មធ្យោបាយធ្វើដំណើរ គឺជាបញ្ហាដ៏លំបាកមួយសម្រាប់ជនពិការ ដូចជាម៉ារី។ ជាទូទៅពួកគេត្រូវពឹងផ្អែកលើអ្នកដទៃដើម្បីរុញកៅអីសម្រាប់ជនពិការ និងត្រឹមតែអាចធ្វើដំណើរទៅទីតាំងជិតៗប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការលំបាកចំពោះការធ្វើដំណើររបស់ ម៉ារី ហាក់មានភាពធូរស្បើយ នៅពេលមានការកែច្នៃ «រ៉ឺម៉កកង់បីសម្រាប់ជនពិការ»នេះ។
នេះជាលើកទីមួយហើយដែល រស្មី ម៉ារី មានឱកាសអាចធ្វើដំណើរចេញពីផ្ទះរបស់នាង ក្រោយរយៈពេលជិត១០ឆ្នាំ ដែលម៉ារីធ្លាប់តែគេងនៅលើគ្រែក្នុងផ្ទះ នៅឯកោះឧកញ៉ាតី ក្នុងខេត្តកណ្តាល។
បន្ទាប់ពី ម៉ារី បានពិនិត្យសុខភាពនៅឯមន្ទីរពេទ្យមួយឯជាយរាជធានីភ្នំពេញ យុវតី រស្មី ម៉ារី និងក្រុមគ្រួសារ បានធ្វើដំណើរកម្សាន្តជុំវិញរាជធានីភ្នំពេញ ដោយ «រ៉ឺម៉កកង់បីសម្រាប់ជនពិការ»។
រ៉ឺម៉កកង់បីសម្រាប់ជនពិការ ឬ Mobilituk គឺជារ៉ឺម៉កកង់បីដែលត្រូវបានកែច្នៃឡើងដោយតភ្ជាប់ជាមួយជម្រាលបន្ទះដែក ដែលអាចឲ្យអ្នកប្រើប្រាស់រុញកៅអីជនពិការឡើង ឬចុះបានដោយងាយស្រួល។
លោកស្រី ឃឹម វី វ័យ៤៧ឆ្នាំ ជាម្តាយរបស់ ម៉ារី ថ្លែងថា បើគ្មានរ៉ឺម៉កកង់បីសម្រាប់ជនពិការនោះទេ លោកស្រីពុំមានលទ្ធភាពនាំម៉ារីដើរកម្សាន្តជុំវិញទីក្រុងភ្នំពេញនោះឡើយ។
លោកស្រីថ្លែងប្រាប់ VOA ថា៖
«ស្រួល។ សប្បាយ។ ឃើញដាក់ចឹងទៅ វាស្រួលរុញឡើងចឹង។ យើងលើកតា៎វាដាក់ពីដី រុញវាឡើងមកវាស្រួល»។
ជាកូនកសិករក្រីក្រដែលមានបងប្អូន៣នាក់ យុវតី រស្មី ម៉ារី វ័យ១៨ឆ្នាំរូបនេះ បានក្លាយជាជនពិការតាំងពីនាងមានអាយុ ៦ខែមកម្ល៉េះ ពោលគឺចាប់តាំងពី ម៉ារី ឈឺធ្ងន់ម្តងកាលពីនាងនៅតូច។ បន្ទាប់ពីម៉ារី គ្រប់អាយុ១០ឆ្នាំមក ក្រុមគ្រួសារ ម៉ារី មិនអាចនាំ ម៉ារី ចេញមកក្រៅផ្ទះដោយម៉ូតូបានដូចមុនទៀតឡើយ។
«និយាយទៅតាំងពីតូចដល់ពេលធំឡើងទៅ លើកអត់រួច លែងយកទៅ។ ណាមួយ វាពិបាកអត់សាហ៊ុយ។ អត់ដែលទៅណាសោះ នៅតែផ្ទះ ពិបាកជិះម៉ូតូ ជើងវាបាស់រហូត។ ធ្លាប់បងវាឌុបទៅ ដួលម៉ូតូ គេឈប់រហូតទៅ»។
