ម៉ិចស៊ិក​នឹង​បើក​ទូលាយ​នូវ​វិស័យ​ថាមពល​របស់​ខ្លួន ​តែ​វិនិយោគិន​នៅ​ស្ទាក់ស្ទើរ

  • ​Greg Flagkus

ប្រធានាធិបតី​ម៉ិកស៊ិក​​ លោក​ Enrique Pena Nieto ថ្លែង​នៅ​ក្នុង​​ពិធី​​ចុះ​ហត្ថលេខា​​លើ​ច្បាប់មួយ​ចំនួន​​ស្តីអំពី​កំណែ​ទម្រង់​វិស័យ​ថាមពល​​របស់​ខ្លួន​កាលពី​​ថ្ងៃច័ន្ទ​​ទី១១​ខែ​សីហា ឆ្នាំ២០១៤។

ប្រធានាធិបតី​ម៉ិកស៊ិក លោក​ Enrique Pena Nieto ​បាន​ចុះ​ហត្ថលេខា​ទៅ​លើ​ច្បាប់មួយ​ចំនួនស្តីអំពី​កំណែ​ទម្រង់​វិស័យ​ថាមពលរបស់​ខ្លួន​កាលពីថ្ងៃច័ន្ទទី១១​ខែ​សីហា។ ​កំណែ​ទម្រង់នេះ​គឺ​ជាលើក​ទីមួយ​ហើយ​ដែលនឹង​បើក​ទូលាយ​ឲ្យ​មាន​ការ​វិនិយោគ​ពី​ឯកជន ​បន្ទាប់​ពី​វិស័យ​នេះត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ជាតូបនីយកម្ម​គឺ​គ្រប់គ្រង​ដោយ​រដ្ឋ​ តាំងពីថ្ងៃ​ទី​១៨ ​ខែ​មិនា ​ឆ្នាំ​១៩៣៨។ ​

ថ្ងៃចុះ​ហត្ថលេខា​នេះ​ត្រូវ​បានគេ​ប្រារព្ធ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​នៅ​ប្រទេស​ម៉ិកស៊ិក ​ហើយ​ប្រជាជន​ជាច្រើន​ប្រឆាំង​នឹង​កំណែ​ទម្រង់​នេះ។​ ​បើ​មិនមានជំនួយ​ពី​ភាគី​ដទៃ​ទេ​ នោះ​ផលិតកម្ម​ប្រេង​របស់​ម៉ិកស៊ិកនឹង​បន្ត​ធ្លាក់ចុះ។​

ដោយហេតុ​ថា ​ផលិត​កម្ម​ប្រេង​នៅ​ការដ្ឋានប្រេងដ៏សំខាន់​នៃ​ប្រទេស​ម៉ិកស៊ិក​បាន​ធ្លាក់ចុះ​នោះ ​ដូច្នេះ​ភាព​សម្បូររុងរឿងនៅ​ប្រទេស​នេះ​ នាពេល​អនា​គត​មាន​ភាពអាប់អួរ។​ ហេតុនេះ​ហើយ​បានជា​លោក​ប្រធានាធិបតី ​Enrique Pena Nieto ​បាន​ផ្តល់​អាទិភាព​ដល់ការ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ថាម​ពល​ ហើយ​បញ្ចុះ​បញ្ចូលឲ្យ​សមាជិកសភា​យល់ស្រប។​

