ក្រុមមេដឹកនាំ និងតំណាងគណបក្សតូចៗមួយចំនួន ដែលមិនមានអាសនៈនៅរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងពីការរំខានចិត្តដោយសារការអំពាវនាវរបស់ក្រុមមេដឹកនាំគណបក្សប្រឆាំងសង្គ្រោះជាតិជំរុញប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត។ពួកគេមួយចំនួនក៏បានស្នើឱ្យមានវិធានការរបស់ស្ថាប័នបោះឆ្នោតជាតិក្នុងការបញ្ចប់ការឃោសនាមិនឲ្យទៅបោះឆ្នោត ដែលពួកគេយល់ថា មានលក្ខណៈបំបែកបំបាក់ជាតិ និងបង្កបរិយាកាសអាប់អួរដល់សង្គម។
នៅក្នុងពិធីជួបជុំភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំបោះឆ្នោតនៅទីស្តីការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និយាយថា៖
«ខ្ញុំចង់ចោទសំណួរសួរទៅលើគ.ជ.ប ហេតុអ្វីពេលវេលារបស់ពួកគាត់ គាត់ធ្វើការផ្សព្វផ្សាយអញ្ជឹងៗហើយ ហើយគ.ជ.ប ក៏មានការព្រមានជាច្រើនលើកច្រើនសារ តែរហូតមកដល់ម៉ោងនេះ ក៏មិនឃើញមានវិធានការណាមួយ ដើម្បីចាត់ការលើអ្នកនយោបាយដែលធ្វើការផ្សព្វផ្សាយប្រជាភិថុត ទៅលើប្រជាពលរដ្ឋ ដែលមិនឲ្យទៅបោះឆ្នោតជាតិនៅឆ្នាំ២០១៨យើងនេះ»។
អ្នកនយោបាយរូបនេះនិយាយថា ការឃោសនាមិនឲ្យពលរដ្ឋកុំទៅបោះឆ្នោត ជាចេតនាបំបែកបំបាក់សាមគ្គីជាតិ។
«តែសម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ការឃោសនានេះ គឺជាការឃោសនាបំបែកបំបាក់ជាតិយ៉ាងពិតប្រាកដ ព្រោះយល់ឃើញថា អ្នកនយោបាយមិនឲ្យប្រជាពលរដ្ឋបោះឆ្នោតគឺសំអាងទៅលើ ការដាក់ពិន្ទុនៅពេលបោះឆ្នោតជាតិ នៅឆ្នាំ[២០១៣]រួចហើយសំអាងទៅលើអន្តរជាតិថា ប្រជាពលរដ្ឋក៏មិនអាចទៅបោះឆ្នោត ដោយសារមូលហេតុអ្វី? នេះជារឿងសំខាន់បំផុតសម្រាប់ជាតិមាតុភូមិកម្ពុជាយើង»។
ក្នុងពេលដែលដំណើរការចុះបញ្ជីគណបក្សនយោបាយបានចាប់ផ្តើមនោះ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្កើនសំឡេងឃោសនារបស់លោកតាមបណ្តាញសង្គមហ៊្វេសប៊ុកដោយស្នើឲ្យមានការពន្យារពេលបោះឆ្នោត និងបើកឱកាសឲ្យគណបក្សប្រឆាំងសង្គ្រោះជាតិបានដំណើរការឡើងវិញសម្រាប់ការចូលរួមការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌មួយ។
នៅក្រោយពេលគ.ជ.ប ប្រកាសបិទការចុះបញ្ជីឈ្មោះគណបក្សដោយគ្មានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះលោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យពលរដ្ឋជាម្ចាស់សន្លឹកឆ្នោតធ្វើពហិការ មិនចូលរួមការបោះឆ្នោតក្លែងក្លាយ ។
ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិក៏បានថ្លែងថ្កោលទោសចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានដកជម្រើសរបស់ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត តាមរយៈការមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ»។
លោក ញ៉ែម អេន អគ្គលេខាធិការរងនៃគណបក្សខ្មែរសាធារណៈរដ្ឋ និងជាអតីតអ្នកថតរូបក្នុងគុកទួលស្លែងនាសម័យខ្មែរក្រហមអះអាងពីការមិនពេញចិត្តនឹងវោហារស័ព្ធនយោបាយដែលស្នើឲ្យពលរដ្ឋកុំទៅបោះឆ្នោត។
លោកបានប្រាប់ VOA ក្រោយពិធីជួបជុំជាមួយក្រុមមន្ត្រីគ.ជ.ប និងភាគីពាក់ព័ន្ធផ្សេងទៀតថា៖
«អានេះជាការបំពុលបរិយាកាសមួយ អានេះវាជាសិទ្ធិរបស់ប្រជាពលរដ្ឋ គាត់មិនអាចទៅឃាំងគេបានទេហ្នឹងហើយ។ ហើយចុះបើសិនណាជា លោក សម រង្ស៊ី អត់ចូល១០០ឆ្នាំទៀត នៅចាំគាត់បោះឆ្នោត អាចឹងថាខ្ញុំ ខ្ញុំញ៉ែម អេន ខ្ញុំបានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សុំឲ្យពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីតម្លាភាពនៃការងារនេះ។ ហើយបើសិនណាជាគាត់អំពាវចឹង ខាងខ្ញុំមិនឯកភាពទេ ព្រោះប្រជាពលរដ្ឋមិនមែនបេះដូងនៅជាមួយគាត់ណ៎ា! បេះដូងគាត់ដោយខ្លួនតើ ហើយបើគាត់មិនឲ្យប្រជាពលរដ្ឋ វាខុសហើយ វាបំពុលបរិយាកាសធ្ងន់ៗណាស់សម្រាប់ប្រទេសជាតិ»។
លោក ញ៉ែម អេន អតីតអ្នកថតរូបនៅមន្ទីរស២១ ឬគុកទួលស្លែង លើកឡើងថា លោកចង់ដឹងពីសំឡេងគាំទ្រលោកក្នុងការបោះឆ្នោតខាងមុខ ទើបលោកសម្រេចចូលរួមការបោះឆ្នោត។
«ខ្ញុំសម្រេចចូលរួមការបោះឆ្នោត រដ្ឋសភាពេលនេះ គឺខ្ញុំគិតថា ខ្ញុំជាអ្នកប្រដាល់មួយដែរ។ ដូច្នេះ អាសនៈនៅសភា យើងអត់ទាន់ ព្រោះខ្ញុំជាអ្នកប្រដាល់អត់ទាន់បានឡើងសៃវៀនផង មិនដឹងជាបានកម្លាំងដៃយ៉ាងម៉េចអី ម៉េចវ៉ៃទាត់ធាក់អីក្វាន់ដូ ការ៉ាត់តេ យ៉ាងម៉េច ខ្ញុំមិនទាន់ឲដឹងដែរ គឺខ្ញុំសង្ឃឹមថា នឹងជោគជ័យអ្វីមួយ»។
យ៉ាងណាក៏ដោយ ទាំងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូរ ម្ចាស់វិទ្យុសំបុកឃ្មុំនិងគណបក្សខ្មែរសាធារណៈរដ្ឋរបស់លោក លន់ ឫទ្ធិ កូនប្រុសបង្កើតលោកសេនាប្រមុខលន់ នល់ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប ដើម្បីចូលរួមឈរឈ្មោះបោះឆ្នោតសភាខែកក្កដានោះទេ។
ជាមួយគ្នានោះដែរលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកំពុងរង់ចាំការទទួលស្គាល់ជាផ្លូវការពី គ.ជ.ប បានប្រាប់ VOA តាមទូរសព្ទថា ជម្រើសពហិការមិនចូលរួមបោះឆ្នោតជាទង្វើដែលមិនអាចរុញច្រាន ដំណើរការប្រជាធិបតេយ្យឲ្យដើរទៅមុខបានទេ។
