ខណៈពេលដែលតម្លៃផលិតផលកសិកម្មមានការធ្លាក់ចុះ ក្រសួងកសិកម្មបានចេញបញ្ជាឱ្យមន្ទីររបស់ខ្លួននៅតាមរាជធានីខេត្តចាត់វិធាការណ៍ដើម្បីដោះស្រាយ។ ទោះយ៉ាងណា អ្នកជំនាញកសិកម្មលើកឡើងថា វិធានការដែលក្រសួងបានដាក់ចេញមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាឱ្យមន្ទីរកសិកម្មនៅតាមរាជធានីខេត្តចាត់វិធានការរក្សាស្ថិរភាពតម្លៃកសិផលរបស់កសិករក្នុងតម្លៃសមរម្យ តាមរយៈទប់ស្កាត់ការប្រមូលទិញកសិផលក្នុងតម្លៃទាបពីសំណាក់ឈ្មួញ និងក្រុមហ៊ុន។
ក្នុងលិខិតចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ផ្ញើជូនប្រធានមន្ទីរកសិកម្មរាជធានីខេត្តរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន លើកឡើងថា ក្រោយពេលប្រមូលផល តម្លៃកសិផល ពិសេសដំណាំស្រូវ តែងមានការធ្លាក់ចុះ ដោយសារឈ្មួញប្រមូលទិញដោយបន្ទាបថ្លៃ ធ្វើឱ្យប្រជាកសិករត្អូញត្អែរ។
លិខិតដដែលបន្តថា ដើម្បីរក្សាស្ថិរភាពតម្លៃកសិផល ក្រសួងស្នើឱ្យប្រធានមន្ទីរកសិកម្មរាជធានីខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្ដាច់មុខពីសំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចាតម្លៃឱ្យបានសមស្របតាមស្ថានភាពថ្លៃជាក់ស្ដែង និងលើកជាវិធានការជូនរដ្ឋបាលរាជធានីខេត្តដើម្បីអនុវត្តដោះស្រាយ។ ក្រសួងកសិកម្មក៏ស្នើឱ្យធ្វើការចរចាជាមួយសមាគមម៉ាស៊ីនកិនស្រូវប្រចាំខេត្ត ដើម្បីទិញស្រូវពីប្រជាកសិករឱ្យអស់ពីសមត្ថភាពក្នុងតម្លៃសមស្រប។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ VOA នៅថ្ងៃអង្គារថា វិធានការដែលក្រសួងបានដាក់ចេញនាពេលនេះជាវិធានការចំពោះមុខ បន្ទាប់ពីតម្លៃស្រូវនៅក្នុងខេត្តមួយចំនួនបានធ្លាក់ចុះនៅប៉ុន្មានថ្ងៃនេះ។ លោកថា ក្រៅពីវិធានការទាំងនេះ ក្រសួងបាននិងកំពុងជំរុញឱ្យមានការចងក្រងជាសហគមន៍ និងការធ្វើកសិកម្មតាមកិច្ចសន្យា (contract farming) ក្នុងការរក្សាស្ថិរភាពតម្លៃកសិផល។
លោកមានប្រសាសន៍ថា៖ «ខ្ញុំឱ្យឧទាហរណ៍ដូចជាកសិករសហគមន៍នៅខេត្តកំពង់ស្ពឺ គាត់បានរៀបចំកសិកម្មតាមកិច្ចសន្យាជាមួយខាងក្រុមហ៊ុនកូរ៉េអីចឹងទៅ ក្នុងការនាំស្វាយកែវរមៀតទៅកូរ៉េ។ មិនមែនធម្មតាទេ គឺជាង៧ពាន់ហិកតា។ គាត់ជាប់កិច្ចសន្យាជាមួយកសិកររបស់យើង ក្នុងការធ្វើស្វាយនាំចេញ ដល់ចឹងគឺគាត់អត់មានការបន្ថោកតម្លៃទេ។ នេះគឺជាទិសដៅដែល[យើងធ្វើ]»។
