ដោយធ្វើឡើងចាប់ពីថ្ងៃទី០៩ ខែមីនា រហូតដល់ថ្ងៃទី០១ ខែមេសា ដោយមជ្ឈមណ្ឌលស្រាវជ្រាវស្ទង់មតិមីយ៉ាន់ម៉ា ក្រោមដំបូលវិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ (IRI) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ការស្ទង់មតិនោះបានសួរទៅប្រជាពលរដ្ឋមីយ៉ាន់ម៉ានៅក្នុងតំបន់ និងរដ្ឋផ្សេងៗចំនួន១៥។
លទ្ធផលនៃការស្ទង់មតិដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី២២ ខែសីហា នៅក្រុងរ៉ង់ហ្គូន មានភាពលាតត្រដាងជាងមុន នៅពេលប្រៀបធៀបជាមួយនឹងលទ្ធផលពីការស្ទង់មតិស្រដៀងគ្នានេះដោយវិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ ធ្វើឡើងក្រោមរដ្ឋបាលគាំទ្រដោយយោធា របស់លោកប្រធានាធិបតី Thein Sein ក្នុងឆ្នាំ ២០១៤។ លទ្ធផលបានបង្ហាញថា រដ្ឋាភិបាលនាពេលបច្ចុប្បន្នមិនធ្វើបានល្អប៉ុន្មានទេបើធៀបនឹងរដ្ឋបាលមុន។
មនុស្សតិចជាងមុនគិតថា មីយ៉ាន់ម៉ាឆ្ពោះទៅមុខនៅក្នុងទិសដៅត្រឹមត្រូវ
ជាឧទាហរណ៍ អ្នកឆ្លើយតប៨៨ភាគរយនិយាយថា ប្រទេសមីយ៉ាន់ម៉ាកំពុងបោះជំហាននៅក្នុងទិសដៅត្រឹមត្រូវមួយក្នុងឆ្នាំ ២០១៤ ធៀបនឹងលទ្ធផលនៃការស្ទង់មតិថ្មីដែលមាន៧៥ភាគរយ។ អ្នកឆ្លើយតបប្រមាណ៧៣ភាគរយ បានសរសើរពីស្ថានភាពសេដ្ឋកិច្ចថា «ល្អមធ្យម» នៅក្នុងឆ្នាំ ២០១៤ ធៀបនឹង៥៣ភាគរយនាពេលបច្ចុប្បន្ន។ នៅពេលសួរថាតើរដ្ឋាភិបាលនាពេលបច្ចុប្បន្នកំពុងតែ «ធ្វើការងារល្អ» ឬទេ អ្នកឆ្លើយតប ៥៨ភាគរយបានយល់ស្រប ប៉ុន្តែចំនួននេះបានធ្លាក់ចុះពី៦៩ភាគរយកាលពីបីឆ្នាំមុន។
លទ្ធផលការស្ទង់មតិឆ្នាំ ២០១៤ បានធ្វើឲ្យអ្នកសង្កេតការណ៍មួយចំនួនភ្ញាក់ផ្អើល ដោយសារតែអ្នកសង្កេតការណ៍ទាំងនោះធ្លាប់គិតថា លទ្ធផលនេះបំផ្លើសការគាំទ្រទៅលើយោធា។
ទោះបីយ៉ាងណាក៏ដោយ ចំនួននោះមិនមែនជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។ ទោះបីជាប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងជម្លោះនៅគ្រានោះក៏ដោយ ក៏លោក Thein Sein បានដឹកនាំកំណែទម្រង់ដ៏គួរឲ្យស្វាគមន៍នានា ដែលរួមមានការបញ្ឈប់ការរឹតត្បិតមុនការចុះផ្សាយ ការដោះលែងអ្នកទោសនយោបាយ និងការពង្រីកការប្រើប្រាស់អ៊ិនធឺណិត ដោយបង្ហាញពីភាពផ្ទុយស្រឡះមួយពីសម័យកាលដឹកនាំដោយយោធា។
