មេដឹកនាំម៉ិកស៊ិកសរសើរ«កិច្ចព្រមព្រៀងដ៏សំខាន់»ជាមួយសហរដ្ឋអាមេរិកស្តីពីជនចំណាកស្រុកនិងបញ្ហាផ្សេងទៀត

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken និងរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​​អាមេរិក​លោក Alejandro Mayorkas នៅទីក្រុងម៉ិកស៊ិក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​និយាយ​ថា ​លោក​បាន​ធ្វើ​ឱ្យ​សម្រេច«កិច្ចព្រមព្រៀង​ដ៏​សំខាន់»ជាមួយ​ក្រុមមន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ​ស្តីពីការកើនឡើង​នូវ​ជនចំណាក​ស្រុក​និង​បញ្ហា​ផ្សេង​ទៀត។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ប្រធានាធិបតី Lopez Obrador បាន​សរសើរ​លទ្ធផល​នៃ​ការចរចា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក Antony Blinken និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិអាមេរិក​លោក Alejandro Mayorkas ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ម៉ិកស៊ិកដើម្បី «ដោះស្រាយ​ដោយ​ផ្ទាល់​លើ​បញ្ហា​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ​សន្តិសុខ​និង​ការចំណាកស្រុក។

លោក Lopez Obrador បាន​បង្ហោះ​សារ​លើបណ្តាញ X ដោយ​មិន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ថា៖ «កិច្ចព្រមព្រៀង​ដ៏​សំខាន់​បាន​ធ្វើ​ឡើង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​យើង»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ឥឡូវនេះ​ ជាងពេលណាៗទាំង​អស់ គោលនយោបាយនៃ​ប្រទេស​ជិត​ខាង​ល្អ​ជា​ការចាំបាច់​បំផុត»។

ដំណើរទស្សនកិច្ច​ក្រោយ​បុណ្យ​ណូអែល​ដោយ​លោក Blinken ទៅកាន់​ប្រទេស​ម៉ិកស៊ិក ​បាន​សង្កត់ធ្ងន់ពី​សារៈសំខាន់​ដល់​ប្រធានាធិបតី Joe Biden នៃ​ការស្វែងរក​មធ្យោបាយ​ឆ្ពោះទៅកាន់​ការប្រយុទ្ធ​ប្រឆាំង​ការកើនឡើង​នូវ​ជនចំណាកស្រុក។

សមាជិកសភា​ខាង​គណបក្ស​សាធារណរដ្ឋកំពុង​ដាក់​គំនាប​លើ​សេតវិមាន​ឱ្យ​បង្ក្រាបលើជនចំណាកស្រុក​ ដែល​នេះ​ជា​លក្ខខណ្ឌ​មួយ​សម្រាប់​ការបោះឆ្នោត​លើវិស័យ​អាទិភាព​សំខាន់ៗរបស់​លោក Biden ដែល​ក្នុង​នោះ​រួមមាន​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយកក្រែន​ផង​ដែរ។

ប៉ូលិស​ការពារ​ព្រំដែន​សហរដ្ឋ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​បាន​រាយការណ៍​ថា​ មាន​ជនចំណាកស្រុក​ប្រមាណ ១ម៉ឺន​នាក់ ​បាន​ឆ្លងកាត់​ព្រំដែន​ជា​រៀងរាល់​ថ្ងៃ៕