សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញការព្រមានដល់សមាជិករបស់ខ្លួនម្តងទៀតឲ្យមានការប្រយ័ត្នប្រយែងចំពោះការឃោសនាដែលថា នឹងមានការលុបចោលបំណុលដែលពលរដ្ឋបានជំពាក់រដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សមាគមមីក្រូហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ សមាគមមីក្រូហិរញ្ញវត្ថុ ដែលតំណាងឲ្យគ្រឹះស្ថានជាង១០០ បានបញ្ជាក់ឲ្យដឹងសារជាថ្មីតាមអត្ថន័យដើមថា៖«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជាគ្រឹះស្ថានឯកជនសុទ្ធសាធ និងធ្វើប្រតិបត្តិការសំដៅទទួលបានប្រាក់ចំណេញ ហើយអតិថិជនដែលទទួលប្រាក់កម្ចីត្រូវមានកាតព្វកិច្ចសងត្រឡប់តាមកិច្ចសន្យាកំណត់»។
សមាគមមីក្រូហិរញ្ញវត្ថបានថ្លែងសង្កត់ធ្ងន់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា គ្រឹះស្ថានជាសមាជិក និងមន្ត្រីឥណទានទាំងអស់ត្រូវធ្វើការបញ្ជាក់ឲ្យច្បាស់ប្រាប់ប្រជាពលរដ្ឋថា លុយដែលពលរដ្ឋខ្ចីជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះឡើយ។
សេចក្តីប្រកាសរបស់សមាគមដដែលបានសរសេរបន្តក្នុងន័យដើមថា៖«សមាគមសូមបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយពីការលុបបំណុល ឬការផ្សព្វផ្សាយស្រដៀងគ្នាគឺជាសកម្មភាពប្រជាភិថុតិ ដែលជំរុញឲ្យប្រជាពលរដ្ឋខ្ចីប្រាក់ហួសពីតម្រូវការ បង្កជាបញ្ហាលំបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងគ្រួសារនិងសង្គម»។
លោក យុន សុវណ្ណា នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា ប្រតិបតិ្តករនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគម បានធ្វើកិច្ចការងារច្រើនរួចទៅហើយដើម្បីពន្យល់ពលរដ្ឋឲ្យយល់ពីការប្រើសេវាឥណទាន ហើយពលរដ្ឋខ្លួនឯងក៏បានដឹងពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះការប្រើឥណទាននោះ។ តែដើម្បីរក្សាបានការយល់ដឹងនេះ សមាគមបានខិតខំបន្តក្រើនរំឭកទាំងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់ឥណទាន អំពីការភាន់ច្រឡំ ដែលថា លុយដែលពលរដ្ឋបានខ្ចីនោះជាលុយរបស់រដ្ឋ។
«ទីមួយគឺយើងចង់ក្រើនរំឭកដល់ប្រតិបត្តិករ ជាពិសេសទៅដល់សមាជិករបស់សមាគម ឲ្យធ្វើម៉េច ផ្តល់សេវាដែលយកអតិថិជនជាមូលដ្ឋាន គាំពារការពារផលប្រយោជន៍ និងលើកកម្ពស់ការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ពីផលិតផលសេវាកម្ម។ ទីពីរយើងចង់បញ្ជ្រាបចំណេះដឹងហ្នឹងទៅដល់បងប្អូនប្រជាពលរដ្ឋផ្ទាល់ ហាក់ដូចជាបង្កើននូវការក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋថា កម្ចីនេះនៅពេលដែលយើងទទួលសេវា ជាពិសេសសេវាកម្ចីហ្នឹង យើងត្រូវតែមានការទទួលខុសត្រូវ ក្នុងនាមយើងជាអតិថិជន ហើយត្រូវតែជ្រាបឲ្យបានច្បាស់ថា នេះជាកម្ចីពីគ្រឹះស្ថានឯកជន ដែលជាគ្រឹះស្ថានស្វែងរកប្រាក់ចំណេញ»។
