ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតតាមចាប់ខ្លួនមនុស្សបីនាក់ដែលបានបង្ហោះរូបភាពប្រមាថសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមបណ្តាញសង្គម Facebook។ នេះបើតាមការឲ្យដឹងពីលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ថ្មីៗនេះ ការប្រមាថអង្គព្រះមហាក្សត្រតាមរយៈការបង្ហោះរូបភាព និងប្រើពាក្យមិនគប្បីតាមបណ្តាញសង្គម Facebook កំពុងជាប្រធានបទដែលប្រជាពលរដ្ឋខ្មែរជជែកគ្នា និងបញ្ចេញការមិនពេញចិត្តចំពោះទង្វើរបស់អ្នកបង្ហោះនោះ។ គណនី Facebook ទាំងនោះភាគច្រើនមានឈ្មោះជាភាសាបរទេស ដែលមានជាភាសាអង់គ្លេស និងថៃជាដើម។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ VOA នៅព្រឹកថ្ងៃអាទិត្យនេះថា ក្រសួងមហាផ្ទៃបានកំណត់មុខសញ្ញាជនសង្ស័យចំនួន៣នាក់ ដែលបានបង្ហោះរូបភាព និងប្រើសម្តីប្រមាថអង្គព្រះមហាក្សត្រខ្មែរ លើបណ្តាញសង្គម Facebook។ លោកបន្តថា ក្នុងចំណោមជនទាំង៣នាក់នោះ ២នាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាសកម្មជនគណបក្សមិនកាន់អំណាច និងម្នាក់ទៀតរស់នៅបរទេស។
លោកបញ្ជាក់ថា៖
«នៅក្នុងច្បាប់របស់យើងមានប្រការមួយដែលចែងក្នុងរដ្ឋធម្មនុញ្ញដែលថា ព្រះមហាក្សត្រមិនអាចប៉ះពាល់បាន តែច្បាប់ផ្សេងទៀតវាអត់មានចែងលម្អិតថា នរណាធ្វើយ៉ាងម៉េចៗដល់ព្រះមហាក្សត្រទេ។ ប៉ុន្តែអាស្រ័យទៅលើការចោទប្រកាន់របស់ស្ថាប័នតុលាការ យើងគ្រាន់តែរកឃើញ ប្រគល់ឲ្យតុលាការទៅ សំខាន់តុលាការអាចចោទបទអីផ្សេងទៅ អាចជាព័ត៌មានមិនពិតអីអញ្ចឹងទៅ ស្រេចទៅលើតុលាការគេចោទទៅ។ ប៉ុន្តែយើងអាចធ្វើការចោទប្រកាន់បាន»។
លោកខៀវ សុភ័គសុំមិនបញ្ជាក់ពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំណាត់ការចំពោះអ្នកទាំងនោះទេ ដោយលោកលើកឡើងថា ក្រសួងកំពុងស៊ើបអង្កេតបន្ថែមដើម្បីនាំខ្លួនអ្នកទាំងនោះទៅតុលាការដើម្បីផ្តន្ទាទោស។
លោកមេធាវីសុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានប្រាប់ VOA ថា កម្ពុជាមិនមានច្បាប់ពាក់ព័ន្ធនឹងការមានទោសដោយសារការប្រមាថព្រះមហាក្សត្រនោះទេ។
លោកបញ្ជាក់ថា៖
«បើអត់មានច្បាប់ដាក់ទណ្ឌកម្មអីផង ដាក់ទណ្ឌកម្មគេយ៉ាងម៉េចទៅ? ហើយរឿងហ្នឹងមិនមែនមានន័យថា ជាការធ្វេសប្រហែសទេគឺជាចេតនារបស់រដ្ឋាភិបាល ព្រោះធ្វើសេចក្តីព្រាងច្បាប់ពេលហ្នឹងមានការជជែកគ្នារឿងហ្នឹងដែរ តែរដ្ឋាភិបាលខ្លួនឯងថា ព្រះមហាក្សត្រលោកមិនដែលប្រកាន់នរណាទេ។ អ្នកព្រាងច្បាប់របស់រដ្ឋាភិបាលអះអាងថា ព្រះមហាក្សត្រលោកមិនដែលប្រកាន់នរណាទេ ដូច្នេះចាំបាច់ដាក់ធ្វើអី? បើគង់តែព្រះមហាក្សត្រលើកលែងទោសដដែល ឥឡូវតើយើងគិតថា អាហ្នឹងវាគួរមានទោសឬអត់? បើមាន ទាល់តែយើងធ្វើច្បាប់ហើយសិនបានចាប់គេបាន»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ VOA ថា កម្ពុជាមានតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះដែលចែងពីព្រះមហាក្សត្រថា គ្មានបុគ្គលណាអាចរំលោភបំពានព្រះមហាក្សត្របានឡើយ។ ទោះជាយ៉ាងណា លោកថាព្រះមហាក្សត្រជាបុគ្គលឯកជន ដែលត្រូវទទួលបានការការពារដោយច្បាប់ព្រហ្មទណ្ឌ ដូច្នេះសមត្ថកិច្ច និងតុលាការអាចមានចំណាត់ការផ្លូវច្បាប់លើបុគ្គលដែលប្រមាថព្រះមហាក្សត្របាន។
