ក្រសួង​មហាផ្ទៃ​គ្រោង​បំពាក់​ឧបករណ៍​ប្រព័ន្ធ​គ្រប់​គ្រង​ព្រំដែន

រូបឯកសារ៖ បច្ចេកវិទ្យាកំណត់អត្តសញ្ញាណត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទ Global Mobile Internet នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ពុធ ក្រុម​មន្ត្រី​ទទួល​បន្ទុក​សន្តិសុខ​ឆ្លងដែនបាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ប្រើ​ប្រាប់​ឧបករណ៍​បច្ចេក​វិទ្យា​ថ្មី​សម្រាប់​ត្រួត​ពិនិត្យ​ លើ​ការ​កំណត់​អត្ត​សញ្ញាណ​ ឬឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ​របស់​បុគ្គល​ដែល​ធ្វើដំណើរ​ចេញ-ចូល​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង។

ខណៈ​មាន​ការ​ពិភាក្សា​ជុំវិញ​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ដំឡើង​ឧបករណ៍​បច្ចេក​ទេស​ថ្មីខាង​លើ​នេះ​ អ្នក​ជំនាញ​លើកឡើង​នូវក្តីបារម្ភ​ចំពោះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ដែល​អាចដាក់គោល​ដៅ​កំណត់​សម្គាល់​សកម្មជន ឬ​អ្នក​រិះគន់​រដ្ឋា​ភិបាល​ដែល​ចេញ​-ចូល​ប្រទេស​កម្ពុជា។

យោង​តាម​ទំព័រហ្វេក​ប៊ុក​ផ្លូវ​ការ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង នាយ​ឧត្តម​សេនីយ៍ លោក គៀត ច័ន្ទថារិទ្ធ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ បាន​លើក​ឡើង​សំណើ​សុំ​ផ្លាស់​ប្តូរ​ឧបករណ៍​បច្ចេកទេស​បំពាក់​បន្ថែម​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ និង​កែ​សម្រួល​ដើម្បី​លើក​កម្ពស់​កម្មវិធី​ផ្នែក​ទន់​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ព្រំដែន​កម្ពុជា ហៅ​កាត់​ថា (CBMS)។

ការ​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​ព្រំដែន​កម្ពុជា​ថ្មី មាន​សមត្ថភាព​ត្រួត​ពិនិត្យ​ឯកសារ​ធ្វើ​ដំណើរ​ក្លែង​បន្លំ និង​ក្លែង​ក្លាយ ការ​រក្សា​ផ្ទៀង​ផ្ទាត់​ជាមួយ​បញ្ជី​មុខ​សញ្ញា ផ្ទៀង​ផ្ទាត់​ផ្ទៃ​មុខ​ជាក់​ស្ដែង​ជាមួយ​រូប​ថត​ខាង​ក្នុង​លិខិត​ឆ្លង​ដែន ការ​រក្សា​ទុក និង​ផ្ទៀង​ផ្ទាត់​ក្រយ៉ៅ​ដៃ ការ​រក្សា​ទុក​ទិន្នន័យ​ប្រវត្តិ​ធ្វើ​ដំណើរ និង​ទិន្នន័យ​ដំណើរ​ចេញ-ចូល ដោយ​មាន​បំពាក់​ឧបករណ៍​សំខាន់ៗ​ ដូច​ជា​ម៉ាស៊ីន​មេ​មជ្ឈ​មណ្ឌល​កណ្ដាល (HQ Server) ម៉ាស៊ីន​មេ​តាម​បណ្ដា​ប៉ុស្ដិ៍​ច្រក​ទ្វារ​អន្ដរជាតិ ឧបករណ៍​បំពេញ​ការងារ​ក្នុង​ការ​បញ្ជា​និង​ត្រួត​ពិនិត្យ​ចល័ត​តាម​កំពង់​ផែ​ជាដើម។

អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ លោក​ គៀត ច័ន្ទថារិទ្ធ ​ បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​ព្រំដែន​នេះ មិនមែន​ជាកិច្ចការ​ថ្មីទេ​ គឺវា​គ្រាន់​តែជា​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «គ្រាន់​តែ​បញ្ជាក់​ជូន​ថា​អត់​មាន​រឿង​អី​ថ្មី​ទេ អត់​មាន​ប្រព័ន្ធ​ថ្មី​អី​ណា​មក​ ប្រព័ន្ធ​ហ្នឹង​ប្រើ​មក​ចង់​ ១០ ឆ្នាំ​ហើយ។ បាទ​ព្រោះ​ឥឡូវ​យើង​ប្រើ​វា ​៧ ឆ្នាំ​ហើយ វា​ផុត។យើង​ដឹង​ហើយ​ប្រព័ន្ធ​ម៉ាស៊ីន​កុំព្យូទ័រ​គេ​ប្រើ​ ៤ ឆ្នាំ ហើយ​យើង​ប្រើ ៦-៧ ឆ្នាំ ហើយ​អ៊ីចឹង​យើង​ខ្លាច​វា​គាំង​ទិញ​អាថ្មី​មក​ជំនួស​អា​ចាស់​ ទិញ​កុំព្យូរទ័រ​ចង់​និយាយ​អ៊ីចឹង»។

សេចក្តីរាយការណ៍​ដែលចេញផ្សាយ​ដោយ​សំឡេង​សហរដ្ឋអាមេរិក​ (VOA) ជា​ភាសា​អង់គ្លេស​កាល​ពីពេល​ថ្មីៗនេះ​ បាន​ឱ្យដឹង​ថា​ អ្នកជំនាញ​ជាច្រើន​កំពុង​បង្ហាញ​ការព្រួយ​បារម្ភ​ ដែល​ការ​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​ថវិកា​ចំនួន​ប្រមាណ​ ១ លានដុល្លារ ​ឱ្យ​ទៅ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​សម្រាប់​គម្រោង​បច្ចេកវិទ្យា​ផ្ទៀង​ផ្ទាត់​ផ្ទៃ​មុខ ដែល​អាច​បើក​ផ្លូវ​ឱ្យបច្ចេកវិទ្យានេះត្រូវ​បានប្រើ​ជំទាស់​នឹង​ប្រជា​ពលរដ្ឋ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

បទ​បញ្ជា​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​ត្រូវបាន​ចេញ​ផ្សាយ​កាលពីខែមិនា​ នៅក្នុង​បណ្តុំ​នៃ​ឯកសារ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ នឹង​ត្រូវ​ផ្តល់​មូលនិធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ HSC Co. Ltd.,ដឹកនាំ​ដោយ​សេដ្ឋី​ម្នាក់​ឈ្មោះ សុខ ហុង​ ដែល​កាលពី​មុន​បាន​បោះពុម្ព​លិខិតឆ្លង​ដែន​កម្ពុជា​ និង​បាន​ដំឡើង​កាមេរ៉ា CCTV ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បទ​បញ្ជា​ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា​ ទំនង​ជា​សញ្ញា​ផ្ទាល់​ដំបូង​មួយ​របស់​ចំណាប់​អារម្មណ៍​កម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​កត់​ចំណាំមុខ ហើយ​ដែលធ្វើ​អ្នក​ជំនាញ​ជាច្រើន​មាន​ការបារម្ភ​ថា​ គំនិតផ្តួចផ្តើម​បែបនេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កំណត់​គោលដៅ​អ្នក​រិះគន់​រដ្ឋាភិបាល​ និង​បង្កើត​បាន​ប្រព័ន្ធ​ឃ្លាំមើល​ដ៏​រឹង​មាំ​មួយ​ ដែល​ស្រដៀង​គ្នាទៅនឹង​ប្រទេស​ចិន។ ទាំង​ក្រសួង​មហាផ្ទៃ​ និងក្រុមហ៊ុន​មិន​ផ្តល់​ចម្លើយ​ទៅ​នឹង​សំណួរ​នានា​របស់​វីអូអេ​ ថា​តើ​មាន​ភាព​ចាំបាច់​យ៉ាង​ណាខ្លះ​សម្រាប់​ការ​អនុវត្ត​គម្រោង​នោះ។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី ចក់ សុភាព ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ព្រំដែន​ក្នុង​ន័យ​ដើម្បី​សម្រួល​ឱ្យ​មាន​អភិបាល​កិច្ច​ល្អ​នោះ​មិន​មាន​ជា​បញ្ហា​ឡើយ។ ប៉ុន្តែ​អ្នកស្រី​ថា ​ការ​ឈាន​មួយ​កម្រិត​ទៀត​ក្នុងការ​ងាក​ទៅប្រើប្រាស់​ប្រព័ន្ធ​បចេ្ចក​វិទ្យា​ទំនើប​ អាចនឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​របស់​បុគ្គល​ណា​មួយ​ ហើយ​វាក៏​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ឯកជន​ភាព និង​ការ​គ្រប់​គ្រង​ទិន្នន័យ ប្រសិនបើ​ការ​ប្រើ​បច្ចេកវិទ្យានោះ​ ហួសពី​ការងារ​សន្តិសុខទូទៅ។