របាយការណ៍ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨របស់ធនាគារជាតិកម្ពុជាបានបញ្ជាក់ឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈការពង្រីកវិសាលភាព និងទំហំប្រតិបត្តិការដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ដោយបានរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅឲ្យមានភាពប្រសើរឡើង។
ក្រៅពីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ រួមមានសេវាផ្ទេរប្រាក់ សេវាធនាគារចល័ត សេវាម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) និងសេវាណែនាំធានារ៉ាប់រងខ្នាតតូចជាដើម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្វើប្រតិបត្តិការគ្របដណ្តប់ទូទាំង២៥រាជធានី-ខេត្ត ដោយមានការិយាល័យនៅរាជធានីភ្នំពេញចំនួន៧៦ ខេត្តចំនួន២៦២ ក្រុងចំនួន២០០ និងស្រុកចំនួន៧៦៨ ព្រមទាំងបានផ្តល់ការងារដល់បុគ្គលិកចំនួន២៩.១១១។
របាយការណ៍បន្តទៀតថា វិស័យមីក្រូហិរញ្ញវត្ថុបានកេណ្ឌ ប្រមូលប្រាក់បញ្ញើសរុបចំនួនប្រមាណ៨,១ទ្រីលានរៀល គឺកើនឡើងចំនួន៣៥,៦ភាគរយ (ឆ្នាំលើឆ្នាំ) និងទទួលបានពីអ្នកផ្ញើប្រាក់ជាង១,៧លាននាក់ និងបានផ្តល់កំណើនឥណទានចំនួន២៥,៥ភាគរយគឺមានចំនួនសរុបប្រមាណ១៥,៩ទ្រីលានរៀល ដល់អតិថិជនចំនួន១,៧៥លាននាក់ ក្នុងនោះអតិថិជនជាស្រ្តីមានចំនួន៧៧,៤ភាគរយ។ ឥណទានត្រូវបានបែងចែកទៅវិស័យកសិកម្ម២៦,៩ភាគរយ ពាណិជ្ជកម្ម១៨,៦ភាគរយ ក្រុមគ្រួសារ៣៣,២ភាគរយ សេវាកម្ម១០,៣ភាគរយ ដឹកជញ្ជូន៤,៥ភាគរយ សំណង់៣,៣ភាគរយ ស្ថាប័នហិរញ្ញវត្ថុ០,១ភាគរយ និងផ្សេងៗទៀត២,២ភាគរយ។
លោក យុន សុវណ្ណា នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ ប្រាប់ VOA ថា ទំហំឥណទានសរុបដែលបានដាក់ឲ្យប្រតិបត្តិការគិតត្រឹមដំណាច់ខែមីនាឆ្នាំមានចំនួនប្រមាណ៤,៨ពាន់លានដុល្លារអាមេរិក និងមានអ្នកខ្ចីចំនួន១,៨លាននាក់។ អ្នកជំនាញខាងមីក្រូហិរញ្ញវត្ថុរូបនេះអះអាងថា រហូតមកដល់ពេលនេះការខូចខាតកម្ចីឥណទានគឺនៅមានតិចនៅឡើយ ទោះបីមានការឃោសនាថា នឹងមានការលុបបំណុលដែលពលរដ្ឋជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្តី។
