ក្រសួង​ការងារ​ថ្លែង​ការពារ​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហ​ជីព

កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)

ក្រសួង​ការងារ​នៃ​ប្រទេស​កម្ពុជា នៅថ្ងៃ​សុក្រ​នេះ ​បាន​ថ្លែង​ការពារសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហ​ជីព​ ​ដោយ​អះអាង​ថា​ ច្បាប់​នេះ​នឹង​ការពារ​សិទ្ធិ​កម្មករ​ ហើយ​រួម​ចំណែក​ក្នុង​ការ​បង្កើត​ការងារ​សមរម្យ​ដល់​ពលរដ្ឋ​កម្ពុជា។​

ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​សហជីពនេះ​នឹង​ត្រូវ​បញ្ចប់​នា​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ​ ក្រោយ​ពី​ច្បាប់​នេះ​ត្រូវបាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ​អស់​រយៈ​ពេល​៧​ឆ្នាំ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ដែល​ចេញ​ក្រោយ​ពី​មាន​ការ​លើក​ឡើង​នា​ពេល​ថ្មីៗ​នេះ​នូវ​មតិជំទាស់​ពី​ក្រុម​សហជីព​ដែល​ទទួល​ជំនួយ​ពី​បរ​ទេស។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា​ ច្បាប់​សហជីព​នេះ​មាន​គោល​ដៅការពារផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​កម្មករ​ និយោជិត​ និង​ធានា​នូវ​សិទ្ធិ​សេរីភាព​នៃ​អង្គការ​សហ​ជីព​របស់​កម្មករ​ និយោជិត ​និង​នយោជក​ ហើយនិង​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត។​

ក៏​ប៉ុន្តែ​ ក្រុម​សហជីព​ឯករាជ្យ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​ពួក​គេ​យល់​ថា​ ច្បាប់​នេះ​នឹង​រឹតបន្តឹង​ដល់​សេរីភាព​ក្នុងការ​បង្កើត​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ បាន​ប្រាប់​ VOA​ ថា​ ច្បាប់​សហជីព​នេះ​ពុំ​បម្រើ​ផល​ប្រយោជន៍​របស់​កម្មករ​នោះ​ទេ​ ព្រោះ​វាជា​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​ភាគី​និយោជក​ ដែល​មាន​បំណង​រារាំង​កម្មករ​មិន​ឲ្យ​ចូល​រួម​ចលនាសហ​ជីព។​

លោក​មាន​ប្រសាសន៍​ថា​៖ ​«ច្បាប់​នេះ​ សុំ​កុំភ្លេច​ថា​ វា​ជា​ការ​ស្នើ​ឡើង​របស់​និយោជក​ ហើយ​រដ្ឋាភិបាល​ក៏​ឯកភាព​ទៅ។ ​អញ្ចឹងមាន​ន័យ​ថា​ ធ្វើ​គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​និយោជក​ច្រើន​ជាង​ហើយ​ ព្រោះ​និយោជក​គេ​ចង់​បាន»។​

ក្រសួង​ការងារ​ធ្វើការ​ប្រកាស​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នេះ​ ​បន្ទាប់​ពីក្រុម​សហជីព​មួយ​ក្រុម​ត្រៀម​នឹង​ដាក់​សំណើ​ទៅលោក​ អ៊ិត សំហេង​ រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ ដាក់​សំណើ​ទៅ​សភាជាតិ​ និង​ដាក់​សំណើ​ទៅ​ស្ថានទូត​សហគមន៍អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​ខាងមុខ​នេះ​ ដើម្បី​សុំឲ្យ​បញ្ឈប់​ការ​បង្កើត​ច្បាប់​ស្តីពី​សហ​ជីព​នេះ។​

នៅ​ក្នុង​លិខិត​មួយ​ដែល​គ្រោង​នឹង​យក​ទៅ​ដាក់​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នោះ​ មេដឹក​នាំ​ និង​តំណាង​សហ​ជីព​ចំនួន​២៧​បាន​ថ្លែង​ថា៖​

«សេចក្តី​ព្រៀង​ច្បាប់​ ដែល​ក្រសួង​ការងារ​កំពុង​រៀបចំ​នេះ​ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ការពារ​ លើក​កម្ពស់​សិទ្ធិ​សេរីភាព​ និង​ផល​ប្រយោជន៍​ជូន​កម្មករ​ និយោជិត​នោះ​ទេ​ ពីព្រោះ​មាន​មាត្រា​ជា​ច្រើន​មាន​ការ​រិត​ត្បិត​ដល់​សិទ្ធិ​សេរីភាព​សហជីព»។​

ពួកគេ​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ដដែល​នោះ​ផង​ដែរ​ថា ​មាត្រា​ខ្លះ​ទៀតនៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ដាក់​បន្ទុក​ធ្ងន់​ធ្ងរ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សហជីព។ ​មាត្រា​ទាំងនោះ​រួម​មាន​ មាត្រា​១២​ដែល​តម្រូវ​ឲ្យ​មាន​ការ​កំណត់​ចំនួន​សមាជិក​ក្នុង​ការ​បង្កើត​សហ​ជីព​រហូត​ដល់​២០%​ ហើយ​និង​មាត្រា​៧៨ ​និង​មាត្រា​៨០​ដែល​នឹងដាក់​ទោស​ពិន័យ​មកលើ​សហជីព។​

ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យសហជីព​ដែល​មាន​ស្រាប់​ត្រូវ​ធ្វើការ​ចុះ​បញ្ជីការ​ឡើង​វិញ​ផង​ដែរ​ ប្រសិន​បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន។​

លោក​ វ៉ាន់​ ស៊ូអៀង ​ប្រធានសមាគមរោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ នៅ​តែ​បន្ត​ការ​គាំទ្រ​ឲ្យ​ច្បាប់​នេះ​ចេញ​ឲ្យ​បាន​ឆាប់​ បើ​ទោះ​ជា​មាន​សំណើ​ពី​ក្រុម​សហជីព​ឲ្យ​បញ្ឈប់​ការ​បង្កើត​ច្បាប់​នេះ​ក្តី។​

លោក​និយាយ​ថា៖ ​«យើង​ត្រូវ​ការ​ឲ្យ​ច្បាប់​ហ្នឹង​ចេញ​ឆាប់​ ពី​ព្រោះ​ឥឡូវ​ នៅ​ស្រុក​ខ្មែរ ​ឈ្មោះ​ស្រុក​ខ្មែរ​គេ​ឃើញ​ហើយ​ គេ​អត់​ហ៊ាន​មក​ធ្វើ​រោងចក្រ​ទៀត​ទេ​ ពីព្រោះ​កម្មករ​រង់​ចាំ​ក្រុម​សហជីព​ណែនាំ​កូដ​កម្ម​ខុស​ច្បាប់​រហូត ​អត់​នីតិ​វិធី​ច្បាប់​ទេ»៕