កម្មវិធីប្រគល់ពានរង្វាន់អូស្ការដែលគេហៅជាផ្លូវការថា Academy Awards លើកទី៩៥ កាលពីយប់ថ្ងៃអាទិត្យ បានក្លាយជារាត្រីដ៏សំខាន់មួយសម្រាប់បញ្ហាការតំណាងជនជាតិអាស៊ីនៅក្នុងភាពយន្តអាមេរិកនិងអន្តរជាតិ ដោយមានកំណត់ត្រាថ្មី រួមមានស្ត្រីអាស៊ីទីមួយដែលទទួលបានពានរង្វាន់អូស្ការផ្នែកតួឯកស្រីល្អបំផុត និងពានរង្វាន់អូស្ការដំបូងសម្រាប់ផលិតកម្មឥណ្ឌាផងដែរ។ នេះបើតាមការរាយការណ៍របស់បណ្ដាញព័ត៌មាន CNN។
លោកស្រី Michelle Yeoh បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រដោយបានដើរជាតួអង្គនាង Evelyn Quan Wang នៅក្នុងខ្សែភាពយន្តឈ្មោះ “Everything Everywhere All At Once"។ ភាពយន្តនេះបានទទួលបានរង្វាន់អូស្ការចំនួន៧ រួមមានទាំងពានរង្វាន់រូបភាពល្អបំផុត (Best Picture) និងពានរង្វាន់តួរងប្រុសល្អបំផុតសម្រាប់លោក Ke Huy Quan ផងដែរ។
តារាភាពយន្ត Michelle Yeoh មានដើមកំណើតនៅប្រទេសម៉ាឡេស៊ី ហើយនៅឆ្នាំ២០០១ លោកស្រីបានដើរតួនៅក្នុងភាពយន្តរឿង “Crouching Tiger, Hidden Dragon"។ លោក Ke Huy Quan ជាពលរដ្ឋអាមេរិកមានកំណើតនៅប្រទេសវៀតណាម។ លោកបានចូលប្រឡូកក្នុងវិស័យភាពយន្តដំបូងនៅឆ្នាំ១៩៨៤ ជាតួក្មេងជំទង់ក្នុងខ្សែភាពយន្ត “Indiana Jones and the Temple of Doom"។
បណ្ដាញព័ត៌មាន CNN រាយការណ៍ទៀតថា ចំណែកខ្សែភាពយន្តស្រមើស្រមៃបែបប្រវត្តិសាស្ត្រជាភាសា Telegu ឈ្មោះ RRR បានក្លាយជាភាពយន្តខ្នាតវែងរបស់ឥណ្ឌាដំបូងដែលបានឈ្នះរង្វាន់អូស្ការតាមរយៈបទចម្រៀង Naatu Naatu។
ឥណ្ឌាក៏បានទទួលរង្វាន់អូស្ការមួយទៀតដែរនៅឆ្នាំនេះ គឺសម្រាប់ភាពយន្តឯកសារខ្លីឈ្មោះ “The Elephant Whisperers"។
ជ័យជម្នះរបស់លោកស្រី Yeoh ធ្វើឱ្យលោកស្រីក្លាយជាស្ត្រីដើមកំណើតអាស៊ីដំបូងដែលបានឈ្នះពានរង្វាន់អូស្ការផ្នែកតួឯកស្រីល្អបំផុត និងជាស្ត្រីមិនមែនស្បែកសទី២ដែលបានទទួលពានរង្វាន់នេះ។ តារាភាពយន្តអាមេរិកស្បែកខ្មៅលោកស្រី Halle Berry ជាស្ត្រីមិនមែនស្បែកសដំបូងដែលបានទទួលពានរង្វាន់នេះ ហើយលោកស្រី Berry ជាអ្នកប្រគល់ពានរង្វាន់នេះផ្ទាល់ដល់លោកស្រី Yeoh។
តារាភាពយន្ត Michelle Yeoh ក៏ជាអ្នកមានដើមកំណើតអាស៊ីដំបូងដែលបានឈ្នះក្នុងផ្នែកតួអង្គឯក ដំបូង និងជាតារាភាពយន្តស្ត្រីដំបូងដែលបានឈ្នះដោយសារការដើរតួជាតួអង្គនិយាយភាសាចិនកុកងឺនិងភាសាចឹ២ចិនកាតាំង។
លោកស្រី Yeoh បានបញ្ជាក់ពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការទទួលបានពានរង្វាន់អូស្ការនេះ នៅក្នុងសុន្ទរកថាដ៏រំជើបរំជួលរបស់លោកស្រីកាលពីយប់ថ្ងៃអាទិត្យនៅហូលីវូដ។
បណ្ដាញព័ត៌មាន CNN បានរាយការណ៍ថា លោកស្រីបានលើកពានអូស្ការឡើងដោយថ្លែងថា៖ «សម្រាប់កុមារា និងកុមារី ដែលមានមុខមាត់ស្រដៀងនឹងខ្ញុំ ហើយកំពុងទស្សនានៅរាត្រីនេះ សូមដឹងថានេះជាពន្លឺនៃក្តីសង្ឃឹមនិងលទ្ធភាពនានា»។
លោកស្រីបានថ្លែងអំណរគុណជាពិសេសដល់ម្តាយអាយុ៨៤ឆ្នាំរបស់លោកស្រីដោយថ្លែងថា៖ «ខ្ញុំនឹងយកពានរង្វាន់នេះជូនគាត់នៅផ្ទះ។ គាត់កំពុងទស្សនាការផ្សាយផ្ទាល់នេះនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។ ខ្ញុំនឹងនាំពានរង្វាន់នេះទៅកាន់អ្នកទាំងអស់គ្នានៅផ្ទះ»។
លោកស្រី Yeoh ក៏បានថ្លែងអំណរគុណដល់«សាច់ញាតិនៅទីក្រុងហុងកុង» ដែលបានជួយឧបត្ថម្ភរហូតលោកស្រីបានទទួលជោគជ័យដល់សព្វថ្ងៃនេះផងដែរ។
តារាភាពយន្ត Michelle Yeoh កើតនៅទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី ហើយចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈដោយសម្តែងក្នុងភាពយន្តហុងកុងជាច្រើន៕
ប្រែសម្រួលដោយលោក សឹង សុផាត