ក្រសួង​សុខាភិបាល​ណែនាំ​​ពល​រដ្ឋ​ការពារ​​ខ្លួន​ ដើម្បី​បង្ការ​ពី​​​​ជំងឺ​ក្នុង​រដូវ​ក្តៅ

រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ហាត់ប្រាណ​ពេល​ព្រឹក​នៅ​មុខ​ព្រះបរមរាជវាំង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​អាកាស​ធាតុ​ក្តៅ ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ឱ្យ​ការពារ​ខ្លួន ​ដោយ​ហេតុ​ថា​ «កម្តៅ​ក្តៅ​ខ្លាំង​ពេក​» ​នឹងបណ្តាល​ឱ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់ ​និង​ស្លាប់។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ ចុះ​ថ្ងៃទី​១០​ ខែ​មេសា​នេះ។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ​លោក ​ម៉ម ប៊ុនហេង ​បាន​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ចូល​រួម​ថែ​រក្សា​សុខ​ភាព​ផ្ទាល់​ខ្លួន​ ដោយ​ត្រូវ​អនុវត្តប្រុង​ប្រយ័ត្ន​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​សុខ​ភាព​ ដែល​អាច​កើត​មាន​ដោយ​សារ​ការ​ទទួល​រង​នូវ​កម្តៅ​ក្តៅ​ ​ដែល​បណ្តាល​ឱ្យ​បែក​ញើស​ខ្លាំង​ពេក​ខុស​ពី​ធម្មតា ​ការ​ហត់​នឿយ​ដោយ​សារ​កម្ដៅខ្លាំង​ ឈឺ​រមួល​សាច់​ដុំ​ អស់​កម្លាំង​ខ្លាំង ​ចង្អោរ ​ឬ​ក្អួត​ វិលមុខ​ ឬ​ឈឺ​ក្បាល​ ដួល​សន្លប់​ ជីពចរ​ដើរ​លឿន​ហើយ​ខ្សោយ​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ដើម។​

ក្រសួង​សុខាភិបាល​បញ្ជាក់ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នេះថា៖​ ​«បុគ្គល​អាច​ធ្លាក់​ខ្លួន​ឈឺ​ ដោយ​សារ​ទទួល​រង​នូវ​កម្តៅ​ខ្លាំង​ពេក​ ប្រសិន​បើ​រាង​កាយ​អ្នក​មិន​អាច​ទប់​ទល់​បាន ​និង​ប្រសិន​បើ​អ្នក​មិន​បាន​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​អ្នក​ត្រជាក់​បាន​ត្រឹម​ត្រូវ​ទាន់​ពេល​វេលា​ទេ​នោះ»។

ព័ត៌មាន​ទាក់ទង៖ អាណា​ព្យាបាល​មួ​យ​ចំនួន​ត្អូញ​ត្អែរ​អំពី​អាកាសធាតុ​ក្តៅ​​ប៉ះពាល់​ដល់​កូន​តូចៗ​

ក្រសួង​សុខាភិបាល​បាន​កំណត់វិធីសាស្ត្រ​សាមញ្ញៗ​ចំនួន​១៥​ចំណុច ​ដើម្បី​ការពារ​សុខ​ភាព​ផ្ទាល់ខ្លួន​ និង​ក្រុម​គ្រួសារ​លោក​អ្នក​ឱ្យ​បាន​ល្អ ​និង​ចៀស​ផុត​ពី​បញ្ហា​សុខភាព​ ដែល​អាច​កើត​មាន​ជាយថាហេតុ​បណ្ដាល​មក​ពី​អាកាស​ធាតុ​ក្តៅ​ខ្លាំង​នេះ ​រួម​មាន​ពិសា​ទឹក​សុទ្ធ ​ទឹកស្អាត​ល្អ ​ឬ​ទឹក​ដាំ​ពុះ​តែ​ទុក​ឱ្យ​ត្រជាក់​ ចៀស​វាង​ប្រើ​ទឹក​ក្តៅ ​ពិសា​ទឹក​ច្រោះ​ល្អ​ឱ្យ​បាន​ច្រើន ​និង​ញឹក​ញាប់​លើស​២​លីត្រ​ក្នុង​មួយ​ថ្ងៃ ​ត្រូវ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ស្អាត ​អនាម័យ​ចំណី​អាហារ​ ​ចៀស​វាង​ការ​ពិសា​ភេសជ្ជៈ​ដែល​បណ្តាល​ឱ្យ​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​ចុះ​ខ្សោយ ​ដូច​ជា​ពិសា​គ្រឿង​ស្រវឹង ​ឬ​ជាតិ​អាល់កុល ​កាហ្វេ ​តែ ​ភេសជ្ជៈ​ដែល​មាន​កាហ្វេអ៊ីន ​និង​ជាតិ​ស្ករ ​និង​មាន​វិធី​សាស្ត្រ​មួយ​ចំនួន​ទៀត៕