រដ្ឋមន្រ្តី​ឈរ​ឈ្មោះ​តំណាង​រាស្រ្ត​ជា​បេក្ខជន​ពេញ​សិទ្ធិ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា

ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​​ ​​ដឹកនាំដោយលោក ​ឃួង​ ស្រេង​ ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ​ជួបជុំថ្ងៃ​​បិទយុទ្ធនាការឃោស​នា​បោះ​ឆ្នោត​ឃុំសង្កាត់ នៅរាជធានី​ភ្នំពេញ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ)

រដ្ឋមន្រ្តី​ដែល​កំពុង​បំពេញ​តួនាទី​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ពេញ​សិទ្ធិ ​លេខ​រៀង​ខាង​លើ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។​ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​ដែល​ផ្តល់​ដោយ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កំពុង​រៀបចំ​រដ្ឋមន្រ្តី​វ័យ​ក្មេង​ក្នុង​ជំនាន់​ដែល​មាន​អាយុ​ស្របាល​នឹង​កូន​ប្រុស​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត ​ដែល​អាច​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​បន្ទាប់​ពី​លោក ​ហ៊ុន សែន ​នា​ពេលណា​មួយ។​

បើ​យោង​តាម​សេចក្តី​សម្រេច​ស្តីពី​ការ​តែង​តាំង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នីតិកាល​ទី​៧ ​ដែល​សម្រេច​ដោយ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​កណ្តាល​នោះ​ ​លោក ​ខៀវ កាញារីទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ លោក​ ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​និង​លោក ​ហង់ ជួនណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​ឈរ​លេខ​រៀង​ទី​២ ​ទី៣ និង​ទី​៥​សម្រាប់​មណ្ឌល​ខេត្ត​កំពង់ចាម​ ដែល​មាន​១០​អាសនៈ។ ​លោក ​ជា សុផារ៉ា ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី ​លោក ​វង សូត ​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច ​និង​លោក ​ឌីត ទីណា​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​ឈរ​លេខ​រៀង​ទី​២ ទី៣ ​និង​ទី៦​នៃ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ​ដែល​មាន​៨​អាសនៈ។​

លោក ​អ៊ិត សំហេង ​រដ្ឋមន្រ្តី​ក្រសួង​ការងារ ​លោក ​ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ និង​អ្នកស្រី ​អ៊ឹង កន្ថាផាវី ​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី ​ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ ​ទី៤ ​និង​ទី៥ ​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ ​ដែល​មាន​១១​អាសនៈ។​

លោក ​ចម ប្រសិទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហ​កម្ម ​និង​សិប្បកម្ម ​ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​តែ​ម្នាក់គត់​សម្រាប់​មណ្ឌល​ខេត្ត​កែប ​ដែល​មាន​មួយ​អាសនៈ។ ​លោក​ សាយ សំអាល់ ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ឈរ​លេខ​រៀង​ទី​១​ជា​បេក្ខជន​ពេញ​សិទ្ធិ​សម្រាប់​មណ្ឌល​ខេត្ត​ព្រះសីហនុ ​ដែល​មាន​៣​អាសនៈ។​

ចំណែក​លោក ​ថោង ខុន ​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ​ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី២​នៃ​មណ្ឌល​ខេត្ត​កំពង់ធំ ​ដែល​មាន​៦​អាសនៈ។ លោក ​ព្រុំ សុខា​ រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ ​ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី១ ​នៃ​មណ្ឌល​ខេត្ត​ក្រចេះ ​ដែល​មាន​៣​អាសនៈ។​ លោក ​អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​២​នៃ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​ ដែល​មាន​៤​អាសនៈ។​

លោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​លោក​ ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក ​ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន ​និង​លោក ​លឹម គានហោ ​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ​ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ ​ទី​៤ ទី​៦ ​និង​ទី​៧​សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល​ ដែល​មាន​១១​អាសនៈ។​


លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ថ្លែង​ថា ​ការ​សម្រេច​ថា ​តើ​រដ្ឋមន្រ្តី​ទាំង​នោះ​នឹង​ធ្វើ​ជា​តំណាង​រាស្រ្ត ​ឬ​បន្ត​តំណែង​ជា​រដ្ឋមន្រ្តី ​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ក្រោយ​ពេល​ដែល​គ.ជ.ប [គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត] ​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ជា​ស្ថាពរ​ហើយ​ ឯក​ឧត្តម​មួយ​ចំនួន​ លោក​អាច​នៅ​ជា​តំណាង​រាស្ត្រ​ដូច​ដែល​បាន​ឈរ​ឈ្មោះ​តាម​មណ្ឌល​នីមួយៗ ​អាហ្នឹង​ពេល​ហ្នឹង​ គឺតំណាង​រាស្ត្រ​ហ្នឹង​គឺ​នៅ​ធ្វើ​ជា​តំណាង​រាស្ត្រ។ ​បើ​ឯក​ឧត្តម​មួយ​ចំនួន​អាច​ទទួល​ការ​ចាត់​តាំង​ឱ្យ​ទៅ​ធ្វើ​ជា​រដ្ឋ​មន្ត្រី ​ឬ​មួយ​ជា​មន្ត្រី​ណា​ដែល​នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ អាហ្នឹង​ពេល​ហ្នឹង​គាត់​ចាក​ចេញ។​ គាត់​សុំលា​ពី​តំណាង​រាស្ត្រ​ ហើយ​អ្នក​ដែល​មាន​លេខ​រៀង​បន្ទាប់​គាត់​ហ្នឹង​ គឺ​ឡើង​មក​ជំនួស​ជា​តំណាង​រាស្ត្រ។ ​អាហ្នឹង​តាម​គោល​ការណ៍​ច្បាប់​បោះ​ឆ្នោត​ ហើយ​នឹង​គោល​ការណ៍​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ»។

គណ​បក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​សម្រេច​ដាក់​លោក ​ហ៊ុន ម៉ាណែត​ ធ្វើ​ជា​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ ​នីតិ​កាល​ទី​៧ ​លេខ​រៀង​ទី១​ សម្រាប់​មណ្ឌល​រាជ​ធានី​ភ្នំពេញ ​ដែល​នេះ​ជា​ដំណើរ​ការ​ថ្មី​មួយ​ទៀត​ ដែល​ត្រូវ​គេ​គិត​ថា​សម្រាប់​លោក​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី ​នា​ពេល​ណាមួយ​ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត។​

លោក​បណ្ឌិត​ អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​នៃ​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ​និង​ការ​អភិវឌ្ឍ​នៃ​សាកល​វិទ្យាល័យ ​Arizona State University ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា៖​ «លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​យក​ឈ្នះ​គ្រប់គ្នា​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​រលូន ​ប្រហែល​ជា​ក្នុង​ឆ្នាំ​២០២៤។ ​លោក​កំពុង​តែ​រៀបចំ​គណៈ​រដ្ឋមន្រ្តី​វ័យ​ក្មេង​ ដែល​ជា​ជំនាន់​កូនៗ​របស់​លោក ​ប៉ុន្តែវា​ត្រូវ​ធ្វើ​ឡើង​បន្តិច​ម្តងៗ»។​

លោក​បន្ថែម​ថា​ ការ​ផ្ទេរ​អំណាច​កាន់​តែ​លឿន ​គឺ​អាស្រ័យ​លើ​កាលៈ​ទេសៈ។ ​ទោះ​ជា​យ៉ាង​ណា ​បើ​មាន​ការ​ផ្ទេរ​អំណាច​ក្នុង​ឆ្នាំ​២០២៤ ​ លោក​មើល​ទៅ​ដូចជា​«ឆាប់​ពេក ហើយ​វា​នាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន»។​

លោក ​អ៊ា សុផល​ មើល​ឃើញ​ថា​ មាន​ឧបសគ្គ​ដែល​អាច​មាន​ការ​មិន​ពេញ​ចិត្ត​នៅ​ក្នុង​គណបក្ស​ ដែល​សំឡេង​របស់​ពួក​គេ​មិន​អាច​បញ្ចេញ​យូរ​ណាស់​មក​ហើយ។ ​លោក​បន្ថែម​ថា​ ក្រៅ​ពី​ក្នុង​គណបក្ស ​ក៏​មាន​ការ​រំខាន​ពី​គណ​បក្ស​ប្រឆាំង​ ដែល​មិន​ទាន់​ទៅ​ណា​នៅ​ឡើយ។​

លោក​ កន សាវាង្ស ​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ​ប្រាប់​វីអូអេ​ថា​ ​ការ​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត ​ជា​ការ​សម្រប​សម្រួល​ក្នុង​គណបក្ស ​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ឡើយ។ ​លោក​បន្ថែម​ថា ​រដ្ឋមន្រ្តី​ត្រូវ​បាន​ដាក់​ក្នុង​លេខ​រៀង​ខាង​លើ ​ដោយ​សារ​ប្រជា​ពលរដ្ឋ​ស្គាល់​មន្រ្តី​ជាន់​ខ្ពស់​ទាំង​នោះ។​ ប៉ុន្តែ​ពួកគេ​អាច​លា​ឈប់​ ក្រោយ​ការ​បោះ​ឆ្នោត។​

លោក​ថ្លែង​ថា៖ ​«បើ​យើង​និយាយ​អំពី​ថា​ តើ​ឈ្មោះ​នេះ​ដាក់​សម្រាប់​ឱ្យគេ​ស្គាល់ ​ឱ្យគេ​បោះ​ឆ្នោត ​ការ​យល់​ឃើញ​របស់​ខ្ញុំ ​វា​អាច​ដែរ​ ដោយសារ​រដ្ឋមន្រ្តី​មួយ​ចំនួន​ហ្នឹង​មែន​ទែន​ទៅ​ ប្រជា​ពលរដ្ឋ​គាត់​អាច​ស្គាល់ ​ជា​ជាង​បេក្ខជន​មួយ​ចំនួន ​ដែល​កន្លង​មក​ហ្នឹង [ប្រជាជន] មិន​សូវ​ស្គាល់​ទេ»។​

លោក ​សេង សារី ​អ្នក​វិភាគ​នយោបាយ​ ​ថ្លែង​ថា ​ វា​ជា​រឿង​គួរ​ឱ្យអប​អរ​សាទរ​ដែល​មាន​រដ្ឋមន្រ្តី​ជំនាន់​ថ្មី ​ ប៉ុន្តែ​លោក​ថា​ វា​នៅ​តែ​មាន​ការ​រិះគន់ ​ដោយសារ​តែ​ពួកគេ​ជា​កូន​បង្កើត ​ឬ​សាច់ញាតិ​របស់​មន្រ្តី​ជាន់​ខ្ពស់។ លោក​ហៅ​ថា​ «ជា​ការ​បន្ត​ពូជ ​មិន​មែន​ជា​ការ​បន្តវេន»។ ​លោក​បន្ថែម​ថា​ អ្នក​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ក៏​បាន​បាត់​បង់​ឱកាស ​ដោយ​សារ​ពួកគេ​មិន​មាន​សែស្រឡាយ។

បើ​តាម​លោក ​សេង សារី ​ការ​ផ្ទេរ​អំណាយ​ទៅ​មនុស្ស​ជំនាន់​ថ្មី​នឹង​កើត​ឡើង​ក្រោយ​ឆ្នាំ​២០២៣ ​ហើយ​លោក​លើក​សេណារីយ៉ូ​មួយ ​គឺ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ ​ដែល​មនុស្ស​ជំនាន់​មុន ​នៅ​ក្តោប​ក្តាប់​ស្ថាប័ន​នីតិបញ្ញត្តិ ​និង​ដើរ​តួនាទី​ជា«​ឆ្អឹង​ខ្នង​ដ៏​សំខាន់» ​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ និង​ពិគ្រោះ​យោបល់។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«មនុស្ស​ជំនាន់​ថ្មី​ទាំង​អស់​នោះ​នឹង​ដឹកនាំ​កិច្ច​ការងារ​ប្រតិបត្តិ ​គឺ​នីតិប្រតិបត្តិ​ទាំង​ស្រុង ​ហើយ​មនុស្ស​ជំនាន់​ចាស់​នៅ​ពី​ខាង​ក្រោយ ​មិន​ទាន់​ប្រលែង​ ដូច​សង្គម​ប្រជា​ធិបតេយ្យ​ទូទៅ​ទេ។​ អា​នេះ​របៀប​នៅ​ក្នុង​ការ​ចែក​ទ្រព្យ​ឱ្យកូន​ ហើយ​នៅ​មើល​ថា ​កូន​ចេះ​ថែ​ទ្រព្យ ​ចេះ​ធ្វើ​ម៉េច​ឱ្យទ្រព្យ​ហ្នឹង​មាន​ការ​រីក​ចម្រើន​ដែរ ​ឬ​ទេ?»​

គួរ​បញ្ជាក់​ថា ​កាល​ពី​ចុង​ឆ្នាំ​២០២១ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ថា​ ​គណៈ​រដ្ឋមន្រ្តី​វ័យ​ក្មេង​ត្រូវ​បាន​ត្រៀម​រួច​ហើយ ​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ៕​