មន្ត្រី​អាវុធហត្ថ​ពីរ​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប្រើ​ហិង្សា​លើ​អ្នក​បម្រើ​ជា​អនីតិជន

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (Cambodia National Council for Children) ស្តីពី​ករណី​ហិង្សា​​​របស់​លោក ទេព ហ៊ុយ ទៅ​លើ​កុមារី ២រូប។ (ហ្វេសប៊ុក/ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ)

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ក្រចេះ​ និង​បក្ស​ពួក​ម្នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួននិង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ក្រចេះ ក្រោយ​ពី​បាន​ប្រើ​ហិង្សា​លើក្មេង​ស្រីអនីតិជន២​នាក់​ ដែល​បម្រើ​ការ​នៅ​ផ្ទះ​របស់​ខ្លួន ដោយ​បានវាយដំ និង​បង្ខំ​ឲ្យ​ហូប​លា​មក​សត្វឆ្កែ កាល​ពី​សប្តាហ៍​មុន។

ការណ៍​នេះ​សង្គម​ស៊ីវិល​ និង​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ បាន​ថ្កោល​ទោស​ដាច់​អហង្ការ ​ដែល​មិន​អាច​ទទួល​យក​បាន​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ហិង្សា​មួយ​នេះ។ ​

ប្រធាន​លេខាធិកា​រដ្ឋាន​រដ្ឋបាលនៃសាលា​ដំបូង​ខេត្ត​ក្រចេះ លោកស្រី ឆាន់ ស្រីមុំ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​នេះ​ថា ករណី​នេះ បាន​ស្ថិត​នៅក្នុង​ដៃ​តុលាការ​ហើយ។

លោកស្រី​បញ្ជាក់​ថា៖ «ចាស! [​រឿង​]​ហ្នឹង​ហើយ​បញ្ជូន​មក​ដល់​ដំណាក់​កាល​អយ្យការ​ហើយ»។

កាលពី​សប្ដាហ៍មុន​ លោក ទេព ហ៊ុយ អាយុ​៤២ឆ្នាំ​ ជា​មេ​បញ្ជា​ការ​មូល​ដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​គូកន បាន​ប្រើ​ប្រាស់​ហិង្សា​ទៅ​លើ​ក្មេង​ស្រី​២​នាក់​ដែលបម្រើ​ការនៅក្នុងផ្ទះរបស់ខ្លួន។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ហិង្សា​កើត​ឡើង ដោយ​សារ​តែ​កូន​ឆ្កែ​មួយ​ក្បាលរបស់​លោក ទេព ហ៊ុយ បានងាប់ ដែល​នាំ​ឱ្យ​មន្ត្រី​អាវុធហត្ថ​នេះ​មាន​ការ​ខឹង​សម្បារ​ ដោយ​ចោទ​ក្មេង​ស្រី​ទាំង​ពីរ​ថា ​បាន​សម្លាប់​សត្វ​ឆ្កែ​របស់​ខ្លួន ហើយ​ក៏​បាន​ប្រើប្រាស់​ហិង្សា​មក​លើ​កុមារី​ទាំង​ពីរ​តែ​ម្ដង។​ នេះ​ បើ​យោង​តាម​ការ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក ដែល​បាន​សម្ភាស​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។

​ចំណែក ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​ ថា​ ខ្លួន​មិន​បាន​ធ្វើ​ឲ្យកូន​ឆ្កែ​ស្លាប់​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​មាន​ការ​បង្ខំ​ឲ្យ​និយាយ​ និង​គំរាម​សម្លាប់​ ទើប​បណ្តាល​ឲ្យមាន​ការ​ភិត​ភ័យ​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​និយាយ​ដើម្បី​ការ​ពារ​ខ្លួន​កុំ​ឲ្យ​មាន​ការ​វាយ​ដំ ឬ​ធ្វើ​បាប​ជាដើម។ នេះ​បើ​តាម​ចម្លើយ​របស់​ក្មេង​ស្រី​ទាំង​២​ ដែល​ឆ្លើយ​ប្រាប់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារ​ព័ត៌មាន​ក្នុង​ស្រុក CCN TV ​ដែលបាន​បង្ហោះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា។

ក្នុង​វីដេអូ​សម្ភាស​ដដែល ​ក្មេង​ស្រី​រងគ្រោះ​មួយ​រូប ​ក្នុង​ចំណោម​ពីរ​រូប​បានឲ្យ​ដឹង​ថា​៖

«គាត់ ​[លោក ទេព ហ៊ុយ]​យក​ទៅដំបូង​ គាត់​សួរ​ខ្ញុំ​ថា​ មាន​ពាក់​ព័ន្ធ​រឿង​សម្លាប់​ឆ្កែ​អត់? ខ្ញុំ​ថា ​ខ្ញុំ​អត់​មាន​ទេ? ហើយ​ថា​ បើ​អត់​ឆ្លើយ​ទេ គាត់​ចាប់​ម៉ែ​ឪ​ខ្ញុំ​ដាក់​គុក។ ខ្ញុំ​អត់​មាន​ជម្រើស​ទេ ខ្ញុំ​ខ្លាច​គាត់​វាយ​ខ្ញុំ​ ខ្ញុំ​ក៏​បាន​និយាយ​ថា ​ខ្ញុំ​បាន​ផ្តើម​គំនិត​មែន​ [ហើយ​] បាន​ចេះ​តែ​និយាយ​ដើម្បី​ការ​ពារ​ខ្លួន​ឯង​ទៅ។ នៅ​ពេល​ប្រពន្ធ​គាត់​ អាល័យ​តែ​និយាយ​គ្នា​ជាមួយ​ប៉ា​ម៉ាក់​ខ្ញុំហ្នឹង គាត់​ក៏​ទាត់​ខ្ញុំ​ចំកន្លែង​នេះ[ជើង]​ ហើយ​ដួល​ទៅ​ក៏​គាត់​ជាន់​ក្បាល​ខ្ញុំ​កន្លែង​នេះ​[ថ្ងាស]»។

ក្មេង​ស្រីរង​គ្រោះ​បន្ត​ថា៖ «ពេល​ដែល​គាត់​វាយ​ខ្ញុំ​ហើយ​កូន​ចៅ​គាត់​ម្នាក់​ទៀត​អត់​ស្គាល់​ឈ្មោះ​ ក៏​មក​ទះ​ខ្ញុំ​ខាង​នេះ​[ឆ្វេង​]មួយ​កំប្លៀង​ ខាង​នេះ​[ស្តាំ]​២​កំប្លៀង។ ពេល​ដែល​គាត់​ទះ​ហើយ​ ពូ​ហ៊ុយ គាត់​ក៏​បាន​និយាយ​ថា បើ​គាត់​ចង់​បាញ់​សម្លាប់​ចោល គាត់​បាញ់​ស្លាប់​ហើយ​ បាញ់​អត់​ទាន់​អស់​ចិត្ត​ទេ គាត់​បាញ់​ថែម​៥​គ្រាប់​ទៀត។ គាត់​ថា ​យក​ពួក​ខ្ញុំ​ដាក់​ច្រក​ក្នុង​បេ[បាវ​] បណ្តែត​ទឹក​ទន្លេ​ចោល​ ហើយ​បន្ទាប់​មក​ចង់​ខ្សែ​ខ្ញុំ​ជាប់​ជាមួយ​ហ្នឹង​ថ្ម [ដាក់]​ចូល​ក្នុង​ទឹក​ទន្លេ​ដែរ។ បន្ទាប់​មក​គាត់​បញ្ជា​កូន​ចៅ​គាត់​ឈ្មោះ វុធ​ ឲ្យ​យក​ទឹក​២​ធុង​មក​ឲ្យ​ជ្រមុជ​ទឹក​ហ្នឹង​៣​នាទី។ អ្នកណា​ស្លាប់​មុន អ្នក​ហ្នឹង​សម្លាប់​ឆ្កែ បន្ទាប់​មក​ប្រពន្ធ​គាត់​ ហាម​មិន​ឲ្យ​យក​មក​ទេ»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ចុះ​ថ្ងៃ​ទី​៣០ ខែ​តុលា​ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា លោក ទេព ហ៊ុយ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ហើយ​ក៏​មាន​ការ​ឃាត់​ខ្លួន​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​នេះ​ផង​ដែរ។

លោក អេង​ ហ៊ី អ្នក​នាំ​ពាក្យកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖ «រឿ​ង​ក្តី​ព្រហ្ម​ទណ្ឌ​អត់​មាន​ចាំ​បាច់​អ្នក​ណា​ប្តឹង​ទេ​ ឲ្យ​តែ​មាន​បទ​ល្មើស​យើង​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ហើយ​ការ​បណ្តឹង​ហ្នឹង គឺ​បណ្តឹង​តាម​ក្រោយ​ក៏​បាន​ដែរ​ បែប​ហ្នឹង​ គឺ​គ្រាន់​តែ​ប្តឹង​ទាម​ទារ​រដ្ឋប្បវេណី​ទេ [ឬ] សំណង។ ប៉ុន្តែ​ចំពោះ​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​មិន​ចាំបាច់​មាន​ពាក្យ​បណ្តឹង​អ្វីទេ គឺ​មន្ត្រី​នគរបាល​យុត្តិ​ធម៌​ គឺ​អាច​ធ្វើ​ការ​ងារ​បា​ន ​បើ​មាន​ការ​សម្រប​សម្រួល​ពី​អយ្យ​ការ​»។​

លោក​ថ្លែង​បន្តថា៖ «ខ្ញុំ​បាន​បង្ហោះ​ហើយ [លើ​បណ្តាញ​សង្គមហ្វេស​ប៊ុក​] គឺ​អាច​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ​ ហើយ​នឹង​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ ពាក់​ព័ន្ធ​អ្វី​ទៀត​ គឺ​សម្រេច​ទៅលើ​ខាង​អយ្យការ​ ជាមួយ​ចៅក្រម​ស៊ើប​សួរ​គាត់​ចោទ។ ដោយ​អយ្យការ​គាត់​ចោទ​ទៅ​ ចៅ​ក្រម​ស៊ើប​សួរ​ គឺ​ស៊ើប​សួរ​ទៅ។ ​ហើយ​នឹងអ្នក​បន្ត​បន្ទាប់​ គឺ​យើង​អាច​ជំនុំ​ជំរះ ​ហើយ​ការ​កាត់​ក្តី​អាច​ដាក់​កម្រិត​ណា​ បែប​ហ្នឹង​គឺ​ទៅលើ​ខាង​តុលា​ការ»។

លោក ​អេង ​ហ៊ី ក៏​បាន​បញ្ជាក់​ដែរ​ថា​បុគ្គល​ដែល​បាន​ប្រើ​ហិង្សា​ចំនួន​២​នាក់​ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ ហើយ​ព័ត៌​មាន​បន្ថែម​ ​លោក​ស្នើ​ឲ្យ​ទៅ​សួរ​ខាង​អ្នកនាំ​ពាក្យ​តុលាការវិញ។

វីអូអេ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំ​ពាក្យ​អយ្យ​ការអម​សាលាដំបូង​ខេត្ត​ក្រចេះ​លោក ​រ៉ា បូ​រ៉ាន់​ឌី បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។ ​

បក្ខពួក​របស់​ខ្លួន​ម្នាក់​ទៀត​របស់​លោក ទេព ហ៊ុយ ត្រូវ​បាន​សារ​ព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​បង្ហាញ​អត្តសញ្ញាណ​ថា ឈ្មោះ គឹម សុវណ្ណរិទ្ធ ដែល​ជា​មន្ត្រី​អាវុធហត្ថ​ដូច​គ្នា។

​ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ​សឹង​ សែន​ករុណា បាន​ចាត់​ទុក​ការ​ធ្វើ​ទារុណ​កម្ម​នេះ ​ជា​ទង្វើ​ដ៏​ឃោរ​ឃៅ​ អ​មនុស្ស​ធម៌ ដោយ​គួរ​តែ​ដាក់​ទោស​ទណ្ឌ​ឲ្យ​ធ្ងន់​ធ្ងរ ដើម្បី​ជា​មេរៀន​ដល់​មន្ត្រី​ផ្សេង​ៗ​ទៀត​កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​បន្ត​ទៀត។

លោក​បន្ត​ថា ​ករណី​នេះ ​អាច​ជា​រូប​ភាព​ទាស​ភាព​ ប្រសិន​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​នោះ ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​ក្មេង​នោះ​ឲ្យ​បាន​រៀន​សូត្រ និង​មិន​បាន​ផ្តល់​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់​ជា​ដើម។ លោក​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេ​ត​ឲ្យ​បាន​លម្អិត​ចំពោះ​ករណី​នេះ ដោយ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ និង​តឹង​រ៉ឹង។

លោក​ថ្លែង​បន្តថា៖ «អញ្ជឹង​គប្បី​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​អស់​ អំពី​រឿង​រ៉ាវ​ដែល​ធ្វើ​ទុក​បុក​ម្នេញ​ផ្សេង​ៗ មក​លើ​កុមារ​រូប​ហ្នឹង​ ដើម្បី​ឲ្យ​មាន​ជាមូល​ដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់​ នឹង​ផ្តន្ទាទោស​ ជន​ប្រព្រឹត្ត ទៅ​តាម​ផ្លូវ​ច្បាប់​ ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និងតឹង​រ៉ឹង​ផង»។

លោក ​អេង ​ហ៊ី ក៏​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ក៏​បាន​យក​ក្មេង​ស្រី​ទាំង​២​ធ្វើ​ត្រាប់​ឡើង​វិញ​ផង​ដែរ​ដើម្បី​បញ្ជាក់​ស្វែង​រក​ភស្តុតាង​បន្ថែម។ ការ​ធ្វើ​ត្រាប់​របស់​កុមារី​ទាំង​២​នេះ ​ត្រូវ​បាន​គណនេយ្យ​ហ្វេស​ប៊ុក​របស់​លោក ស៊ន សុភក្រ្ត ដែល​ជា​បុគ្គលិកជាន់​ខ្ពស់​របស់​សារ​ព័ត៌មាន​ Fresh News ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​បញ្ជាក់​ថា៖ «ដោយ​សារ​ចម្លើយ​ ការ​ស្តាប់ចម្លើយ​មិន​ទាន់​ឆ្លើយ​អស់​ អញ្ចឹង​យើង​យក​កុមារ​ទៅ​ធ្វើ​[ត្រាប់​ឡើង​វិញ]ដើម្បី​ឲ្យ​កុមារ​ហ្នឹង​ឆ្លើយ​ទៅ​[គឺ]​អត់​អី​ទេ ពីព្រោះ​ទាល់​តែ​ផ្លូវ​ចិត្ត​គាត់​ល្អ​បាន​យើង​នាំ​ទៅ​បាន»។

លោក ​សឹង​ សែន​ករុណា បាន​រិះគន់ការ​យក​ក្មេង​ស្រី​រង​គ្រោះ ទៅ​ទី​តាំង​កើត​ហេតុ​ដើម្បី​ធ្វើ​ត្រាប់​ហេតុ​ការណ៍​ឡើង​វិញ ថា​មិន​គួរ​ឲ្យ​កើត​មាន​ទេ ​ដែល​អាច​ធ្វើ​ឲ្យប៉ះ​ពាល់​ផ្លូវ​ចិត្ត​ និង​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ក្មេង។

លោក​បញ្ជាក់​ថា៖ «បញ្ហា​ហ្នឹង​វា​កើត​ឡើង​លើ​ក្មេង​ហ្នឹង​ហើយ​ យើង​យក​ទៅ​ធ្វើ​ត្រាប់​អញ្ចឹង​ទៀត​ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ និង​ការ​ភ័យ​ខ្លាច​របស់​ក្មេង​ហ្នឹង​ដែរ»។

វីអូអេ មិន​អាច​ទាក់ទង​ភរិយា​និង​ក្រុម​គ្រួសារ​របស់​លោក ទេព ហ៊ុយ និង​ជនសង្ស័យ​ផ្សេង​ទៀត​ក្នុង​ករណី​នេះ​ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ទាក់ទង​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​នេះ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (ក.ជ.ក) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ដាច់​អហង្ការ មិន​អាច​ទទួល​យក​បាន​ដាច់​ខាត់​ចំពោះ​ការ​ប្រើ​ហិង្សា​មួយ​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (ក.ជ.ក) ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា​នេះ។

សេចក្តី​ថ្លែងការណ៍នេះ​បាន​ឲ្យ​ដឹង​ថា៖ «ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា អមនុស្ស​ធម៌​នេះ​ គណៈកម្មាធិការ​ការពារ​កុមារ​ថ្នាក់​ជាតិ នៃ​ក.ជ.ក ដែល​ជា​ស្ថាប័ន​សម្រប​សម្រួល​លើ​ការងារ​សិទ្ធិ​កុមារ​ សូម​អំពាវ​នាវ​ និងទទូ​ច​ដល់​សមត្ថកិច្ច​ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​ជាពិសេស​ស្ថាប័ន​អយ្យការ​តុលាការ​ សូម​បន្ត​បណ្តឹង​អាជ្ញា​លើ​ករណី​ហិង្សា​ស្ថានភាព​ទម្ងន់​នេះ ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​ច្បាប់​ ដែល​មាន​ជា​ធរមាន និង​ដាក់​ទោស​យ៉ាង​តឹង​រ៉ឹង​បំផុត​ចំពោះ​ជន​ល្មើស​នេះ ដើម្បី​កុំ​ឲ្យ​អំពើ​ដ៏​អាក្រក់​នេះ កើត​មាន​ក្នុង​សង្គម​ជាតិ​យើង​បន្ត​ទៀត»៕