ដោយមានសីតុណ្ហភាពកើនឡើងបួនដងលឿនជាងទីកន្លែងដទៃទៀតនៅទ្វីបអាស៊ី ក្រុមអ្នកវិទ្យាសាស្រ្តចិននិយាយថា តំបន់ខ្ពង់រាបទីបេ (Tibetan Plateau) អាចបាត់បង់ផែនទឹកកក ក៏ដូចជាដីកំណកមួយភាគធំ ដែលអាចបង្កការប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅទូទាំងទ្វីបអាស៊ី។
តំបន់ខ្ពង់រាបទីបេត្រូវបានគេស្គាល់ជាយូរមកហើយថាជា «ដំបូលពិភពលោក»។ វាមានទំហំប៉ុនអឺរ៉ុបភាគខាងលិច ហើយបានផ្គត់ផ្គង់ទឹកទៅឲ្យមនុស្សជិតពីរពាន់លាន (ប៊ីលាន) នាក់នៅទ្វីបអាស៊ី ដោយសារខ្ពង់រាបនេះជាប្រភពទឹកនៃទន្លេធំៗមួយចំនួនដូចជា ទន្លេយ៉ាងសេ (Yangze) ទន្លេមេគង្គ (Mekong) ទន្លេសាលវីន (Salween) ទន្លេអ៊ីនឌូស (Indus) ទន្លេប្រាម៉ាពូត្រា (Brahmaputra) និងទន្លេលឿង (Yellow Rivers)។
ក៏ប៉ុន្តែ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ផែនទឹកកកនៅតំបន់នោះបានរួមតូចយ៉ាងឆាប់រហ័ស ហើយវាលស្មៅក៏បានរួមតូចផងដែរ ខណៈពេលដែលការវិវត្តទៅជាវាលខ្សាច់កំពុងកើតមានកាន់តែច្រើនឡើង វដ្ដទឹកភ្លៀងនៅក្នុងតំបន់នោះចាប់ផ្តើមមានភាពមិនទៀងទាត់ កម្រិតកម្ពស់ទឹកកំពុងធ្លាក់នៅតាមទន្លេធំៗ ហើយដីកំណកកំពុងរលាយបាត់បង់នៅស្របពេលជាមួយគ្នា។
ការរលាយផែនទឹកកកនៅតំបន់ទីបេ ដែលជាផ្ទាំងទឹកកកសាបធំបំផុតស្ថិតនៅក្រៅតំបន់ប៉ូល មានទំនាក់ទំនងជាមួយនឹងផលប៉ះពាល់ផ្នែកបរិស្ថានទាំងក្នុងប្រទេស និងនៅលើពិភពលោក រួមមានរលកកម្តៅនៅទ្វីបអឺរ៉ុបផងដែរ។ នេះបើយោងទៅតាមការសិក្សាមួយចំនួន។
ការរួមតូចនៃផែនទឹកកក
ក្រុមមន្រ្តីចិនប៉ាន់ប្រមាណថា តំបន់ទីបេមានផ្ទាំងទឹកកកស្មើនឹង១៤,៥ភាគរយនៃផែនទឹកកកសរុបនៅលើពិភពលោក។ នៅខណៈដែលមានការយល់ឃើញផ្សេងៗគ្នាមួយចំនួនទៅលើអ្វីដែលបង្កឲ្យមានការរលាយទឹកកកនៅទីនោះ ក្រុមអ្នកស្រាវជ្រាវយល់ស្របគ្នាថា ល្បឿននៃការរលាយនេះកំពុងតែកើនយ៉ាងខ្លាំង។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ (Xinhua) ដែលគ្រប់គ្រងដោយរដ្ឋក្នុងប្រទេសចិនបានរាយការណ៍នៅក្នុងខែមេសាថា ផែនទឹកកកជាមធ្យម២៤៧គីឡូម៉ែត្រការ៉េកំពុងតែបាត់បង់ជារៀងរាល់ឆ្នាំ ហើយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក ផែនទឹកកកប្រហែល៧.៦០០គីឡូម៉ែត្រការ៉េ ឬប្រហែលស្មើ១៨ភាគរយនៃបណ្តុំផែនទឹកកកទាំងមូលបានរលាយបាត់។
លោក Zhang Mingxing មន្រ្តីចិនដែលដឹកនាំរដ្ឋបាលផ្នែកកីឡាឡើងភ្នំនៅតំបន់ទីបេ (Tibetan Mountaineering Administration) បាននិយាយថា ផែនទឹកកកនៅមូលដ្ឋានភ្នំអេវឺរ៉េស (Everest) ដែលមានកម្ពស់ប្រហែល៥.២០០ម៉ែត្រពីនីវ៉ូទឹកសមុទ្របានបាត់បង់រួចទៅហើយ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖ «មិនមានអ្វីសោះឡើយក្រៅពីដុំថ្ម»។
