អំពើ​ហិង្សា​លើ​សាស្ត្រាចារ្យ​មួយ​រូប​នាំ​ឲ្យ​មាន​ការពិភាក្សា​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​ខ្មែរ

បុរស​ម្នាក់​​បាន​​រងរបួស​​ជា​ទម្ងន់ ក្រោយពី​មហាជន​មួយ​ចំនួន​បាន​ព្រួត​គ្នា​វាយ​ បន្ទាប់ពី​បុរស​ម្នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​បើក​រត់។ (រូបភាពដកស្រង់ពីហ្វេសប៊ុក)

អំពើ​ហិង្សា​លើ​សាស្ត្រាចារ្យ​មួយ​រូប​នាំ​ឲ្យ​មាន​ការពិភាក្សា​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​ខ្មែរក្រោយ​​ការ​វាយប្រហារ​លើ​សាស្រ្តាចារ្យ​សកល​វិទ្យាល័យ​មួយ​រូប​ដោយ​ចោទ​ថា​ បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​និង​បើក​រត់​កាលពី​ថ្ងៃ​អាទិត្យ​ បាន​បណ្តាល​ឲ្យ​​មាន​ការ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​យល់​ឃើញ​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​លើ​ជន​​ដែល​ត្រូវ​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស កើត​ឡើង​ដោយ​សារ​កង្វះ​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌។

នៅ​ម៉ោង​ប្រហែល​៥​ល្ងាច​កាល​ពី​ថ្ងៃ​អាទិត្យ លោក ស៊ុយ សារ៉េត អាយុ​៥៣​ឆ្នាំ​បាន​ព្យាយាម​ជិះ​គេច​ពី​ការ​ដេញ​តាម​វាយប្រហារ​ដោយ​ក្រុម​អ្នក​ធ្វើដំណើរ​មួយ​ក្រុម​នៅ​រាជធានី​ភ្នំពេញ​ ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ថា លោក​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍បណ្តាល​ឲ្យ​ស្លាប់​ ហើយ​បើក​រត់​គេច​មិន​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ សមត្ថកិច្ច​អះអាង​ថា មិន​មាន​របាយការណ៍​បង្ហាញ​ថា​ លោក​បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ របួស​ ឬ ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​នោះ​ទេ។​

ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សិល្បៈ​មនុស្ស​សាស្រ្ត​និង​ភាសា និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​រូបនេះ​បាន​រង​ការវាយ​យ៉ាង​ដំណំ​ទៅ​លើ​ក្បាល​ និង​មុខ​របស់​លោក ហើយ​ត្រូវ​បាន​ឈាម​ស្រោច​ជោគជាំ​ទៅ​លើ​ខ្លួន។ អំពើ​ហិង្សា​នេះ​ត្រូវ​បាន​ថត​និងបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​និង​ការ​ពិភាក្សា​នា​នា​អំពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ក្នុង​សង្គម។​

ផ្លូវ​លេខ​២៦៥ កែង​ផ្លូវ​លេខ​១៥៦ ខាង​ក្រោយពេទ្យ​លោកសង្ឃ ក្នុង​សង្កាត់​ទួលគោក រាជធានីភ្នំពេញ ជាកន្លែង​ដែល​លោក ស៊ុយ សារ៉េត ត្រូវ​បាន​វាយ​យ៉ាងដំណំ ដោយ​មហាជន។ (ស៊ុន ណារិន/VOA)

លោក​ រុន រ័ត្ន​វាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​បាន​ប្រាប់​ VOA នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា បើ​តាម​របាយការណ៍​បឋម​ដែល​សមត្ថកិច្ច​ទទួល​បាន​ មិនទាន់​មាន​ការ​បញ្ជាក់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រងរបួស​ឬ​បាត់បង់ជីវិត​ដោយសារ​ការ​បើក​បរ​របស់​លោក ស៊ុយ សារ៉េត​ នោះទេ។ លោក​បន្ត​ថា សម្រាប់​ការ​ប្រើ​ហិង្សា​ពី​សំណាក់​ប្រជាពល​រដ្ឋ​ទៅលើ​លោក ស៊ុយ សារ៉េត​ គឺជា​អំពើ​ខុសច្បាប់​ដែល​លោក​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

