កាលពីថ្ងៃទី៨ ខែកក្កដា តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ហើយរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរឋានៈថ្មីរបស់ប្រាសាទបុរាណនេះ។ ចំណែកប្រជាជនដែលរស់នៅតំបន់ប្រាសាទសំបូរព្រៃគុកវិញ បានបង្ហាញក្តីសង្ឃឹមថា ជីវភាពរបស់ពួកគេនឹងមានភាពល្អប្រសើរឡើង នៅពេលភ្ញៀវទេសចរច្រើនចូលមកតំបន់នេះ។ ទោះជាយ៉ាងណា ប្រជាជនមួយចំនួនវិញបានបង្ហាញក្តីបារម្ភថា ការអភិវឌ្ឍនៅតំបន់ប្រាសាទនាពេលខាងមុខនឹងប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។
ប្រជាជននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកបានលើកឡើងថា ពួកគេបានដឹងអំពីការចុះបញ្ជីតំបន់ប្រាសាទមួយនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
ប្រជាជនដែលរស់នៅតំបន់ប្រាសាទសំបូរព្រៃគុកបានបង្ហាញក្តីសង្ឃឹមថា ការចុះបញ្ជីនេះនឹងអាចទាក់ទាញភ្ញៀវទេសចរច្រើនមកទស្សនាប្រាសាទ ហើយប្រជាជនអាចទាញផលប្រយោជន៍បានពីទេសចរណ៍ តាមរយៈការលក់ដូរនានា នៅតំបន់នោះ។
ពេលកំពុងដឹកគោស៊ីស្មៅ និងរុក្ខជាតិនៅតំបន់ប្រាសាទសំបូរព្រៃគុក លោក មួន ស៊ូរ អាយុ៥៧ឆ្នាំបានថ្លែងប្រាប់ VOA ថា លោកនឹងប្រកបមុខរបរដឹកភ្ញៀវទេសចរតាមរទេះគោ ទស្សនាប្រាសាទនានា នៅពេលមានភ្ញៀវទេសចរច្រើនមកលេង។
លោកមានប្រសាសន៍ថា៖
«ភ្ញៀវច្រើន ខ្ញុំទុកគោ បររទេះដឹកបារាំងទៅ! អ្ហេ! បើជាប់បានលុយដែរហ្នឹង»។
លោកបន្តថា លោកនឹងលក់ដូង និងធ្វើនំនេកមួយចំនួនផងដែរ សម្រាប់ភ្ញៀវទេសចរ។ លោកបង្ហាញក្តីសង្ឃឹមថា ការបញ្ចូលប្រាសាទនេះជាបេតិកភណ្ឌពិភពលោកនឹងជួយធ្វើឲ្យជីវភាពរបស់ប្រជាជននៅតំបន់ប្រាសាទសំបូរព្រៃគុកមានភាពល្អប្រសើរ។
ជារៀងរាល់ថ្ងៃ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកដែលមានប្រាសាទទៅដល់ជាង២០០ ប្រជាជនមួយចំនួនបានដឹកគោឲ្យស៊ីស្មៅនៅទីនោះ ក្បែរប្រាសាទនានា។
ពេលកំពុងដឹកគោស៊ីស្មៅនៅតំបន់ប្រាសាទសំបូរព្រៃគុក ប្រជាពលរដ្ឋម្នាក់ទៀតគឺអ្នកស្រីផល ម៉ៅ អាយុ៤៨ឆ្នាំ ដែលជាអ្នកស៊ីឈ្នួលមើលគោឲ្យគេ បានថ្លែងប្រាប់ VOA ថា អ្នកស្រីសង្ឃឹមថា នឹងអាចលក់វត្ថុអនុស្សាវរីយតិចតួចសម្រាប់ភ្ញៀវទេសចរ ដូចជាការលក់មួកស្លឹកត្នោតជាដើម។
ទោះជាយ៉ាងណា អ្នកស្រីបារម្ភថា អ្នកស្រីពិបាកនឹងទាញយកផលប្រយោជន៍ពីនោះ ដោយសារតែកម្រិតនៃការចេះដឹងនៅទាប។
អ្នកស្រីមានប្រសាសន៍ថា៖
«គេអ្នកចេះដឹង គេមានទាញផលបានហើយ។ បើអ្នកដូចខ្ញុំបានអីទាញបាន។ បើយើងដើរមើលគោ(ឲ្យគេ)។ អត់មានមុខរបរអីហ្នឹងគេផង!»
