ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំរឿន​ប្រជា​សាស្រ្តបង្ហាញ​ថា ​កំណើន​ប្រជាជន​ខ្មែរ​ធ្លាក់ចុះ


អ្នកស្រី ​​ហង់ លីណា អគ្គ​នាយក​វិទ្យាស្ថាន​ជាតិ​​ស្ថិតិ​ប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ពិធីប្រកាស​លទ្ធផល​​ជំរឿន​បណ្តោះ​អាសន្ន នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី ​​ហង់ លីណា អគ្គ​នាយក​វិទ្យាស្ថាន​ជាតិ​​ស្ថិតិ​ប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ពិធីប្រកាស​លទ្ធផល​​ជំរឿន​បណ្តោះ​អាសន្ន នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​ធ្លាក់​ចុះ​​នេះ​ដោយ​សារ​អត្រា​នៃ​លទ្ធភាព​បង្កើត​កូន​ធ្លាក់​ចុះ​ និង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាជន​កម្ពុជា​ទៅ​កាន់​ប្រទេស​ផ្សេង។​ នេះ​បើ​​តាម​លទ្ធផល​បណ្តោះ​អាសន្ន​​ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩។

នៅ​ថ្ងៃពុធ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសតួលេខបណ្តោះ​អាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩។ ​តួលេខ​នេះបាន​បង្ហាញ​ពី​ការ​ស្រុត​ចុះ​នៃ​កំណើន​ប្រជាជនក្នុង​រយៈ​ពេល​១១​ឆ្នាំ​ចុង​ក្រោយ។​

ប្រជាជន​កម្ពុជាក្នុង​ឆ្នាំ​២០១៩​បាន​កើន​ឡើង​ដល់​ជាង​១៥​លាន​ពីរ​សែន​នាក់។​ នេះ​បើ​យោង​តាម​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ជំរឿន​ប្រជាជន​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ។​

ទោះជា​យ៉ាងណា​ ​តួលេខ​ថ្មី​នេះ​មិន​បាន​រាប់​បញ្ចូលប្រជា​ពល​រដ្ឋ​កម្ពុជាចំណាក​ស្រុក​ ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ ​ប្រជាពល​រដ្ឋ​កម្ពុជា​ចំណាក​ស្រុក​ស្រប​ច្បាប់​មាន​ចំនួន​រហូត​ទៅ​ដល់​ជាង១​លាន​ពីរ​សែន​នាក់។​

តួលេខ​ចំនួន​ប្រជាជន​ថ្មី​នេះ​បង្ហាញ​ថា​ អត្រា​កំណើន​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ចំនួន​០,៣​ភាគ​រយ​ ​បើធៀប​នឹង​ជំរឿន​កាល​ពីឆ្នាំ​១៩៩៨ ​និង​ឆ្នាំ​២០០៨។​

អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​ធ្លាក់​ចុះនេះ​ដោយ​សារ​អត្រា​នៃ​លទ្ធភាព​បង្កើត​កូន​ធ្លាក់​ចុះ​ និង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាជន​កម្ពុជា​ទៅ​កាន់​ប្រទេស​ផ្សេង។​ នេះ​បើតាម​លទ្ធផល​បណ្តោះ​អាសន្នជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩។​

ក្នុង​ពិធីប្រកាស​លទ្ធផលជំរឿន​បណ្តោះ​អាសន្ន​នៅរាជធានីភ្នំពេញ​ នា​ថ្ងៃ​ពុធ​នេះ​ លោក ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ជំរឿន​ ថ្លែង​ថា​ ទិន្នន័យ​នៃ​ជំរឿន​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ប្រើ​ជា​មូល​ដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​នានាដើម្បី​កិច្ច​អភិវឌ្ឍន៍​សង្គម។​

«ទិន្នន័យ​ទាំង​អស់​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ដៃ​គូ​អភិវឌ្ឍន៍ និង​អ្នក​ប្រើប្រាស់​ទាំង​ឡាយ ​ធ្វើ​សេចក្តី​សម្រេច​ប្រកប​ដោយ​ប្រសិទ្ធភាព​ ក្នុង​ការ​កសាង​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​ចីរភាព»។