ក្រុមអ្នកស្រាវជ្រាវចិនពីមុនៗបាននិយាយថា ធាតុកាបូនពីភ្លើងឆេះព្រៃ ការដុតចម្ការដំណាំក្រោយពេលប្រមូលផល និងចង្រ្កានចម្អិនអាហារក្នុងស្រុកពីប្រទេសឥណ្ឌាបានបង្កឲ្យផែនទឹកកកនៅតំបន់ទីបេរលាយ។ ការរកឃើញនេះកើតមានឡើងក្រោយពីអ្នកវិទ្យាសាស្ត្របានពិនិត្យសារធាតុផ្សេងៗនៅក្នុងផែនទឹកកកនៅទីនោះ។ ស្របពេលដែលមានការសន្និដ្ឋានពីកត្តារួមចំណែកទាំងនេះក្នុងការធ្វើឲ្យទឹកកករលាយនោះ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ការឡើងកម្តៅនៅលើពិភពលោកកំពុងក្លាយជាបុព្វហេតុមួយដែលមិនអាចប្រកែកបានដែលធ្វើឲ្យទឹកកករលាយ។
ប្រជាជននៅតំបន់ទីបេនិយាយថា សីតុណ្ហភាពនៅតំបន់នោះផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ បុរសជនជាតិទីបេម្នាក់មកពីសហរដ្ឋអាមេរិក ដែលមិនចង់ឲ្យបង្ហាញឈ្មោះបាននិយាយថា នៅពេលលោកវិលត្រឡប់មកក្រុង Lhasa នាពេលថ្មីៗនេះ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបានឃើញផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើរបៀបរបបស្លៀកពាក់របស់ប្រជាជននៅទីនោះ។ លោកបាននិយាយថា៖ «កាលពីពេលដែលខ្ញុំបានមករស់នៅក្រុង Lhasa ខ្ញុំកម្រឃើញមនុស្សដើរខាងក្រៅដោយពាក់តែអាវយឺតណាស់។ ឥឡូវនេះ ប្រជាជនថែមទាំងដើរខាងក្រៅដោយស្លៀកត្រឹមតែខោជើងខ្លីទៀតផង!»។
ទស្សនាវដ្តី National Geographic បានរាយការណ៍នៅក្នុងឆ្នាំ២០១០ថា ផ្ទាំងទឹកកកមួយផ្ទាំងបានរួមតូចប្រហែល៣០០ម៉ែត្រក្នុងមួយឆ្នាំ ដែលទំហំនេះគឺប្រហាក់ប្រហែលនឹងតារាងប្រកួតបាល់ឱបនៅសហរដ្ឋអាមេរិក។
អ្នកវិទ្យាសាស្រ្តដ៏ល្បីម្នាក់របស់ចិនផ្នែកការស្រាវជ្រាវផែនទឹកកក លោក Qin Dahe បាននិយាយថា នៅឆ្នាំ២០០៩ ផែនទឹកកកនៅតំបន់ខ្ពង់រាបទីបេបានកំពុងរលាយលឿនជាងផែនទឹកកកនៅផ្នែកដទៃទៀតនៃពិភពលោក។ លោកបានព្រមានថា ក្នុងរយៈពេលខ្លី ការរលាយនោះអាចបង្កឲ្យមានគ្រោះទឹកជំនន់ និងការបាក់ល្បាប់ភក់ច្រើនជាងមុន ហើយនៅក្នុងរយៈពេលវែង «ការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់នោះនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរ»។
អ្នកស្រាវជ្រាវមួយចំនួនបានព្យាករណ៍ថា ភាគច្រើននៃផែនទឹកកកនៅតំបន់ជួរភ្នំហិមាល័យ (Himalayas) នឹងរលាយបាត់បង់នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ។
តម្រូវការទឹក
