សមាគម​មីក្រូហិរញ្ញវត្ថុ​នឹង​ពង្រឹង​ក្រម​អាជីវកម្ម​ដើម្បី​រក្សា​ស្ថិរភាព​របស់​គ្រឹះស្ថាន​ផ្តល់​ឥណទាន

យោង​តាម​ក្រម​ស្តីពី​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​សមធម៌​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ នឹង​ត្រូវ​បាន​តម្រូវ​មិន​ឲ្យ​ប្រើ​យក​ឯកសារ​រដ្ឋបាល​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី ​និង​មិនត្រូវ​មាន​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឃោសនា​នយោបាយ​ណាមួយ។​

ដោយ​បារម្ភពី​ហានិភ័យនានា​ដែលអាច​កើតឡើង​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​រក្សា​សុចរិតភាព​ និង​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ដែល​ត្រូវ​ការ​សាច់ប្រាក់​ដើម្បី​បង្កើន​អាជីវកម្ម។​ សមាគម​ក៏​ព្រមាន​មិន​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​មន្ត្រីឥណទាន​ធ្វើ​សកម្មភាព​បម្រើ​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ​អ្នក​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាទរ​ចំណាត់​ការ​នេះ​ តែ​បារម្ភ​ថា​ គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ដែល​មិន​មែន​ជា​សមាជិក​របស់​សមាគម​ មិន​អនុវត្តក្រម​សីលធម៌​នេះ​ទេ។​

សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​ផ្តល់​កម្ចី​ខ្នាត​តូច​ចំនួន​៨៧​ បាន​ប្រកាស​បង្កើន​ការ​អនុវត្ត​«ក្រម​ស្តីពី​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​សមធម៌» ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ឥណទាន ​និង​រឹតបន្តឹង​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការរក្សា​នូវ​ស្ថិរភាព​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស។ ​នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ និង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សមាគម។​

យោង​តាម​ក្រម​ស្តីពី​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​សមធម៌​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ នឹង​ត្រូវ​បាន​តម្រូវ​មិន​ឲ្យ​ប្រើ​យក​ឯកសារ​រដ្ឋបាល​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី ​និង​មិនត្រូវ​មាន​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឃោសនា​នយោបាយ​ណាមួយ។​

លោក​ យុន សុវណ្ណា​ អគ្គ​លេខាធិការ​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ បាន​ប្រាប់​ VOA ​នៅថ្ងៃ​ពុធ​នេះ​ថា ​សមាគម​ប្រកាស​អនុវត្ត​ក្រម​នេះ​ ក្នុងគោល​បំណង​រក្សា​ និង​ការពារ​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ឥណទាន​ និង​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​ ដើម្បី​ធានា​បាន​និរន្តរភាព​នៃ​កំណើន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ស្រប​ច្បាប់​ក្នុង​ប្រទេស។​

«យើង​ថែរក្សា​សច្ចភាព​ ហើយ​និង​វិជ្ជា​ជីវៈ​ ហើយ​គណនេយ្យភាព​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ហ្នឹង​ កុំ​ឲ្យ​មាន​បញ្ហា​ឡូកឡំ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​រីកចម្រើន​ ហើយ​និង​ស្ថិរភាព​របស់​វិស័យ​នេះ»។​

សេចក្តី​ជូន​ដំណឹង​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ដែល​លើក​ឡើង​ពី​ក្រម​ស្តីពី​ការ​ផ្តល់​ឥណទាន​ បាន​ឲ្យ​ដឹងថា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​មិន​អាច​ទទួល​យក​នូវ​អត្ត​សញ្ញាណ​បណ្ណ​ សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​សម្រាប់​ជា​វត្ថុ​ធានា​ក្នុង​ការ​ផ្តល់​ឥណទា​នោះ​ឡើយ។ ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បញ្ជាក់​ថា​ គ្រឹះស្ថាន​ទាំងអស់​គឺ​ជា​គ្រឹះស្ថាន​ឯកជន​សុទ្ធសាធ​ និង​ធ្វើ​ប្រតិបត្តិការ​សំដៅ​ទទួល​បាន​ប្រាក់​ចំណេញ​ ហើយ​អតិថិជន​ដែល​ទទួល​ប្រាក់​កម្ចី​ត្រូវ​មាន​កាតព្វកិច្ច​សង​ត្រឡប់​តាម​កិច្ច​សន្យា​កំណត់។​

ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)