តំបន់ប្រាសាទសំបូរព្រៃគុកនៅចម្ងាយប្រមាណ២៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អ្នកទេសចរពីភ្នំពេញ ដែលទៅទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ឬប្រាសាទព្រះវិហារក្នុងខេត្តព្រះវិហារ អាចឈៀងចូលទស្សនាប្រាសាទសំបូរព្រៃគុក ព្រោះប្រាសាទនេះនៅតាមផ្លូវទៅសៀមរាបនិងព្រះវិហារ។
មុននឹងដល់ទីតាំងប្រាសាទសំបូរព្រៃគុក អ្នកធ្វើដំណើរត្រូវឆ្លងកាត់តាមផ្លូវកៅស៊ូមួយ ទទឹងប្រហែល៤ម៉ែត្រ។ សព្វថ្ងៃនេះ ផ្លូវកៅស៊ូមួយនេះកំពុងរងការខូចខាតមួយចំនួន។ ប្រជាពលរដ្ឋអះអាងថា ត្រូវមានការពង្រីក និងជួសជុលបន្ថែមទៀត នៅពេលមានភ្ញៀវទេសចរច្រើនមកលេង។
ផុតពីផ្លូវកៅស៊ូ មុនទៅដល់តំបន់ប្រាសាទសំបូរព្រៃគុក អ្នកធ្វើដំណើរត្រូវឆ្លងកាត់ផ្លូវដីក្រហម ចម្ងាយប្រមាណ១គីឡូម៉ែត្រកន្លះទៀត ដែលពលរដ្ឋអះអាងថា នឹងពិបាកធ្វើដំណើរ នៅរដូវវស្សា និងមានដីហុយនៅរដូវប្រាំង។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ពួកគេហាក់មិនចង់ឲ្យមានការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកនោះទេ ដោយសារពួកគេបារម្ភអំពី«ច្បាប់តឹងរ៉ឹង»សម្រាប់ការសាងសង់ផ្ទះ និងការធ្វើចម្ការនៅតំបន់នោះ។
នាង នម ស៊ីណាត អាយុ៣០ឆ្នាំ ជាអ្នកលក់ដូរអាហារ នៅហាងមួយក្នុងតំបន់ប្រាសាទនេះ បានថ្លែងប្រាប់ VOA ថា អ្នកនាងបានឮសូរប្រជាជននិយាយតៗគ្នាថា ពួកគេមិនពេញចិត្តនឹងការបញ្ចូលប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកទេ ដោយសារបច្ចុប្បន្ននេះមានភាពតឹងតែងរួចទៅហើយ ទាក់ទងនឹងការធ្វើផ្ទះសម្បែង។
នាងក៏បានបង្ហាញក្តីបារម្ភថា ការចុះបញ្ជីនេះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់អ្នកនាង ដោយសារអាចនឹងមានការកំណត់ចំណតរថយន្តនៅឆ្ងាយពីហាងរបស់នាង។
នាងមានប្រសាសន៍ថា៖
«សម្រាប់ខ្ញុំ ខ្ញុំមិនគាំទ្រឲ្យចូលទេបង ដោយខ្លាចថា គេចង់ឲ្យរថយន្តឈប់ឆ្ងាយ។ ដូច្នេះខា្លចបាត់បង់អតិថិជន»។
នាងបន្តថា ផ្លូវនៅតំបន់នេះមានភាពលំបាកនៅឡើយ ដោយសារតែផ្លូវនៅតូច ហើយនៅរដូវវស្សា មានភក់ ចំណែកនៅរដូវប្រាំងវិញមានដីហុយ។
ប្រជាពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី ចាន់ អូន អាយុ៥២ឆ្នាំ មានប្រសាសន៍ថា អាជ្ញាធរបានកំហិតការសាងសង់ផ្ទះនៅទីនោះ ដោយត្រូវសុំការអនុញ្ញាតជាមុន សម្រាប់ការសាងសង់នានា។ អ្នកស្រីបន្តថា ដីចម្ការរបស់អ្នកស្រីក៏ត្រូវបានហាមឃាត់មិនឲ្យឈូសឆាយព្រៃដែរ នៅពេលនេះ។
អ្នកស្រីមានប្រសាសន៍ថា៖
«គេមិនឲ្យកាប់ព្រៃ និងចាក់គ្រឹះធំៗផ្សេងៗនៅតំបន់នោះទេ។ ចូលបេតិកភណ្ឌពិភពលោក ខ្ញុំក៏ត្រេកអរ ប៉ុន្តែសុំឲ្យប្រជារាស្រ្តនៅបានសេចក្តីសុខល្អ ចង់ធ្វើអ្វី អ្វីឲ្យបានដូចពីមុនមក»។
