មនុស្សរាប់លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង ខណៈទឹកជំនន់នៅតែបន្តនៅផ្នែកខ្លះនៃប្រទេសឥណ្ឌា និងកន្លែងផ្សេងទៀតនៃតំបន់អាស៊ីខាងត្បូង។ មន្រ្តីនិយាយថា មនុស្សយ៉ាងហោចណាស់ ៧៦នាក់បានស្លាប់។ រដ្ឋាភិបាលបានឱ្យដឹងថា ទឹកជំនន់បានបំផ្លិចបំផ្លាញតំបន់ Bihar ប្រទេសឥណ្ឌាដែលមនុស្ស១លាន៩សែននាក់បានភៀសខ្លួនចេញពីលំនៅដ្ឋានចាប់តាំងពីទឹកជំនន់បានចាប់ផ្តើម។
តំបន់ Assam ប្រទេសឥណ្ឌារងផលប៉ះពាល់យ៉ាងខ្លាំងផងដែរដោយមនុស្សជាង១លាន៧សែននាក់បានផ្លាស់ទីលំនៅ។ ប្រមុខរដ្ឋ Assam លោក Sarbanda Sonowal បានប្រាប់អ្នកយកព័ត៌មានថា «ស្ថានភាពទឹកជំនន់មានសភាពធ្ងន់ធ្ងរដែលស្រុកចំនួន៣១នៃស្រុកចំនួន៣២រងផលប៉ះពាល់»។
ទន្លេ Brahmaputra ដែលហូរពីភ្នំ Himalayas ឆ្លងកាត់ប្រទេសបង់ក្លាដែសបានជន់លិច ប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ជុំវិញនោះ។ ទឹកជំនន់នៅប្រទេសនេប៉ាល់បានសម្លាប់មនុស្ស៦៤នាក់ ហើយ យ៉ាងហោចណាស់៣១នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ នៅក្នុងប្រទេសបង់ក្លាដែសប្រជាជន១៩ម៉ឺននាក់ត្រូវចេញពីផ្ទះរបស់ពួកគេ។
លើសពីនេះទៀត ជំរំជនភៀសខ្លួន Rohinyga នៅប្រទេសបង់ក្លាដែសបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ក្រុមមន្រ្តីបាននិយាយថា ការបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ហើយជនភៀសខ្លួន១០ម៉ឺននាក់បានផ្លាស់ទីលំនៅ។ នៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រជាជន១ម៉ឺន៨ពាន់នាក់ត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន ហើយជំរំត្រូវបានជន់លិចដោយសារភ្លៀង។
ទឹកជំនន់បានបំផ្លាញតំបន់នេះជារៀងរាល់ឆ្នាំក្នុងអំឡុងរដូវវស្សាពីខែឧសភា ដល់ខែតុលា។ កាលពីឆ្នាំមុន មនុស្សជាង១២០០នាក់ស្លាប់ដោយសារការបាក់ដី និងព្យុះ៕