លោកថា ការរិះគន់ដែលថា ការចូលរួមបោះឆ្នោតរបស់គណបក្សនានា ជាមួយគណបក្សកាន់អំណាច អាចនឹងជួយបំពេញដល់ភាពស្របច្បាប់នោះ គឺជាការបញ្ចេញមតិរបស់ក្រុមអ្នកដែលនៅបន្តគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកបានអះអាងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានជ្រើសយកផ្លូវផ្សារភ្ជាប់ ជាជាងការប្រឈមមុខដាក់គ្នា ដែលបានបង្កទុក្ខលំបាកជាច្រើនមកហើយមកដល់ប្រទេសកម្ពុជា។
«ជម្រើសរបស់យើង យើងសម្លឹងឃើញផ្លូវសម្រាប់ដោះស្រាយ ជួយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការគេហៅភាសាអង់គ្លេសគេហៅថា តាមរយៈ នយោបាយបែប engagement [ការផ្សាភ្ជាប់] មិនមែននយោបាយបែប confrontation [ការប្រឈមមុខដាក់គ្នា] ណ៎ា យើងបានសាកល្បងនយោបាយបែប confrontation [ការប្រឈមមុខដាក់គ្នា] បែបក្តៅ បែបវាយប្រហារគ្នានឹងវាមិន២០ឆ្នាំមកហើយ ហើយយើងឃើញលទ្ធផល វាហាក់ដូចជា មិនទៅមុខបានវែងឆ្ងាយ ក្នុងការកសាងសង្គម ប្រជាធិបតេយ្យពិត»។
នៅមុនការបិទដំណើរការចុះបញ្ជីគណបក្សនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោតខែកក្កដានោះ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ដែលបានបន្តឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយកម្ពុជាយ៉ាងដិតដល់នោះបានថ្លែងតាមសេចក្ដីប្រកាសមួយ ដោយបានលើកឡើងថា «ការបោះឆ្នោតមួយមិនអាចក្លាយជាការបោះឆ្នោតពិតប្រាកដបានទេ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយត្រូវបានរារាំងមិនឲ្យចូលរួម»។
អ្នកស្រី ស្មីត បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលត្រូវតែដោះលែងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំជាបន្ទាន់ និងលុបចោលការហាមឃាត់សមាជិកគណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។សហគមន៍ប្រជាធិបតេយ្យនានា ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានគំរាមថា នឹងមានវិធានការជាក់លាក់មួយ រួមមានការគំរាមសើរើប្រពន្ធអនុគ្រោះពន្ធដល់ការនាំចេញទំនេញរបស់កម្ពុជា និងការបង្កកទ្រព្យសម្បតិ្តរបស់ក្រុមមន្ត្រីកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលក្រុងភ្នំពេញងាកមកស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ ពោលគឺមិនឲ្យមានការរើសអើងខាងនយោបាយប្រឆាំងនិងក្រុមជំទាស់ និងការគាបសង្កត់លើអង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ថ្មីៗនេះ សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរបានដាក់សំណើច្បាប់មួយដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលខ្មែរណា ដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាធ្លាក់ចុះ។