លោក ឡោ រស្មី បន្ថែមថា៖ «ការចងក្រងសហគមន៍ ហើយនិងការអនុវត្តកសិកម្មតាមកិច្ចសន្យាគឺជាកត្តាគន្លឹះដែលឯកឧត្ដមវេង សាខុន រដ្ឋមន្ត្រីកំពុងយកការយកចិត្តទុកដាក់បំផុត ដើម្បីឈានទៅការអនុវត្ត ដូចថា ជួយផ្ដល់នូវភាពកក់ក្ដៅដល់កសិករយើងដែលកំពុងតែប្រកបរបរកសិកម្ម មិនមែនគិតតែលើស្រូវទេ គឺគ្រប់ទាំងអស់នៅក្នុងកសិផលផ្សេងទៀត។
លោក ឡោ រស្មី បានឱ្យដឹងដែរថា ថ្មីៗនេះ ប្រទេសចិនបានយល់ព្រមទិញអង្ករពីកម្ពុជាចំនួន២០ម៉ឺនតោននៅឆ្នាំក្រោយ ទាំងអង្ករល្អ និងចុងអង្ករ ហើយលោកសង្ឃឹមថាវានឹងអាចជួយបង្កើនតម្លៃស្រូវនិងអង្ករ។
លោកស្ងួន យស កសិករនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់VOAថា តម្លៃស្រូវ និងកសិផលនៅក្នុងខេត្តលោកមានការធ្លាក់ចុះ ហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ នាំឱ្យមានការធ្វើចំណាកស្រុក។
លោកមានប្រសាសន៍ថា៖ បើសិនណាទោះចុះ ទោះបីឡើងចុះយ៉ាងណាក៏គ្នាត្រូវតែលក់ ព្រោះអត់មានលុយធ្វើតទៅទៀត។ ភាគច្រើនគឺត្រូវតែលក់ ទុកទៅទៀតក៏មិនដឹងលក់ឱ្យអ្នកណាទៀត។ សព្វថ្ងៃដល់អត់ការងារធ្វើផង ចំណាកស្រុកច្រើនណាស់! ទៅប្រទេសថៃ គេដេញរត់មកវិញ។ ខ្លះជំពាក់គេនៅតាមភូមិ រត់ទៅធ្វើការនៅថៃ គេចាប់»។
លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក (CEDAC) មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពតម្លៃកសិផលជាការល្អ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនៃការធ្លាក់ថ្លៃស្រូវនេះ រដ្ឋាភិបាលគួរបញ្ចេញកញ្ចប់ថវិកាពិសេសមួយដើម្បីជួយទប់តម្លៃស្រូវ ព្រោះកសិករមិនអាចរង់ចាំបាននោះទេ ដោយសារពួកគាត់ត្រូវការសងបំណុល។
លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងកញ្ចប់ថវិកាពិសេសហ្នឹងខ្ញុំចង់និយាយថា យើងទិញក្នុងតម្លៃមួយដែលកសិករទទួលយកបាន ដើម្បីទប់កុំឱ្យឈ្មួញហ្នឹងចេះតែទម្លាក់ថ្លៃ ព្រោះកាលណាយើងឃើញហើយថា សូម្បីយើងសហការជាមួយខាងរោងម៉ាស៊ីនកិនស្រូវក៏គាត់អត់អាចស្រូបអស់ដែរ»។
លោក សម វិទូ បន្ថែមថា ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃកសិផលនៅពេលខាងមុខ រដ្ឋាភិបាលគួរកសាងប្រព័ន្ធធារាសាស្ត្រដើម្បីកសិករមានទឹកគ្រប់គ្រាន់ និងជួយកាត់បន្ថយការចំណាយរបស់កសិករដូចជាបញ្ចុះតម្លៃជី និងថ្នាំ។
បើតាមក្រសួងកសិកម្ម មកទល់ពេលនេះ ការប្រមូលផលស្រូវស្រាលនៅទូទាំងប្រទេសសម្រេចបានចំនួន១២០,៧៣៤ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៥៩១,៥១៤ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន៤៧៣,០៣៥តោន លើសឆ្នាំមុន២៣,៥៩៧តោន៕