ក្រសួងការបរទេសកម្ពុជាបានសម្តែងការខកចិត្តចំពោះសហរដ្ឋអាមេរិក ដែលនៅមិនទាន់លើកលែងការហាមឃាត់ទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់របស់ក្រសួង និងក្រុមគ្រួសាររបស់ពួកគេ ដែលបានដាក់កាលពីពីរខែមុន។
ក្រសួងការបរទេសបញ្ជាក់ថា ខ្លួនបានលើកឡើងដូចនេះនៅក្នុងជំនួបមួយរវាងលោកប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងលោកMatthew Pottinger ជំនួយការរងប្រធានាធិបតីដូណាល់ត្រាំ និងលោកPatrick Murphy ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា លោកប្រាក់សុខុន «បានសម្តែងនូវការខកចិត្តសារជាថ្មីចំពោះការរិតត្បិតផ្នែកទិដ្ឋាការ ទោះបីជាការពិតកម្ពុជាបានជូនដំណឹងជាផ្លូវការរួចទៅហើយ ទៅសហរដ្ឋអាមេរិកអំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តទទួលយកពលរដ្ឋខ្មែរ ដែលត្រូវបណ្តេញចេញ»។
បន្ទាប់ពីកិច្ចប្រជុំនោះស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅអាស៊ានគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា «សហរដ្ឋអាមេរិក និងកម្ពុជាក៏បានពិភាក្សាពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា ដែលបានប្រព្រឹត្តខុសនៅក្នុងសហរដ្ឋអាមេរិកផងដែរ»។ ប៉ុន្តែយោងតាមភាគីកម្ពុជាគឺ សហរដ្ឋអាមេរិកស្នើឱ្យកម្ពុជាធ្វើការជាមួយនឹងក្រសួងសន្តិសុខមាតុភូមិ ដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជា។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសលែងចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឲ្យមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេចាប់ពីថ្ងៃទី១៣ ខែកញ្ញា ដើម្បីជាផ្នែកមួយនៃទណ្ឌកម្ម ដែលឆ្លើយតបនឹងក្រុមប្រទេស ដែលមានការយឺតយ៉ាវ ឬមិនព្រមទទួលជនជាតិរបស់ខ្លួនពីសហរដ្ឋអាមេរិកវិញ ក្រោយពីពួកគេបានប្រព្រឹត្តកំហុស។
រដ្ឋាភិបាលកម្ពុជាក៏បានជួបប្រជុំផ្ទៃក្នុងកាលពីថ្ងៃអង្គារផងដែរ ដើម្បីពិនិត្យមើលលើការអនុវត្តអនុស្សរណៈស្តីពីការយោគយល់ដើម្បីទទួលយកជនភៀសខ្លួនកម្ពុជា ដែលបានប្រព្រឹត្តខុស។ នេះបើតាមការជូនដំណឹងរបស់ក្រសួងមហាផ្ទៃកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានពិនិត្យមើល និងពិភាក្សាលើបញ្ជីឈ្មោះ និងសំណុំឯកសាររបស់ពលរដ្ឋខ្មែរទាំងនោះរួចមកអង្គប្រជុំ បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស ដើម្បី«បន្តជួបពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិកលើការងារចាំបាច់មួយចំនួនបន្ថែមទៀតដើម្បីឈានទៅអនុវត្ត MoU ឆ្នាំ២០០២ ឱ្យបានល្អប្រសើរក៏ដូចជា រួមចំណែកដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែរីកចម្រើនថែមទៀត បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសទាំងពីរ»។
ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈស្តីពីការយោគយល់ទទួលយកជនភៀសខ្លួន ដែលបានប្រព្រឹត្តខុសនៅសហរដ្ឋអាមេរិកមកគឺ កម្ពុជាបានទទួលយកពលរដ្ឋរបស់ខ្លួនជិត ៦០០នាក់ហើយ។ ជាមធ្យមគឺ មានពលរដ្ឋខ្មែរចំនួន ៣៥នាក់ក្នុងមួយឆ្នាំ ត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក។
ប៉ុន្តែនៅខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានជូនដំណឹងដល់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងភ្នំពេញថា ខ្លួនឈប់ទទួលយកបន្ថែមទៀត ហើយដោយស្នើសុំឱ្យធ្វើវិសោធនកម្មលើអនុស្សរណៈនេះឡើងវិញ។
កម្ពុជាពន្យល់ថា ការផ្អាកនេះដោយហេតុផល «មនុស្សធម៌ មេត្តាធម៌»៕