ការកើនឡើងនៃការដាក់ពាក្យសុំជំនួយដោយសារការគ្មានការងារធ្វើ បានធ្លាក់ចុះបន្ដិច នៅសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ប៉ុន្តែពលរដ្ឋជិត ៣លាននាក់ថែមទៀត នៅតែស្នើសុំប្រាក់ផ្គត់ផ្គង់ពេលគ្មានការងារធ្វើ ស្របពេលដែលការរាតត្បាតនៃវីរុសកូរ៉ូណាបន្តវាយលុកសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក។
ក្នុងអំឡុងពេល ២ខែ កន្លងមកនេះ អ្នកគ្មានការងារធ្វើចំនួន ៣៦លាន ៥សែននាក់ បានដាក់ពាក្យស្នើសុំជំនួយដោយសារការគ្មានការងារធ្វើ។ ចំនួននេះស្មើនិងជាងម្ភៃភាគរយ នៃចំនួនអ្នកធ្វើការនៅក្នុងសរអា ដែលមានទាំងអស់ជាង ១៦៤លាននាក់។
រដ្ឋាភិបាលអាមេរិកកាលពីសប្ដាហ៍មុនបានឲ្យដឹងថា អត្រាគ្មានការងារធ្វើក្នុងខែមេសាគឺ ១៤,៧% ប៉ុន្តែមន្ត្រីសេដ្ឋកិច្ចសំខាន់ៗរបស់រដ្ឋបាលលោក Trump បានឲ្យដឹងថា តួលេខទំនងជាច្រើនជាងនេះ ហើយអាចកើនឡើងដល់ ២៥% នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ រដ្ឋាភិបាលក៏បានឲ្យដឹងថា សេដ្ឋកិច្ចជាតិបានធ្លាក់ចុះ ៤,៨% ភាគរយ នៅក្នុងត្រីមាសទី១ ប៉ុន្តែតួលេខនេះគឺមុនពេលនៃការប៉ះពាល់ពេញលេញនៃរោគរាតត្បាតនេះ ចេញជារូបរាង។
សភា និងលោកប្រធានាធិបតី Donald Trump បានផ្ដល់ជំនួយ ៣លានលានដុល្លារទៅឲ្យពលរដ្ឋអាមេរិកាំង និងអាជីវកម្មមួយចំនួនធំ។ សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិតបតេយ្យ មានបំណងចង់បន្ថែមជំនួយបន្ថែមទៀត ប៉ុន្តែសមាជិកសភាគណបក្សសាធារណរដ្ឋជំទាស់ ខណៈលោកប្រធានាធិបតីប្រកាន់ជំហរង់ចាំមើលសភាពការណ៍សិន។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ក្នុងកម្មវិធី Fox Business កាលពីថ្ងៃព្រហស្សតិ៍មុន លោកប្រធានាធិបតី Trump អះអាងថាបក្សប្រជាធិបតេយ្យចង់ឃើញសេដ្ឋកិច្ចអាមេរិកជួបវិបត្តិ ដើម្បីឆក់ឱកាសឲ្យអតីតអនុប្រធានាធិបតី Joe Biden យកឈ្នះលើរូបលោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក Trump បានថ្លែងថា៖ «បើការបើក [រដ្ឋ] ឡើងវិញរបស់យើងកាន់តែបរាជ័យ វាប្រហែលជារឹតតែល្អសម្រាប់ពួកគេ នៅក្នុងការបោះឆ្នោត។ ពួកគេចង់ឃើញប្រទេសរបស់យើងបរាជ័យ ហើយអ្នកដឹងថាវាមានន័យយ៉ាងណា ពីព្រោះពួកគេចង់ឃើញភាពបរាជ័យ ជាជាងឃើញខ្ញុំជាប់ឆ្នោត»។
ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃទី១៣ ខែឧសភាថាសេដ្ឋកិច្ចអាមេរិកអាចនឹងប្រឈមនឹងការថមថយច្រើនឆ្នាំ បើសិនជាគ្មានការផ្ដល់ជំនួយឲ្យអ្នកធ្វើការថែមទៀតនោះ។ លោកនិយាយថា ៤០% នៃគ្រួសារពលរដ្ឋអាមេរិកដែលរកចំណូលបានតិចជាង ៤ម៉ឺនដុល្លារក្នុងមួយឆ្នាំបានបាត់បង់ការងារកាលពីខែមីនា។
លោក Powell បានថ្លែងនៅក្នុងសន្និសីទវីដេអូជាមួយវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិថា៖ «ជំនួយថវិកាបន្ថែមអាចមានទឹកប្រាក់ច្រើន ប៉ុន្តែវា ស័ក្តិសមបើសិនជាវាអាចជួយកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរយៈពេលវែង និងជួយឲ្យយើងរឹងមាំក្នុងការស្ដារ [សេដ្ឋកិច្ច] ឡើងវិញ។
លោកបានហៅការប្រែប្រួលនៅក្នុងសហរដ្ឋអាមេរិកនេះថា៖ «ការជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់សេដ្ឋកិច្ចសម័យទំនើប» ហើយថាសហរដ្ឋអាមេរិកទំនងជាត្រូវប្រឈមនឹងភាពទន់ខ្សោយ «រយៈពេលយូរ»។
