គ្រួសារ៖ ​មុនបាត់​ខ្លួន ​សកម្មជន​ថៃ«កាន់​លិខិត​ឆ្លងដែន​ខ្មែរ»

រូបឯកសារ៖ ក្រុម​បាតុករ​កាន់​បដា និង​ពាក់​ម៉ាស់មុខ ខណៈ​ដែល​ពួកគេ​តវ៉ា​គម្រប់​រយៈពេល ៦ ខែ ក្រោយ​សកម្មជន​ថៃ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ លោក Wanchalearm Satsaksit ត្រូវ​បាន​ចាប់​ពង្រត់។ ពួកគេ​តវ៉ា​នៅ​ខាង​មុខ​ស្ថានភាព​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

អំឡុង​ពេល​រស់នៅ​កម្ពុជាដើម្បី​គេច​ចេញ​ពី​ការតាម​ចាប់ចង​របស់អាជ្ញាធរ​ថៃ មក​ទល់​នឹងពេលបាត់​ខ្លួន​នៅ​ខែមិថុនា​ ឆ្នាំ២០២០​ សកម្មជន​ថៃ Wanchalearm Satsaksit បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា។ នេះ​បើតាមការ​បញ្ជាក់​និងបង្ហាញ​ឯកសារ​ពី​ក្រុម​គ្រួសារ។

អ្នកស្រី Sitanun Satsaksit ជា​បង​ស្រី​បង្កើត​របស់​លោក Wanchalearm និង​ក្រុម​ជំនួយ​ផ្នែកច្បាប់​របស់​ខ្លួន​នៅប្រទេស​ថៃ បាន​ដាក់​ឯកសារ​ជាភ័ស្ដុតាង​បន្ថែម​ ដែល​ព្យាយាម​បញ្ជាក់​អំពីវត្តមាន​របស់​សកម្មជន​ថៃ​រូបនេះ​រស់នៅ​កម្ពុជា​ មុន​ពេល​បាត់​ខ្លួន។​

សាក្សី​នៅកន្លែង​កើតហេតុ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ធ្លាប់​បាន​ប្រាប់​វីអូអេ​ នៅ​ថ្ងៃទី ០៥ ខែ​មិថុនា ​ឆ្នាំ២០២០​ ថា​លោក Wanchalearm ត្រូវ​បាន​បុរសមិនស្គាល់​មុខ​មួយ​ក្រុម ​ក្របួច​ញាត់​ឡាន ​ចាប់​យក​ទៅ​បាត់ កាល​ពី​ថ្ងៃទី០៤ ខែ​មិថុនា ​ឆ្នាំ២០២០។

អាជ្ញាធរ​កម្ពុជា​បាន​បញ្ជាក់​ថា ខ្លួន​ពុំមាន​តឹកតាង​គ្រប់គ្រាន់​នឹង​បង្ហាញ​ថា លោក Wanchalearm រស់​នៅ​កម្ពុជា និង​ក៏​ដូចជា​បញ្ជាក់​អំពី​វត្តមាន​នៃ​បទល្មើស​ចាប់​ពង្រត់​នោះ​ទេ។

លិខិត​ឆ្លើយតប​របស់​ក្រសួង​មហាផ្ទៃ​ផ្ញើជូន​អង្គការ​សហប្រជាជាតិ ​កាល​ពី​ខែ​សីហា ឆ្នាំ២០២០ បង្ហាញ​ថា​កំណត់ត្រា​លោក Wanchalearm ចូល​មក​ប្រទេស​កម្ពុជា​ចុងក្រោយ ប្រើ​ប្រាស់លិខិត​ឆ្លង​ដែន​ថៃ នៅថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៥ ហើយ​ទិដ្ឋាការ​រស់នៅ​របស់​លោក​បាន​ផុត​កំណត់នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

យ៉ាងណា​ក៏ដោយ​ក្នុងចំណោម​ភ័ស្ដុតាង​ជាឯកសារ​ដែល​អ្នកស្រី Sitanun បាន​ដាក់​ជូន​ចៅ​ក្រមថៃ​កាល​ពី​សប្ដាហ៍​មុន បង្ហាញ​ថា ​ចាប់ពី​ឆ្នាំ២០១៥មក​ លោក Wanchalearm ​ទំនង​ជា​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​កម្ពុជា។

ក្នុង​ច្បាប់​ចម្លងលិខិត​ឆ្លងដែន​កម្ពុជា​គំរូចាស់ ដែល​ផ្ដល់​ឱ្យ​ដោយ​អ្នកស្រី Sitanun មាន​លេខ N1875407 គេ​ឃើញ​មាន​រូបថត​លោក Wanchalearm ប្រើ​ឈ្មោះ​ «សុខ ហេង»(Sok Heng) មាន​ឆ្នាំកំណើត​ ១៩៨២ ​និងមាន​ស្រុក​កំណើត​នៅ​ ខេត្តកោះកុង។

