ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញករណីឆ្លងជំងឺផ្ដាសាយបក្សី H5N1 មួយករណីទៀត នៅលើក្មេងប្រុសម្នាក់ អាយុ៣ឆ្នាំ ដែលរស់នៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃសុក្រនេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្មេងប្រុសអាយុ៣ឆ្នាំរូបនេះត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារកឃើញកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ ថា មានវីរុសផ្ដាសាយបក្សី ប្រភេទ H5N1។ ក្រសួងបន្ថែមថា បើតាមការសាកសួរប្រហែល ១០ថ្ងៃមុន មានសត្វមាន់ទាងាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅក្នុងសហគមន៍និងផ្ដល់ឱសថតាម៊ីហ្លូ (Tammiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ។
គួរបញ្ជាក់ថា កាលពីដើមខែតុលា ឆ្នាំ ២០២៣ អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញករណីជំងឺផ្តាសាយបក្សី កើតលើក្មេងស្រីម្នាក់ អាយុ២ឆ្នាំ និងបុរសម្នាក់អាយុ៥០ឆ្នាំ មកពីខេត្តព្រៃវែង ដែលពួកគេបានស្លាប់។
បើតាមក្រសួងសុខាភិបាល វិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) នេះ មានដូចជាការលាងដៃឱ្យបានញឹកញាប់បន្ទាប់ពីមានការប៉ះពាល់ជាមួយបក្សី ដាក់បក្សីឱ្យឆ្ងាយពីកុមារ និងកន្លែងរស់នៅ និងកុំបរិភោគសត្វបក្សីឈឺ ឬងាប់ជាដើម។ ក្រសួងបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី (H5N1) នេះមិនងាយឆ្លងពីមនុស្សទៅមនុស្សទេ ប៉ុន្តែវាក៏អាចបំប្លែងខ្លួនឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលដែរ៕