អ្នកស្រីក៏បានបង្ហាញក្តីបារម្ភអំពីការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋនៅពេលខាងមុខ ដោយសាររដ្ឋាភិបាលចង់បានតំបន់នោះទៅអភិវឌ្ឍ។
ទោះជាយ៉ាងណា អ្នកស្រីមានប្រសាសន៍ថា តាមរយៈការចុះបញ្ជីនេះ អ្នកស្រីនឹងអាចធ្វើនំចំណី និងលក់ដូររបស់របរមួយចំនួនជូនភ្ញៀវទេសចរ។
ប្រជាពលរដ្ឋម្នាក់ទៀតគឺអ្នកស្រីទី ភន អាយុ៥៣ឆ្នាំ ជាអ្នកលក់កន្រ្តធ្វើពីដៃ មានប្រសាសន៍ថា អ្នកស្រីមិនដឹងថា ការបញ្ចូលប្រាសាទនេះជាបេតិកភណ្ឌពិភពលោកនោះមានន័យយ៉ាងណានោះទេ។អ្នកស្រីលើកជាសំណួរថា តើការចុះបញ្ជីនោះនឹងប៉ះពាល់ដល់ការលក់ដូររបស់អ្នកស្រីទៅថ្ងៃខាងមុខ ឬយ៉ាងណា?
អ្នកស្រីមានប្រសាសន៍ថា៖
«បើចូលជាបេតិកភណ្ឌ ខ្ញុំដេកនឹកឃើញខ្លាចលោគេមិនឲ្យលក់ទេដឹង អារបស់របរអញ្ចេះ។ ពីមុនមក វាបានលក់។ ដល់ពេលខ្លាចចូលទៅ គេមិនឲ្យលក់។ បើបានគេឲ្យលក់ ក៏អរទៅ»។
ពេលកំពុងនាំភ្ញៀវទេសចរបរទេសពីរនាក់ដើរមើលប្រាសាទ មគ្គុទេសក៍ទេសចរណ៍ម្នាក់គឺលោក ចេង ចិន្តា អាយុ៣៥ឆ្នាំ បានថ្លែងប្រាប់ VOA ថា សព្វថ្ងៃ នេះមិនសូវជាមានភ្ញៀវទេសចរបរទេសច្រើនមកតំបន់ប្រាសាទសំបូរព្រៃគុកនោះទេ។ តាមរយៈការចុះបញ្ជីនេះ លោកសង្ឃឹមថា នឹងមានភ្ញៀវទេសចរច្រើនមកទស្សនា ហើយធ្វើឲ្យលោកអាចរកចំណូលបានច្រើនជាងនេះ តាមរយៈការដំឡើងតម្លៃសេវាជូនភ្ញៀវទេសចរទស្សនាប្រាសាទ។
លោកមានប្រសាសន៍ថា៖
«(រកបាន)៦រៀលទៅ៧រៀល(ដុល្លារ)ហ្នឹងឯង ក្នុងមួយថ្ងៃហ្នឹង។ មិនដឹងដែរ ខ្ញុំរំពឹងថា យើងដើរ២ម៉ោង អាចត្រឹម១០រៀល (ដុល្លារ) ក៏ល្អដែរ។ មួយថ្ងៃត្រឹម២៥ ឬក៏២០ដុល្លារហ្នឹង»។
មេឃុំសំបូរគឺលោកចេង វណ្ណាមានប្រសាសន៍ថា លោករំពឹងថា ប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារ ក្នុងចំណោមពលរដ្ឋសរុបជាង៣ពាន់គ្រួសារ នឹងអាចទទួលបានផលប្រយោជន៍ពីតំបន់នេះ។ លោកសង្ឃឹមថា ចំណូលមួយចំនួនដែលទាញបានពីទេសចរណ៍នៅតំបន់នោះ នឹងអាចត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍនៅក្នុងឃុំ។
មេឃុំរូបនោះបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ប្រជាជនបានលើកឡើងពីការព្រួយបារម្ភថា ពួកគេពិបាកនឹងសាងសង់ផ្ទះ ដោយត្រូវសុំការអនុញ្ញាតជាមុនសិន។
លោកបានថ្លែងប្រាប់ VOA ថា៖
«បើនិយាយពីការព្រួយបារម្ភ គឺព្រួយបារម្ភច្រើនពីការធ្វើផ្ទះនេះ ឲ្យតែដីតំបន់ជាប់ ទាំង៧ភូមិនេះ»។