លោក​បញ្ជាក់​ថា៖​

«គាត់គ្មាន​សមត្ថកិច្ច​អី​ដែល​គាត់​ត្រូវ​គប់ឡាន​ដូច​ជា​វាយ​ទៅលើ​អ្នក​បើក​បរទេ​ ព្រោះ​នេះ​មិនមែន​ជា​ភារកិច្ច​របស់​គាត់។​ ហើយយើង​ឃើញ​ថា​ហ្អា​នេះ​មិនមែនជា​រូបភាព​ទី​មួយទេ​ក្នុង​រយៈកាល​កន្លង​មក​តែង​តែ​បង្ក​គ្រោះថ្នាក់ទៅ​លើ​អ្នក​បើក​បរអញ្ចឹង។​ អញ្ចឹង​ហើយ​បាន​ជា​ឯកឧត្តម​ ​ជួន សុវណ្ណ​ ​គាត់​ប្រកា​ស​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​ដែល​បង្ក​ទៅ​លើ​អ្នក​បើក​បរ​ហ្នឹង​ ​ព្រោះ​អា​នេះ​ជាអំពើខុស​ច្បាប់​ ព្រោះ​ច្បាប់​មិនមាន​អី​ត្រូវ​វាយ​ទាត់ធាក់​អ្នក​បង្ក​ទេ​គឺ​ជា​រឿង​មិនត្រឹមត្រូវ»។​

បើ​តាម​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​សារព័ត៌មាន ​Freshnews​ កាលពី​ថ្ងៃ​អាទិត្យ​រថយន្ត​ថ្មីពណ៌ខ្មៅ​របស់​លោក ស៊ុយ សារ៉េត​ ត្រូវ​បាន​វាយ​កម្ទេច​ចំណែកលោក ស៊ុយ សារ៉េត ផ្ទាល់​ត្រូវ​រង​ការ​វាយ​ដោយដៃ ​មួក​សុវត្ថិភាព​និង​ដុំថ្ម។ ក្រុមប្រជាជន​បាន​ឡើង​ទៅលើ​រថយន្ត​របស់​លោក​ស៊ុយ សារ៉េត​ ហើយ​ធាក់​កម្ទេច​និង​វាយ​កញ្ចក់។​ នៅ​ក្នុង​រថយន្ត​របស់​លោក​ ​សារ៉េត​ ​គេឃើញមានដុំ​ឥដ្ឋ​ ​ហើយ​លោក​ សារ៉េត​ ​បាន​សន្លប់​ដោយ​មាន​ប្រឡាក់​ឈាម​ពេញ​ខ្លួន។​ ការ​វាយ​ដំ​ត្រូវ​បានបញ្ឈប់ ក្រោយ​ពេលសមត្ថកិច្ច​បានទៅដល់​កន្លែង​កើតហេតុ​ ហើយ​លោក​ ​សារ៉េត​ ​បាន​ដឹង​ខ្លួន​បន្តិច​ ​និង​ត្រូវ​បាន​ក្រៀរ​ឲ្យចូល​ទៅ​រថយន្ត​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ។​ ​បន្ទាប់​មក​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។​

ការ​វាយ​ប្រហារ​ដោយ​ក្រុម​មនុស្ស​បាន​កើត​ឡើង​ជា​ទូទៅ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍រួច​បើក​រត់ ការ​ចាប់​បាន​ជន​សង្ស័យ​ ​ឬ​ជន​ដៃ​ដល់​ក្នុង​ករណី​រំលោភ​សម្លាប់​ ​និង​ប្លន់​ផ្សេងៗ​។ ពលរដ្ឋ​បាន​បញ្ចេញកំហឹង​របស់​ពួក​គេ​ទៅលើ​ជន​សង្ស័យ​ដែល​មាន​ករណី​ខ្លះ​បណ្តាល​ឲ្យរង​របួស​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់។​

លោក សៀម ទូច ពល​រដ្ឋ​ម្នាក់​ដែល​ស្ថិត​ក្បែរ​កន្លែង​កើត​ហេតុ​មាន​ប្រសាសន៍​ថា​ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​៥​ល្ងាច ដោយ​ជន​រងគ្រោះ​បាន​បើក​បរ​កាត់​ផ្លូវ​១៥៦​ ក្នុង​សង្កាត់​ទួល​គោក ខណ្ឌ​ឫស្សីកែវ ម្តុំពេទ្យ​លោក​សង្ឃ​ហើយ​រថយន្ត​ត្រូវ​បាន​ស្ទាក់​និង​ឈប់​នៅ​កែង​ចុង​ផ្លូវ​ កែង​ផ្លូវ​២៥៦។ លោក​បន្ត​ថា ការ​វាយ​ដំ​ទៅ​លើ​អ្នក​បើក​រថយន្ត​នេះ គឺ​ជា​មេរៀន​មួយ​សម្រាប់​រូប​លោក នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ លោក​នឹង​ដោះស្រាយ​នៅ​នឹងកន្លែង​មិន​គេច​នោះ​ទេ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ មួយ​ថ្ងៃ​បន្ទាប់​ពីការ​កើត​ហេតុ​នោះ​បន្ត​ថា​ប្រហែល​កន្លះ​ម៉ោង​ក្រោយការ​កើត​ហេតុ​នោះទើប​ប៉ូលិស​មក​ដល់ដើម្បី​ធ្វើ​អន្តរាគមន៍។​