ទាក់​ទិន​នឹង​សកម្មភាព​នយោបាយ​ ​សេចក្តី​ជូន​ដំណឹង​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ចុះ​ថ្ងៃទី​២៤​ ខែ​កក្កដា​ បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជា​ស្ថាប័ន​ពាណិជ្ជ​កម្ម​ និង​មិនមែន​ជា​អង្គភាព​នយោបាយ​នោះ​ទេ។​ បុគ្គលិក​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មិនអាច​ប្រើ​ប្រាស់​ស្លាក​សញ្ញា​នានា​របស់​គ្រឹះស្ថាន ឬផ្នែក​ណាមួយ​នៃ​ប្រតិបត្តិការ​ផ្តល់​សេវា​ជា​មូលដ្ឋាន​ ​ក្នុង​ការ​ចូលរួម​សកម្មភាព​ ឬ​ការ​ឃោសនា​នយោបាយ​នោះ​ឡើយ។​ បុគ្គលិក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​ល្មើស​គោល​ការណ៍​នេះ​ នឹង​ទទួល​ពិន័យ​ធ្ងន់​ធ្ងរ​បំផុត»។​

លោក​ យុន សុវណ្ណា​ អគ្គ​លេខាធិការ​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បាន​បញ្ជាក់​ថា​ សមាគម​មិន​បាន​បំបិទ​សិទ្ធិ​នយោបាយ​របស់​បុគ្គលិក​នៃ​គ្រឹះស្ថាន​ឥណទាន​ទេ​ ​ប្រសិនបើ​ពួក​គេ​អនុវត្ត​សិទ្ធិ​នោះ​ នៅក្រៅ​រង្វង់​ការងារ​ និង​ភារកិច្ច​របស់​ពួក​គេ​ ដែល​មាន​នៅតាម​គ្រឹះស្ថាន​នីមួយៗ។​ ក៏ប៉ុន្តែ​ ប្រសិន​បុគ្គលិក​ទាំងនោះ​យក​ភារកិច្ច​ និង​ឈ្មោះ​ ឬ​ស្លាក​សញ្ញា​គ្រឹះស្ថាន​របស់​ខ្លួន​ទៅ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ខ្លួន​នោះ​ ​នោះ​ម្ចាស់​គ្រឹះស្ថាន​នឹង​ដាក់​ពិន័យ​ ដូច​ជា​ការ​បញ្ឈប់​ពី​ការងារ​ជាដើម។​

«ទោស​ពិន័យ​ធ្ងន់​ធ្ងរ ​ដូចជា​សម្រាប់​បុគ្គលិក​ ដែល​ប្រើប្រាស់​ស្លាក​សញ្ញា​ ឬ​មូយ​ក៏​កេង​ចំណេញ​ផ្នែក​នយោបាយ​ ឬមួយ​ក៏សេវាកម្ម​របស់​ខ្លួន​ហ្នឹង​ បុគ្គលិក​ហ្នឹង​នឹង​ត្រូវ​បាន​បញ្ឈប់​ ឬមួយ​ក៏​ពិន័យ​ធ្ងន់ធ្ងរ​ ដែល​ឈាន​ទៅដល់​ការ​បញ្ឈប់»។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ជា សេរី​ អគ្គនាយក​រង​នៃ​ធនាគារ​ជាតិ​កម្ពុជា​បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។​

លោក​ ​ង៉ែត ជូ​ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ Emerging Markets​ Consulting (EMC) មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​ខិត​ខំ​ការពារ​មុខ​មាត់ និង​តម្លាភាព​ការងារ​សមាជិក​របស់​ខ្លួន តាម​រយៈ​ការ​ប្រកាស​បង្កើន​ការ​អនុវត្ត​ក្រម​ផ្តល់​ប្រាក់​កម្ចី​នេះ។ ​លោក​ពន្យល់​ថា​ មាន​គ្រឹះស្ថាន​មួយ​ចំនួន​ ដែល​មិន​មែន​ជា​សមាជិក​របស់​សមាគម​ អាច​នឹង​មិន​ធ្វើទៅ​តាម​ក្រម​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ ព្រោះ​គ្រឹះស្ថាន​ទាំងនោះ​នឹង​នៅ​បន្ត​យក​អត្ត​សញ្ញាណ​បណ្ណ​ ឬ​សៀវភៅ​គ្រួសារ​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​អ្នក​មាន​តម្រូវការ​សាច់ប្រាក់។​

