នាយ​ឧត្តម​សេនីយ៍​ម្នាក់​ស្នើ​ឲ្យ​ពិចារណា​តែង​តាំង​កូន និង​ក្មួយ ជា​អភិបាល​រង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀម​រាប

រូបឯកសារ៖​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២​​ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន។ (Facebook/នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ)

នាយ​ឧត្តម​សេនីយ៍ និង​ជា​អគ្គ​មេបញ្ជាការ​រង​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ លោក ឥត សារ៉ាត់ បាន​ស្នើ​សុំរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ផ្លាស់​ប្តូរ និង​តែង​តាំង​កូន និង​ក្មួយ​របស់​លោក​ពី​អង្គ​ភាព​អគ្គ​បញ្ជាការ​ដ្ឋាន​ទៅ​កាន់​តំណែងជា​អភិបាល​រង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀម​រាប។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​មាន​ត្រា​ជា​ឈ្មោះ​របស់​លោក ឥត សារ៉ាត់ និង​មាន​ចំណារ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​វីអូអេ​ទទួល​បាន។

ក្នុង​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០​២២ លោក ​ឥត ​សារ៉ាត់ អគ្គ​មេ​បញ្ជា​ការ​រ​ង​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បាន​គោរព​ជូន​ទៅ​លោក ស ខេង ដោយ​ស្នើ​សុំ​ផ្លាស់ប្តូរ និង​តែង​តាំង​កូន​របស់​លោក ឈ្មោះ រ៉ាត់ ដារ៉ារ័ត្ន ជា​ឧត្តម​សេនីយ៍​ត្រី និង​ជា​នាយ​រង​លេខា​ធិការ​ដ្ឋាន​សេនា​ធិការ​ចម្រុះ​អគ្គ​បញ្ជាការ​ដ្ឋាន សុំ​ផ្លាស់​ទៅ​កាន់​តួនាទី​ជា​អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​ពិចារណា​ក្មួយ​របស់​លោក ឈ្មោះ ណុប ឡង​ឌី ដែល​ជា​ឧត្តម​សេនីយ៍​ត្រី និង​ជា​នាយក​រង​សាលា​ទាហាន​សកម្ម​អគ្គ​បញ្ជាការ​ដ្ឋាន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ សុំ​ផ្លាស់​ទៅ​កាន់​តួនាទី​ជា​អភិបាល​រង​ខេត្ត​សៀម​រាប។

លោក ឥត សារ៉ាត់ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖ «ដោយ​តាម​ការ​សិក្សា និង​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​កន្លង​មក កូន និង​ក្មួយ​របស់​ខ្ញុំ​បាទ បាន​រៀន​ចប់​ថ្នាក់​អនុ​បណ្ឌិត​សេដ្ឋកិច្ច អនុបណ្ឌិត​រដ្ឋបាល​សាធា​រណៈ​ ហើយ​បាន​បំពេញ​ការ​ងារ​បាន​ជោគ​ជ័យ​តាម​ភារ​កិច្ច»។

នៅ​ក្នុង​លិខិត​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចារ​ឈ្មោះ​លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ ឱ្យ​សិក្សា និង​ផ្តល់​យោបល់​ផង​ដែរ។

លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ ថ្លែង​ថា​លោក​មិន​បាន​ទទួលលិខិត​នេះ​ទេ ហើយ​បាន​ឱ្យ​អ្នក​សារ​ព័ត៌​មាន​របស់​វីអូអេ ​ទៅ​សួរ​សាមី​ខ្លួន​ផ្ទាល់​វិញ។

នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ ​លោក ឥត សារ៉ាត់ បាន​ចោទ​សួរ​អ្នក​សារ​ព័ត៌​មាន​ថាហេតុ​អ្វី​បាន​ជា​អ្នក​សារ​ព័ត៌​មាន​ចាប់​អារម្មណ៍​លើ​រឿង​បែប​នេះ។ លោក​បញ្ជាក់​បន្ថែម​មុន​ដាក់​ទូរស័ព្ទ​ចុះ​ថា​ លិខិត​របស់​លោក​ហួស​កំណត់​ទៅ​ហើយ។

