ខណៈដែលមានការផ្តោតយកចិត្តទុកដាក់ទៅលើបេក្ខជនខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក ដែលបានឈ្នះការបោះឆ្នោតថ្នាក់ក្រុងចំនួន២នាក់កាលពីថ្ងៃអង្គារ ក្នុងនោះក៏មានជ័យជម្នះខាងគណបក្សប្រជាធិបតេយ្យយ៉ាងច្រើននៅទូទាំងសហរដ្ឋអាមេរិក ដែលជាបេក្ខជនជាជនជាតិភាគតិចនិងជាអ្នកស្រឡាញ់ភេទដូចគ្នា LGBT ផងដែរ។
ខណៈដែលបេក្ខជនខាងគណបក្សប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតថ្នាក់ក្រុងនៅក្នុងរដ្ឋ Virginia និងរដ្ឋ New Jersey ដែលជារដ្ឋមានអ្នកគាំទ្រប្រកៀកប្រកិតគ្នា ថ្ងៃបោះឆ្នោតនោះគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់បេក្ខជនជនជាតិភាគតិចនិងបេក្ខជនស្រឡាញ់ភេទដូចគ្នាជាច្រើននៅក្នុងថ្នាក់រដ្ឋនិងថ្នាក់ក្រុង។
នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota អ្នកស្រី Andrea Jenkins បានក្លាយទៅជាស្ត្រីកែភេទទីមួយ ដែលបើកចំហជាសាធារណៈនិងមានស្បែកខ្មៅ ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងសាធារណៈនៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Jenkins ដែលជាអតីតជំនួយការគោលនយោបាយរបស់អនុប្រធានក្រុមប្រឹក្សានេះ បានឈ្នះអាសនៈនៅក្នុងក្រុមប្រឹក្សាទីក្រុង Minneapolis ដោយទទួលបានសំឡេងឆ្នោតគាំទ្រជាង៧០ភាគរយ។
អ្នកស្រី Danica Roem បានក្លាយទៅជាស្ត្រីកែភេទ ដែលបើកចំហជាសាធារណៈដំបូងបង្អស់ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងនៅក្នុងអង្គនីតិបញ្ញត្តិថ្នាក់រដ្ឋ នៅពេលដែលអ្នកស្រីបានយកឈ្នះលើលោក Robert Marshall ប្រតិភូរដ្ឋ Virginia។ លោក Marshall បានហៅខ្លួនឯងថាមេប្រឆាំងនឹងការស្រឡាញ់ភេទដូចគ្នានៅក្នុងរដ្ឋនេះ ហើយបានបដិសេធមិនព្រមពិភាក្សាដេញដោលជាមួយនឹងអ្នកស្រី Roem នោះទេ៕