ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone របស់ប្រទេសវៀតណាម គ្រោងនឹងធ្វើការសាកល្បងប្រព័ន្ធបណ្តាញបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ ឬ 5G ក្នុងខែកក្កដានេះ ដោយរំពឹងថា នឹងជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាតាមបែបបច្ចេកវិទ្យាថ្មី។ នេះបើយោងតាមមន្ត្រីផ្លូវការរបស់ក្រុមហ៊ុន Metfone នៅថ្ងៃសុក្រនេះ។
អ្នកទទួលខុសត្រូវផ្នែកទីផ្សារមួយរូបរបស់ក្រុមហ៊ុនទូរស័ព្ទចល័តវៀតណាមនេះដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ VOA តាមសារអេឡិចត្រូនិច ឬអ៊ីម៉ែលថា ក្រុមហ៊ុន Metfone «បានរៀបចំសម្ភារៈនិងបច្ចេកទេសរួចជាស្រេច» ដើម្បីតម្លើងប្រព័ន្ធអ៊ីនធឺណិតជំនាន់ទី៥ ឬ 5G នេះ។
លោកបញ្ជាក់បន្ថែមថា ប្រព័ន្ធអ៊ីនធឺណិតនេះនឹងគ្របដណ្តប់នៅពាសពេញប្រទេសកម្ពុជា។
អ្នកទីផ្សារដដែលអះអាងថា ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះនឹងធ្វើឲ្យប្រទេសកម្ពុជាដើរទន្ទឹមគ្នាជាមួយប្រទេសជឿនលឿនដទៃទៀត។ ហើយបច្ចេកវិទ្យានេះ«នឹងចូលរួមវិភាគទានដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
កាលពីថ្ងៃចន្ទ័ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart) ដែលជាក្រុមហ៊ុននាំមុខគេមួយនៅកម្ពុជា បានបង្ហាញការសាកល្បងប្រព័ន្ធបណ្ដាញបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥នេះ ប៉ុន្តែមិនទាន់បានកំណត់ពេលសម្រាប់ដាក់ឲ្យអតិថិជនប្រើប្រាស់នៅឡើយទេ។ ក្រុមហ៊ុនទូរស័ព្ទស្មាតនឹងធ្វើការសហការជាមួយក្រុមហ៊ុនចិន Huawei ដែលសហរដ្ឋអាមេរិកកំពុងព្រួយបារម្ភ។
លោក អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជាលើកឡើងថា រដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ ឬ 5G ដោយសារតែប្រព័ន្ធនេះអាចជួយដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
«ថ្វីត្បិតទីផ្សារមានការប្រកួតប្រជែងតែយ៉ាងណាយើងត្រូវ cooperate (សហការ) គ្នា ព្រោះយើងមិនដឹងថា អា application នៃសេវានោះ វានឹងកើនឡើងច្រើន។ វាមិនដូចពីដើមឡើយ យើងប្រើតែ ដឹងថា ជាសេវាសំឡេង ឬសេវាទិន្នន័យទេ។ ក៏ប៉ុន្តែអនាគត វាជាសេវាមួយដែលយើងមិនអាចទាយទុកបាន»។
ក្រុមហ៊ុន Metfone បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅដើមឆ្នាំ២០០៩។ អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុននេះអះអាងថា ក្រុមហ៊ុនរបស់លោកមានយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែងប្រព័ន្ធអ៊ីនធឺណិត 5G នៅក្នុងប្រទេសកម្ពុជាក្នុងពេលអនាគត៕