«ប្រជាជន​ម៉ិកស៊ិកភាគច្រើន​នឹង​ទទួល​បាន​ប្រយោជន៍​ពី​កំណែ​ទម្រង់​នេះ»។​

រហូត​មក​ទល់​ពេ​លនេះ ​ក្រុម​ហ៊ុន ​Premex ​ដែល​ជា​ក្រុម​ហ៊ុន​ប្រេង​ជាតិ​ បាន​គ្រប់​គ្រង​រាល់​ការ​រុក​រក​ប្រេ​ង​ និង​ផលិតកម្ម​ប្រេង ​ដោយ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​បរទេស​ ក្រោម​កិច្ច​សន្យា​ក្នុង​ការ​ផ្តល់​ជា​សេវាកម្ម។​ បច្ចុប្បន្ន ​ក្រុម​ហ៊ុន​ប្រេង​បរទេស​អាច​ចូល​រួម​បណ្តាក់​ទុន​រួម​គ្នា ​និង​បញ្ជូន​អ្នក​ជំនាញ​របស់គេ​មក​ប្រទេស​ម៉ិកស៊ិក។

ក៏ប៉ុន្តែ ​លោក​ George Baker​ ដែល​ជា​អ្នក​គ្រប់គ្រង​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​មាន​ឈ្មោះថា ​Mexico Energy Intelligence​ និយាយ​ថា​ ក្រុម​ហ៊ុន​ថាម​ពល​នានា​នៅ Houston ​និង​កន្លែង​ដទៃ​ទៀត​ កំពុង​តែ​ប្រុង​ប្រយ័ត្ន​នឹង​កំណែ​ទម្រង់​នេះ។

«វិស័យ​ថាម​ពលម៉ិកស៊ិក​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​ហ៊ុន​ Premex ​ ដូចនេះ​វា​មាន​ការលំបាក​នឹង​ធ្វើការ​ផ្លាស់​ប្តូរ។​ រដ្ឋាភិបាល​មាន​ក្តី​រំពឹង​កម្រិត​ខ្ពស់​ ​តែ​ផ្នែកឧស្សាហកម្មឯ​កជន​កំពុង​តែ​រារែក​និង​រង់ចាំ​មើលសិន»។​

ជោគ​ជ័យ​ក្នុង​ការ​ធ្វើកំណែ​ទម្រង់​ពិត​ជា​កត្តា​សំខាន់ណាស់​សម្រាប់​ម៉ិចស៊ិក​ ពី​ព្រោះ​ទិន្នផល​ប្រេង​ដែល​ពីមុន​ធ្លាប់​មាន​ដល់​ទៅ​៣,៤លាន​ធុង​ក្នុង​១ថ្ងៃ​នោះ ​ពេល​នេះ​បានធ្លាក់មក​នៅ​ត្រឹម​តែ​២,៥លាន​ធុង​តែ​ប៉ុណ្ណោះ។​ ប្រទេស​ម៉ិកស៊ិក​មាន​ព្រំ​ដែន​ជាប់​ការដ្ឋានផលិត​ឧស្ម័ន​ដ៏ធំនៅ​រដ្ឋ​ Texas ​ តែ​ប្រទេស​នេះ​ត្រូវ​នាំ​ចូល​នូវ​ឧស្ម័ន​ធម្មជាតិ​ ដោយ​សារ​តែប្រទេស​នេះ​ខ្វះ​អ្នក​ជំនាញដើម្បី​ធ្វើ​អាជីវកម្មពី​ស្តុក​ឧស្ម័ន​ក្នុង​ដែនដី​របស់​ខ្លួន។​ លោក​George Baker ​ប្រាប់ថា​ មន្ត្រី​រដ្ឋាភិបាល​សុទ្ធតែ​ប្តេជ្ញា​ថា ​នឹង​ផ្លាស់​ប្តូរ​ចំណុច​នេះ។

«រដ្ឋា​ភិបាល​ម៉ិចស៊ិក​ជឿជាក់​ថា​ គេ​មាន​ស្តុក​ឧស្ម័ន​ធម្មជាតិ​នៅក្នុង​ថ្មសែល​ ​ដែល​មាន​លំដាប់​ថ្នាក់​ធំបំផុត​ទី៤​លើ​ពិភព​លោក​ ដូចនេះ​គេ​និយាយ​ថា​ ហេតុ​អ្វី​យើង​ត្រូវ​ចំណាយ​ថវិកា​ទិញ​ឧស្ម័ន​ដ៏​ថ្លៃ​នេះ ​នៅ​ពេល​ដែល​យើង​មានស្តុក​ឧស្ម័ន​ធម្មជាតិ​ដ៏ច្រើន​បែប​នេះ?»

