លោក​ Mike Pence អនុ​ប្រធានាធិបតី​ប្រកប​ដោយ​តម្លៃ​អភិរក្ស​និយម

លោក​អនុប្រធានាធិបតី Mike Pence ធ្វើ​ជា​ប្រធាន​ដឹកនាំ​ព្រឹទ្ធសភា​នៅ​វិមាន Capitol Hill នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​ពេល​បោះឆ្នោត​របស់​ព្រឹទ្ធសភា​លើក​ការ​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​អប់រំ។​

ខុស​ពី​លោក​ប្រធានាធិបតី Donald Trump លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ចូល​រួម​ក្នុង​សេវា​សាធារណៈ​ជា​ច្រើន ធ្លាប់​ធ្វើ​ជា​តំណាងរាស្ត្រ​៦អាណត្តិ ហើយ​ធ្លាប់​ជា​អភិបាល​រដ្ឋ Indiana មួយ​រូប​ផង​ដែរ។ កាលពី​ថ្ងៃ​ទី៧ ខែកុម្ភៈ លោក​អនុ​ប្រធានាធិបតី បាន​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​បំបែក​ភាព​ស្មើ​គ្នា​រវាង​សំឡេង​គាំទ្រ​ និង​សំឡេង​មិន​គាំទ្រ​ដើម្បី​តែង​តាំង​លោក​ស្រី Betsy Devos ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​របស់​សហរដ្ឋ​អាមេរិក។

លោក​អនុ​ប្រធានាធិបតី Mike Pence មក​ពី​តំបន់​កណ្តាល​នៃ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក។ លោក​មាន​គំនិត​អភិរក្ស​និយម​យ៉ាង​ខ្លាំង។

លោក Mike Pence បាន​ថ្លែង​ថា៖

«អ្នក​ដែល​ស្គាល់​ខ្ញុំ​ច្បាស់​ដឹង​ថា ខ្ញុំ​គឺ​ជា​មនុស្ស​សាមញ្ញ​ម្នាក់។ ខ្ញុំ​គឺ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត ហើយ​ខ្ញុំ​ជា​មនុស្ស​អភិរក្ស​និយម ​និង​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​រូប‍»។

លោក​នាំ​មក​នូវ​សេចក្តី​ថ្លៃថ្នូរ​ពី​រដ្ឋ​កំណើត​របស់​លោក។

លោក Randy Decleene មក​ពី​ក្រុមហ៊ុន kglobal Consulting បាន​ថ្លែង​ថា៖

«មនុស្ស​ល្អ​ធ្វើ​អំពើ​ល្អ​នៅ​ពេល​ដែល​គ្មាន​អ្នក​ណា​មើល។ នេះ​ហើយ​ជា​ផ្នែក​មួយ​នៃ​អ្នក​ដែល​មក​ពី​ភាគ​កណ្តាល​នៃ​ប្រទេស​និង​រដ្ឋ​ដូច​ជា Indiana នេះ‍»។

កាលពី​ទសវត្សរ៍១៩៩០ នៅ​ពេល​ដែល​លោក​ Pence ធ្វើ​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​ពិភាក្សា​បែប​អភិរក្ស​និយម​មួយ​នោះ លោក​បាន​ចំណាយ​ពេល​ពិភាក្សា​ជាមួយ​នឹង​លោក Randy Decleene អំពី​ក្តី​សង្ឃឹម​របស់​លោក​សម្រាប់​ពេល​អនាគត​និង​សម្រាប់​ការ​បម្រើ​ខ្លួន​ក្នុង​រដ្ឋាភិបាល។

លោក DeCleene បាន​ថ្លែង​បន្ថែម​ថា៖

«សារ​ដ៏​ទូលំទូលាយ​របស់​លោក​គឺ​ពិត​ជា​ប្រកប​ដោយ​ភាព​វិជ្ជមាន​ សុទិដ្ឋិនិយម និង​ប្រកប​ដោយ​ការ​លើក​ទឹកចិត្ត»។

លោក​ប្រធាន​សភា Paul Ryan បាន​ថ្លែង​ថា៖

«លោក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ក្តី​សង្ឃឹម។ លោក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ជំនឿ​ជឿជាក់។ លោក​គឺ​ជា​មនុស្ស​ដែល​អ្នក​អាច​ជឿ​ជាក់​បាន។ លោក​គឺ​ជា​មនុស្ស​ដែល​ចេញ​ពី​បេះ​ដូង​របស់​ចលនា​អភិរក្ស​និយម​ និង​ជា​បេះ​ដូង​របស់​អាមេរិក‍»។