ស្រ្តី​វ័យ​៣២​ឆ្នាំ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​កន្លែង​បោះពុម្ព​ឯកសារក្បែរ​កន្លែង​កើត​ហេតុប្រាប់​VOA ដោយមិនបញ្ចេញឈ្មោះ​ថា​ អ្នក​ចូលរួម​វាយ​អ្នក​បើក​រថយន្ត​នោះ​គឺ​ជា​អ្នក​ជិះ​ម៉ូតូដេញ​តាម​រថយន្ត​មិន​មែន​ប្រជា​ជន​ដែល​រស់​នៅ​ទីនោះ​ទេ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ការ​វាយ​ដំ​នេះ​បង្ហាញ​ពី​ការ​មិន​យល់​ច្បាប់​របស់​ក្រុម​ដែល​ចូលរួម​វាយ​និង​ភាព​សាហាវ​របស់​ពួកគេ។ ប៉ុន្តែ​អ្នកស្រី​ពិបាក​នឹង​ផ្តល់​យោបល់​ថា ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​តែ​គេច​ខ្លួន​ឬ​ឈប់​ដើម្បី​ដោះស្រាយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ប្រហែល​ជា​គាត់​ខ្វះ​ការ​យល់​ដឹង​ច្បាប់​ហើយ​មើល​ទៅ​បាន​គាត់​ហ៊ាន​វាយ​គេ​អញ្ចឹង។ ប្រហែ​ល​ជា​គាត់​រៀន​បាន​តិច​ ​អត់​យល់។ ចិត្ត​គាត់​រៀង​សាហាវ​ហើយ​ មើល​ទៅ​អ្នក​វាយ​សុទ្ធ​តែ​ក្មេងៗ»។​

ចំណែក​ពល​រដ្ឋ​ម្នាក់​ទៀតគឺ​លោក លី ឆាយ​ លើក​ឡើង​ថា ប្រសិន​បើ​មាន​ការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ណា​មួយ ហើយ​មាន​ការ​សុំទោស​ពី​ជន​បង្ក​ ​នោះ​ស្ថានការណ៍​នឹង​ធូរស្រាល។ លោក​ថា​ ការ​អន្តរាគមន៍​ទាន់​ពេល​របស់​សមត្ថកិច្ច​គឺ​ជា​រឿង​សំខាន់​មួយ​ ដើម្បី​បញ្ចៀស​ការ​វាយ​ដំ​ដោយ​មហា​ជន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​គិត​ថា​មនុស្ស​យើង​ចិត្ត​មិន​ដាច់​ទេ​បង ​កូន​គេ​កូន​យើង​ ​អញ្ចឹង​ បើ​សិន​ជាយើង ពេល​ហ្នឹង​យើង​លើក​ដៃ​សំពះ​គេ​ ​ឬ​មួយ​ក៏​ម៉េច​ទៅ​វាអាច​បន្ធូរ​បន្ថយ​តាម​ហ្នឹង។ ទឹក​មុខ​យើង​រៀង​ស្លូត​បូត​អី​ផង​ទៅ។​ កុំ​ឲ្យ​តែ​យើង​មាន​ចរឹក​មាន​ឡាន​ជិះ​ ហើយ​អួត​អាង​នៅ​ក្នុង​ឡាន​ហ្នឹង​ទៀត ធ្វើ​ចរឹក​មិន​សម​រម្យ អ្នក​ណា​ក៏​ទប់​កំហឹង​មិន​បាន​ដែរ»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ក្រុម​គ្រួសារ​របស់​លោក ស៊ុយ សារ៉េត បាន​នៅ​ឡើយ រហូត​ដល់​ល្ងាច​ថ្ងៃចន្ទ​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​និង​ការវិវត្ត​នៃ​សង្គម​ខ្មែរ​បញ្ជាក់​ប្រាប់​VOA​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​កើន​ឡើង​នៃ​ការវាយ​តប់​របស់​ក្រុម​មនុស្ស​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ហាញ​ពី​ការ​ផុយ​ស្រួយ​នៃ​សន្តិភាព​ក្នុង​សង្គម​ខ្មែរ​និង​ការ​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា។​

លោក ប៉ា ចន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍​និង​សីលធម៌​កម្ពុជា​លើកឡើង​ថា ទង្វើរ​របស់​ប្រពលរដ្ឋ​ដែល​វាយ​តប់​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​បង្ហាញ​ពីភាព​ផុយ​ស្រួយ​នៃ​សន្តិភាពក្នុង​សង្គម។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋបញ្ចេញ​សកម្ម​ភាព​អសីលធម៌​និងជា​វប្បធម៌​អាក្រក់បែប​នេះ​ គឺ​បណ្តាល​មក​ពី​ការ​មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​សង្គម។

