ដោយមិនទាន់គិតដល់លទ្ធផលនៃជំនួបរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនៅវៀតណាមថានឹងចេញជាយ៉ាងណាជាប្រាកដនោះ អ្នកវិភាគខ្លះបានផ្តល់អត្ថាធិប្បាយផ្សេងៗគ្នាទាក់ទងនឹងជំនួបដែលត្រូវគេរំពឹងថា នឹងឈានទៅរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉ខាងជើង ឬ ដំណោះស្រាយបញ្ហាឧបទ្វីបកូរ៉េ នៅពេលណាមួយនោះ។
ក្រុមអ្នកវិភាគកិច្ចការតំបន់និងកម្ពុជា បានបង្ហាញនូវទស្សនចម្រុះគ្នារឿងជំនួបកំពូល រវាងលោក ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយនិយាយថា ភាពវិជ្ជមានទំនងជាធ្ងន់លើបញ្ហានយោបាយច្រើនជាង ការរំសាយអាវុធនុយក្លេអ៊ែរ នៅមុនពេលលទ្ធផលនៃជំនួបកំពូលលើកទី២នេះ ដែល កំពុងប្រព្រឹត្តទៅក្នុងទីក្រុងហាណូយ ប្រទេស វៀតណាម។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ បានថ្លែងប្រាប់ VOA នៅមុន ជំនួបរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃពុធថា ការរំសាយអាវុធនុយក្លេអ៊ែរដូចការរំពឹងទុក ទំនងជាមិនអាចទៅរួចទេនៅលើកនេះ ក្រៅតែពីការសម្តែងឲ្យឃើញពីផលវិជ្ជមានជានយោបាយ។
«អញ្ចឹងវាអាចមានភាពប្រាកដប្រជាខ្លះទាក់ទងទៅនឹងដំណើរនៃការរំសាយអាវុធនុយ ក្លេអ៊ែរនៅកូរ៉េខាងជើងក៏ដូចជាការដាក់នូវពេលវេលាជាលក្ខណៈ បណ្តើរៗដើម្បីឈាន ទៅរកការរំសាយអាវុធហ្នឹងក៏ដូចជាការនូវទណ្ឌកម្មសេដ្ឋកិច្ចហ្នឹង»។
លោកថា ភាគីទាំងពីរទំនងជាអាចមានជាការចេញសេចក្តីថ្លែងការណ៍រួម តែទំនង ជាមិនអាចជាកិច្ចព្រមព្រៀងសន្តិភាព ដែលជាកិច្ចព្រមព្រៀងមិនអាចផ្លាស់ប្តូរបាន ហើយមានជាប់ទាក់ទងនឹងភាគីពាក់ព័ន្ធដូចជាកូរ៉េខាងត្បូងជាដើម។
«អីចឹងទេ រឿងហ្នឹងប្រហែលត្រូវការរយះពេលបន្តបន្ទាប់ទៅទៀត»។
លោកថាមេដឹកនាំទាំងពីរ នឹងនៅមានការថ្លឹងថ្លែងពីការរំសាយអាវុធនុយក្លេអ៊ែរ ប្រល័យលោក នៅពេលណា មានសម្បទានយ៉ាងណា សម្របសម្រួលប៉ុណ្ណា ទទួល យកប៉ុណ្ណា ហើយតើអាមេរិកនិងលោកខាងលិចនឹងបន្ធូរបន្ថយទណ្ឌកម្មប៉ុណ្ណា ពេល ណា ចាប់ផ្តើមពេលណាដើម្បីឲ្យកូរ៉េខាងជើងអភិវឌ្ឍប្រទេសខ្លួនជាដើមនោះ។ តែលោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមមុខនឹងបញ្ហានយោបាយផ្ទៃក្នុង យ៉ាងធ្ងន់ ធ្ងរនោះ ទំនងជាអាចប្រើប្រាស់រឿងនេះដើម្បីទាញយកការគាំទ្រលោក។
ប្រធានរាជបណ្ឌិតសភាគឺលោកបណ្ឌិត សុខ ទូច ដែលនិយាយក្នុងនាមជាអ្នកវិភាគ នយោបាយនៅកម្ពុជាបានអះអាងថាវាជារឿងមិនអាចទៅរួចទេក្នុងការប៉ុនប៉ង រំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងដែលជាប្រទេសកុម្មុយនីស្តតពូជនោះ វាជារឿងមិនអាចទៅរួចឡើយ។
«តែបើគ្រាន់តែបន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង គឺឧបទ្វីប កូរ៉េហ្នឹងបាន។ តែទៅដាក់លក្ខខណ្ឌណាមួយទាក់ទិនទៅនឹងការរំលាយនុយក្លេអ៊ែរ ខ្ញុំជឿជាក់ថាវាជាការលំបាក»។
លោក សុខ ទូច បានបន្តថា សហរដ្ឋអាមេរិកយកប្រទេសវៀតណាមដើម្បីជាទីកន្លែង ជំនួបកំពូលលើកទី២ បន្ទាប់ពីប្រទេសសីង្ហបូរីនោះ គឺជាសញ្ញានៃទំនាក់ទំនងដែល អាមេរិកមានជាមួយវៀតណាម ដែលជាប្រទេសកុម្មុយនីស្ត។
«អាមេរិកចង់បង្ហាញ គីម ជុងអ៊ុន រឿងជំនួយនៅវៀតណាមហ្នឹងថា នែ វៀតណាមជាប្រទេសកុំម្មុយនិស្ត ជាប្រទេសឯកបក្ស ប៉ុន្តែគេត្រូវជាមួយអាមេរិក សំខាន់យើងត្រូវគ្នា មិនសំខាន់មនោគមទេ ព្រោះមនោគមវាបានសាបហើយ។ នេះគឺលោក ត្រាំចង់ បង្ហាញអីចឹង តែបង្ហាញអីចឹងសម្រាប់ប្រទេសកុម្មុយនីស្តដែលគ្មានតំណពូជ ប៉ុន្តែរឿង គីម ជុងអ៊ុនគឺជារឿងតំណពូជ ហើយជារឿងរនាំងរបស់ចិនដ៏ធំមួយសម្រាប់ទប់ ជាមួយ ជប៉ុន និងកូរ៉េខាងត្បូង»។