សំណើច្បាប់លេខ ៥៧៥៤ ដែលហៅថា «ច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨» នេះ ស្នើឲ្យមាន«ការផ្អឹបទ្រព្យសម្បត្តិទាំងអស់នៅក្នុងសហរដ្ឋអាមេរិក រារាំងដំណើរការដកដាក់ប្រាក់ទាំងអស់ជាមួយនឹងសហរដ្ឋអាមេរិក និងមិនអនុញ្ញាតឲ្យចូលមកក្នុងសហរដ្ឋអាមេរិកសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ មន្ត្រីយោធាកម្ពុជាជាន់ខ្ពស់និងមន្ត្រីកងកម្លាំងប្រដាប់អាវុធកម្ពុជាជាន់ខ្ពស់ណា ដែលប្រធានាធិបតីអាមេរិកបានកំណត់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ និងដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានដែលនិយាយអំពីសំណើច្បាប់នោះបានបញ្ជាក់ថា៖
«របបដឹកនាំកម្ពុជាសព្វថ្ងៃនេះបានគំរាមកំហែង វាយប្រហារ ចាប់អ្នករិះគន់ដាក់ពន្ធនាគារនិងរារាំងទាំងស្រុងមិនឲ្យគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងការបោះឆ្នោត។ របបដឹកនាំកម្ពុជាសព្វថ្ងៃនេះបានបំផ្លាញសារព័ត៌មានសេរីនិងឯករាជ្យនៅក្នុងប្រទេសកម្ពុជា បណ្ដេញអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួនចេញពីប្រទេស និងបំផ្លាញប្រព័ន្ធតុលាការជាតិដើម្បីធ្វើកិច្ចការអាក្រក់ៗរបស់ខ្លួន។ វាដល់ពេលដែលលោក ហ៊ុន សែន ត្រូវទទួលលទ្ធផលអាក្រក់សម្រាប់ការបំផ្លាញលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី ដែលទើបនឹងចាប់ផ្ដើមដុះពន្លកនៅក្នុងប្រទេសកម្ពុជាហើយ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងក្នុងសន្និសីទព័ត៌មាន នៅឯទីស្តីការគ.ជ.ប ក្រោយពិធីជួបជុំភាគីពាក់ព័ន្ធក្នុងការបោះឆ្នោតដដែលថា សម្ពាធពីក្រៅប្រទេសមិនអាចបង្អាក់ការរៀបចំបោះឆ្នោតនៅកម្ពុជាបានទេ ហើយក៏គ្មានសេណារីយ៉ូ នៃការបោះឆ្នោតឡើងវិញផងដែរ។
លោកមានប្រសាសន៍ថា៖
«មិនអាចមានសេណារីយ៉ូណា ពាក់ព័ន្ធនឹងការបោះឆ្នោតឡើងវិញទេ ហើយការបោះឆ្នោតនេះ ជាការបោះឆ្នោតរបស់ប្រជាជនកម្ពុជា ចឹងបរទេសខាងក្រៅគ្រាន់តែជាសំឡេង គ្រាន់តែជាទស្សនៈនៃការយល់ឃើញតែប៉ុណ្ណឹងឯង ប៉ុន្តែបញ្ហាសំខាន់គឺ ប្រជាពលរដ្ឋកម្ពុជា លោកសម្រេចជោគវាសនា ជាតិដោយខ្លួនឯងបាទ អីចឹងការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ទោះក្នុងកម្រិតណាក៏ដោយ នោះគឺជាឆន្ទៈរបស់ម្ចាស់ជាតិរបស់ម្ចាស់ប្រទេសពិតប្រាកដបាទ។ អញ្ជឹង ឥទ្ធិពលពីខាងក្រៅថា យ៉ាងណា គឺគ្រាន់តែជាទស្សនៈដោយឡែក ដែលមកទល់ពេលនេះហើយ យើងមិនឃើញថា ឥទ្ធិពលនេះ ធ្វើអ្វីប៉ះពាល់ដល់ដំណើរឆ្ពោះទៅមុខនៃប្រទេសកម្ពុជា ក្នុងនោះដំណើរការរៀបចំបោះឆ្នោត ដែលច្បាប់ចែងថា ប្រាំឆ្នាំម្តង គឺគ.ជ.ប ទទួលខុសត្រូវអនុវត្តន៍បានបាទ»។