លោក​ថ្លែង​ថា៖ ​«មើល៍ ឥឡូវ​ខ្ញុំ​សួរ​ទៅ​វិញ សារព័ត៌​មាន​យើង​ចាប់​អារម្មណ៍​អ៊ីចឹង​ៗ​ម៉េស​?​ អា​ហ្នឹង​ជា​កា​រងារ​មន្ត្រី​រាជការ​តាស៍​។ ការ​ងារ​មន្ត្រីរាជ​ការ​...​វា​មាន​អ្នក​ខិល​ខូច​ខ្លះ រក្សា​ឯកសារ​មិន​ត្រឹមត្រូវ​ ហើយ​ចេញ​អ៊ីចឹង។ ហើយ​អ្នក​សារព័ត៌​មាន​យើង​អី​ក៏​ចាប់​អារម្មណ៍ម៉េស»។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន ជ័យ ថ្លែង​ថានេះ​ជា​ចំណុច​មួយ​បង្ហាញ​ថា​ជា​សញ្ញា​មិន​ល្អ​ ពីព្រោះ​តួនាទី​អភិបាល​រង និង​អភិ​បាល​ខេត្ត គួរ​ណាស់​តែ​មាន​ការ​ស្នើ​សុំ​តាម​បែប​បទ​របស់​មន្ត្រី​ស៊ីវិល​ ដើម្បី​ឱ្យ​ការ​បំពេញ​ការ​ងារ​មាន​ភាព​ស៊ី​សង្វាក់​គ្នា។

លោក​បញ្ជាក់​ថា៖ «ការ​ស្នើ​សុំ​ណា​មួយ​ គួរ​តែ​កើត​ចេញ​ពី​ស្ថាប័ន​ស៊ីវិល​ដូច​គ្នា​ បាន​ន័យ​ថា​ប្រសិន​បើ​មាន​សំណូម​ពរ​ នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រោម​ឡើង​លើ​ បាន​ន័យ​ថា​ជួរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​ ស្ថិត​នៅ​ក្នុង​កញ្ចប់​តែ​មួយ​ ក្នុង​បែប​បទ​រដ្ឋ​បាល​តែ​មួយ​ ខ្ញុំ​គិត​ថា​ជា​រឿង​មួយ​ល្អ។ ប៉ុន្តែ​ការ​ស្នើ​សុំ​បែប​នេះ មើល​ទៅ​ដូច​ជា​ពុំ​សូវ​មាន​លក្ខណៈ​ស៊ី​សង្វាក់​គ្នា​នៃ​បែប​បទ​នៃ​ការ​ងារ»។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក​ ប៉ិច​ ពិសី​ យល់​ថា​ស្ថាប័ន​រដ្ឋ​គួរ​តែ​មាន​យន្តការ​មួយ​ជ្រើស​រើស​ដោយ​ស្មើ​ភាព​គ្នា ដែល​អាច​ធ្វើ​ឱ្យ​មន្ត្រី​មាន​សមត្ថភាព​ពេញ​លេញ ក្នុង​បម្រើ​ការងារ​ប្រទេស​ជាតិ ឱ្យ​មាន​ការ​អភិវឌ្ឍ ជា​ពិសេស​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​សាធារណៈ​នានា​មាន​ភាព​ល្អ​ប្រសើរ។ លោក​ចាត់​ទុក​ការ​តែងតាំង​តែ​សែ​ស្រឡាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​សម្រាប់​តំណែង​ធំៗ​ គឺជា​ការ​បន្ទុចបង្អាក់​ដល់​មន្ត្រី​មាន​សមត្ថភាព​ផ្សេង​ទៀត​ ដែល​មិន​មាន​សែ​ស្រឡាយ។

​លោក​ថ្លែង​ថា៖ «ក្រប​ខណ្ឌ​មន្ត្រី​យើង​ឥឡូវ​មាន​ក្មេងៗ​ច្រើន ដែល​គាត់​មាន​សមត្ថភាព​ទាំង​ចំណេះ​ជំនាញ​របស់​គាត់ ទាំង​បទ​ពិសោធន៍។ ហើយ​គាត់​អាច​រៀន​គ្រប់គ្រង​ពី​ប្រទេស​ក្រៅ ដើម្បី​ឲ្យ​គាត់​អាច​បំពេញ បម្រើ​ប្រយោជន៍​សាធារណៈ​បាន។ អ៊ីចឹង​ខ្ញុំ​គិត​ថា​កាល​ណា​យើង​តែង​តាំង ដោយ​មិន​ឆ្លង​តាម​យន្តការ​ប្រកួត​ប្រជែង ដោយ​ស្មើភាព​គ្នា អ្នក​ផ្សេង​អាច​បាត់បង់​ឱកាស​ហើយ»។

បើ​តាម​គេហ​ទំព័រ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប រចនា​សម្ព័ន្ធ​ថ្នាក់ដឹក​នាំ​ខេត្ត រួម​មាន​លោក ទៀ សីហា ជា​គណៈ​អភិ​បាល​ខេត្ត​សៀម​រាប ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក ទៀ បាញ់ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ និងអភិ​បាល​រង​ខេត្ត​មាន​ចំនួន​៦​នាក់ គឺ​លោក លី សំរិទ្ធ លោក ពៅ ពិសិដ្ឋ អ្នកស្រី យូ សុភា លោក ពិន ប្រាកដ​ លោក ង៉ាន់ ភិរុណ និង​លោក នាក់ ណេរ៉ុន៕