លោក Mike Pompeo ដែល​ធ្លាប់​ធ្វើ​ឲ្យ​ចិន​ខឹង​ពេល​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់

  • ​Reuters

រូបឯកសារ៖ លោក Mike Pompeo នៅពេល​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​ពេល​ដែល​លោក​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ​ដែលធ្លាប់​បាន​ធ្វើ​ឲ្យ​ចិន​ដីគោកខឹង​សម្បា​នៅពេល​ដែល​លោកកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស ​ដោយ​លោកធ្លាប់​បាន​រិះគន់​ និង​វាយ​ប្រហារ​គណបក្ស​កុម្មុយនីស្តចិន​នោះ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​នៅ​សប្តាហ៍​ក្រោយ ហើយ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen។ នេះ ​បើ​តាម​ការ​បញ្ជាក់​របស់រដ្ឋាភិបាល​តៃវ៉ាន់នៅ​ថ្ងៃ​ចន្ទ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Pompeo បាន​បម្រើ​ការងារ​នៅ​ក្រោម​អតីត​ប្រធានាធិបតី Donald Trump ចាប់តាំង​ពី​ឆ្នាំ២០១៨​ រហូត​ដល់​បញ្ចប់​អាណត្តិ​របស់​រដ្ឋបាល​នោះ ​កាល​ពី​ខែ​មករា ឆ្នាំ​ទៅ។

ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​បញ្ចាក់​ថា លោក Pompeo និង​ភរិយា​របស់​លោក នឹង​ទៅ​បំពេញ​ទស្សនកិច្ចនៅ​តៃវ៉ាន់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី៥ ខែ​មីនា ហើយ​ក៏​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់​លោក Joseph Wu ហើយ​នឹង​ធ្វើ​សុន្ទរកថា​នៅ​អង្គការ​ស្រាវជ្រាវ​មួយ។

ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​បញ្ចាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក Pompeo ជា​មិត្តភក្តិ​ដ៏​យូរ​អង្វែង​និង​ប្តូរផ្តាច់​របស់​តៃវ៉ាន់​ ហើយ​បាន​រួម​វិភាគទានដ៏​ច្រើន​ដើម្បី​លើកស្ទួយ​ចំណង​ទាក់ទង​រវាង​កោះ​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស»។

សេចក្តី​ថ្លែងការណ៍​នោះ បាន​បញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក បាន​ឆ្លុះ​បញ្ចាំង​នូវ​ការគាំទ្រ ​«ដ៏​រឹង​មាំ​ដូច​ថ្ម» ​របស់​គណបក្ស​ទាំង២​របស់​សហរដ្ឋ​អាមេរិក ដល់​កោះ​តៃវ៉ាន់​ ហើយ​នឹង​មិត្តភាព​ដ៏​ជិតស្និទ្ធ​រវាង​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក»។

រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Trump បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ខ្លាំង​ដល់​កោះ​តៃវ៉ាន់ ថ្វីបើ​មិន​មាន​ចំណង​ទាក់ទងខាង​ការទូត​ផ្លូវការ​ក៏​ដោយ រួម​ទាំងការលក់​អាវុធ​ដ៏ច្រើន​ និង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូលៗ​សហរដ្ឋ​អាមេរិក​ទៅ​កាន់​រដ្ឋធានី​តៃប៉ិ​ផង។

លោក Pompeo បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​សម្បា​ ជា​ពិសេស​ដោយ​សារ​ការរិះគន់​របស់​លោក​ចំពោះគណបក្ស​កុម្មុយនីស្ត​ចិន។

ចិន បាន​បង្កើន​ការដាក់​សម្ពាធ​ខាង​យោធា ​និង​ការទូត​របស់​ខ្លួន​ប្រឆាំង​នឹង​តៃវ៉ាន់​ក្នុង​រយៈពេល២ឆ្នាំ​កន្លង​មក​នេះ​ដោយ​ព្យាយាមបង្ខំ​ឲ្យ​កោះ​នោះ​សុខចិត្ត​ទទួល​យក​ការគ្រប់​គ្រង​របស់​ខ្លួន៕