ប៉ុន្តែយោធានៅតែរក្សាការគ្រប់គ្រងមួយភាគធំនៅតាមក្រសួង និងរដ្ឋសភា តាមរយៈរដ្ឋធម្មនុញ្ញ។ ហើយប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនបានលើកឡើងថា ជ័យជម្នះភ្លូកទឹកភ្លូកដីនៃការបោះឆ្នោតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១៥ បាននាំឲ្យមានក្តីសង្ឃឹមមិនពិតប្រាកដមួយថា ប្រទេសមីយ៉ាន់ម៉ានឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅពេលលោកស្រី អង់សាន ស៊ូជី ចូលដឹកនាំ។ មួយឆ្នាំបន្ទាប់មក ការពិតមិនមែនដូច្នោះទេ។
លោក Darin Bielecki មន្ត្រីគ្រប់គ្រងកម្មវិធីរបស់វិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ បាននិយាយថា សំណួរដែលបានចោទឡើងនៅក្នុងការស្ទង់មតិបានគ្របដណ្តប់លើបញ្ហានានាយ៉ាងទូលំទូលាយ ដូចជាបញ្ហាសេដ្ឋកិច្ចសង្គម ប្រព័ន្ធផ្សព្វផ្សាយ ស្វ័យភាពតំបន់ ធនធានធម្មជាតិ និងសភាថ្នាក់រដ្ឋ។
លោកបានមានប្រសាសន៍ថា៖
«យើងបានស្ទង់មតិប្រជាពលរដ្ឋ ៣០០០នាក់នៅទូទាំងប្រទេស ដែលនេះជាចំនួនសំណាកដ៏ច្រើន»។
ការស្ទង់មតិបានបង្ហាញពីភាពខុសគ្នារវាងការយល់ឃើញនៅក្នុងស្រុកនិងការយល់ឃើញជាអន្តរជាតិ។
ចង់បានការផ្តោតជាអាទិភាពលើសេដ្ឋកិច្ច
លោកស្រី អង់សាន ស៊ូជី បានប្រឈមមុខជាមួយនឹងការរិះគន់ចំពោះការមិននិយាយការពារសិទ្ធិមនុស្សនិងក្រុមជនភាគតិច។ ប៉ុន្តែនៅក្នុងការស្ទង់មតិ អ្នកចូលរួមបានផ្តោតខ្លាំងលើសកម្មភាពសេដ្ឋកិច្ច នៅពេលពួកគេត្រូវបានសម្ភាសន៍ ដោយមួយចំនួនធំនិយាយថា សេដ្ឋកិច្ចគួរជាអាទិភាពទីមួយ ហើយ៦០ភាគរយនៃពួកគេចង់បាន «ភាពរុងរឿង» ជាងទម្រង់រដ្ឋាភិបាលបែបប្រជាធិបតេយ្យ។
ទោះជាយ៉ាងណាក្តី ក៏មានចំណុចវិជ្ជមានផងដែរ។
អ្នកឆ្លើយតបជាង៥០ភាគរយបាននិយាយថា អ្វីៗបានប្រសើរឡើងជាងមុន «នៅក្នុងបរិបទដំណើរការលទ្ធិប្រជាធិបតេយ្យ» កាលពីឆ្នាំមុន ស្របពេលដែលអ្នកឆ្លើយតបតែ ៣១ភាគរយប៉ុណ្ណោះនិយាយថា ស្ថានភាពគឺនៅដដែល ហើយ៨ភាគរយគិតថា ស្ថានភាពធ្លាក់ចុះដុនដាបជាងមុន។ អ្នកឆ្លើយតបជាងមួយភាគបី បាននិយាយថា ប្រជាពលរដ្ឋមិនមែនខ្លាចក្នុងការបញ្ចេញទស្សនៈនយោបាយនោះទេ ទោះបីជាប្រជាពលរដ្ឋមួយចំនួនតូចជាងនេះបាននិយាយថា «ប្រជាពលរដ្ឋភាគច្រើនមានការភ័យខ្លាច»។
ភាពអត់ធ្មត់
អ្នកឆ្លើយតបមួយចំនួនក៏បាននិយាយថា អ្នកបោះឆ្នោតក៏មានភាពអត់ធ្មត់ផងដែរ ដោយសារតែគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យកាន់តំណែងទើបតែបាន ១៧ ខែប៉ុណ្ណោះ ហើយត្រូវរ៉ាប់រងលើបញ្ហាបន្សល់ទុកពីការកាន់កាប់ដោយយោធាអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ អ្នកឆ្លើយតបមួយភាគបីនិយាយថា ពួកគេរំពឹងថា រដ្ឋាភិបាលនឹងចាប់ផ្តើមបង្ហាញលទ្ធផលនៅចុងអាណត្តិរបស់ខ្លួន។