«ប្រទេសកម្ពុជាយើង គុណភាពនៃកម្ចី គុណភាពឥណទាននៅប្រទេសកម្ពុជា បើប្រៀបធៀបជាមួយប្រទេសក្នុងសាកលលោកនេះ យើងមានភាពល្អប្រសើរមែនទែន។ យើង កម្ចីរបស់យើងមានគុណភាពរហូតទៅដល់៩០ ជិត៩៩ភាគរយ បានន័យថា ក្នុងចំណោម១០០ឥណទាន ១០០កម្ចីហ្នឹងមានតែមួយកម្ចីទេ ដែលមានបញ្ហា។ ហើយមែនបានន័យថា បញ្ហាហ្នឹង ដោយសារតែបងប្អូនប្រជាពលរដ្ឋយើងគាត់អាចបង់យឺត ខ្វះខាត មានបញ្ហាផ្លាស់ប្តូរក្នុងគ្រួសារ ឬមួយក៏មានបញ្ហាអាជីវកម្មអីហ្នឹង ប៉ុន្តែមិនមែនបានន័យថា ខូច ហើយមិនអាចយកមកវិញបានទេ។ អីចឹងបានន័យថា គុណភាពកម្ចីឥណទាននៅក្នុងប្រទេសកម្ពុជា សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនេះ មានភាពល្អប្រសើរមែនទែន»។
លោក យុន សុវណ្ណា មានប្រសាសន៍បន្តថា ទាក់ទិនការឃោសនា ដែលថា នឹងមានការលុបបំណុលនោះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការទៅតាមសកម្មភាពល្មើសដែលបុគ្គល ឬក្រុមណាមួយបានប្រព្រឹត្ត។ លោកថា សមាគមនឹងបន្តលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ឥណទាន ដែលមានបុព្វហេតុចម្បងដល់ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនការគោរពច្បាប់ ដែលមានចែងឲ្យប្រើក្នុងវិស័យនេះ។ ជាមួយនឹងការបោះឆ្នោតជាតិ ដែលកំពុងខិតជិតមកដល់នោះ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុរូបនេះជឿថា ស្ថិរភាពក្នុងមីក្រូហិរញ្ញវត្ថុដែលកំពុងលូតលាស់នេះ នឹងបន្តកើតមាន ហើយក៏មិនមានសញ្ញាណាមួយ ដែលអាចបញ្ជាក់ថា វិស័យនេះនឹងអាចជួបហានិភ័យនោះឡើយ។
«យើងជឿថា ទៅថ្ងៃមុខ រួមទាំងឆ្នាំ២០១៨នេះផង វិស័យនេះនឹងបន្តមាននិរន្តរភាព ហើយបងប្អូនប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួនជាអតិថិជន ហើយប្រតិបត្តិករត្រូវតែប្រកួតប្រជែងឲ្យស្មើភាព មានតម្លាភាព ហើយនឹងយកអតិថិជនជាមូលដ្ឋាន ក្នុងការផ្តល់សេវា។ អីចឹង យើងត្រូវតែបន្តលើកកម្ពស់ ហើយជំរុញឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋ មានភាពល្អប្រសើរ ព្រោះការផ្តល់សេវានេះគឺគោលបំណងដ៏ធំចម្បងនោះ គឺកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងជំរុញកំណើនអាជីវកម្មដល់បងប្អូនប្រជាពលរដ្ឋជាអតិថិជន។ ហើយយើងគិតថា ក្នុងឆ្នាំហ្នឹងក៏ដូចជាឆ្នាំបន្ទាប់ យើងនៅតែល្អប្រសើរគុណភាពរបស់កម្ចីឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាយើង។ ហើយជាពិសេស បើទោះបីឆ្នាំនេះជាឆ្នាំបោះឆ្នោតមែន ប៉ុន្តែបើយើងសង្កេតមើលពីសង្គមពីសេដ្ឋកិច្ចហាក់ដូចជាល្អប្រសើរ ហើយយើងអាចព្យាករណ៍បានពីស្ថិរភាព ហើយនិងកំណើនដែលនឹងបន្តទទួលបានពីឆ្នាំនេះទៅឆ្នាំក្រោយ បាទ»។
នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋមួយចំនួនត្រូវគេសង្កេតឃើញថា បានឆ្លៀតប្រើប្រាស់សេវាឥណទាន ក្រៅផ្លូវការ ដែលមិនមានការដឹងឮតាមប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់កម្ពុជា។ សមាគមមីក្រូហិរញ្ញវត្ថុក៏ធ្លាប់បានចេញការព្រមានថា ការខ្ចីប្រាក់ក្រៅសេវាស្របច្បាប់ពិតជាមានភាពងាយស្រួល តែគ្រោះថ្នាក់ខាងហិរញ្ញវត្ថុ និងសង្គមក៏មានច្រើនដែរ តួយ៉ាង អ្នកខ្ចីអាចប្រឈមគុណវិបត្តិជាច្រើន រួមមាន គេអាចបោកបញ្ឆោត អូសទាញឲ្យអ្នកលង់ជឿព្រមតាមគេ គិតបញ្ចូលការប្រាក់ដោយគា្មនបានចរចាគា្ន មិនកំណត់ថៃ្លដើមចុងច្បាស់លាស់ កាលកំណត់សងប្រាក់មានរយៈពេលខី្ល-ខី្ចថៃ្ងនេះ អាចនឹងត្រូវបង់សងវិញថៃ្ងសែ្អកក៏មាន ប្រឈមនឹងការជំរិតទារប្រាក់ ឬការរឹបអូសដែលនាំឲ្យគេដឹងឮជាសារធារណៈ ហើយអ្នកត្រូវខ្មាសគេ មិនសូវមានការគោរព ឬគា្មនការគោរពចំពោះអតិថិជន។
ក្នុងស្ថានភាពនយោបាយវិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវអង្គភាពព័ត៌មានក្នុងស្រុក Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាលបានរាយការណ៍មកថា លោកបានប្រតិកម្មខ្លាំងៗទៅនឹងការឃោសនារបស់អ្នកនយោបាយមួយរូបដែលលោកនាយករដ្ឋមន្ត្រីមិនបញ្ចេញឈ្មោះ តែគេស្គាល់ថាជាព្រះអង្គមា្ចស់នរោត្តមរណឫទ្ធិនោះ បានមានព្រះបន្ទូលទៅកាន់ប្រជាពលរដ្ឋនៅឯខេត្តតាកែវកាលពីពេលថ្មីៗនេះថា «នៅពេលព្រះអង្គឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ព្រះអង្គនឹងដោះស្រាយបំណុលជូនប្រជាពលរដ្ឋ»។
អង្គភាពព័ត៌មាននេះបានស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងន័យដើមថា៖«មានអ្នកខ្លះថា បើគេឈ្នះឆ្នោត គេនឹងសងបំណុលជួសប្រជាជនទាំងអស់។ នេះជាអំពើបោកប្រាស់មួយ ដែលគួរឲ្យខ្មាស់អៀនខ្លាំងណាស់។ ប៉ុន្មានអាទិត្យមុនសរសេរសំបុត្រមកសុំខ្ចីលុយខ្ញុំសោះ ស្រាប់តែឥឡូវបែរជាសន្យាសងលុយជំនួសប្រជាជនទាំងអស់ទូទាំងប្រទេសចំពោះធនាគារ។ តើប្រទេសណាដែលគេអាចធ្វើអីចឹងទៅរួច។ បើធ្វើអីចឹងទៅបានចាំបាច់អី ខ្ចីលុយពីបរទេសមកកសាងផ្លូវ មកកសាងប្រឡាយទឹក មកកសាងមន្ទីរពេទ្យក្នុងប្រទេសរបស់យើង។ យើងមិនយកលុយទាំងនោះមកកសាងតែម្តងទៅ ប៉ុន្តែដោយសារយើងក្រ អត់លុយនោះហើយទើបយើងខ្ចីលុយបរទេស»។
ជាផ្នែកមួយនៃការរក្សាលំនឹងប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៧ បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ ដោយបានបង្កើតពិដានអត្រាការប្រាក់ត្រឹម១៨ភាគរយក្នុងមួយឆ្នាំ។ ពិដានអត្រាការប្រាក់នេះបានទទួលរងការរិះគន់ពីអ្នកជំនាញហិរញ្ញវត្ថុក្នុងប្រទេស ដោយហេតុថា វានឹងមិនអាចរក្សានិរន្តភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនោះទេ តែនឹងធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាតតូចៗប្រឈមហានិភ័យខ្ពស់ខាងហិរញ្ញវត្ថុ ឬត្រូវប្រឈមនឹងការបិទទ្វារ៕