ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត «Return to Seoul» ​របស់​ផលិតករ​ខ្មែរបារាំង Chou Davy ជាប់​បេក្ខភាព​ពានរង្វាន់​ Oscar ១៥ ចុងក្រោយ


រូបឯកសារ៖ ផលិតករ​ភាពយន្ត លោក Davy Chou ចូលរួម​មហោស្រព​ភាពយន្ត Cannes លើក​ទី 75 នៅ​ទីក្រុង Cannes ប្រទេស​បារាំង ថ្ងៃទី 23 ខែ​ឧសភា ឆ្នាំ 2022។
រូបឯកសារ៖ ផលិតករ​ភាពយន្ត លោក Davy Chou ចូលរួម​មហោស្រព​ភាពយន្ត Cannes លើក​ទី 75 នៅ​ទីក្រុង Cannes ប្រទេស​បារាំង ថ្ងៃទី 23 ខែ​ឧសភា ឆ្នាំ 2022។

ភាពយន្ត​ 'Return to Seoul' ឬ «វិលវិញ​សេអ៊ូល» របស់​ផលិតករ​ភាពយន្ត​ខ្មែរ​បារាំង​ លោក ជូ ដាវី (Davy Chou) ដែលត្រូវបាន​ជ្រើស​យក​ឲ្យ​តំណាង​ប្រទេស​កម្ពុជា នៅ​ក្នុង​ការប្រកួត​យកពានរង្វាន់​ភាពយន្ត​ Oscarលើក​ទី ៩៥ បានជាប់​បញ្ជីសម្រាំងបេក្ខភាព ១៥ ភាពយន្តចុងក្រោយ នេះ​បើយោង​តាម​ការប្រកាស​កាល​ពី​ចុងខែធ្នូ ឆ្នាំ២០២២

ពិធី​ប្រគល់ពានរង្វាន់​ភាពយន្តOscar ឬ Academy Awards លើក​ទី ៩៥ ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១២ ខែ​មីនា ឆ្នាំ ២០២៣។ បេក្ខភាពចុងក្រោយទាំង ៥ ផ្នែក​ភាពយន្ត​បរទេស នឹង​ត្រូវ​បាន​ប្រកាស​នៅថ្ងៃទី ២៤ ខែមករា។ ប្រសិន​បើភាពយន្ត​ 'Return to Seoul' ឬ «វិលវិញ​សេអ៊ូល» ជាប់ក្នុង​ចំណោម​បេក្ខភាពចុងក្រោយទាំង ៥ នោះ លោក ជូ ដាវី នឹង​ធ្វើ​ដំណើរ​ទៅកាន់ហូលីវូដ ដើម្បី​ចូលរួម​ពិធីប្រគល់ពានរង្វាន់ភាពយន្តប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​នេះ។

ភាពយន្ត​ 'Return to Seoul' ឬ «វិលវិញ​សេអ៊ូល» រៀបរាប់​ពី​រឿង​ស្ត្រី​ជនជាតិ​បារាំង​ដើមកំណើត​កូរ៉េ​ខាងត្បូង​ វ័យ ២៥ឆ្នាំម្នាក់ ​ដែល​ធ្វើ​ដំណើរ​ទៅប្រទេស​កំណើត​វិញ​ ដើម្បី​ស្វែង​រក​ឪពុក​ម្តាយ​បង្កើត​របស់នាង។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ The Upcoming លោក ជូ ដាវី បាន​ឲ្យដឹង​ថា សាច់រឿង​ប្រឌិត​រយៈពេល ២ម៉ោង នេះ ស្តែង​ឲ្យ​ឃើញ​ពីព្រឹត្តិការណ៍​ពីរ ដែល​ស្រដៀង​នឹង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក ជូ ដាវី ផ្ទាល់ ក្នុង​នាម​ជា​ជនជាតិបារាំង​ដើម​កំណើត​ខ្មែរ។

លោក ជូ ដាវី ក៏បាន​ឈ្នះ​ពានរង្វាន់​ផ្សេងៗ​សម្រាប់ ភាពយន្ត​ 'Return to Seoul' ឬ «វិល​វិញ​សេអ៊ូល» នេះ​ ដូចជាពានរង្វាន់​ Audience Award នៅ​មហោស្រព​ Hamptons International Film Festival នៅ​ទីក្រុង​ញូវយ៉ក ហើយនិង​ពាន​រង្វាន់ Top Jury Prize នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ Athens International Film Festival នៅ​ប្រទេស​ក្រិក។ កាលពី​ខែ​ឧសភា​ ឆ្នំា ២០២២ ​ភាពយន្ត​របស់​លោក ជូ ដាវី នេះ ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ចាក់​បញ្ចាំងជា​អន្តរជាតិនៅ​មហោស្រព​ភាពយន្ត​ Cannes Film Festivalលំដាប់​ពិភពលោក​ដ៏​ល្បីល្បាញ​ផងដែរ។

XS
SM
MD
LG