លោកអនុប្រធានាធិបតីស.រ.អា. បានជួបប្រទះបញ្ហាច្រើនដែលបានធ្វើឱ្យរង្គើសេតវិមាន ដោយលោកឈរជាមួយលោកប្រធានាធិបតី នៅពេលមានការចោទប្រកាន់ដកតំណែងលោក និងការសើរើគណៈរដ្ឋមន្ត្រីច្រើនលើក។ លោក បានបម្រើការជាប្រេសិតអន្តរជាតិ និងមានមុខនាទីនាំមុខក្នុងការឆ្លើយតប និងជំងឺកូវីដ១៩ផងដែរ។ វីអូអេ បាននិយាយជាមួយអ្នកវិភាគពីរនាក់ អំពីការបំពេញមុខងាររបស់លោក Pence។
ចាប់តាំងពីមានការប្រកាសថា លោក Mike Pence នឹងក្លាយជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Trump អតីតអភិបាលរដ្ឋនៃរដ្ឋ Indiana រូបនេះ ជាអ្នកលើកទឹកចិត្តប្រជារាស្ត្រអាមេរិកាំង ឱ្យបោះឆ្នោតឱ្យលោក Trump។ លោក Pence ថ្លែងថា៖
«លោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតី ហើយលោកយល់អំពីប្រជាពលរដ្ឋអាមេរិកាំង»។
លោក Joel Goldstein នៃមហាវិទ្យាល័យច្បាប់ក្នុងសាកលវិទ្យាល័យ Saint Louis ដែលជាអ្នកប្រវត្តិសាស្ត្រខាងអនុប្រធានាធិបតី បាននិយាយថា លោក Pence ដើរតួនាទីជាអ្នកជំនួសលោក Trump។
«លោក Pence ផ្តល់យោបល់ជូនលោក Trump។ លោកជាអ្នកប្រាស្រ័យទាក់ទងជាមួយសភាពាក់ព័ន្ធនឹងសេចក្តីព្រៀងច្បាប់។ លោកបានធ្វើដំណើរដើម្បីបំពេញកិច្ចការការទូតផងដែរ»។
ក្រោយពីវីរុសកូរ៉ូណាបានចាប់ផ្តើមរាលដាលទូទាំងប្រទេសកាលពីចុងខែមករា លោក Pence ចាប់ផ្តើមបម្រើការជាប្រធាននៃគណៈកម្មការដោះស្រាយវីរុសកូរ៉ូណានៅសេតវិមាន ដោយជួនកាលលោកបានស្នើគោលនយោបាយចម្រូងចម្រាស់។ លោក Pence បានថ្លែងថា៖
«យើងយល់ថា យើងអាចបើកសាលារៀនជាថ្មីដោយសុវត្ថិភាព។ គ្រោះថ្នាក់ដល់ក្រុមកុមារមានទាបណាស់»។
អនុប្រធានាធិបតីពីមុនៗមក មិនមែនតែងតែមានមុខនាទីសកម្មនោះទេ។ លោកប្រធានាធិបតី John Kennedy មានឥទ្ធិពលលើសលុបលើលោកអនុប្រធានាធិបតី Lyndon Johnson។ ក៏ប៉ុន្តែពួកអ្នកវិភាគនិយាយថា មានការផ្លាស់ប្តូរក្នុងរដ្ឋបាលពីរបី កាលពីពេលមុននេះ។
លោក Joel Goldstein នៃមហាវិទ្យាល័យច្បាប់ក្នុងសាកលវិទ្យាល័យ Saint Louis បាននិយាយថា៖
«ខ្ញុំយល់ថា តំណែងអនុប្រធានាធិបតី បានចាប់ផ្តើមផ្លាស់ប្តូរពិតប្រាកដជាមួយរដ្ឋបាលលោកប្រធានាធិបតី Carter និងលោកអនុប្រធានាធិបតី Mondale ដែលនៅពេលនោះ អនុប្រធានាធិបតីបានក្លាយទៅជាទីប្រឹក្សាទូទៅ និងជាអ្នកដោះស្រាយបញ្ហាសម្រាប់ប្រធានាធិបតី។ ហើយលំនាំជាមូលដ្ឋាននេះ ត្រូវបានប្រធានាធិបតីទាំងអស់ធ្វើតាមចាប់តាំងពីពេលនោះមក ដោយមានការប្រែប្រួលខ្លះ»។