ការបោះឆ្នោតឆ្នាំ ២០១៥ ដែលធ្វើឲ្យគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យចូលកាន់តំណែង បានបើកផ្លូវឲ្យមានអ្នកនយោបាយថ្មីថ្មោងនៅក្នុងសភាថ្នាក់ជាតិនិងថ្នាក់តំបន់។ អាស្រ័យហេតុនេះ គេឃើញថា បទពិសោធន៍របស់អ្នកនយោបាយទាំងនោះនៅមានកម្រិតនៅឡើយ។ អ្នកចូលរួមក្នុងការស្ទង់មតិជាង៩៥ភាគរយ បាននិយាយថា ពួកគេមិនដែលត្រូវបានអ្នកនយោបាយថ្នាក់ជាតិ ឬថ្នាក់រដ្ឋណាម្នាក់ មកសំណេះសំណាលជាមួយឡើយ អស់រយៈពេលមួយឆ្នាំមកនេះ ខណៈដែល៨១ភាគរយនិយាយថា ពួកគេនឹងស្វាគមន៍ការមកសំណេះសំណាលនិងសួរសុខទុក្ខ។
ព័ត៌មានប្រឌិត
ការស្ទង់មតិនេះក៏បានផ្តោតទៅលើប្រព័ន្ធផ្សព្វផ្សាយផងដែរ ដោយអ្នកឆ្លើយតបមួយភាគធំចាត់ទុក «ព័ត៌មានប្រឌិត» ជាអ្វីមួយដែលពួកគេមិនចូលចិត្តបំផុតអំពីបណ្តាញសង្គមហ្វេសប៊ុក ហើយអ្នកឆ្លើយតប៣៨ភាគរយនិយាយថា ពួកគេទទួលបានព័ត៌មានភាគច្រើនពីបណ្តាញសង្គម។
រដ្ឋាភិបាលរបស់លោកស្រី អង់សាន ស៊ូជី បានផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាសន្តិភាពជាមួយនឹងក្រុមជនភាគតិចប្រដាប់អាវុធ ហើយបានជំរុញឲ្យមានសន្តិភាពរវាងគ្នាជាមុនសិន មុននឹងប្រកាន់យកគោលជំហរណាមួយ។
ជម្លោះជាមួយក្រុមជនភាគតិចនិងដំណើរការសន្តិភាពក៏ជាការព្រួយបារម្ភធំមួយផងដែរ ប៉ុន្តែនៅតិចជាងបញ្ហាសេដ្ឋកិច្ច។
ខណៈដែលលោកមិនទាន់បានឃើញលទ្ធផលការស្ទង់មតិនោះផង លោក Nyan Win សមាជិកមួយរូបនៃគណៈកម្មាធិការប្រតិបត្តិកណ្តាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបាននិយាយថា លោកមិនមានការភ្ញាក់ផ្អើលនោះទេ ដែលសេដ្ឋកិច្ចត្រូវបានចាត់ទុកជាអាទិភាពចម្បងនោះ។ លោកបានបន្ថែមថា សេដ្ឋកិច្ចគឺជា «អ្វីសំខាន់ជាងគេបង្អស់សម្រាប់ប្រទេសរបស់យើង»។
ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា ការបញ្ឈប់ជម្លោះគឺជាអាទិភាពចម្បង។ លោកបានមានប្រសាសន៍ថា៖
«នៅក្នុងឆ្នាំទីមួយនៃការដឹកនាំរបស់រដ្ឋាភិបាល អាទិភាពចម្បងរបស់ពួកគេគឺដំណើរការសន្តិភាព និងជំនួបដើម្បីពិភាក្សាអំពីសន្តិភាព។ ពួកគេមិនអាចទុកសេដ្ឋកិច្ចចោលទេ ប៉ុន្តែគ្រាន់តែថា សេដ្ឋកិច្ចមិនមែនជាអាទិភាពចម្បងឡើយ។ អាទិភាពចម្បងគឺ សន្តិភាព និងការធ្វើឲ្យមានសន្តិភាពនៅក្នុងប្រទេសទាំងមូល»។
កម្រិតកំហុសនៃការស្ទង់មតិគឺ បូក ឬ ដក ១,៨ ភាគរយ៕
ប្រែសម្រួលដោយណឹម សុភ័ក្ត្របញ្ញា