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើ​ម​ធ្វើ​ជំរឿន​លើក​ទី​៤រយៈ​ពេល​១១​ថ្ងៃ​កាល​ពីដើមខែ​មិនា​ឆ្នាំ​២០១៩។​ ​រដ្ឋា​ភិបាល​បាន​ចំណាយ​ថវិកា​ជាតិ​ចំនួន​៨,៥​លាន​ដុល្លារ​អាមេរិក។​ ដោយ​ឡែក​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​ រថយន្ត​ និង​ម៉ូតូ​សរុប​ជា​ទឹក​ប្រាក់​ចំនួន​២,៥​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ក៏មាន​ការ​ផ្តល់​ជា​ជំនួយ​ថវិកា ​និង​បច្ចេកទេស​ពីប្រទេស​អាល្លឺម៉ង់ សហគមន៍​អឺរ៉ុប ​និង​មូលនិធិ​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។

តួលេខ​បណ្តោះ​អាសន្ន​នៃ​ចំនួន​ប្រជាជន​ក្នុង​ឆ្នាំ​នេះ​បង្ហាញ​ថា ​ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​១៥.២៨៨.៤៨៩​ មាន​ប្រុស​ចំនួន​៧.៤១៨.៥៧៧ ​និង​ស្រីចំនួន​៧.៨៦៩.៩១២​នាក់។​

នៅ​ក្នុង​របាយ​ការណ៍​របស់ ​VOA ​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ពួកគេ​ត្រូវ​បាន​មន្រ្តី​ជំរឿន​សួរ​សំណួរ​ដោយប្រញាប់​ប្រញាល់ ​ខ្លះ​ថា ​សួរ​មិន​គ្រប់​សំណួរ ​និង​ខ្លះ​ថា ​ពួកគេ​មិន​ត្រូវ​បាន​មន្រ្តី​ជំរឿន​ចុះ​ទៅសួរ​នាំ​ឡើយ។​

អ្នកស្រី ហង់ លីណា ​អគ្គ​នាយក​វិទ្យាស្ថាន​ជាតិស្ថិតិ​ទទួល​ស្គាល់​ថា ​មានភាព​ចន្លោះ​ប្រហោង​បែប​នោះ​មែន។ ​ប៉ុន្តែ​ភាព​ចន្លោះ​ប្រហោង​នោះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ជំរឿន​ប្រជាជន​ធំ​ដុំ​នោះ​ទេ។​

«ប្រធាន​ភូមិ​ខ្លះ​គាត់​អាង​ថា​ ផ្ទះ​ខ្លះ​គាត់​ដឹង។ ​គាត់​ដឹង​ស្ថានភាព​របស់​ផ្ទះ​ហ្នឹង​ហើយ​ អ៊ីចឹងគាត់​មិនចាំបាច់​ចូល​ទៅ​សួរ​ទេ។ ​គាត់​អាច​សរសេរ​បំពេញ​យក​ខ្លួន​ឯង។ ​ប៉ុន្តែ​វា​ខុស​ពី​គោល​ការណ៍​របស់​ជំរឿន​ហើយ។​ ប៉ុន្តែ​វា​មាន​តិចតួច។ វា​មាន​តិច​តួច​ ដែល​គាត់​ត្រូវ​ធ្វើ​ដោយ​រំលោភ​អ៊ីចឹង។ ​ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ ​យើង​មាន​វិធី​សាស្រ្ត​ អត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធ​ផល​ជំរឿន​របស់​យើង​ទេ»។​

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លើក​ឡើង​ថា ​ការ​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​២០១៩​នេះ​ហាក់​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ ទាំង​ការ​រៀបចំ​សំណួរ​ជាមុន​ និង​ការសួរ​សំណួរ​ទៅ​កាន់​ប្រជាជន។ ​លោក​បន្ត​ថា ​រដ្ឋាភិបាល​គួរ​រៀបចំ​សំណួរ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ទទួល​បាន​លទ្ធ​ផល​យក​ទៅ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។​

ប្រទេស​កម្ពុជា​បាន​ធ្វើ​ជំរឿន​ប្រជាជន​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៦២។ កាល​នោះ​ចំនួន​ប្រជាជន​មាន​៥,៧​លាន​នាក់។ ​ដោយ​ឡែក​ការធ្វើ​ជំរឿន​នៅ​ឆ្នាំ​១៩៩៨​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​មាន​ចំនួន​ជាង​១១​លាន​នាក់ ​(១១.៤៣៧.៦៥៦)។ ​ហើយ​ជំរឿន​នៅ​ឆ្នាំ​២០០៨​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​កើន​ដល់​ចំនួន​ជាង​១៣​លាន​នាក់​(១៣.៣៩៥.៦៨២)៕

XS
SM
MD
LG