សម្រាប់ប្រជាជននៅក្នុងខេត្តសៀមរាប ការអញ្ជើញមកទស្សនកិច្ចរបស់លោកស្រី Michelle Obama ភរិយាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺជាកិតិ្តយសរបស់ខេត្តនិងប្រពលរដ្ឋនៃខេត្តសៀមរាប។
នេះគឺជាទស្សនកិច្ចដំបូងបង្អស់របស់លោកស្រី Michelle Obama ដែលជាភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែងដំបូងបំផុតដែលមកទស្សនាប្រទេសកម្ពុជា។
ប្រជាជននៅក្រុងសៀមរាបបានដឹងច្បាស់ពីការមកដល់របស់លោកស្រី Michelle Obama។
អង្គុយពិសារកាហ្វេជាមួយមិត្តភក្តិជាច្រើននៅក្នុងហាងមួយនៅកណ្តាលទីក្រុងសៀមរាប លោកពូ ចាប នឿ មានប្រសាសន៍ថា លោកពូនិងមិត្តភក្តិរបស់លោកពូបានដឹងអំពើដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama។
លោកពូបាននិយាយថា៖ «ខ្ញុំមើលព័ត៌មានតាមទូរទស្សន៍ហើយបានដឹងថា គាត់មកពីរបីថ្ងៃដើម្បីជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជា»។

អ្នកស្រី ផន សុភាព
អ្នកស្រី ផន សុភាព ដែលជាអ្នកលក់នំនិងអ្នកជិតខាងរបស់គាត់ អ្នកស្រី សាន គឹមសៀង ដែលកំពង់លក់បបរគ្រឿងនៅតាមដងផ្លូវមួយនៅក្នុងសង្កាត់សាលាកម្រើកនៃទីក្រុងសៀមរាបបាននិយាយថា ការអញ្ជើញមករបស់លោកស្រី Michelle Obama ជាកិត្តិយសរបស់ប្រជាពលរដ្ឋនៃខេត្តសៀមរាប។
អ្នកស្រី ផន សុភាពបានមានប្រសាសន៍ថា៖ «វាគឺជាកិត្តិយសរបស់ខេត្ត។ ខ្ញុំសប្បាយចិត្ត។ វាជាការល្អដែលគាត់មកជួយក្មេងស្រីឲ្យបានចូលរៀន។ ខ្ញុំចង់ឲ្យក្មេងស្រីបានចូលរៀនព្រោះខ្ញុំមិនបានចូលរៀន»។
អ្នកស្រី សាន គឹមសៀង បានមានប្រសាសន៍ថា៖ «វាជាកិត្តិយសរបស់ខ្មែរ ជាពិសេសខេត្តសៀមរាបតែម្តង»។
អ្នកស្រីបានបន្ថែមថា៖« ខ្ញុំឃើញមុខរបស់គាត់តាមទូរទស្សន៍»។
លោកស្រី Michelle Obamaមានផែនការនឹងអញ្ជើញទៅកាន់ទីក្រុងសៀមរាបនៅថ្ងែសុក្រនេះ ដែលនៅទីនោះលោកស្រីនឹងជួបជាមួយសមភាគីខ្មែរគឺលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកស្រីនឹងសំណេះសំណាលជាមួយក្រុមសិស្សនិងពួកអ្នកស្ម័គ្រចិត្ត Peace Corps របសអាមេរិក ហើយនឹងមើលកម្មវិធីក្នុងសហគមន៍ខ្លះដើម្បីពង្រឹងការអប់រំដល់នារីកម្ពុជា។
ប្រហែលចម្ងាយ១០គីឡូម៉ែត្រពីទីប្រជុំជននៃក្រុងសៀមរាប ប្រជាពលរដ្ឋនៅក្នុងសង្កាត់សៀមរាបនៃទីក្រុងសៀមរាបដែលមានមុខរបរជាអ្នកធ្វើស្រែចម្ការមិនបានដឹងពីដំណើរអញ្ជើញមកទស្សនកិច្ចរបស់លោកស្រី Michelle Obama នោះទេ។
អ៊ំស្រី ប៉ាត កឿង
អង្គុយនៅក្រោមផ្ទះធំជាមួយកូន កូនប្រសារ និងចៅៗរបស់គាត់ លោកអ៊ំស្រី ប៉ាត កឿង ដែលមានអាយុ៦៤ ឆ្នាំមិននិងកូនទាំងពីររបស់គាត់មិនបានស្គាល់ថាលោកស្រី Michelle Obama ជានរណានោះទេ។ ហើយគាត់ក៏មិនដឹងដែរថា លោកស្រីជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា។ លោកអ៊ំក៏មិនដឹងផងដែរពីដំណើរនៃទស្សនកិច្ចនេះ។
លោក អ៊ំ បានមានប្រសាសន៍ថា៖ «ខ្ញុំអត់ស្គាល់ Obama។»
នាង នួន សារុនដែលជាកូនស្រីរបស់លោកអ៊ំ ប៉ាត កឿង និយាយថា៖ «ខ្ញុំអត់បានដឹង។ ខ្ញុំនៅតែផ្ទះ»។
នួន សារុន បានសួរអ្នកយកព័ត៌មានរបស់ VOA ពីវិធីដែលគាត់អាចមើលឃើញពីដំណើរមកដល់របស់ភរិយាលោក បារ៉ាក់ អូបាម៉ា។
គាត់បានសួរអ្នកយកព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើយ៉ាងម៉េចទើបឃើញគាត់»។
អ្នកស្រី សួន សុភ័ក្ត្រ
អ្នកស្រី សួន សុភ័ក្ត្រ ដែលនៅជាមួយកូនស្រីដែលមានអាយុ៨ឆ្នាំនិងកូនប្រុសអាយុជាងមួយឆ្នាំរបស់គាត់បាននិយាយថា គាត់ក៏មិនស្គាល់ឬបានដឹងអំពីលោកស្រី Michelle Obama នោះដែរ។
គាត់មានប្រសាសន៍ថា គាត់ចង់ឲ្យកូនស្រីតូចដែលមានអាយុ៨ឆ្នាំរបស់គាត់រៀនបានរៀនខ្ពស់ ឲ្យបានយ៉ាងហោចណាស់ដល់បានចប់ថ្នាក់ទី១២។
នៅពេលប្រាប់ពីទស្សនកិច្ចនិងបានសួរថា តើគាត់រំពឹងអ្វីពីដំណើរទស្សនកិច្ចនេះ បងស្រី សួន សុភ័ក្ត្រ បាននិយាយថា៖ «ខ្ញុំមិនដឹងនិយាយថាម៉េច ព្រោះខ្ញុំមិនបានដឹងពីកម្មវិធីហ្នឹងផង»។
អ្នកស្រី សួន សុភ័ក្ត្រ ក៏ដូចជាក្រុមគ្រួសារដទៃៗទៀតដែលបានសម្ភាសន៍មានប្រសាសន៍ថា ពួកគាត់នឹងមើលទូរទស្សន៍នៅយប់នេះដើម្បីឲ្យបានស្គាល់លោកស្រី Michelle Obama។