លោក Powell បន្តថា៖ «កំណត់ត្រាបង្ហាញថាការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែជ្រៅនិងយូរជាងនេះ អាចបន្សល់ទុកនូវការខូចខាតយូរអង្វែងដល់សមត្ថភាពផលិតទំនិញនៃសេដ្ឋកិច្ច។ ការក្ស័យធនរបស់ក្រុមគ្រួសារ ឬអាជីវកម្មដែលអាចបញ្ជៀសបាន អាចដាក់បន្ទុកលើកំណើនសេដ្ឋកិច្ចនៅប៉ុន្មានឆ្នាំខាងមុខ»។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin និងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Trump ផ្សេងៗទៀត បាននិយាយថា សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះមានភាពធ្ងន់ធ្ងរ ប៉ុន្តែអស់លោកព្យាករណ៍ថាកើនឡើងវិញចាប់ពីពាក់កណ្ដាលឆ្នាំតទៅ ហើយនឹងបន្តកើនឡើងនៅក្នុងឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្ដី ការិយាល័យថវិកាសភាកំពុងតែព្យាករណ៍ថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសនឹងនៅត្រឹម ៩,៥% នៅចុងឆ្នាំក្រោយ។
ពលរដ្ឋអាមេរិកជាច្រើនកំពុងស្នើសុំជំនួយថវិកាសម្រាប់ពេលគ្មានការងារធ្វើ ដែលជាធម្មតាមានចំនួនតិចជាងប្រាក់បៀវត្សរ៍របស់ពួកគេប្រហែលពាក់កណ្តាល។ ប៉ុន្តែការបើកប្រាក់ជំនួយនេះ កំពុងត្រូវបានដំឡើងដល់ចំនួន ៦០០ ដុល្លារក្នុងមួយសប្ដាហ៍ពីសំណាក់រដ្ឋាភិបាលសហព័ន្ធសម្រាប់រយៈពេលបួនខែក្នុងអំឡុងពេលនៃជំងឺរាតត្បាត។
កម្រិតខ្ពស់បំផុតនៃការស្នើសុំប្រាក់ជំនួយពេលគ្មានការងារធ្វើ ប្រហែលជាបានកើតឡើងនៅក្នុងចុងខែមីនា ជាមួយចំនួនអ្នកស្នើសុំចំនួន ៦លាន៩សែននាក់។
ល្បឿននៃស្នើសុំប្រចាំសប្តាហ៍បានថយចុះនៅរៀងរាល់សប្ដាហ៍ក្នុងរយៈ ៨សប្តាហ៍ចុងក្រោយចាប់តាំងពីពេលនោះមក ប៉ុន្តែចំនួននៃការស្នើសុំរាប់លានករណីនេះ នៅតែ [ច្រើន] លើសពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចរបស់សរអា ក្នុងអំឡុងពេលជាច្រើនទសវត្សកន្លងមកនេះ បើគិតតាំងពីវិបត្តិសេដ្ឋកិច្ចដូចនៅក្នុងនៅសរអា កាលពីទស្សវត្ស ១៩៣០។ ចំនួននៃការស្នើសុំប្រាក់ជំនួយនេះ បានកើនឡើងច្រើនលើសការស្នើសុំក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ទៅទៀត។
ប៉ុន្តែពាណិជ្ជកម្មអាមេរិក កំពុងតែងើបឡើងវិញយឺតៗ ទោះបីជាចំនួននៃការស្លាប់ដោយវីរុសកូរ៉ូណា បានកើនឡើងដល់ ៨ម៉ឺន ៦ពាន់នាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយចំនួននៃការឆ្លងមេរោគមានសរុបជាង ១លាន ៤សែនករណីទៅហើយ។ ចំនួនអ្នកស្លាប់ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់ ១សែន ៤ម៉ឺន ៧ពាន់នាក់ត្រឹមខែសីហាខាងមុខ។
អភិបាលរដ្ឋទាំង ៥០រដ្ឋ បានចាប់ផ្ដើមបើកសេដ្ឋកិច្ចឡើងវិញដោយសន្សឹមៗ ហើយក្នុងករណីមួយចំនួនរដ្ឋបានអនុញ្ញាតឲ្យម្ចាស់ភោជនីយដ្ឋាន អាចបើកហាងរបស់ពួកគេឡើងវិញបាន បើសិនជាពួកគេអាចរក្សាគម្លាតឲ្យអតិថិជននៅពីរម៉ែត្រពីគ្នា ហើយអនុញ្ញាតឲ្យហាងលក់ទំនិញបើកឡើងវិញបើសិនជាម្ចាស់ហាងអាចកំណត់ចំនួនអ្នកចូលក្នុងហាងបាន។
ក្នុងករណីខ្លះ ពលរដ្ឋអាមេរិកាំងចង់គេចចេញពីការជាប់នៅក្នុងផ្ទះអស់ជាច្រើនសប្ដាហ៍ ហើយបានសម្រុកទៅកាន់ភោជនីយដ្ឋាន ដែលធ្វើឲ្យម្ចាស់ភោជនីយដ្ឋានមួយចំនួន ប្រឆាំងនឹងបទបញ្ជានៃការកំណត់ចំនួនអតិថិជនដែលពួកគេគួរទទួល។ អតិថិជនទាំងនោះកម្រពាក់ម៉ាស់ ដែលអាចជួយទប់ស្កាត់លទ្ធភាពនៃឆ្លងមេរោគនេះបាន។
រោងចក្រមួយចំនួនអាចបើកដំណើរការឡើងវិញនៅចុងខែឧសភា ទោះបីជាគេមិនទាន់ច្បាស់ទេថា តើកម្មករទាំងអស់នឹងអាចរក្សា គម្លាតសុវត្ថិភាពពីគ្នា ដើម្បីកាត់បន្ថយឱកាសនៃការឆ្លងមេរោគដោយវិធីណា៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា