​ល្អ​នោះ យើង​ត្រូវ​ប្តូរ​ទៅ​រក​គណបក្ស​មួយ​ទៀត»។

ជាង​១ភាគបី នៃ​ប្រជាពលរដ្ឋ​ខ្មែរដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង​៩លាន​នាក់​ គឺជា​យុវជន​ដែល​មាន​អាយុ​ពី​១៨​ទៅ​៣០​ឆ្នាំ។ គេ​រំពឹង​ថា ពួកគេ​នឹង​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​របស់​ពួកគេ​សម្រាប់​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខនេះ។

មាន​គណបក្ស​នយោបាយ​ចំនួន​៨ កំពុង​ប្រកួតប្រជែង​គ្នា​ ​និង​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ទាក់​ទាញ​សំឡេង​ឆ្នោត​ពី​ក្រុម​អ្នក​បោះ​ឆ្នោត​ទាំង​នេះ។

ប៉ុន្តែ អ្នក​បោះឆ្នោត​ខ្លះ​ និយាយ​ថា យុវជន​ ងាយ​ក្លាយជា​ឧបករណ៍របស់​អ្នក​នយោបាយ​ជាង​ធ្វើ​ជា​ចៅហ្វាយ​ពួកគេ។

កញ្ញា ស្រី លាប មក​ពី​ខេត្ត​ព្រៃវែងគឺជា​អ្នក​ទូរស័ព្ទ​ចូល​រួម​ក្នុង​កម្មវិធី​ម្នាក់។

«ក្នុង​ប៉ុន្មាន​អាណត្តិ​កន្លងមក​នេះ ខ្ញុំ​ឃើញ​ថា​យុវជន​ហាក់​ដូចជា​ចាញ់​បោក​អ្នក​នយោបាយ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ពួកគេ​នឹង​មិន​ចាញ់​បោក​ពួកគេ​ទៀត​ទេ នៅក្នុង​អាណត្តិ​ក្រោយ​នេះ។ អ្នក​ទូរស័ព្ទ​ចូលរួម​ម្នាក់ទៀត​គឺ​កញ្ញា ស្រី ម៉ៅ មក​ពី​ខេត្ត​កណ្តាល»។

​ប្រសិន​បើ​យុវជន​ចង់​ឲ្យ​អ្នកនយោបាយ​ធ្វើ​តាម​ខ្លួន ពួកគេ​ត្រូវ​តែ​មាន​ជំហរ​រឹងមាំ​ហើយ​ដាក់​លក្ខ័ណ្ឌ​សម្រាប់​គណបក្ស​នយោបាយមុនពេល​ពួកគេ​គាំទ្រ​គណបក្ស​ទាំង​នោះ។

លោក សុខ ពិទូរ្យ នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​កម្ពុជា


លោក ពិទូរ្យ​ និយាយ​ថា ការ​ដាក់​លក្ខណ្ឌ​សម្រាប់​គណបក្ស​នយោបាយ​គឺ​ជា​រឿង​ល្អ​ប្រសើរ​មួយ ប៉ុន្តែ វា​ហាក់​ដូចជា​មិន​មែន​ជារឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​សម្រាប់​យុវជន​នោះ។

តែ​ទោះ​ជាយ៉ាង​នេះ​ក្តី លោក​និយាយថា យុវជន​អាច​បន្ត​ឃ្លាំមើល​ការ​អនុវត្តរបស់​គណបក្ស​នយោបាយ​ក្រោយ​ការ​បោះឆ្នោត ថាតើ​ពួកគេ​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ពួកគេ​បាន​កម្រិត​ណា។

ប្រសិន​បើ​ពួកគេ​មិន​បាន​បំពេញ​តាម​ការ​សន្យា​របស់ពួកគេ​ទេ នោះ​យុវជន​អាច​ពិចារណាឡើងវិញ នៅពេល​បោះឆ្នោត​លើកក្រោយ​ទេទៀត៕