រូបភាព​លិខិតឆ្លងដែន​នោះ​បង្ហាញ​ថា ការ​ផ្ដល់​ជូន​ធ្វើ​នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៥ និង​ផុតសុពលភាព​ប្រើប្រាស់​នៅថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០២៥។

ច្បាប់​ចម្លង​នៃ​លិខិត​ឆ្លងដែន​មួយ​ដែល​ត្រូវ​បាន​អះអាង​ថា​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ដោយ​សកម្មជន​ថៃ លោក Wanchalearm Satsaksit។ (រូបថត​ផ្ដល់​ដោយ​គ្រួសារ Satsaksit)

អ្នកស្រី​ Sitanun ប្រាប់​វីអូអេ​ថា លោក Wanchalearm បាន​ប្រាប់អ្នកស្រី​ អំពីលិខិតឆ្លង​ដែន​កម្ពុជា​នេះ ភ្លាមៗ​ក្រោយ​ពីខ្លួន​បាន​ទទួល​កាល​ពីឆ្នាំ២០១៥ តែ​មិន​បាន​បញ្ជាក់​ថា​លោក Wanchalearm ទទួល​បានវា​ដោយ​របៀបណា​នោះ​ទេ។

បើ​តាម​អ្នកស្រី Sitanun លោក​ Wanchalearm ​បាន​ប្រើ​លិខិត​ឆ្លងដែន​កម្ពុជា​នេះ ធ្វើ​ដំណើរ​ទៅ ចិន ​ជប៉ុន ​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​វៀតណាម​ អារ៉ាប់រួម ​កេនយ៉ា​ និងអ៊ូហ្គង់ដា ​ថែម​ទៀត​ផង។

វីអូអេ​មិនទាន់​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យទៅ​លើសុក្រិតភាព​លិខិតឆ្លងដែន​ខាងលើ​នៅ​ឡើយ។

អ្នក​ស្រី Pornpen Khongkachonkiet អ្នក​តស៊ូមតិថៃ​ដែល​ផ្ដល់​ជំនួយ​ផ្លូវច្បាប់​ដល់​អ្នកស្រី Sitanun បាន​ឱ្យ​ដឹង​ថា ក្រុមខ្លួន​ក៏បានដាក់​ភ័ស្តុតាង​ទាំងនេះ​ជូន​ចៅក្រម​កម្ពុជា នៅ​សាលា​ដំបូងរាជធានី​ភ្នំពេញ​ផង​ដែរ អំឡុង​ពេល​មក​ផ្ដល់​សក្ខីកម្ម​កាល​ពីខែធ្នូ​កន្លង​ទៅ។

«ចំពោះ​យើង លិខិត​ឆ្លងដែន​នេះ​មិន​អាច​ក្លែងក្លាយ​នោះ​ទេ ព្រោះ Wanchalearm បាន​ប្រើ​វាដើម្បី​ធ្វើដំណើរ​ទៅ​បណ្ដា​ប្រទេស​ជា​ច្រើន ក្នុង​តំបន់ និង​ទៅ​ដល់​ទ្វីប​អាហ្វ្រិក​ទៀត​ផង»។

អ្នកស្រី Sitanun បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា អា​ជ្ញាធរ​ថៃ​និង​កម្ពុជាមាន​កាតព្វកិច្ច​និង​សិទ្ធិអំណាចក្នុង​ការ​ស្វះស្វែង​រកប្អូន​អ្នកស្រី​ត្រឡប់​មកវិញ។

«ពួកគេ​មិនអាច​បដិសេធ​ថាប្អូន​ខ្ញុំមិន​មាន​វត្តមាន​នៅកម្ពុជា​បាន​នោះទេ។ អាជ្ញាធរ​ទាំងពីរប្រទេស​ចាំបាច់​ត្រូវបើក​ការស៊ើប​អង្កេត​ឡើងវិញ​ និង​ទទួល​យក​នូវអង្គហេតុ​ដែលថា​ប្អូនខ្ញុំ​ពិតជាស្ថិតក្នុង​ប្រទេស​កម្ពុជា​មកទល់​ពេល​បាត់ខ្លួន»។

អ្នកស្រី​បានបន្ថែម​ថា ​អ្នកស្រី​នៅតែ​រក្សាជំនឿ​ថាលោក Wanchalearm អាច​នឹង​ត្រូវបាន​រកឃើញ ឬ​ទោះពុំដូច្នោះ​ក៏ដោយ ​ក៏អាច​ស្វះស្វែងរក​ការពិតអំពី​ជោគវាសនា​របស់​លោក។

​ពេលត្រូវ​បាន​ទាក់ទង​កាលពី​ថ្ងៃចន្ទ​ លោក​ កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​មហាផ្ទៃ។ លោក​ឧត្ដមសេនីយ៍​ឯក សាយ ម៉េងឈាង ​អគ្គនាយករងអគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម មិនទាន់​បាន​ឆ្លើយតប​នឹង​សំណើ​សុំការ​បំភ្លឺ​របស់​វីអូអេ​នៅ​ឡើយ។

លោក ​ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ភាព​ស្របច្បាប់​នៃ​លិខិត​ឆ្លងដែន ខាងលើ។ លោក​បាន​ប្រាប់​វីអូអេ​ថា៖

«ចំពោះ Wanchalearm ដែល​កាន់លិខិត​ឆ្លងដែន​ខ្មែរ ខ្ញុំ​សូម​បដិសេធ​ថា មិនមែន​ជា​លិខិតឆ្លងដែនច្បាស់​ផ្លូវការ​របស់​ក្រសួងទេ​ ហើយ​ដូច្នេះ​អាចពាក់ព័ន្ធ​នឹង​ការក្លែង​លិខិត​ឆ្លងដែន​របស់​កម្ពុជាទៀត»។

លោក ​ខៀវ សុភ័គ ដែល​ក៏​ជា​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ផង​ដែរ បាន​បន្ត​ប្រាប់​វីអូអេ​ថា៖

«ព័ត៌មានខ្លះ​យើងត្រូវ​តែ​ពិចារណា​មើល។ រឿងអ្វី​ដែល Wanchalearm ជា​ជនជាតិ​ដទៃ ហើយ​ច្បាប់​របស់​ខ្មែរ​ទាល់​តែ​មាន​ព្រះរាជក្រឹត្យ ​បើ​សិនជា​មិនមាន​ព្រះរាជក្រឹត្យ​តែងតាំង​ទេ Wanchalearm ខុស​ច្បាប់។ លួចប្រើ​ប្រាស់​លិខិត​ឆ្លងដែន​ខុស​ច្បាប់ ហើយ​បើ​មានឈ្មោះ ត្រូវជាប់​បទ​ហ្នឹង​ទៀត​នៅ​កម្ពុជា»។

រូបថត​មិន​មាន​កាលបរិច្ឆេទ​មួយ​សន្លឹក​នេះ​បង្ហាញ​អំពី​វត្តមាន​លោក Wanchalearm Satsaksit នៅ​ខុនដូ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ (រូបថត​ផ្ដល់​ដោយ​គ្រួសារ Satsaksit)

អ្នកស្រី Pornpen Khongkachonkiet បាន​ប្រាប់វីអូអេ​បន្ត​ថា លិខិតឆ្លងដែន​នោះ​យ៉ាងណា​ក៏ដោយ​អ្វី​ដែលវាបាន​បញ្ជាក់ប្រាប់​នោះ​គឺ​វត្តមាន​រស់នៅ​កម្ពុជា​របស់ Wanchalearm។

«បើសិនជា​ពួកគេ​និយាយ​បដិសេធ រឿង​លិខិត​ឆ្លងដែន​នេះ ក៏​បដិសេធ​ទៅ​ចុះ វា​មិន​ថ្វី​នោះ​ទេ។ អង្គ​ហេតុ​នេះ​បាន​បង្ហាញ​ប្រាប់​នូវ​ការពិត​រួច​ទៅហើយ ថា​លោក Wanchalearm ពិត​ជា​បាន​កាន់​លិខិត​ឆ្លងដែន​កម្ពុជា មាន​ទាំង​លេខ​ ទាំង​រូបថត​ទៀត​ផង»។

ឯកសារ​បន្ថែម​ទៀត​ដែល​ត្រូវបាន​អ្នកស្រី Sitanun ដាក់​ជូនជា​ភ័ស្ដុតាង​បញ្ជាក់​អំពី​ការ​ដឹង​របស់អាជ្ញាធរ​ថៃ​ ថា​លោក Wanchalearm Satsaksit មានវត្តមាន​នៅ​កម្ពុជា គឺ​លិខិតឆ្លើយឆ្លង​ផ្ទៃក្នុង​របស់​នគរបាលថៃ​ បញ្ជា​ឱ្យ​មាន​ការចាត់​វិធានការចោទប្រកាន់​តាម​ចាប់​សកម្មជន​ថៃ​រូប​នេះ។

ក្នុង​លិខិតចុះថ្ងៃ​ទី២១ ខែសីហា​ ឆ្នាំ២០១៨​ របស់​បញ្ជាការដ្ឋាន​កងតម្រួត​កម្ចាត់​បទល្មើស​បច្ចេកវិទ្យា ​(TCSD) ​របស់ថៃ​ ផ្ញើជូន​តុលាការ​កំពូល​របស់​ថៃ បង្ហាញថា​ នគរបាល​ថៃ​កំពុងតាម​ចាប់​លោក Wanchalearm ជុំវិញ​ការ​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​មួយគាំទ្រ​លោក Thaksin Shinawatra និង​រិះគន់​របប​សឹកថៃ​នាគ្រានោះ​ដឹកនាំ​ដោយ​លោក Prayut Chan-o-cha។