«និយាយ​ឲ្យ​ចំ​ គឺ​ដូច​មាន​លក្ខណៈ​ជា​ការ​លាង​ខ្លួន​មួយ​ ដែលធ្វើ​ឲ្យ​បញ្ជាក់​ថា​ សមាជិក​របស់​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ហ្នឹង​ ​គឺ​មិន​ប៉ះពាល់​ដល់​បញ្ហា​ហ្នឹង​ទេ​ អញ្ចឹង​ទៅ​ណ៎ា»។​

លោក​បាន​បញ្ជាក់​បន្តទៀត​ថា​ ក្នុង​ពេល​ដែល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ក្រម​អាជីវកម្ម​របស់​ខ្លួន​ ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​ដំណើរ​ការ​ទៅ​ជាធម្មតា​ តែការ​កើន​ឡើង​នៃ​កម្ចី​ខូច ​ឬសង​យឺតពេល​ ហើយនឹង​ការ​លំបាក​រក​ផល​ចំណេញ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ​ អាច​នឹង​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​ចុះ​ថមថយ។​

ធនាគារ​ជាតិ​នៃ​កម្ពុជា ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៨ ខែ សីហា ២០១៥។ (អ៊ុច នីដា/VOA)

បើ​តាម​របាយ​ការណ៍​របស់​ធនាគារ​កណ្ដាល​កម្ពុជា​ ប្រព័ន្ធ​ធនាគារ​បាន​រីក​ធំ​យ៉ាង​ខ្លាំង​ ក្នុង​នោះ​រួម​មាន​ ធនាគារ​ពាណិជ្ជកម្ម​ចំនួន​៣៦​ ធនាគារ​ឯកទេស​ចំនួន​១១​ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ចំនួន​៨ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៥៨​ ដែល​ក្នុង​នោះ​មាន​គ្រឹះស្ថាន​ដក​ប្រាក់​បញ្ញើ​ចំនួន​៨​ និង​ប្រតិបត្តិ​ករ​ផ្ដល់​កម្ចី​ចំនួន​១០៤​ ហើយ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ជួល​ចំនួន​៩​ និង​ក្រុម​ហ៊ុន​ការិយាល័យ​ឥណទាន​ចំនួន​មួយ។​

ទំហំ​ប្រាក់​កម្ចី​ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ប្រព័ន្ធ​ផ្ដល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​មាន​ប្រមាណ​៣៥០០​លាន​ដុល្លារ​អាមេរិក​ គឺ​ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់​បំណុល​ជាតិ​ ដែល​មាន​ចំនួន​ ៦០០០​លាន​ដុល្លារ​អាមេរិក។ ​ទំហំ​ប្រាក់​កម្ចី​៣៥០០​លាន​ដុល្លារ​ត្រូវ​បាន​ផ្ដល់​ទៅ​អតិថិជន​ចំនួន​ជាង​២លាន​គ្រួសារ​ គិត​ត្រឹម​ឆ្នាំ​២០១៦។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ។​

ជាផ្នែក​មួយ​នៃ​ការ​រក្សា​លំនឹង​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ខែមីនា​ បាន​សម្រេច​ចិត្ត​ដ៏ភ្ញាក់​ផ្អើល​មួយ​ ដោយ​បាន​បង្កើត​ពិដាន​អត្រា​ការប្រាក់​ត្រឹម​១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ។​ ពិដាន​អត្រា​ការប្រាក់​នេះ​បាន​ទទួល​រង​ការ​រិះគន់​ពី​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ ដោយ​ហេតុ​ថា​ វានឹង​មិន​អាច​រក្សានិរន្តភាព​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នោះ​ទេ​ តែនឹង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្នាត​តូចៗ​ត្រូវ​បិទ​ទ្វារ។​

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ណា​មួយ​បិទទ្វារ​នោះ​ទេ​ ទោះជា​គ្រឹះស្ថាន​មួយ​ចំនួន​កំពុង​ប្រឈម​ផលវិបាក​ក្នុង​ការ​គោរព​តាម​ការ​កំណត់​ពិដាន​អត្រា​ការប្រាក់​នេះ​ក៏ដោយ។ ​អ្នក​ជំនាញ​ខាង​ហិរញ្ញ​វត្ថុ​ជឿ​ថា បើទោះ​មិន​មាន​ការ​បិទ​ទ្វារ​ក្តី​ ការ​ច្របាច់​បញ្ចូលគ្នា​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ នឹង​អាច​កើត​មាន​ឡើង​ ប្រសិនបើ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដាក់​សម្ពាធ​ឲ្យ​ដំឡើង​ដើម​ទុន​ចុះ​បញ្ជី៕