រ៉ឺម៉កកង់បីសម្រាប់ជនពិការ ឬ Mobilituk ត្រូវបានកែច្នៃជាលើកដំបូងក្នុងឆ្នាំ២០១៦ ដោយអង្គការ Agile Development Group ដើម្បីជួយសម្រួលឲ្យជនពិការអាចធ្វើដំណើរទៅកាន់កន្លែងផ្សេងៗបាន។
លោក Keogh Johnston ជាវិស្វករនៃអង្គការ Agile Development Group ថ្លែងថា រ៉ឺម៉កកង់បីសម្រាប់ជនពិការនេះ បានជួយសម្រួលជនពិការនៅកម្ពុជាឲ្យធ្វើដំណើរទៅកាន់កន្លែងដែលជនពិការមិនធ្លាប់បានទៅពីមុន។
វិស្វកររូបនេះថ្លែងប្រាប់ VOA ថា៖
«ខ្ញុំបានមើលឃើញនូវលទ្ធផលវិជ្ជមានដែលកើតមានចំពោះជនពិការ។ នៅពេលដែលយើងមើលឃើញនរណាម្នាក់មិនធ្លាប់មានឱកាស បានធ្វើដំណើរទៅកាន់ទីក្រុង ឬទៅកាន់ផ្សារទំនើប ហើយពេលនេះពួកគេអាចធ្វើដំណើរតាមតុតុ (tuk-tuk) បាន។ អ្នកដឹងទេថា ភាពរីករាយដែលយើងមើលឃើញពួកគេសប្បាយចិត្តក្នុងការធ្វើដំណើរនោះ វារិតតែបានជំរុញឲ្យយើងចង់ធ្វើអ្វីបន្ថែមទៀតម្រាប់ពួកគេ»។
យោងតាមក្រសួងសង្គមកិច្ច ជនពិការនៅកម្ពុជាមានជាង ៥០ម៉ឺននាក់ គិតត្រឹមចុងនៅឆ្នាំ២០១៥។ រីឯរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ជនពិការនៅប្រទេសកម្ពុជា ទាំងជនពិការកាយសម្បទា និងពិការផ្នែកស្មារតី មានប្រមាណជា១០ ទៅ១៥ភាគរយនៃចំនួនប្រជាជនសរុប។
មធ្យោបាយធ្វើដំណើរនៅតែជាបញ្ហាដ៏លំបាកមួយសម្រាប់ជនពិការ ដូចជា ម៉ារី។ ជាទូទៅពួកគេត្រូវពឹងផ្អែកលើអ្នកដទៃ ដើម្បីធ្វើដំណើរដោយកៅអីរុញសម្រាប់ជនពិការនោះ។
មុនពេលរ៉ឺម៉កកង់បីសម្រាប់ជនពិការ លេចចេញជារូបរាង បើទោះជាជនពិការនៅកម្ពុជាអាចធ្វើដំណើរតាមរ៉ឺម៉កកង់បីធម្មតាក្តី ក៏ប៉ុន្តែវាមិនងាយស្រួលនោះទេ។ អ្នកបើករ៉ឺម៉កកង់បី ត្រូវលើកជនពិការចេញពីកៅអីរុញទៅដាក់លើរ៉ឺម៉កកង់បីរួច ទើបលើកកៅអីរុញសម្រាប់ជនពិការដ៏ធ្ងន់នោះដាក់ទៅលើរ៉ឺម៉កតាមក្រោយ។
លោកស្រី ឃឹម វី ម្តាយរបស់ ម៉ារី ថ្លែងរំលឹកពីការលំបាក នៅពេលដែលលោកស្រីនាំ ម៉ារី ចេញក្រៅផ្ទះម្តងៗយ៉ាងដូច្នេះ៖
«ពិបាកលើកវាទៀត។ វាធ្ងន់ តែឯងលើកអត់រួច។ ចង់លើកត្រូវមានគ្នា២នាក់។ ពីមុនមកអត់មានរទេះចឹង ត្រូវទប់វា។ មាន២នាក់សងខាង។ តែឯងពិបាកទៀត»។
