លោក ហ៊ុន សែន ថ្លែង​ការពារ​បក្ស​តូចៗ​ដែល​ចូលរួម​ការបោះ​ឆ្នោត​ខែ​កក្កដា

រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

រហូត​មក​ដល់​ពេល​នេះ​ មាន​គណ​បក្ស​នយោបាយ​ចំនួន​២០​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គ.ជ.ប) ​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ។

គណ​បក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះ​ឆ្នោត​មួយ​ចំនួន​គាំទ្រ​ការលើ​ក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដែល​ថា​ ការ​ហៅ​គណ​បក្ស​ផ្សេងៗ​ដែល​សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​ ថាជាគណ​បក្ស​«អំពិល​អំពែក‍»​គឺជា​ការ​ «មើល​ស្រាល»​ គណ​បក្ស​នយោបាយ​ទាំង​នោះ។​

ការលើក​ឡើង​របស់​តំណាង​គណ​បក្ស​មួយ​ចំនួន​នោះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​បានបញ្ចេញប្រតិកម្ម​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​តប​ទៅ​នឹង​សម្ដី​ដែល​ហៅ​គណបក្ស​ផ្សេងៗ​ថា​ជា​គណ​បក្ស​ដែល​ទទួល​បាន​ការជ្រោមជ្រែង​ពី​លោក​ ហ៊ុន សែន​ និង​ជាគណ​បក្ស​ដូច​«អំពិល​អំពែក‍»។ លោក​ ហ៊ុន សែន​ ថ្លែង​ថា សម្តី​ទាំង​នោះ​ជាការ​មាក់​ងាយ​ដល់​គណ​បក្ស​ថ្មីៗជា​ច្រើន​ដែល​ទើប​បង្កើត​ឡើង​ហើយ​លោក​ថា​ គណ​បក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត នា​ចុង​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​នាយក​រដ្ឋ​មន្រ្តីថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​តែ​សំដៅ​លើ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា៖

«គណបក្ស​២០​ចូល​រួម​ការ​បោះ​ឆ្នោត ​មិន​មែន​ជា​បញ្ហា​លេង​សើចទេ។ ហើយ​មាន​អ្នក​ខ្លះ​គឺ​ថា​ ចាត់​ទុក​ថា​ គណបក្ស​នេះ​សុទ្ធ​តែគណបក្ស​ហ៊ុន សែន​ អ្នក​បង្កើត​ហាក់​ដូចជា​មើល​ស្រាលបណ្ដា​បក្ស​នយោបាយ​ដទៃ​ទៀត។​ ហើយ​រហូត​ឈាន​ទៅ​ដល់​ហៅ​គេថា​ គណ​បក្ស​អាប​ មាន​តែ​ក្បាល​ ​គណ​បក្ស​អំពិលអំពែក វា​អស់​ឆ្ងល់​ត្រឹម​កន្លែង​ហ្នឹង។ ឲ្យ​តែ​ហៅ​ថា​បក្ស​នយោបាយ​គឺ​បក្ស​នយោបាយ​មិន​ថា​តូច មិន​ថា​ធំ គឺ​មាន​សិទ្ធិ​ដូចៗ​គ្នា»។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ថ្លែង​បែប​នេះ​បន្ទាប់ពី​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​បាន​បង្ហោះ​វីដេអូ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី៤​ ខែ​ឧសភា​ដោយ​បាន​ហៅ​គណ​បក្ស​នយោបាយ​ដែល​មាន​អ្នក​គាំទ្រ​តិច​និង​ទើប​បង្កើត​ថ្មី​ជា​ហូរហែរ​ថាជាគណ​បក្ស «អំពិលអំពែក‍»បង្កើត​ឡើង​ជាការ​លម្អ​ដើម្បី​បង្គ្រប់​កិច្ច​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ អាច​បន្ត​កាន់​អំណាច​ត​ទៅ​ទៀត​ប៉ុណ្ណោះ។​

រហូត​មក​ដល់​ពេល​នេះ​ មាន​គណ​បក្ស​នយោបាយ​ចំនួន​២០​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គ.ជ.ប) ​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ។​

គណ​បក្ស​ដែល​បាន​ចុះ​បញ្ជី​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​ការពារ​មូល​ហេតុ​នៃ​ការ​សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​របស់​ពួក​គេរៀងៗ​ខ្លួន និង​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះ​ឆ្នោត។​ គណ​បក្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​រួម​បោះ​ឆ្នោត​ជា​ផ្លូវ​ការ ​ក៏​បាន​បញ្ចេញប្រតិកម្ម​នឹង​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី​និង​ថា​ ការលើ​ក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ជា​រឿង​ត្រឹម​ត្រូវ។​