មនុស្សច្រើននាក់យល់ឃើញថា លោកអនុប្រធានាធិបតី Dick Cheney ជាកម្លាំងជំរុញពីក្រោយគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់លោកប្រធានាធិបតី George W. Bush។ លោក Reb Brownell ដែលជាមេធាវីនិងជាអ្នកនិពន្ធបាននិយាយថា៖
«ខ្ញុំយល់ថា ជាការច្បាស់លាស់ថា លោក Donald Trump មិនចង់បានអនុប្រធានាធិបតីដូចលោក Dick Cheney ទេ។ លោកអ្នកមានអនុប្រធានាធិបតីដែលលោកអ្នកចង់បាននិងចាត់ឱ្យបំពេញកាតព្វកិច្ចដែលលោកចង់ឱ្យមាន។ ជាការច្បាស់លាស់ដែលលោក Trump មិនចង់បានអនុប្រធានាធិបតីដែលមានអំណាចច្រើនទេ»។
ក្នុងនាមជាអ្នកកាន់គ្រឹស្តសាសនានិកាយ Evangelical លោក Pence បានជួយលោក Trump ឱ្យមានការគាំទ្រពីសំណាក់ពួកអ្នកកាន់សាសនាអភិរក្សនិយម។
លោកបានគាំទ្រគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹងរបស់លោក Trump និងការតែងតាំងពួកអភិរក្សនិយមឱ្យកាន់តំណែងក្នុងតុលាការ។ លោកមានគោលជំហរតឹងរ៉ឹងជាមួយរុស្សី ក៏ប៉ុន្តែលោកកម្រមិនយល់ស្របជាមួយលោក Trump ដូចនៅពេលដែលលោកជំទាស់នឹងលោក Roy Moore បេក្ខជនព្រឹទ្ធសភារដ្ឋ Alabama ដែលបានត្រូវចោទប្រកាន់ពីបទអាកប្បកិរិយាមិនសមរម្យខាងផ្លូវភេទ។
ពួកអ្នកជំនាញនិយាយថា រហូតមកដល់ពេលនេះ លោក Pence មិនទាន់មានស្នាដៃធំៗនៅពេលលោកកាន់តំណែងអនុប្រធានធិបតីទេ។ លោក Joel Goldstein នៃមហាវិទ្យាល័យច្បាប់ក្នុងសាកលវិទ្យាល័យ Saint Louis បាននិយាយថា៖
«ខ្ញុំមិនឃើញថា លោក Pence ជាអ្នកមានស្នាដៃអស្ចារ្យ ឬ ធ្វើឱ្យមានការជាប់ចិត្តខ្លាំងដូចអនុប្រធានាធិបតីភាគច្រើនឯទៀតពីគណបក្សទាំងពីរនោះទេ»។
ពួកអ្នកវិភាគកត់សម្គាល់ថា លោក Pence បានបំពេញមុខនាទីនៅក្នុងការដកពួកទាហានសហព័ន្ធចេញក្រុង Portland នៅពេលមានចលាចលនៅក្រោយពួកមន្ត្រីមូលដ្ឋានបាននិយាយថា ពួកទាហានទាំងនេះ នាំឱ្យស្ថានភាពរឹតតែអាក្រក់ថែមទៀត។
នៅចំពោះមុខសាធារណជន លោក Pence តែងតែស្មោះត្រង់នឹងចៅហ្វាយនាយលោកដោយជួនកាលលោកឈរនៅក្នុងស្រមោលលោក Trump។ តែគេដឹងមិនដឹងច្បាស់លាស់ទេថា តើលោកមានឥទ្ធិពលអ្វីខ្លះ នៅក្រោយឆាក ហើយថាតើលោកនឹងធ្វើឱ្យមានការខុសប្លែកបែបណានៅក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកា ដែលអ្នកវិភាគភាគច្រើនយល់ថា ជាការបោះឆ្នោតប្រជាមតិមួយអំពីលោក Trump៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