លោកស្រី ឃឹម វី រៀបរាប់ទាំងអួលដើមករ នឹកអាណិត ម៉ារី ដែលជារឿយៗនៅតែផ្ទះ និងមិនមាន ឱកាសទៅណាមកណា ដូចកូនដទៃរបស់លោកស្រី និងក្មេងៗនៅក្បែរផ្ទះ។
«ធម្មតាអាណិតកូន ដូចថា គ្នានៅតែមួយកន្លែងចឹង គ្នាតប់ប្រមល់ មិនបានដើរទៅណាមកណា។ ឃើញគេទៅដើរលេង ហើយគ្នានៅតែលើគ្រែ។ ឃើញក្មេងៗដើរកាត់ទៅ ក៏ងាកមើល ក្មេងៗវាលេងនៅជិតហ្នឹង»។
ក៏ប៉ុន្តែ ការលំបាកចំពោះការធ្វើដំណើររបស់ ម៉ារី ហាក់មានភាពធូរស្បើយ នៅពេលមានរ៉ឺម៉កកង់បីសម្រាប់ជនពិការនេះ។ មួយរយៈចុងក្រោយនេះ ម៉ារី និងម្តាយបានធ្វើដំណើរទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ទៅទស្សនាព្រះបរមរាជវាំង វិមានឯករាជ្យ និងផ្សារទំនើបនានា ដូចជាផ្សារអ៊ីអន (Aeon) ជាដើម។
រ៉ឺម៉កកង់បីសម្រាប់ជនពិការនេះ មានចំនួន៥គ្រឿងក្នុងរាជធានីភ្នំពេញ។ ថ្មីៗនេះ អង្គការកាកបាទក្រហមអន្តរជាតិ និងអង្គការ Agile Development Group កំពុងសហការគ្នាដើម្បីបង្កើនចំនួនរ៉ឺម៉កកង់បីសម្រាប់ជនពិការ នៅតាមបណ្តាខេត្តដែលមានជនពិការច្រើន។
លោក កែវ សារ័ត្ន វ័យ៤៥ឆ្នាំ ជាអ្នកបើករ៉ឺម៉កកង់បីសម្រាប់ជនពិការ ថ្លែងថា កន្លងមក លោកផ្ទាល់តែងមានអារម្មណ៍អាណិតដល់ជនពិការទាំងនោះ ហើយពេលនេះលោកមានឱកាសជួយពួកគេឲ្យអាចធ្វើដំណើរទៅកាន់កន្លែងដែលពួកគេចង់ទៅបាន។
លោកថា រយៈពេល១ខែបន្ទាប់ពីមាន រ៉ឺម៉កកង់បីរបស់លោក ក្លាយជារ៉ឺម៉កកង់បីសម្រាប់ជនពិការមក លោកទទួលបានអតិថិជន ជាជនពិការចំនួន២នាក់ហើយ គិតទាំង ម៉ារី នោះ។ លោកបន្តថា អ្នកបើករ៉ឺម៉កកង់បីដទៃទៀត ក៏ចាប់អារម្មណ៍ចង់កែច្នៃរ៉ឺម៉ករបស់ពួកគេឲ្យទៅជារ៉ឺម៉កកង់បីសម្រាប់ជនពិការ ឬ Mobilituk ផងដែរ។
លោក កែវ សារ័ត្ន បញ្ជាក់ប្រាប់ VOA ថា៖
«បងប្អូនជនពិការ មានអី គេមានអារម្មណ៍ថា សុខសប្បាយ គេសប្បាយចិត្ត ស្រួលចិត្ត វាស្រួលជាងឡាន ស្រួលជាងអី។ ជួយជាតិចឹងទៅ ជួយជនពិការ គ្នាទៅណាអត់បានៗ អាចចេញដើរលេងកម្សាន្តទៅណាបាន»។
លោកស្រី ឃឹម វី ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ម៉ារី ហាក់មានសុខភាពល្អ និងស្រស់ស្រាយជាងមុន។ ហើយ ម៉ារី ថែមទាំងទទូចឲ្យម្តាយនាំខ្លួនចេញមកក្រៅថែមទៀតផង៕