ឆ្លើយតបទៅនឹងក្តីបារម្ភរបស់តំណាងគណបក្សនយោបាយតូចៗ ចំពោះសេចក្តីអំពាវនាវផ្សេងៗ ដែលស្នើមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ លោក ហង្ស ពុទ្ធាបានប្រាប់ក្រុមអ្នកកាសែតថា គ.ជ.ប និងក្រសួងមហាផ្ទៃកំពុងសិក្សាផ្លូវច្បាប់ ដើម្បីហាមឃាត់មិនឲ្យមានការឃោសនាសុំឲ្យប្រជាពលរដ្ឋបោះបង់សិទ្ធិបោះឆ្នោតខ្លួន។លោកក៏បានស្នើដល់សាធារណជន ឲ្យគោរពតាមច្បាប់ដែលមានចែងក្នុងប្រទេស ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នា ហើយក៏កុំផ្តេកផ្តួលលើការប្រកូកប្រកាសពីខាងក្រៅប្រទេស។
«យើងកំពុងតែរស់នៅ នៅលើទឹកដីនៃប្រទេសកម្ពុជា យើងគួរគោរពឲ្យបានល្អ នូវច្បាប់ប្រទេសកម្ពុជា ហើយបើសិនជាយើង ប្រាស់ចាកគន្លងច្បាប់ បញ្ហាអាចនឹងកើតមានឡើងសម្រាប់ផ្ទាល់ខ្លួន ហើយផលវិបាកមិនមែនអ្នកស្រែកអំពាវនាវឲ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោតទេ គឺថា ផលវិបាកនឹងធ្លាក់មកលើពលរដ្ឋកម្ពុជាខ្លួនឯង។ បើចរាចរណ៍ប្រកាសឲ្យប្រកាន់ឆ្វេង ហើយយើងប្រកាន់ស្តាំតែយើង នឹង នឹងមានគ្រោះថ្នាក់ចរាចរណ៍ អាហ្នឹងជាការទទួលខុសត្រូវ ដោយខ្លួនឯងបាទ»។
អ្នកនាំពាក្យ គ.ជ.ប រូបនេះមិនទាន់អាចបញ្ជាក់ថា តើគណបក្សនយោបាយចំនួនប៉ុន្មានទៀត ដែលគ.ជ.ប នឹងទទួលស្គាល់ជាផ្លូវការសម្រាប់ចូលរួមឈរឈ្មោះបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តែថា រហូតមកដល់ពេលនេះ គឺមានគណបក្សនយោបាយចំនួនប្រាំត្រូវបានទទួលស្គាល់ជាផ្លូវការ។ ក្នុងចំណោមគណបក្សទាំងប្រាំនោះមាន គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច។ លោកថា គ.ជ.ប គ្រោងនឹងចំណាយថវិកា៥០លានដុល្លារអាមេរិក សម្រាប់ដំណើរការបោះឆ្នោត ដែលនៅទាបជាងប្រទេសម៉ាឡេស៊ី ដែលចំណាយជាង១២០លានដុល្លារសម្រាប់ការបោះឆ្នោត ដែលមានអ្នកបោះឆ្នោតតែ១៥លាននាក់ប៉ុណ្ណោះ។
នាពិធីស្វែងយលពីបញ្ហាប្រឈមនានានៅក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៨នេះ ក្រុមតំណាងនិងប្រធានគណបក្សនយោបាយតូចៗក៏បានលើកឡើងអំពីការយាយីរបស់សមត្ថកិច្ចនៅមូលដ្ឋាន និងភាពអសកម្មរបស់មន្ត្រីមូលដ្ឋានដែលបានឈប់សម្រាកពីការងារក្នុងពិធីបុណ្យនានា ដែលបានធ្វើឡើងក្នុងខែឧសភានេះ។
ការណ៍នេះបានធ្វើឲ្យមានភាពយឺតយ៉ាវការដល់ការបញ្ជាក់លិខិតរដ្ឋបាលនានា ដែលជាតម្រូវការសម្រាប់នីតិវិធីចុះបញ្ជីឈ្មោះគណបក្សនយោបាយ ដែលមានរយៈពេលតែ១៥ថ្ងៃ៕