ផែនទឹកកកដែលរលាយទាំងនោះបានផ្តល់ជាប្រភពទឹកសម្រាប់ទន្លេធំៗ ដែលហូរកាត់ប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជា។
លោក R. Rangachari បណ្ឌិតកិត្តិយសនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងអតីតរដ្ឋលេខាធិការក្រសួងធនធានទឹកឥណ្ឌាបានមានប្រសាសន៍ថា៖ «ទឹកជាធនធានដ៏សំខាន់បំផុតដែលតំបន់នេះមាន។ តំបន់នេះរួមមានមួយផ្នែកនៃតំបន់ទីបេរបស់ចិន ឥណ្ឌា ប៊ូតង់ ហើយនិងតំបន់ទាំងអស់នោះ»។ លោកបានប្រាប់ VOA ផ្នែកផ្សាយនៅតំបន់ទីបេថា៖ «ទឹកជាគន្លឹះនៃការលុបបំបាត់ភាពក្រីក្រ ផ្តល់ជាថាមពល និងផ្គត់ផ្គង់សម្រាប់កសិកម្ម»។
អតីតអ្នកស្រាវជ្រាវលើបម្រែបម្រួលអាកាសធាតុនៅតំបន់ខ្ពង់រាបទីបេមកពីបណ្ឌិតសភាវិទ្យាសាស្រ្តចិនបាននិយាយថា នៅផ្នែកមួយចំនួននៃតំបន់ទីបេ ការផ្គត់ផ្គង់នៃធនធានទឹកកំពុងថយចុះរួចទៅហើយ ហើយកម្រិតទឹកនៅក្នុងទន្លេនានាដូចជា ទន្លេយ៉ាងសេ និងទន្លេលឿងក៏កំពុងតែធ្លាក់ចុះដូចគ្នា។
អតីតអ្នកស្រាវជ្រាវរូបនេះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា៖ «អព្ភូតហេតុមួយទៀតនោះគឺ ការថយចុះនៃការផ្គត់ផ្គង់ទឹកទៅកាន់ទន្លេធំៗ។ ប្រភពទឹកចម្បងៗនៃទន្លេធំៗទាំងនោះគឺមកពីតំបន់ខ្ពង់រាបទីបេ ហើយមានការផ្គត់ផ្គង់ទឹកតិចជាងមុនទៅកាន់មេទន្លេទាំងនោះ»។
ក្រសួងធនធានទឹកចិនបានប្រកាសកាលពីឆ្នាំ២០១៣ថា មានទន្លេតូចៗរហូតដល់ទៅ២៨.០០០ទន្លេនៅប្រទេសចិនបានបាត់បង់រូបរាងយ៉ាងឆាប់រហ័សនៅត្រឹមឆ្នាំ២០១១។ ទោះបីជាក្រសួងនោះមិនបានលើកឡើងពីហេតុដែលបង្កឲ្យមានការបាត់បង់នោះក៏ដោយ អតីតអ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្រ្តបាននិយាយថា ការឡើងកម្តៅនៅតំបន់ខ្ពង់រាបទីបេគឺជាកត្តាមួយដែលរូមចំណែកដល់ការបាត់បង់ទន្លេទាំងនោះ។
អ្នកស្រាវជ្រាវរូបនោះបាននិយាយថា «ហេតុផលសំខាន់មួយទៀតគឺ ការរលាយនៃដីកំណក» ដែលបង្កឲ្យមានការច្រោះទឹកចូលទៅខាងក្រោមដីកាន់តែច្រើន។ វាដូចពេលដែលអ្នកមានអេប៉ុងក្រាស់ជាងមុនអញ្ចឹង»។
ការសិក្សាចុងក្រោយបង្អស់ ដែលត្រូវបានធ្វើឡើងបណ្ឌិតសភាវិទ្យាសាស្រ្តបានព្យាករណ៍ថា ជាង៨០ភាគរយនៃដីកំណកនៅតំបន់ខ្ពង់រាបទីបេអាចនឹងត្រូវរលាយបាត់បង់នៅឆ្នាំ២១០០ ហើយថា ប្រហែល៤០ភាគរយនៃដីកំណកនោះនឹងត្រូវរលាយបាត់នៅក្នុងពេលអនាគតដ៏ខ្លី។
កំណើនហានិភ័យនៃជម្លោះ
ការប្រែប្រួលផ្សេងៗនៅតំបន់ខ្ពង់រាបទីបេបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីលទ្ធភាពនៃការកើតមានជម្លោះផ្សេងៗពាក់ព័ន្ធនឹងសន្តិសុខទឹក ជាពិសេសរវាងប្រទេសចិន និងឥណ្ឌា។