អ្នកស្រី​ថ្លែង​ថា៖ «ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ងាយ​ស្រួល​ហ្នឹង​ វា​អាស្រ័យ​លើ​ចេតនា​នៃ​ការ​ប្រើ​ប្រាស់​ហ្នឹង ថា​តើ​ការ​ប្រើ​ប្រាស់​ហ្នឹង​ក្នុង​គោលបំណង​បែប​ណា​ គ្រប់​គ្រង​សនិ្តសុខ​ទូទៅ​ ឬក៏​វា​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ដៅ​មុខ​សញ្ញា​បុគ្គល​ណា​ម្នាក់​ ហើយ​នឹង​ការ​គ្រប់​គ្រង​ទិន្នន័យ​ហ្នឹង​ តើ​អាច​រក្សា​បាន​នូវ​ឯក​ជន​ភាព ឬក៏​ទិន្នន័យ​ទូទៅ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ទាំង​អស់​ហ្នឹង​ មាន​ការ​គ្រប់​គ្រង​បាន​ល្អ​ដែរ​ឬ​យ៉ាង​ណា»។

ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត ប្រាប់​វីអូអេ​ថា ការ​ដំឡើង​ប្រព័ន្ធ​គ្រប់​គ្រង​ព្រំដែន​ថ្មី ជា​ការ​រឹត​បន្តឹង​ទៅ​លើ​សន្តិ​សុខ​សុវត្ថិភាព​ចំពោះ​ការ​ចេញ​-ចូល​ប្រទេស​កម្ពុជា ចំពោះ​ជន​ដែល​ត្រូវ​បណ្តា​ប្រទេស​ផ្សេងៗ​ដាក់​ក្នុង​បញ្ជី​ខ្មៅ។

លោក​ថា ការ​ដំឡើង​ប្រព័ន្ធ​ថ្មី​នេះ ក៏​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ឯកជន​ភាព​របស់​មនុស្ស​ទូទៅផង​ដែរ។

លោក​ថ្លែង​ថា៖ «ចំណុច​នេះ​វា​មាន​គុណ​សម្បតិ្ត និង​គុណ​វិបត្តិ អ៊ីចឹង​បើ​យើង​មើល​ពី​គុណ​វិបត្តិ​របស់​រដ្ឋាភិបាល​គឺ​ការ​គ្រប់​គ្រង​ ក្នុង​ការ​ត្រួត​ពិនិត្យ​នៅ​តាម​បណ្តា​ព្រំដែន​ហ្នឹង​ឱ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ មាន​ការ​រិះ​គន់​ថា ​ប៉ះពាល់​ទៅ​ដល់​ឯកជន​ភាព​របស់​បុគ្គល​ ដោយសារ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​ហ្នឹង​តឹង​រឹង​ហ្នឹង​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​ដល់​អត្តសញ្ញាណ​របស់​ពួកគេ»។

យ៉ាងណាក៏ដោយ​ រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ​លោក ​ខៀវ សុភ័គ ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ខាងលើ​ជា​កិច្ចការ​សន្តិសុខ​ ហើយ​មិនមែន​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ថា ​វា​ត្រូវ​ប្រើបាន​យ៉ាង​ដូចម្តេច​ខ្លះ​នោះ​ទេ។ លោក​ថា នេះជា​រឿង​សន្តិសុខ​ជាតិ​ ដែល​មិនអាច​ឱ្យដឹង​ជា​សាធារណៈ​បាន​ទេ៕