ក្រោយ​ពេល​ដែល​លោក Pence ចាញ់​ការ​ប្រកួត​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ​ពីរ​ដង​រួច​មក ​នៅ​ទី​បំផុតលោក​បាន​ក្លាយ​ជា​តំណាង​រាស្ត្រ​សម្រាប់​រដ្ឋ Indiana នៅ​ក្នុង​រដ្ឋ​សភា​របស់​អាមេរិក​នៅ​ឆ្នាំ​២០០០។

លោក​បាន​បង្កើន​បទ​ពិសោធន៍​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប៉ុន្តែ​លោក​មិន​យល់​ឃើញ​ថា រដ្ឋាភិបាល​ជា​ចម្លើយ​តែ​មួយ​គត់​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​នោះ​ទេ។

លោក Pence បាន​ថ្លែង​ថា៖

«យើង​ធុញ​ទ្រាន់​នឹង​ការណ៍​ដែល​គេ​ប្រាប់​ថា​ អ្នក​ចេះ​ដឹង​មួយ​ចំនួន​តូច​នៅ​សភា​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ភាព​ប្រសើរ​ឡើង​ជាង​អ្វី​ដែល​យើង​គ្រោង​ទុក​សម្រាប់​ខ្លួន​យើង‍​នោះ»។

លោក Pence បាន​វិល​ត្រឡប់​ទៅ​រដ្ឋ Indiana វិញ​កាលពី​ឆ្នាំ​២០១២ ដើម្បី​កាន់​តំណែង​ជា​អភិបាល​រដ្ឋ។ លោក​បាន​ធ្វើ​ឲ្យ​មាន​រឿង​ចម្រូង​ចម្រាស​ក្នុង​រឿង​រំលូត​កូន និង​ជម្លោះ​រវាង​សិទ្ធិ​របស់​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា និង​សេរីភាព​សាសនា‍។

លោក Pence បាន​លើក​ឡើង​ទៀត​ថា៖

«ច្បាប់​មិន​បាន​ផ្តល់​សិទ្ធិ​ដល់​ពាណិជ្ជកម្ម​ទាំង​ឡាយ​ក្នុង​ការ​បដិសេធ​មិន​ផ្តល់​សេវាកម្ម​ដល់​នរណា​ម្នាក់​នោះ​ទេ‍»។

លោក Decleene ថ្លែង​ថា ជំនឿ​ដ៏​មុត​មាំ​របស់​លោក Pence នាំ​មក​នូវ​តុល្យភាព​នៅ​ក្នុង​បក្ស។

លោក Gary Nordlinger មក​ពី​សកលវិទ្យាល័យ George Washington បាន​ថ្លែង​ថា៖

«ក្រុម​អភិរក្ស​និយម​របស់​គណបក្ស​ដែល​មន្ទិល​ចំពោះ​លោក Trump ដឹង​ថា​ពួក​គេ​អាច​ទុក​ចិត្ត​លោក Pence បាន។ លោក​គឺ​ជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍។ លោក​បាន​ចំណាយ​ពេល​វេលា​នៅ​ក្នុង​សភា ហើយ​លោក​គឺ​ជា​អភិបាល​រដ្ឋ Indiana។ ខ្ញុំ​គិត​ថា លោក Pence អាច​ជា​មនុស្ស​ដ៏​មាន​តម្លៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​សមាជិក​សភា​ជំនួស​មុខ​ឲ្យ​រដ្ឋបាល​លោក Trump‍»។

ប៉ុន្តែ​សេចក្តី​ថ្លៃថ្នូរ​របស់​លោក Pence គឺ​មាន​សារៈ​សំខាន់​ជាង​នេះ​ឆ្ងាយ​ណាស់ នេះ​បើ​យោង​តាម​លោក DeCleene។

«ខ្ញុំ​គិត​ថា​លោក​មាន​លក្ខណៈ​សម្បតិ្ត​ជា​មេដឹកនាំ​ដ៏​អង់អាច ប្រាកដ​ប្រជា និង​ប្រកប​ដោយ​យុទ្ធសាស្ត្រ‍»។

លោក​មាន​គុណសម្បត្តិ​ដែល​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ជា​មេបញ្ជាការ​ដឹកនាំ​ប្រទេស​ទី២ ដ៏​ល្អ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Trump៕