លោក ពេជ ស្រស់​ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា​ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៦​និង​ជា​គណបក្ស​មួយ​ដែល​តែង​រិះគន់​ថ្នាក់ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ផង​នោះ​ ​បាន​គាំទ្រ​លើការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ ដោយ​ថា លោក​ ហ៊ុន សែន​ លើក​ឡើង​ដោយ​យោង​លើ​ច្បាប់​របស់​កម្ពុជា។​

លោក​បញ្ជា​ក់ថា៖​

«សម្តី​របស់​លោក​ សម រង្ស៊ី​ គឺ​គាត់​ថ្លែង​តែ​លើ​បបូរ​មាត់​តែ​ប៉ុណ្ណោះ។ ពីព្រោះ​ច្បាប់​អត់​មាន​ចែងថា​ទាល់តែ​គណ​បក្សណាមួយ ឬ​ក៏​គណ​បក្ស​ខ្លាំងណាមួយ​ចូល​រួម​ទើប​ហៅ​ថា​ ​ការ​ចូល​រួម​នោះ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។​ គេ​ចែង​ថា​សេរី​ពហុ​បក្ស​អញ្ចឹង​នៅ​ពេល​យើង​អនុ​វត្ត​ចាប់​ពី​ពីរ​ឡើង​ទៅ ស្រប​តាម​រដ្ឋធម្មនុញ្ញ អាហ្នឹង​គឺ​ត្រឹម​ត្រូវ​ហើយ»។​

ការ​ប្រកាស​ទទួល​ស្គាល់​គណ​បក្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ប្រសិន​បើគ្មាន​ការ​ចូល​រួម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ លោក​សម រង្ស៊ី ក៏​បាន​ថ្លែង​ថា​គណ​បក្ស​នយោបាយ​ផ្សេងៗ​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​គឺ​កំពុង​ក្បត់​នឹង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស។​

លោក សាម អ៊ីន ​អគ្គ​លេខា​ធិការ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ជាគណ​បក្ស​មួយ​ទើប​តែ​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​បន្ទាប់ពី​ស្ទាក់​ស្ទើរ​អស់​មួយ​រយៈ ថ្លែង​ថា អ្នក​នយោបាយ​ដែល​តែង​ប្រមាថ​និង​បង្អាក់​គណ​បក្ស​ផ្សេងៗ​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះ​ឆ្នោត គឺជា​គំនិត​ផ្ទុយពី​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្នក​នយោបាយ​ជើង​ចាស់​ខ្មែរ​ហ្នឹង​គាត់​គួរចាប់​ផ្តើមរៀន​សូត្រ​ផ្លាស់​ប្តូរ​គំនិត​របស់​គាត់។​ ​មិន​ថា​ខាង​ណាៗ​ទេ​ សូម​បញ្ឈប់​នយោបាយ​បែប​សម្លុត​ គំរាម​ បែប​ជេរប្រមាថ​ បែប​មាក់​ងាយ ​បែប​លាប​ពណ៌​គ្នា​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​យុវជន​ហ្នឹង​គាត់​ចូល​រួម​សកម្ម​ក្នុង​វិស័យ​នយោបាយ​កុំ​ឲ្យ​មាន​ការភ័យ​ខ្លាច។​ ហើយ​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ជា​ច្រើន​ហ្នឹង ​គាត់​មាន​ចំណាប់​អារម្មណ៍​រឿង​នយោបាយ ​ហើយ​អភិវឌ្ឍន៍​ខ្លួន​របស់​គាត់​ឲ្យ​ក្លាយជា​អ្នក​ដឹក​នាំ​ល្អ​ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​វិស័យ​នយោបាយ»។​

បន្ទាប់ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​ឬ​ស្មើ​នឹង​ជាង​៣លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​កន្លង​ទៅ គេ​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បែង​ចែក​កៅអី​តំណាង​រាស្រ្ត​រដ្ឋសភា​របស់​គណ​បក្ស​នេះ ទៅ​ឲ្យ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជាគណ​បក្ស​មិន​ទទួល​បាន​អាសនៈ​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧។​

លោក​ ញ៉េប ប៊ុនជិន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឬទ្ធិ​ ​លើក​ឡើង​ថា​ អ្នក​នយោបាយ​មួយ​ចំនួន​តែង​ថ្លែង​ផ្លែផ្កា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ​រហូត​ធ្វើ​ឲ្យ​ផុតក្រម​សីលធម៌​របស់​ខ្លួន។​ លោក​បន្ថែម​ថា​ ការលើ​ក​ឡើង​ពី​ចោទ​ប្រកាន់​ណាមួយ​គួរ​តែ​មាន​ការ​បង្ហាញ​ភស្តុតាង ជា​ជាង​គ្រាន់​តែ​និយាយ​បែប​សន្និដ្ឋាន។​