តាមរយៈ​លិខិត​ដដែល​ នគរបាល​បច្ចេកវិទ្យា​របស់ថៃ​បាន​ប្រាប់​តុលាការ​កំពូល​ថា លោក Wanchalearm បាន ​«ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ខូចខាត​ដល់​ស្ថិរភាព សន្តិ​សុខ​ និង​សេដ្ឋកិច្ច​ជាតិ ឬ​ធ្វើឱ្យខូចខាត​ដល់​រចនាសម្ព័ន្ធ​ដែល​ជាមូលដ្ឋាន​នៃប្រយោជន៍​សាធារណៈរបស់ប្រទេសជាតិ ឬ ​បង្កឱ្យ​មាន​ភាពភិតភ័យ​ភ្ញាក់ផ្អើល​ដល់​ប្រជាជន»។

លិខិត​ចុះថ្ងៃ​ទី២១ ខែសីហា ឆ្នាំ២០១៨ នោះ​បន្ត​ថា៖

«ដោយសារ​ជនជាប់​ចោទ​មានមូលដ្ឋាន​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ ហើយមិនមានទិន្នន័យ​ព័ត៌មាន​បញ្ជាក់​ពី​ការ​វិលចូល​មក​ក្នុង​ប្រទេស​វិញ​នោះ ទើប​ធ្វើឱ្យ​មាន​ការជឿ​ជាក់​ថា បទ​ល្មើសដូចមាន​ចែងខាង​លើនេះ​ បាន​ប្រព្រឹត្ត​នៅ​ក្រៅប្រទេស​ថៃ ហើយ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ប្រទេសថៃ​ដែល​ធ្វើឱ្យទង្វើនេះ​ជាការ​ប្រព្រឹត្ត​ខុស​ពីច្បាប់​របស់​ប្រទេស​ថៃ និង​ត្រូវមាន​ទោសទណ្ឌ​តាមច្បាប់​របស់​ប្រទេស​ថៃ»។

លោក Wanchalearm ត្រូវបាន​គេ​រាយការណ៍​ថា បាន​គេចចេញ​ពី​ប្រទេស​ថៃ ក្រោយ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ២០១៤។

តុលាការ​កម្ពុជា​បាន​ចោទ​«អញ្ញត្តិជន»​ដែល​មិន​ស្គាល់មុខ ក្នុង​ដំណើរ​រឿង ចាប់ ​បង្ខាំង ឃុំខ្លួន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ក្នុង​ករណី​បាត់ខ្លួន​លោក Wanchalearm នេះ ដែល​នាំ​ឱ្យ​មាន​ការ​កោះ​អញ្ជើញ​អ្នកស្រី Sitannun មក​កម្ពុជា​ផ្ដល់​សក្ខីកម្ម​កាលពីខែធ្នូ ឆ្នាំ២០២០​កន្លង​ទៅ។

កាលពីឆ្នាំ​២០១៩ ក៏​មាន​សេចក្ដី​រាយការណ៍មួយលើកាសែត The South China Morning Post របស់ហុងកុងផង​ដែរ ថា​អតីត​នាយករដ្ឋមន្ត្រី​ថៃ Yingluck Shinawatra ក៏​បាន​ប្រើប្រាស់​លិខិត​ឆ្លងដែន​កម្ពុជា អំឡុង​ពេល​គេច​ខ្លួន​ពី​ប្រទេសថៃ កាល​ពី​ឆ្នាំ២០១៧ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​របស់​កម្ពុជា និង​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin ធ្លាប់មាន​ចំណង​ទាក់ទង​មិត្តភាព​បុគ្គល​ស្និទ្ធស្នាល ​ហើយកាល​ពី​១០ឆ្នាំ​មុន​ រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​បង្ហាញ​ការ​គាំទ្រយ៉ាង​ចំហ​ចំពោះ​ក្រុម​អាវ​ក្រហម​ថៃ​និង​លោក Thaksin ផងដែរ។

អំឡុង​មាន​ភាពតានតឹង​នឹង​រដ្ឋាភិបាល​គណបក្ស​ប្រជាធិបតេយ្យ​ថៃ​របស់​លោក Abhisit Vejjajiva លោក​ ហ៊ុន សែន ​បាន​តែង​តាំង​លោក Thaksin ជា​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុម​អាវក្រហម​ក៏​ធ្លាប់ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ណាត់​ជួប​លោក Thaksin ថែមទៀតផង៕