នៅស្របពេលដែលការប្រែប្រួលខ្លាំងនៃបរិស្ថានតំបន់ទីបេត្រូវបានគេមើលឃើញកាន់តែច្បាស់ឡើង ចិនបានបង្កើនការសាងសង់ទំនប់នៅតាមដងទន្លេ ដែលហូរចេញពីតំបន់ខ្ពង់រាបទីបេ ទោះបីជាមានការរអ៊ូរទាំពីបណ្តាប្រទេសនៅតំបន់ខាងក្រោម ដែលទទួលផលរួមពីទន្លេទាំងនោះក៏ដោយ។
តាមពិតទៅ មានតែទន្លេសាវីន ឬទន្លេ Gyalmo Ngulchu តែមួយគត់នៅតំបន់ទីបេដែលមិនត្រូវបានរំខានដោយទំនប់វារីអគ្គិសនីធំៗទាំងនោះ។ ទំនប់វារីអគ្គិសនីធំមួយត្រូវបានសាងសង់ឡើងនាពេលថ្មីៗនេះ នៅតាមដងទន្លេ Yarlung Tsangpo ជាទន្លេដែលផ្គត់ផ្គង់ទឹកដល់ទន្លេប្រាម៉ាភូត្រា (Brahmaputra) នៅប្រទេសឥណ្ឌា។
លោក Rangachari បាននិយាយថា ឥណ្ឌាបានយកចិត្តទុកដាក់យ៉ាងមុតមាំទៅលើបញ្ហាទឹក។ លោកបានមានប្រសាសន៍ថា «គ្មាននរណាចង់លះបង់សិទ្ធិរបស់ពួកគេនៅក្នុងការធ្វើអ្វីមួយទេ យើងធ្វើអ្វីដែលអ្នកដទៃទៀតកំពុងធ្វើ។ ព្រំដែននយោបាយប្រហែលជាត្រូវបានបង្កើតឡើងដោយមនុស្ស ប៉ុន្តែព្រំដែនភូមិសាស្ត្រត្រូវបានបង្កើតឡើងដោយព្រះអាទិទេព»។
ប្រជាជនទីបេកំពុងតែអំពាវនាវឲ្យមានការធ្វើអន្តរាគមន៍ជាអន្តរជាតិ និងការយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុនទៅលើតំបន់ខ្ពង់រាបទីបេ ដោយពួកគេនិយាយថា ទឹកនឹងក្លាយជាប្រេងនាពេលបន្ទាប់ ហើយវាអាចជាធនធានមួយដែលមនុស្សដណ្តើមគ្នា។
លោក Lobsang Sangay ប្រមុខនៃរដ្ឋបាលទីបេនិរទេស (Tibetan Administration in Exile) បាននិយាយថា៖ «ទីបេមានសារៈសំខាន់យ៉ាងខ្លាំង ពីព្រោះក្រុមអ្នកជំនាញមួយចំនួននិយាយថា កាលពីមុនសង្រ្គាមកើតឡើងពាក់ព័ន្ធនឹងទឹកដី ប៉ុន្តែសព្វថ្ងៃនេះ សង្រ្គាមបានកើតឡើងពាក់ព័ន្ធនឹងថាមពល ហើយនាពេលឆាប់ៗនេះ នឹងមានសង្រ្គាមពាក់ព័ន្ធនឹងទឹក»។
រដ្ឋាភិបាលទីបេនិរទេសបានចាប់ផ្តើមធ្វើយុទ្ធនាការកោះហៅឲ្យមានការយកចិត្តទុកដាក់ខ្លាំងជាងមុន ទៅលើបរិស្ថាននៃតំបន់ដែលជាដំបូលពិភពលោក នៅឯកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីស។
កាលពីខែកញ្ញា មេដឹកនាំខាងផ្លូវចិត្តដែលកំពុងនិរទេសខ្លួន សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ក៏បានអំពាវនាវសហគមន៍អន្តរជាតិឲ្យធ្វើការផ្តោតអារម្មណ៍កាន់តែខ្លាំងជាងមុនទៅដល់ការប្រែប្រួលនៃបរិស្ថាន ដែលកំពុងតែកើតមានឡើងនៅក្នុងស្រុកកំណើតរបស់ព្រះអង្គ។
សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានមានសង្ឃដីកានៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូថា៖ «នេះជាការព្រួយបារម្ភមួយសម្រាប់ជីវិតមនុស្សរាប់ពាន់លាននាក់»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា