យោធាកាណាដាត្រូវបានបញ្ជូនទៅភាគខាងជើងបំផុតនៃប្រទេសក្នុងសប្តាហ៍នេះ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃរាប់រយកន្លែងដែលគ្រប់គ្រងលែងបាន ពេលដែលពលរដ្ឋនៅតាមសហគមន៍ដាច់ស្រយាលជាច្រើន បានភៀសខ្លួនចេញពីអណ្តាតភ្លើងដែលឆេះរាលដាលសន្ធោសន្ធៅ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ទន្ទឹមពេលគ្នានេះ ខេត្ត British Columbia ដែលជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកក្នុងប្រទេសកាណាដា ក៏ពើបប្រសព្វនឹងរលកកម្កៅ ដែលគេរំពឹងថានឹងរឹតតែបន្ថែមកម្តៅដល់ភ្លើងដែលឆេះព្រៃនៅទីនោះថែមទៀត។
រដ្ឋមន្ត្រីការពារជាតិលោក Bill Blair បាននិយាយតាមប្រព័ន្ធ X ដែលគេស្គាល់ពីមុនជា Twitterថា៖ «យើងនៅជាមួយពលរដ្ឋនៅដែនដីពាយ័ព្យ ពេលដែលពួកគេដោះស្រាយបញ្ហាភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ»។
លោកបន្ថែមថា៖ «ដើម្បីឆ្លើយតបតាមសំណើសុំជំនួយ កងកម្លាំងកាណាដា នឹងជួយក្នុងសកម្មភាពពន្លត់ភ្លើងឆេះព្រៃតាមរយៈការដឹកជញ្ជូនតាមអាកាស ការរៀបចំផែនការ ការសម្របសម្រួលនិងភស្តុភារ»។
គេមិនបានប្រកាសពីចំនួនទ័ពដែលត្រូវបញ្ជូនទៅនោះទេ តែយោធាកាណាដា កន្លងមកបានបញ្ចូនកងទ័ពរាប់រាយនាក់ទៅកាន់ខេត្ត៤ផ្សេងទៀតក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយប្រយុទ្ធនឹងភ្លើងឆេះព្រៃជាមួយអ្នកពន្លត់អគ្គិភ័យជិត១១.០០០នាក់ រួមទាំងអ្នកពន្លត់អគ្គិភ័យ៥.០០០នាក់មកពីបរទេសផង។
នៅរដូវនេះ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបានរាលដាលពេសពេញប្រទេសដែលមានដង់ស៊ីតេគួរឲ្យកត់សម្គាល់ ដោយបានបង្ខំប្រជាជនកាណាដា១៦៨.០០០នាក់ ឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយបានឆេះរាលដាលលើផ្ទៃព្រៃទំហំ១៣.៥លានហិកតា ជិតស្មើពីរដងនៃផ្ទៃព្រៃទំហំ៧.៣លានហិកតាដែលត្រូវបានកត់ត្រាចុងក្រោយ។ នេះបើយោងតាមមជ្ឈមណ្ឌលបង្ក្រាបភ្លើងព្រៃអន្តរក្រសួងកាណាដា CIFFC (the Canadian Interagency Forest Fire Center)។ រហូតមកដល់ពេលនេះ មនុស្ស៤នាក់ហើយបានស្លាប់ដោយសារភ្លើងឆេះព្រៃនៅកាណាដាក្នុងឆ្នាំនេះ៕
ប្រែសម្រួលដោយលោក សាយ មុន្នី