លោក​បញ្ជា​ក់ថា៖​

«គណ​បក្ស​តូច​ គណ​បក្ស​ធំ ​ជាសិទិ្ធ​របស់​គេ​ ប៉ុន្តែ​មិន​អាច​សន្និដ្ឋាន​ចោទ​ប្រកាន់​ថា​អ្នក​នេះ​នៅ​ពី​ក្រោយ​អ្នក​នោះ​នៅ​ពី​ក្រោយ​ទេ បើអញ្ចឹងរកភស្តុតាង​បញ្ជា​ក់​ទៅ​ ​ទើប​បាន​វា​ច្បាស់​លាស់។​ ​ប៉ុន្តែ​ខ្ញុំ​គាំទ្រ​ លើក​ទឹក​ចិត្ត​ឲ្យ​មាន​គណ​បក្ស​ចូល​រួម​ច្រើន​អញ្ចឹង»។​

អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​មន្រ្តី​មួយ​ចំនួន​ដែល​កំពុង​ភៀស​ខ្លួន​នៅ​បរទេស តែង​ប្រកាស​ពីការ​មិន​សុខ​ចិត្ត​នឹង​ការ​រំលាយ​គណ​បក្ស​របស់​ខ្លួន ហើយ​ប្រគល់​កៅអី​សភា និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាង​៥​ពាន់​ទៅ​ឲ្យ​គណ​បក្ស​ផ្សេង​ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សោះ​នោះ។​

លោក​ ឯម សុវណ្ណារ៉ា​ ​អ្នក​វិភាគ​ ​និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​ថ្លែង​ថា អ្នក​នយោបាយ​ចូល​រួម​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ គួរ​តែ​គិត​ពីឆន្ទៈប្រជា​ពលរដ្ឋ​ជា​ធំ។ លោក​បន្ថែម​ថា​ គណ​បក្ស​ផ្សេងៗ​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះ​ឆ្នោត កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ថា​ ​ជាគណ​បក្ស​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​គាំទ្រ​គណ​បក្ស​កាន់​អំណាច ដែល​លោក​ថា គណ​បក្ស​ទាំង​នោះ​អាច​ប្រឈម​នឹង​ការ​មិន​ពេញ​ចិត្ត​ពីប្រជា​ពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖​

«អាច​ប្រឈម​ដោយ​សារតែ​ប្រជា​ពលរដ្ឋ​លោក​អត់​ពេញ​ចិត្ត​ទៅ​លើស្ថានភាព​ដែល​គណ​បក្ស​កាន់​អំណាច​កន្លង​មកលុបបំ​បាត់​ឬ​ក៏តុលា​ការ​រំលាយ​គន​បក្ស​ប្រឆាំង​អញ្ចឹង ហើយ​គណ​បក្ស​ទាំង​អស់​នៅ​តែ​បន្ត​ដំណើរ​ការ​នៃ​ការ​ប្រព្រឹត្តិ​ហ្នឹង​ដ​ដែល អញ្ចឹង​ទេ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ»។

ក្រោយ​ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ការ​ចាប់​ខ្លួន​មេ​បក្ស​នេះ​គឺ​លោក​ កឹម សុខា​ ដាក់​ក្នុង​ពន្ធនាគារ ការព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​នេះ​ចំនួន​១១៨រូប​ ​ព្រម​ទាំង​ការបង្រ្កាប ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន គេ​ឃើញ​ស្ថាប័ន និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​រិះគន់ និង​បង្ហាញ​ការ​បារម្ភ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​ខ្ទេចខ្ទី​ ខណៈ​ស្ថាប័ន​អន្តរជាតិមួយ​ចំនួន បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​វិញ ដើម្បី​ធានាថា ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។​

ចំណែក​អង្គការ​ជាតិ​ធំៗ​ចំនួន​ពីរ​ដែល​តែង​សកម្ម​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ​ ​ក៏​បានប្រកាស​មិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ ដោយ​អះអងថា ដោយ​សាររង​សម្ពាធ​ពីរ​ដ្ឋាភិបាល​កម្ពុជា។​

ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ​នោះ​ ​បាន​ប្រកាស​ជា​ច្រើន​ដងថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​បី​មិន​មាន​អ្នក​សង្កេត​ការណ៍​ ​មិន​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម​ ​ឬ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រកាន់លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