ភាគច្រើន​នៃ​ផលិតផល​ប្រេង​ផលិត​ដោយ​សហ​រដ្ឋអាមេរិក​ នៅ​ពេល​នេះ​ បាន​មក​ពីផលិតកម្ម​ប្រេងនៅ​តំបន់ឈូង​សមុទ្រ​ម៉ិកស៊ិកក្នុងដែនដី​របស់​អាមេរិក​ ប៉ុន្តែ​លោក ​Baker​ និយាយ​ថា ​មាន​សកម្មភាព​ផលិត​ប្រេង​តិចតួច​នៅក្នុងតំបន់​របស់​ម៉ិកស៊ិក ​ក្នុង​ឈូង​សមុទ្រ​ម៉ិកស៊ិក​នេះ។​

«នៅក្នុង​ឈូង​សមុទ្រ​ម៉ិកស៊ិក​ផ្នែក​ខាង​ប្រទេស​ម៉ិកស៊ិក​មាន​ស្តុកប្រេង​ដ៏ធំបំផុត​នៅ​លើ​ភពលោក​ដែល​មិន​ទាន់ធ្វើ​ការ​រុក​រក​ ប្រហែល​ជា​នៅ​ខាង​ក្រៅ​ប៉ូល​ខាង​ជើង»។​

លោក ​Baker ​និយាយ​ថា​ ក្រុមហ៊ុន​ប្រេង​ដ៏​ធំ ​ដូចជា ​Exxon-Mobil ​និង​ ក្រុមហ៊ុន​ Shell ​អាច​ប្រែក្លាយ​តំបន់​នេះ​ ដោយ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​អាកាសធាតុ​នៅ​តំបន់​ប៉ូល​ខាង​ជើង​ ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ក្បែរ​នោះ​ និង​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​កម្ម។ ​ប៉ុន្តែ​លោក​បាន​និយាយ​ទៀត​ថា​ ម៉ិកស៊ិក​ត្រូវតែ​ប្រកួត​ប្រជែង​នឹង​គម្រោង​ជាច្រើន​នៅ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ទាក់​ទាញទឹក​ប្រាក់​វិនិយោគ ដែល​បច្ចុប្បន្ន​សហរដ្ឋ​អាមេរិក​ជា​អ្នក​ដៃគូ​ប្រកួត​ប្រជែង​កំពូលលើ​ពិភព​លោក​ក្នុងវិស័យ​ថាម​ពល។​ លោក​បន្ថែម​ថា​ ប្រសិន​បើមានក្រុម​ហ៊ុនប្រេង​ដ៏ធំ​ណា​មួយ​មក​អភិវឌ្ឍ​គម្រោង​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ​វា​អាច​នឹង​ទាក់​ទាញ​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ចូល​មក​វិនិយោគ​ដែរ។​

បញ្ហា​មួយ​ទៀតគឺ​ផ្នែក​សន្តិសុខ។​

អ្នកជំនាញ​ខាង​នយោបាយ​ម៉ិកស៊ិក​ លោក​ George Grayson​ ដែល​បង្រៀន​នៅ​មហាវិទ្យាល័យ​ William and Mary នៅ ​រដ្ឋ Virginia បាន​ថ្លែង​ថា ​ក្រុម​អ្នក​រកស៊ី​គ្រឿង​ញៀន ​ហើយនឹង​អំពើ​ហិង្សា ​អាច​គំរាម​កំហែង​ដល់វិស័យ​ឧស្សាហកម្ម​ថាមពល​នេះ។​

