នៅសប្តាហ៍នេះក្រសួងមហាផ្ទៃបានប្រកាសឱ្យដឹងពីគម្រោងធ្វើជំរឿនសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក នៅកម្ពុជា ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១០ខែតុលាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលចុះថ្ងៃទី២៣ខែកញ្ញា និងផ្សព្វផ្សាយនៅថ្ងៃពុធនេះបានបន្ថែមថា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនិង អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាហៅកាត់ថា CCC និងសហការគ្នារៀបចំការធ្វើជំរឿននេះ។
ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងដដែលថាការធ្វើជំរឿននេះគឺ៖
«ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិតនិងចុះឈ្មោះក្នុងបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ ព្រមទាំងកំពុងធ្វើសកម្មភាពក្នុងព្រះរាជាណាចក្រកម្ពុជា»។
នេះ គឺជាការធ្វើជំរឿនសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលលើកទី១ក្នុងរយៈពេលជាងពីរទសវត្សរ៍។ ជំរឿននេះធ្វើឡើងចំពេលដែលមានការិះគន់យ៉ាងខ្លាំងពីសំណាក់ ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងនិងក្រៅប្រទេសកម្ពុជា ចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
នៅថ្ងៃពុធនេះ អ្នកស្រី រ៉ូណា ស្មីតអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃការគោរពសិទ្ធិមុនស្សនិងសិទ្ធិនយោបាយក្នុងប្រទេសកម្ពុជា។ ថ្លែងទៅកាន់អង្គសន្និបាតរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស លោកស្រី ស្មីត ក៏បានស្នើឱ្យមានការសើរើឡើងវិញនូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ផ្សេងទៀតដែលមានការដាក់កំហិតលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផងដែរ៕