លោកបញ្ជាក់ថា៖
«វាអាស្រ័យទៅលើការស៊ើបអង្កេតរបស់តុលាការ ថាតើទង្វើនៃការបង្ហោះ ការប្រមាថទាំងអស់ហ្នឹងវាមានធាតុផ្សំគ្រប់គ្រាន់ក្នុងការបង្កើតទៅជាបទល្មើស ដែលមានក្នុងបញ្ញត្តិព្រហ្មទណ្ឌដែរឬក៏អត់? ប្រសិនបើតុលាការរកឃើញថា មានធាតុផ្សំគ្រប់គ្រាន់ក្នុងការបង្កើតទៅជាបទល្មើស អាហ្នឹងអាចមានចំណាត់ការនីតិវិធីក្នុងការចោទប្រកាន់តាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។ តែប្រសិនបើមិនមានធាតុផ្សំគ្រប់គ្រាន់ក្នុងការបង្កើតជាបទល្មើសទេ អាហ្នឹងមិនអាចដាក់ទោសទណ្ឌពិន័យតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌបានទេ»។
លោកជិន ម៉ាលីនបន្ថែមថា ព្រះមហាក្សត្រជាតួអង្គនិមិត្តរូបជាតិ ដូច្នេះការប្រមាថអង្គព្រះមហាក្សត្រគឺជាការប្រមាថប្រជាជាតិ សេចក្តីថ្លៃថ្នូរ និងជាតិសាសន៍ទាំងមូល។ លោកបញ្ជាក់បន្ថែមថា ដោយសារសព្វថ្ងៃនេះ ការប្រមាថលើអង្គព្រះមហាក្សត្របានកើតឡើងជាញឹកញាប់ និងកំពុងក្លាយជាបញ្ហាចោទ ក្រសួងយុត្តិធម៌នឹងពិភាក្សាក្នុងការបង្កើតច្បាប់ដោយឡែកដើម្បីការពារព្រះមហាក្សត្រ។
លោកមានប្រសាសន៍ថា៖
«យើងចង់ការពារអង្គព្រះមហាក្សត្របានយើងកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីការពារនូវអង្គព្រះមហាក្សត្រមិនឲ្យទទួលនូវការរំលោភ។ ប៉ុន្តែយើងគិតថា ស្ថានភាពពេលនោះ យើងដូចជាមិនចាំបាច់ឲ្យមានការដាក់ទោសទណ្ឌអីធ្ងន់ធ្ងរទេ កាលៈទេសៈពេលនោះបើយើងរៀបចំវាហាក់ដូចជាធ្ងន់ធ្ងរពេក។ តែឥឡូវនេះវាអាចមានការប្រែប្រួល ជួនកាលកាលៈទេសៈ ស្ថានភាព ពេលវេលាវាមានការប្រែប្រួលដែលតម្រូវឲ្យយើងអាចធ្វើការពិចារណាឡើងវិញដែរ។ អីចឹងគឺអាស្រ័យលើសាធារណមតិដែរ ថាតើស្ថានភាពបច្ចុប្បន្ននេះ កាលៈទេសៈនេះ តើគួរតែចាំបាច់ ឬមិនចាំបាច់? បើសាធារណៈមតិបង្ហាញថា ជាការចាំបាច់ យើងអាចពិចារណាដែរ»។
កាលពីដើមឆ្នាំ២០១៦នេះ យុវជនម្នាក់ត្រូវបានតុលាការខេត្តកំពង់ធំឃុំខ្លួនក្នុងពន្ធនាគារពីបទគំរាមសម្លាប់ និងប្រមាថលោកនាយករដ្ឋមន្រ្តីហ៊ុន សែនតាមបណ្តាញសង្គម Facebook។
ទាក់ទងនឹងករណីគំរាមសម្លាប់តាមបណ្ដាញសង្គមនេះ តុលាការបានចាត់ការលើករណីមួយចំនួន ដូចជា ករណីគំរាមសម្លាប់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីគំរាមសម្លាប់លោកសុខ ទូច ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែន ហើយក្រៅពីករណីគំរាមសម្លាប់ តុលាការបានចាត់វិធានការប្រឆាំងការសកម្មភាពផ្សេងទៀតតាម Facebook ដែរ ដូចជាករណីយុវជនគង់ រ៉ៃយ៉ា ដែលបង្ហោះការអំពាវនាវចូលរួមបដិវត្តន៍ពណ៌ កាលពីខែសីហា ឆ្នាំ២០១៥។
ស្ត្រីវ័យក្មេងម្នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបង្ហោះរូបភាពប្រមាថលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើ Facebook តែសមត្ថកិច្ចបានដោះលែងវិញ បន្ទាប់ពីរកឃើញថា គណនី Facebook របស់ស្រ្តីម្នាក់នោះត្រូវបានគេលួចយកមកប្រើ៕