ដោយប្រតិកម្មនឹងការរិះគន់ដែលថាបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា បានក្លាយជាឧបករណ៍រឹតត្បិតសិទ្ធិពលរដ្ឋ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបកស្រាយថា បទចោទព្រហ្មទណ្ឌនេះ មិនមានគោលដៅបិទសិទ្ធិពលរដ្ឋទេ តែជាការការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
ការបកស្រាយរបស់មន្ត្រីក្រសួងយុត្តិធម៌រូបនេះ ធ្វើឡើង នៅចំពេលកម្ពុជាបានទទួលរងការរិះគន់ពីក្រុមអ្នកជំនាញសិទ្ធិមនុស្សក្នុង និងក្រៅប្រទេស ចំពោះការមិនបានធ្វើឲ្យប្រសើរឡើងនៃការគោរពសិទ្ធិមនុស្ស នៅពេលការធ្វើទុក្ខបុកម្នេញខាងច្បាប់លើក្រុមអ្នករិះគន់ និងក្រុមអតីតសកម្មជនគណបក្សជំទាស់នៅបន្ត។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ បានថ្លែងចំអកដល់ក្រុមសង្គមស៊ីវិលមួយចំនួន ដែលបានលើកជាមតិ និងយោបល់ សុំឲ្យមានការលុបចោលបទញុះញង់នេះ ដោយសរសេរជាសំណេរបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យថា៖
«ម្យ៉ាងដែរស្រុកខ្ញុំ ដល់ពេលប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែជានាំគ្នារិះគន់និងទាមទារឱ្យលុបច្បាប់ចោល»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ប្រាប់វីអូអេបន្ថែមនៅថ្ងៃចន្ទនេះថា ក្រុមសង្គមស៊ីវិល ដែលទាមទារឲ្យលុបបទញុះញង់យ៉ាងដូច្នេះ គឺទំនងជាពួកគេចង់ការពារក្រុមអតីតសកម្មជនបក្សជំទាស់ដែលត្រូវរំលាយនិងដែលកំពុងជាប់ក្នុងក្តីក្តាំព្រហ្មទណ្ឌជាច្រើនករណីក្នុងនោះគឺមានសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់។
«ជារួមការស្នើសុំរបស់គាត់ហ្នឹង គឺមិនមានមូលដ្ឋានបច្ចេកទេសច្បាប់ទេ គ្រាន់តែជាសារនយោបាយ ដើម្បីការពារដល់ក្រុមសកម្មជនអតីតបក្សប្រឆាំងហ្នឹង ដែលតែងតែប្រព្រឹត្តខុសច្បាប់ហើយរងនូវបទពាក់ព័ន្ធនឹងការញុះញង់នេះ ដោយមានមូលដ្ឋានផ្លូវច្បាប់រឹងមាំ និងច្បាស់លាស់»។
លោក ជិន ម៉ាលីន លើកឡើងបន្ថែមថា ទោះមិនព្រមនឹងសំណើសុំលុបចោល រដ្ឋាភិបាលស្វាគមន៍ការផ្តល់យោបល់ដែលមានលក្ខណៈជាបច្ចេកទេសច្បាប់ដើម្បីកែសម្រួលបទបញ្ញត្តិ ទាក់ទងនឹងបទល្មើស«ញុះញង់»។
«ក៏ប៉ុន្តែបើពួកគាត់មានជំនាញការបច្ចេកទេសខាងច្បាប់នេះ ត្រឹមត្រូវច្បាស់លាស់ យើងរីករាយស្វាគមន៍នឹងជជែក ដើម្បីធ្វើម៉េចកែសម្រួលវាឲ្យកាន់តែប្រសើរឡើង ដោយសារបញ្ញត្តិនេះ គឺដកចេញទាំងស្រុងពីម៉ូដែល[គំរូ]របស់ប្រទេសបារាំង ហើយត្រូវបានជួយរៀបចំតាក់តែងដោយអ្នកជំនាញការរបស់បារាំង។ អ៊ីចឹងបើសិនជាគាត់ យល់ថាច្បាប់នេះមានបញ្ហា អាហ្នឹងគឺថាច្បាប់បារាំងក៏វាមានបញ្ហាអ៊ីចឹងដែរ»។
ការបង្ក្រាបលើក្រុមសកម្មជនវ័យក្មេងមួយចំនួន បានកើតឡើងជាបន្តបន្ទាប់ កាលពីខែសីហា ក្រោយសកម្មជនទាំងនោះ បាននាំគ្នាចេញដើរតាមដងផ្លូវ និងធ្វើការប្រមូលផ្តុំក្នុងទីតាំងនានានៅទីក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហភាពសហជីពកម្ពុជា។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្ដាលរាត្រីកាលពីចុងខែកក្កដានិងត្រូវបានចោទពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយលោកនិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជានិងវៀតណាមនៅខេត្តត្បូងឃ្មុំ។
ក្នុងការតវ៉ាប្រឆាំងការចាប់ឃុំខ្លួនលោក រ៉ុង ឈុន នោះ ព្រះសង្ឃមួយអង្គ ក៏ត្រូវបានចាប់ផ្សឹកនិងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផងដែរ។ សកម្មជនភាគច្រើន ដែលត្រូវចាប់ខ្លួនចំពោះការចូលរួមតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន ត្រូវបានចោទពីបទបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ បទចោទញុះញង់បង្កភាពវឹកវរក្នុងសង្គមនេះ ត្រូវបានរិះគន់ថាដើម្បីបំបិទសំឡេងតវ៉ារបស់ប្រជាពលរដ្ឋ។
ដំណាលគ្នានោះ មានក្រុមស្ត្រីមួយចំនួនទៀតបានបន្តចេញមកតវ៉ាជាហូរហែរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យតុលាការដោះលែងស្វាមី និងឪពុករបស់ពួកគេជាង២០នាក់ ដែលជាអតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ខេត្តរាជធានីខាងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណី។
ក្រុមអតីតមន្ត្រីបក្សប្រឆាំងនៅថ្នាក់ក្រោមទាំងនោះ ត្រូវចាប់យកមកដាក់ក្នុងពន្ធនាគារ បន្ទាប់ពីពួកគេផ្តល់ការអធិប្បាយ ឬចែករំលែកព័ត៌មាននានាពាក់ព័ន្ធផលប៉ះពាល់របស់ជំងឺកូវីដ១៩ មកលើសេដ្ឋកិច្ចកម្ពុជា និងផែនការវិលត្រឡប់របស់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចូលប្រទេសវិញកាលពីថ្ងៃ៩ខែវិច្ឆិកា ឆ្នាំ ២០១៩។
ដោយឡែក អតីតមន្ត្រី សកម្មជន និងអ្នកគាំទ្របក្សជំទាស់ចំនួនជាង១០០នាក់ផ្សេងទៀត កំពុងស្ថិតក្នុងសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ បទចោទទាំងនេះ ក៏ជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលប្រទេសវិញផងដែរ។ សកម្មជនបរិស្ថានមួយចំនួនទៀត ក៏រងការចោទប្រកាន់ពីពីបទ«ញុះញង់»នេះ ចំពោះសកម្មភាពការពារធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថានក្នុងប្រទេស។
តួយ៉ាង សកម្មជនបរិស្ថាន៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី នៃចលនាមាតាធម្មជាតិ ត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញាចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។ ពួកគេត្រូវបានចោទប្រកាន់ពី«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