«ក្រុម​ Los Zetas ​ដែល​ជា​សមាជិក​ដ៏​សាហាវ​នៃ​ក្រុម​គ្រឿង​ញៀន​នៅ​ម៉ិកស៊ិក​បាន​រំខាន​ដំណើរ​ការបំពង់​បង្ហូរ​ប្រេង​ ​និង​ឧស្ម័ន។ ​ខ្ញុំឆ្ងល់​ណាស់​ថា​ តើនឹង​មាន​វិនិយោគិន​បរទេស​គេ​ហ៊ាន​ចូលទៅភាគខាង​ជើងម៉ិកស៊ិក​ដែរ​ឬទេ ​ព្រោះ​នៅ​ទីនោះមាន​ក្រុម ​Los Zetas និង​ក្រុម​គ្រឿង​ញៀន​ផ្សេង​ទៀត​កំពុង​ប្រតិបត្តិការ​នោះ»។​

លោក​ Grayson ​បានមាន​ប្រសាសន៍​ទៀត​ថា​ ការមិន​មាន​ទឹក​គ្រប់គ្រាន់​នៅ​តំបន់​ភាគខាង​ជើង​មួយ​ចំនួន​ ក៏អាច​រារាំង​ដំណើរ​ការ​ការងារ​នៅ​ទីនោះ​ដែរ។ ​ហើយ​លោក​កត់សម្គាល់​ថា​ រដ្ឋម៉ិកស៊ិក​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​នានា​ ដែលប្រតិបត្តិការក្នុង​ប្រព័ន្ធ​ជាតូបនីយ​កម្ម​បិទជិត​ជា​ច្រើន​ទសវត្ស​មក​ហើយ​នោះ ​ ប្រហែល​ជា​មិន​អាច​បំពេញ​តាម​បទដ្ឋាន​អន្តរជាតិ​បាន​ទេ។​

«យើង​ត្រូវតែធ្វើ​ឲ្យ​ប្រព័ន្ធ​ច្បាប់​ប្រសើរ​ជាង​មុន​ ប្រសិន​បើ​ម៉ិកស៊ិក​សង្ឃឹម​ថា​ នឹង​មាន​ការ​ព្រម​ព្រៀង​ជាមួយ​វិនិយោគិន​បរទេស ​ដែល​មាន​លទ្ធភាព​នាំ​អ្នក​មាន​ទេព​កោសល្យ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភព​លោក​មក​ប្រទេសនេះ»។​

មន្ត្រី​ម៉ិចស៊ីក​និយាយ​ថា​ ពួកគេ​កំពុងតែ​ធ្វើ​ការងារ​យ៉ាង​ឆាប់រហ័ស​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ នៅពេល​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ការ​ដេញ​ថ្លៃ​គម្រោង​វិនិយោគ​ជុំទី​មួយ។​

សាកល​វិទ្យាល័យ​ Texas A & M ​និង​សាកលវិទ្យាល័យ​ Texas ​កំពុង​តែ​អភិវឌ្ឍ​គម្រោង​ជាមួយ​សាកល​វិទ្យាល័យ​ដទៃ​ទៀត​នៅ​ម៉ិកស៊ិក​ដើម្បី​ផ្តល់​ការ​អប់រំ​ដល់វិស្វករ​ប្រេង​នៅ​ម៉ិកស៊ិក​ឲ្យ​កាន់តែ​ច្រើនឡើង។​ ប៉ុន្តែអ្នក​ជំនាញបាន​និយាយ​ថា​ ម៉ិកស៊ិក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ជួល​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​មក​ពីជុំវិញ​ពិភព​លោក​ ដែល​អាចនាំ​យក​ទស្សនៈ​ថ្មីៗ​មក​កាន់​ប្រទេស​នេះ​ ដែល​បច្ចុប្បន្ន​ពុំមាន​កម្លាំងការងារ​សម្បូរ​បែប៕

ប្រែសម្រួល​ដោយ ខាន់ សុគុំមនោ