អភិបាលស្រុកប្រាសាទសំបូរគឺលោកខៀវ ប៉ាងមានប្រសាសន៍ថា បច្ចុប្បន្ននេះ រថយន្តធំៗមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់តំបន់ប្រាសាទនោះទេ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋជួយថែរក្សាព្រៃឈើ និងបរិស្ថាននៅតំបន់ប្រាសាទសំបូរព្រៃគុក។ លោកបន្តថា រដ្ឋាភិបាលក៏មានគម្រោងអភិរក្សនៅតំបន់នោះ ដូច្នេះការសាងសង់ផ្ទះត្រូវមានការអនុញ្ញាតពីអាជ្ញាធរ ដែលទទួលបន្ទុកលើប្រាសាទសំបូរព្រៃគុក។
ក្រុមប្រាសាទសំបូរព្រៃគុកដែលស្ថិតនៅលើដីប្រមាណ២៥គីឡូម៉ែត្រការ៉េគឺជាអតីតរាជធានីខ្មែរសម័យចេនឡា នាសតវត្សរ៍ទី៧ ដែលមានវឌ្ឍនភាពឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ដែលមានឈ្មោះថា ឥសានបុរ ជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់នាសម័យមុនអង្គរ និងសម័យអង្គរ។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរការចុះបញ្ជីប្រាសាទនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញ។
Your browser doesn’t support HTML5
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងនាពេលនោះថា អង្គការយូណេស្កូនឹងជួយទៅលើការងារជុសជុល និងអភិរក្សប្រាសាទនៅពេលខាងមុខ។
លោកបានថ្លែងថា៖
«យើងមាននយោបាយការបរទេសត្រឹមត្រូវ ដែលទាក់ទាញការគាំទ្រពីប្រទេសជាមិត្ត និងអង្គការអន្តរជាតិ ពិសេសគឺយូណេស្កូ ទាំងការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ទាំងការជួយជំនួយហិរញ្ញវត្ថុ បច្ចេកទេស ដើម្បីការជួសជុល និងអភិរក្ស ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស»។
លោកហ៊ុន សែនក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ហើយថារដ្ឋាភិបាលនឹងបន្តកិច្ចប្រឹងប្រែង ដើម្បីដាក់បញ្ចូលប្រាង្គប្រាសាទ និងសម្បត្តិវប្បធម៌ផ្សេងទៀត។
លោកបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងពិនិត្យមើលទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចូលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ហើយនឹងធ្វើឲ្យមានទេសចរណ៍ប្រសើរឡើងនាពេលខាងមុខ។
លោកសែម ណម អ្នកគ្រប់គ្រងឆ្មាំការពារប្រាសាទ បាននិយាយថា បច្ចុប្បន្ននេះ ការថែរក្សាប្រាសាទមិនទាន់បានល្អប្រសើរនៅឡើយទេ ដោយសារខ្វះឆ្មាំការពារប្រាសាទ។
លោកបញ្ជាក់ថា៖
«កម្លាំងមានតែ២៤នាក់ទេ ហើយប្រាសាទមានទៅដល់២៩៣ប្រាសាទ ដែលតម្រូវឲ្យមានការបង្កើនមនុស្ស»។
លោកបន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង៥០០នាក់បានក្លាយជាសមាជិកនៃសហគមន៍អភិរក្សសំបូរព្រៃគុក ដែលពួកគេអាចទាញប្រយោជន៍ពីតំបន់នោះបាន។
បើតាមលោកសែម ណម បច្ចុប្បន្ននេះប្រាសាទសំបូរព្រៃគុកមានអ្នកទេសចរបរទេសប្រមាណ១៨០០០នាក់ក្នុងមួយឆ្នាំ មកទស្សនាប្រាសាទ ដោយពួកគេត្រូវបង់ប្រាក់៣ដុល្លារសម្រាប់ការចូលទស្សនា៕