លោក​បញ្ជាក់​ថា៖​

«ក្នុង​ទ្រឹស្តី​វិទ្យាសាស្រ្ត​សង្គម​គឺ​នៅ​ពេល​ដែល​ប្រជាជន​បាត់បង់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង ​ប្រព័ន្ធយុត្តិធម៌​ ប្រព័ន្ធ​តុលាការ​ ការ​អនុវត្ត​ច្បាប់​ហ្នឹង​ ប្រជាជន​លែង​ប្រើប្រាស់​ច្បាប់​ហើយ ​លែង​គោរព​ច្បាប់​ហើយ​ហើយ​មាន​តែ​ប្រើប្រាស់​វិធីសាស្រ្ត​ផ្ទាល់ខ្លួន​ដែល​គាត់​អាចគិត​ឃើញ​ហ្នឹង​គឺ​ព្រលែង​កំហឹង ប្រព្រឹត្ត​អំពើ​ហិង្សា​ជាក់​ស្តែង​ទៅលើ​បុគ្គល ដល់​ពេល​ខ្លះ​ខ្វះ​ការ​គិត​គូរ​ពិចារណា លែង​គិត​គូរ​ថា​បុគ្គល​ណា​ខុស បុគ្គល​ណា​ត្រូវ»។​

លោក​ ​ប៉ា ចន្ទរឿន​បន្តថា​ ការ​ប្រើ​អំពើហិង្សាដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ការពិចារណា​ទាំង​នោះ​ នឹង​ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គមទាំង​ជាតិ​ទាំង​មូល ហើយ​សមត្ថកិច្ច​ត្រូវពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ដោយស្មើភាព​ ​និង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយដល់​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​ទោស​ទណ្ឌ​និង​ការ​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់ ដែល​បណ្តាល​មក​ពី​ទង្វើ​ទាំងនោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​ប្រជាជន​ ហ្នឹង​សម្រាប់​ប្រជាជន​ខ្មែរ​យើង។​ ហើយ​រូប​ភាព​ទាំងអស់​ហ្នឹង​មួយ​ផ្នែក​ ក៏​បាន​ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺណែត​ហ្នឹង​ ហើយ​ខ្ញុំគិត​ថា​បើ​សិន​ជា​បរទេស​ឃើញ​រូបភាព​ដ៏​ឃោរឃៅ​រន្ធត់​បែប​នោះ​ បើសិន​ជាអ្នក​ដែល​គេចង់​មក​លេង​ស្រុកខ្មែរ​ហ្នឹង ប្រហែល​ជា​គិត​ឡើង​វិញ​ហើយ។ ហើយ​អ្នក​ដែល​មាន​គម្រោង​មកខ្លះ​ហ្នឹង ក៏ប្រហែល​ជា​បាន​លុប​គម្រោង​របស់​ខ្លួន​ចោល​ផង​ក៏​មិន​ដឹង»។​

បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ កាល​ពីឆ្នាំ​២០១៦ ការ​វាយប្រហារ​ដោយ​មហាជន​នេះ​ កើត​ឡើង​ចំនួន​៣​ករណី​ ក្នុង​នោះ​បង្ក​ឲ្យ​មនុស្ស​២​នាក់​ស្លាប់។ រី​ឯ​ក្នុង​ឆ្នាំ​២០១៥ ការ​វាយ​ប្រហារ​ដោយ​មហាជន​កើតឡើង​ចំនួន​៧​ករណី​ ក្នុង​នោះ​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់។

លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី កាដូ​ លើក​ឡើង​ថា​ ចំនួន​នៃការ​ប្រើ​ហិង្សា​ដោយ​មហាជនទៅ​លើ​ជន​បង្ក​បទ​ល្មើស​មាន​ការ​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០១៧​និង​២០១៨​នេះ បន្ទាប់​ពី​មាន​ការ​ថយ​ចុះ​ជាច្រើន​ឆ្នាំ​កន្លង​មក។ លោក​ថា​ កត្តា​នេះ​បណ្តាល​មក​ពីការ​អនុវត្ត​ច្បាប់​មិនមាន​ប្រសិទ្ធភាព។​

យ៉ាងណា​ក៏​ដោយ​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណា​មួយ​ពី​ការ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​លោក ស៊ុយ សារ៉េត នៅ​ឡើយ​ បើ​ទោះ​បី​អាជ្ញាធរ​បាន​ចេញ​សេចក្តី​ប្រកាស​តាម​ចាប់​ខ្លួនក៍​ដោយ៕