ក្នុងពេលតែប៉ុន្មានម៉ោងមុនជំនួបកំពូលលើកទីពីររបស់លោកជាមួយមេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោកប្រធានាធិបតីស.រ.អា Donald Trump បានសុំដល់ «មិត្ត» របស់លោកគឺលោក Kim Jong Un ឱ្យបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោកដើម្បីធ្វើឱ្យប្រាកដប្រជាថា ប្រទេសលោកនឹងមានអនាគត «គួរឱ្យស្ងើចសរសើរ» ។
នៅក្នុងសារតាមប្រព័ន្ធទ្វីធឺ (Twitter) មួយកាលពីព្រឹកថ្ងៃពុធពីក្រុងហាណូយ លោកប្រធានាធិបតី Trump បាននិយាយថា លោក Kim គួរដេញតាមភាពជោគជ័យនៃប្រទេសវៀតណាម ដែលជាប្រទេសកុម្មុយនីស្តដែរ ដែលលោកនិយាយថា «ចម្រើនលូតលាស់ដូចកន្លែងពីរបីនៅលើពិភពលោក»។
លោក Trump បាននិយាយថា «សក្តានុពលគួរឱ្យស្ងើចសរសើរ វាជាឱកាសធំមួយ សឹងតែគ្មានក្នុងប្រវត្តិសាស្ត្រ សម្រាប់មិត្តខ្ញុំ Kim Jong Un»។
នៅក្នុង Tweet មួយទៀតនៅពេលបន្ទាប់ លោកប្រធានាធិបតីអាមេរិកបាននិយាយថាលោកនិងលោក Kim «នឹងខិតខំធ្វើការខ្លាំងអំពីការធ្វើកុំឱ្យមានអាវុធនុយក្លេអ៊ែរ» និងធ្វើរបបគ្រប់គ្រងសង្កត់សង្កិននេះ ក្លាយទៅជា «មហាអំណាចសេដ្ឋកិច្ចមួយ»។ លោក Trump បានសរសេរថាលោកមានជំនឿថាប្រទេសចិន រុស្សី ជប៉ុននិងប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសជាតិបួនមានទាក់ទិនជាមួយស.រ.អាក្នុងកិច្ចចរចាគ្មានជោគជ័យកាលពីពេលមុនៗ នឹងនិយាយបញ្ចុះបញ្ចូល រដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនដែលជា «ការមានប្រយោជន៍ណាស់»។
លោក ស្គត់ ស្នៃឌឺ (Scott Snyder) នាយកកម្មវិធីគោលនយោបាយអាមេរិក កូរ៉េ នៃអង្គការតាក់តែងគោលនយោបាយអាមេរិកមួយ ហៅថា ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (Council on Foreign Relations) បានអះអាងថាមេដឹកនាំទាំងពីរបាន បង្ហាញនូវកាយវិការល្អចំពោះកិច្ចប្រជុំកំពូល ហើយបង្ហាញពីការរីកចម្រើនក្នុងការបង្កើតអាថ៌កំបាំងផ្ទាល់ខ្លួនផងដែរ។
«លោក គីម ជុងអ៊ុន ក្នុងជំនួបលើកនេះ ហាក់ដូចជាមានកាយវិការឆ្គងតិចជាងជំនួប កំពូលលើកមុន ហើយលោកគីមទំនងជាត្រូវបានធានា និង អស់សំណើចខ្លះដោយ ការបញ្ជាក់របស់លោក ត្រាំអំពីសក្តានុពលសេដ្ឋកិច្ចនៃប្រទេសកូរ៉េខាងជើង។ មេដឹកនាំទាំងពីរហាក់ដូចជាទទួលស្គាល់ថាពួកអស់លោកនឹងឈានដល់ការរីកចំរើននៅ ដំណាក់ កាលខ្ពស់ជាងមុនក្នុងកិច្ចប្រជុំលើកនេះដែលត្រូវគេរំពឹងថានឹងទទួលបាន ជោគជ័យនោះ ។ ហើយយើងនឹងបានឃើញ»។
មេដឹកនាំទាំងពីរនាក់នេះបានជួបគ្នាក្នុងរយៈពេលខ្លីនៅថ្ងៃពុធនៅមុនពេលពិសារអាហារពេលយប់ដោយមានការចូលរួមពីសហការីសំខាន់ៗពីរនាក់ និងអ្នកបកប្រែភាសាម្នាក់ពីភាគីនីមួយៗ ។ មន្ត្រីសំខាន់ពីររូបរបស់អាមេរិកនោះគឺមានការចូលរួមពីសំណាក់លោករដ្ឋមន្ត្រីការបរទេស Mike Pompeo និងលោក Mick Mulvaney នាយខុទ្ទកាល័យស្តីទីសេតវិមាន។ លោក Trump និងលោក Kim នឹងធ្វើការចរចាជាផ្លូវការថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ។
លោក Donald Trump បានចំណាយពេលពាក់កណ្តាលថ្ងៃដោយលោកបានជួបជាមួយពួកមេដឹកនាំវៀតណាម។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដោយប្រទេសវៀតណាមនឹងទិញយន្តហោះប្រតិកម្ម Boeing មានទឹកប្រាក់រាប់ពាន់លានដុល្លារ៕