លោក សុក សំអឿន មេធាវីជើងចាស់ដែលតែងការពារសំណុំរឿងសិទ្ធិមនុស្ស ប្រាប់VOAថា ការបកស្រាយរបស់តុលាការអំពីបទចោទញុះញង់នេះ មានភាពស្រពេចស្រពិល ដែលបានបង្កឲ្យមានការភាន់ច្រឡំរវាងការនិយាយស្តីនិងការញុះញង់។ លោកយល់ថាមាត្រានេះ គួរមានការកែប្រែ ដើម្បីការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
«ដូច្នេះវាចាំបាច់ត្រូវ បើមិនលុបក៏ត្រូវតែកែលម្អពាក្យឲ្យវារៀងច្បាស់ជាងមុន ព្រោះពាក្យស្អីក៏ញុះញង់ដែរ ដល់អ៊ីចឹងវាអត់ត្រូវ ..បើៗពាក្យបទញុះញង់ បទឧក្រិដ្ឋជាអាទិ៍ហ្នឹង លុះត្រាតែញុះញង់ឲ្យប្រព្រឹត្តបទល្មើសអីមួយ។ បើគ្រាន់និយាយទៅហើយមិនដឹងអាអ្នកអត់ចង់បំណង អត់ចង់ឲ្យអ្នកនោះទៅធ្វើអ៊ីចឹងផង ហើយក៏យើងថាអាហ្នឹងជាញុះញង់ដែរ អាហ្នឹងវាអត់កើត»។
លោក សុក សំអឿន បានបង្ហាញពីភាពមិនដាច់ស្រឡះមួយចំនួនពាក់ព័ន្ធនឹងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលកំពុងត្រូវបានតុលាការប្រើ«មិនចំ»ជនដែលប្រព្រឹត្តបទល្មើសនោះពិតប្រាកដ។ លោកពន្យល់ថា ពាក្យ«សន្ដិសុខសង្គម» «សន្ដិសុខជាតិ» «សណ្ដាប់ធ្នាប់សាធារណៈ» មាននិយមន័យដ៏ទូលំទូលាយនិងមិនច្បាស់លាស់។
«ហើយដល់យើងយកអាពាក្យសន្តិសុខសង្គមទទេ យកបកស្រាយស្អីក៏ប៉ះពាល់សន្តិសុខសង្គម ស្អីក៏ប៉ះពាល់សន្តិសុខសាធារណៈ ដល់ចឹងស្អីៗក៏ជា ក៏ញុះញង់ដែរអាហ្នឹងបទល្មើស ឲ្យតែ... យូរៗវាទៅជាប៉ះ បាត់អាមតិ សេរីភាពបញ្ចេញមតិវាបាត់អស់»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថាបទចោទញុះញង់ដែលមាននៅត្រង់មាត្រា៤៩៤ និងមាត្រា៤៩៥ កំពុងក្លាយជាបទចោទពេញនិយមមួយដែលតុលាការច្រើនប្រើមកលើសកម្មជនការពារសិទ្ធិមនុស្សនិងបរិស្ថាន។ លោកក៏គាំទ្រឲ្យមានការកែប្រែបទបញ្ញត្តិស្តីពីអំពើញុះញង់នេះដែរ ទោះបីមិនមានការលើកសំណើជាលាយលក្ខណ៍អក្សរក៏ដោយ។
«យើងសង្គមស៊ីវិល យើងគ្រាន់តែថាចង់ធ្វើម៉េច ធ្វើឲ្យក្នុងគោលបំណងច្បាប់ហ្នឹងឲ្យអនុវត្តន៍ទៅត្រូវក្នុងលក្ខណៈ ការពារផលប្រយោជន៍ប្រជាពលរដ្ឋសណ្តាប់ធ្នាប់សង្គម កុំឲ្យឆ្លៀត។ បានន័យថា កាលណាវានៅភាពស្រពេចស្រពិល វានាំឲ្យមានការចោទប្រកាន់ទៅ វាអាចមានការរិះគន់ជាបន្តបន្ទាប់ ហើយជួនកាលវាប៉ះពាល់ទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
យ៉ាងណាក៏ដោយ ដោយមិនបានថ្លែងចំឈ្មោះក្រុមសង្គមស៊ីវិលណាមួយនោះ លោកជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងការពារបទចោទញុះញង់នេះ។ លោកថា ការរៀបចំឱ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌគឺ«ដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ធ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍលើគ្រប់វិស័យនិងទិដ្ឋភាពសង្គម»។
លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា៖ «ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាន និងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល»៕