ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីបុរសពីរនាក់ស្លាប់ដោយសារបរិភោគត្រីក្រពតនៅក្នុងសប្តាហ៍នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ បញ្ជាក់ថា បុរស ២ នាក់ បានស្លាប់ ក្រោយពីបរិភោគត្រីក្រពត ដោយម្នាក់រស់នៅខេត្តឧត្តរមានជ័យស្លាប់ កាលពីថ្ងៃទី ៧ ខែកក្កដា ម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង ស្លាប់កាលពីថ្ងៃទី ៨ ខែកក្កដា។
ក្រសួងសុខាភិបាលបានរំឮកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការពុលត្រីក្រពតដែលមានជាតិពុល អាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់បាន បើទោះបីជាបានចម្អិនឆ្អិន ឬដាក់ឱ្យកកក៏ដោយ។
ក្រសួងសុខាភិបាលបានបង្ហាញអំពីរោគសញ្ញានៃការពុលត្រីក្រពតមានដូចជា ក្នុងរយៈពេលពី ២០ នាទី ទៅ ២ ម៉ោង មានរមាស់ចាក់ៗនៅបបូរមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់។
សម្រាប់វិធីសង្គ្រោះបឋម ត្រូវឱ្យអ្នកពុលក្អួតចេញឱ្យបាន និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតបំផុត និងតម្រូវពិនិត្យជាចាំបាច់ដោយគ្រូពេទ្យ។
បើតាមក្រសួងសុខាភិបាល នៅកម្ពុជាមានត្រីក្រពតចំនួន ៩ ប្រភេទ ក្នុងនោះ ៥ ប្រភេទមានជាតិពុល រួមមាន ត្រីក្រពតភ្នែកក្រហម ត្រីក្រពតអុចធំ ត្រីក្រពតកូសាំងស៊ីន ត្រីក្រពតអុចបៃតង និងត្រីក្រពតហ្លូវៀធីលីស។ ជាតិពុលរបស់ត្រីក្រពតទាំង ៥ ប្រភេទនេះ មានកម្រិតជាតិពុលនៅក្នុងខ្លួនត្រីខ្ពស់បំផុតនៅក្នុងរដូវត្រីពងកូនបន្តពូជ ដែលធម្មតាកើតឡើងនៅខែកុម្ភៈ មីនា និងចន្លោះពីខែកក្កដា ទៅខែកញ្ញា។
កាលពីថ្ងៃទី ៥ ខែកក្កដា មនុស្សចំនួន ៧ នាក់ រស់នៅខេត្តកំពង់ឆ្នាំង បានពុលត្រីក្រពត ប៉ុន្តែពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា៕